៧២ សំណួរ​សម្រាប់​ឆ្នាំ​ថ្មី ដើម្បី​បំផុស​ឲ្យ​មាន​ការនឹកគិត និង​គោលដៅ​ដ៏​បំផុស​គំនិត

ក្រុមគ្រួសារ​ទាំងចាស់​ទាំងក្មេង​អបអរ​ចូល​ឆ្នាំ​សកល​ដោយ​មាន​លេង​កាំជ្រួច

យើង​ទាំងអស់​គ្នា​ធ្លាប់​បាន​ឮ​នូវ​រឿង​កំប្លែង​អំពី​ការតាំងចិត្ត​សម្រាប់​ឆ្នាំ​ថ្មី ដូចជា​រឿង​មួយ​នេះ ៖ « ឆ្នាំ​មុន ខ្ញុំ​បាន​ទុក​ការតាំងចិត្ត​សម្រាប់​ឆ្នាំ​ថ្មី​របស់​ខ្ញុំ​ទាំងអស់​តាំង​នៅលើ​ធ្នើរ​ចោល » ។ ដើម​ឆ្នាំ​ថ្មី​គឺ​ជា​ពេលវេលា​ដ៏​ល្អ​មួយ​ដើម្បី​នឹកគិត​ពី​ឆ្នាំ​ចាស់ កាល​អ្នក​ដាក់​ផែនការ​សម្រាប់​ឆ្នាំ​ខាង​មុខ ។

នៅក្នុង​អត្ថបទ​នេះ អ្នក​អាច​រកឃើញ​នូវ​សំណួរ​ដើម្បី​ជួយ​អ្នក​នឹកគិត​ពី​ឆ្នាំ​ចាស់ និង​សំណួរ​ដើម្បី​ផ្ដល់​ដល់​អ្នក​នូវ​គំនិត​សម្រាប់​គោលដៅ​នា​ឆ្នាំ​ក្រោយ ក៏​ដូចជា​គន្លឹះ​សម្រាប់​ការដាក់ និង​ការសម្រេចបាន​នូវ​ការតាំងចិត្ត​សម្រាប់​ឆ្នាំ​ថ្មី​របស់​អ្នក​ផងដែរ ។

ការនឹកគិតសម្រាប់ឆ្នាំថ្មី ៖ ការពិនិត្យមើលឆ្នាំចាស់ដើម្បីនាំយកភាពរីកចម្រើនមកដល់ឆ្នាំថ្មី

របៀប​មួយ​ដើម្បី​ដាក់​គោលដៅ​សម្រាប់​ឆ្នាំ​ថ្មី​ដែល​នឹង​មក​ដល់​គឺ​ការនឹកគិត​អំពី​ឆ្នាំ​ចាស់ ។ ចំណាយ​ពេល​មើល​រូបថត ការចុះផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម សំបុត្រ សារ និង​ការកត់ត្រា​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​អ្នក​ដើម្បី​ពិនិត្យ​មើល​ឆ្នាំ​ចាស់​ឡើងវិញ ។

នៅពេល​អ្នក​ពិនិត្យ​មើល​ឆ្នាំ​ចាស់ សូម​ព្រាង​នូវ​សំណួរ​បើក​នានា​ជាមួយ​សមាជិក​គ្រួសារ​របស់​អ្នក ហើយ​សរសេរ​នូវ​អ្វី​ដែល​អ្នក​ចង់​កែលម្អ ។ នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដើម្បី​ជួយ​អ្នក​នឹកគិត​អំពី​ជ័យជម្នះ និង​បញ្ហា​ប្រឈម​នៅ​ឆ្នាំ​ចាស់ ។ អ្នក​ក៏​អាច​ព្រាង​សំណួរ​មួយ​ចំនួន​ទៀត​ជាមួយ​សមាជិក​គ្រួសារ​របស់​អ្នក​បាន​ផងដែរ !

សំណួរសម្រាប់មជ្ឈិមវ័យ

គូ​ស្វាមី​ភរិយា​វ័យ​កណ្ដាល​អាន​សៀវភៅ​កម្រង​ជាមួយ​គ្នា ។

  1. តើ​សៀវភៅ ភាពយន្ដ កម្មវិធី​ទូរទស្សន៍ ឬ​ចម្រៀង​មួយណា ឬ​អ្វី​ផ្សេងទៀត​ណាខ្លះ​ដែល​អ្នក​ចូលចិត្ដ​ជាងគេ​នៅក្នុង​ឆ្នាំ​នេះ ?
  2. តើ​ទីណា​គឺ​ជា​កន្លែង​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​បាន​ទៅ​លេង​នៅ​ឆ្នាំ​នេះ ?
  3. តើ​អាហារ​មួយ​ពេល​ណា​ដែល​អ្នក​បាន​ទទួលទាន​ហើយ​ចូលចិត្ដ​ជាងគេ​នៅ​ឆ្នាំ​នេះ ? 
  4. តើ​ពេល​ណា​ជា​ពេល​ដែល​អ្នក​ចូលចិត្ដ​ជាងគេ​នៅក្នុង​ឆ្នាំ​នេះ ?
  5. តើ​ដំបូន្មាន​ល្អ​បំផុត​ដែល​អ្នក​មាន​នៅក្នុង​ឆ្នាំ​នេះ​គឺ​ជា​អ្វី ? 
  6. តើ​អ្វី​គឺ​ជា​បញ្ហា​ធំ​បំផុត​ដែល​អ្នក​បាន​ដោះស្រាយ​នៅ​ឆ្នាំ​នេះ ?
  7. តើ​សមិទ្ធផល​មួយណា​ដែល​អ្នក​មាន​មោទនភាព​ជាងគេ​នៅ​ឆ្នាំ​នេះ ?
  8. តើ​អ្នក​បាន​រៀន​ជំនាញ និង​មេរៀន​ជីវិត​អ្វី​ខ្លះ​នៅ​ឆ្នាំ​នេះ ?
  9. តើ​អ្វីទៅ​ជា​ផ្នែក​ដ៏ពិបាក​បំផុត​ក្នុង​ឆ្នាំ​នេះ ?
  10. តើ​អ្នក​នឹង​ប្រើ​ពាក្យ​បី​ពាក្យ​ដើម្បី​ពិពណ៌នា​ឆ្នាំ​នេះ​យ៉ាង​ដូចម្ដេច ? 
  11. តើ​អ្នក​បាន​បង្កើត​មិត្ដភាព​ថ្មី​អ្វី​ខ្លះ ?
  12. តើ​អ្វី​ដែល​បាន​ផ្លាស់ប្ដូរ​នៅក្នុង​ជីវិត​របស់​អ្នក​នៅ​ឆ្នាំ​នេះ ?
  13. តើ​អ្នក​មាន​អំណរគុណ​ចំពោះ​អ្វីខ្លះ​ក្នុង​ពេល​ឥឡូវ​នេះ ?

សំណួរសម្រាប់ក្មេងជំទង់

ក្មេង​ជំទង់ ៥ នាក់​អបអរ​ឆ្នាំ​ថ្មី​ដោយ​ប្រើ​កម្ទេច​ក្រដាស​ពណ៌ ។

  1. តើ​បង្អែម​អ្វី​ដែល​ឆ្ងាញ់​បំផុត​ដែល​អ្នក​បាន​ទទួលទាន​នៅ​ឆ្នាំ​នេះ ?
  2. តើ​សៀវភៅ​អ្វី​ដែល​អ្នក​បាន​អាន ហើយ​ចូលចិត្ដ​ជាងគេ​នៅ​ឆ្នាំ​នេះ ? 
  3. តើ​ភាពយន្ដ​អ្វី​ដែល​អ្នក​បាន​មើល​ហើយ​ចូលចិត្ដ​ជាងគេ​នៅ​ឆ្នាំ​នេះ ? 
  4. តើ​កម្មវិធី​ទូរទស្សន៍​អ្វី​ដែល​អ្នក​បាន​មើល ហើយ​ចូលចិត្ដ​ជាងគេ​នៅ​ឆ្នាំ​នេះ ? 
  5. តើ​បទចម្រៀង​អ្វី​ដែល​អ្នក​ចូលចិត្ដ​ជាងគេ ហើយ​ស្ដាប់​ច្រើន​ដង​នៅ​ឆ្នាំ​នេះ ? 
  6. តើ​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច​អ្វី​បាន​កើតឡើង​នៅ​ឆ្នាំ​នេះ ?
  7. តើ​អ្វី​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​អ្នក​នៅ​ឆ្នាំ​នេះ ?
  8. តើ​អ្វី​ជា​សមិទ្ធផល​ដែល​អ្នក​មាន​មោទនភាព​បំផុត​នៅ​ឆ្នាំ​នេះ ? 
  9. តើ​អ្វី​មួយ​ដែល​អ្នក​បាន​រៀន​នៅ​សាលា​នៅ​ឆ្នាំ​នេះ​ដែល​សំខាន់​សម្រាប់​អ្នក ? 
  10. តើ​អ្នក​រំភើប​អំពី​រឿង​អ្វី​ខ្លះ​នៅ​ឆ្នាំ​ក្រោយ​នេះ ? 

សំណួរសម្រាប់កុមារ

ក្មេងៗ ៣ នាក់​អបអរ​ឆ្នាំ​ថ្មី​ដោយ​ប្រើ​កម្ទេច​ក្រដាស​ពណ៌ និង​ស្លៀក​សម្លៀក​បំពាក់​គួរឲ្យ​ស្រឡាញ់ ។

  1. តើ​អ្នក​ចូលចិត្ត​មុខវិជ្ជា​អ្វី​ជាងគេ​នៅ​សាលា ?  
  2. តើ​មុខវិជ្ជា​ណា​ពិបាក​ជាងគេ ?  
  3. តើ​អ្នក​ចូលចិត្ដ​រៀន​អ្វី​ជាងគេ​នៅ​សាលា​នៅ​ឆ្នាំ​នេះ ? 
  4. តើ​អ្នក​ចង់​ធ្វើ​អ្វី​ពេល​អ្នក​ធំ​ឡើង ? 
  5. តើ​អ្វី​ដែល​បាន​កើតឡើង​នៅ​ឆ្នាំ​នេះ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ដ ?
  6. តើ​អ្នក​ចូលចិត្ត​ប្រដាប់​លេង​អ្វី​ជាងគេ​នៅ​ឆ្នាំ​នេះ ? 
  7. តើ​អ្នក​ទន្ទឹងរង់ចាំ​ធ្វើ​អ្វី​នៅ​ឆ្នាំ​ក្រោយ ?  
  8. តើ​អ្នក​ចង់​រៀន​អ្វី​នៅ​ឆ្នាំ​ក្រោយ ?  
  9. តើ​អ្នក​អាច​ធ្វើ​ឲ្យ​ឆ្នាំ​ថ្មី​នេះ ជា​ឆ្នាំ​ដ៏​អស្ចារ្យ​ដោយ​របៀបណា ?  

សំណួរដើម្បីបំផុសការតាំងចិត្ដសម្រាប់ឆ្នាំថ្មី

ការដាក់​គោលដៅ​នៅក្នុង​ឆ្នាំ​ថ្មី​អាច​មាន​អារម្មណ៍​លើសលប់ ។ តើ​ចាប់ផ្តើម​ពី​កន្លែង​ណា ? ទាំងនេះ​គឺជា​សំណួរ​មួយ​ចំនួន​ដើម្បី​ជួយ​បំផុស​គំនិត ។

គោលដៅខាងហិរញ្ញវត្ថុ

  1. តើ​អ្នក​ចង់​ដាក់​គោលដៅ​ផែនការ​ហរិញ្ញវត្ថុ​ប្រចាំខែ​នៅ​ឆ្នាំ​នេះ​ដែរ​ឬ​ទេ ? 
  2. តើ​អ្នក​នឹង​ដាក់​ផែនការ​សន្សំ​សម្រាប់​ការចូល​និវត្ដន៍​នៅ​ឆ្នាំ​នេះ​ដោយ​របៀបណា ? 
  3. តើ​អ្នក​នឹង​គ្រប់គ្រង​ថវិកា​របស់​អ្នក​នៅ​ឆ្នាំ​នេះ​ឲ្យ​បាន​ប្រសើរ​ដោយ​របៀបណា ?
  4. តើ​ការចំណាយ​រយៈពេល​វែង​អ្វីខ្លះ​ដែល​អ្នក​ចង់​សន្សំ​ទុក​នៅ​ឆ្នាំ​នេះ ? 
  5. តើ​អ្នក​មាន​គោលដៅ​សន្សំ​លុយ​ចំនួន​ប៉ុន្មាន​ជា​រៀងរាល់​ខែ ? 

គោលដៅខាងសុខភាព

បុរស​ម្នាក់​កាន់​ចាន​សាឡាត់​ពណ៌បៃតង ។

  1. តើ​អ្នក​មាន​បញ្ហា​សុខភាព​អ្វី​ដែរ​ឬ​ទេ ? 
  2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ធ្វើ​ឲ្យ​សុខភាព​អ្នក​បាន​ប្រសើរឡើង ? 
  3. តើ​អ្នក​នឹង​គ្រប់គ្រង​ភាពតានតឹង​របស់​អ្នក​យ៉ាង​ដូចម្ដេច ? 
  4. តើ​អ្នក​នឹង​ការពារ ហើយ​ពង្រឹង​សុខភាព​ខាង​រាងកាយ ខាង​ផ្លូវចិត្ដ ខាងសតិអារម្មណ៍ ខាងសង្គម និង​ខាងវិញ្ញាណ​របស់​អ្នក​ដោយ​របៀបណា ? 
  5. តើ​អ្នក​មាន​គោលដៅ​ធ្វើ​លំហាត់ប្រាណ​ដែរ​ឬ​ទេ ? 
  6. តើ​របៀប​ណា​ខ្លះ​ដែល​អ្នក​អាច​មាន​ភាព​សកម្ម​ជាង​មុន​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក ?
  7. តើ​អ្នក​ចង់​រៀប​ផែនការ​សម្រាប់​ការដាក់​ផែនការ​ម្ហូបអាហារ ឬ​ការរៀបចំ​ម្ហូប​អាហារ​ដែរ​ឬ​ទេ ? 
  8. តើ​អ្នក​នឹង​ទទួលទាន​ផ្លែឈើ និង​បន្លែ​បន្ថែម​ទៀត​ដោយ​របៀបណា ? 
  9. តើ​អ្នក​នឹង​ផឹក​ទឹក​ច្រើន​ជាងមុន​ដោយ​របៀបណា ? 
  10. តើ​អ្នក​ចង់​បង្កើន ឬ​ធ្វើ​ឲ្យ​ជំនាញ​ចម្អិន​ម្ហូប​របស់​អ្នក​កាន់តែ​ប្រសើរ​ជាងមុន​ដែរ​ឬ​ទេ ? 

គោលដៅខាងគេហដ្ឋាន

  1. តើ​អ្នក​ចង់​ដាក់​គោលដៅ​ដើម្បី​រៀបចំ​គ្រែគេង​របស់​អ្នក​ជា​រៀងរាល់​ថ្ងៃ​ដែរ​ឬ​ទេ ?
  2. តើ​អ្នក​អាច​រៀបចំ​ទុកដាក់​ផ្ទះ​របស់​អ្នក​ឲ្យ​បានស្អាត​ជាង​មុន​ដោយ​របៀបណា ? 
  3. តើ​ភាពរាយប៉ាយ ឬ​សកម្មភាព​មិនចាំ​បាច់​ណាខ្លះ​ដែល​អ្នក​ចង់​លុប​បំបាត់ ? 
  4. តើ​អ្នក​នឹង​គ្រប់គ្រង​ការសម្អាត​នៅក្នុង​ផ្ទះ​របស់​អ្នក​ឲ្យ​មាន​ប្រសិទ្ធភាព​ដោយ​របៀបណា ?
  5. តើ​គម្រោង​កែលម្អ​ផ្ទះ​អ្វី​ខ្លះ​ដែល​អ្នក​ចង់​សម្រេច​បាន ? 

គោលដៅអភិវឌ្ឍផ្ទាល់ខ្លួន

កូនស្រី​វ័យកណ្ដាល និង​ម្ដាយ​របស់​គាត់​រៀន​ចាក់​អាវ​ជាមួយ​គ្នា ។

  1. តើ​អ្នក​ចង់​ចាប់ផ្ដើម​សរសេរ​កំណត់​ហេតុ​ដែរ​ឬ​ទេ ? 
  2. តើ​អ្នក​ចង់​អាន​សៀវភៅ​ប៉ុន្មាន​ក្បាល ? 
  3. តើ​អ្នក​នឹង​ចំណាយ​ពេល​ថែម​ទៀត​ជាមួយ​ធម្មជាតិ​ដោយ​របៀបណា ? 
  4. តើ​អ្នក​អាច​គ្រប់គ្រង​ពេល​វេលា​របស់​អ្នក​ដោយ​ឈ្លាសវៃ​ជាងមុន​ដោយ​របៀបណា ?
  5. តើ​អ្នក​ចង់​រៀន​អ្វី​ថ្មី​នៅ​ឆ្នាំ​នេះ ?
  6. តើ​អ្នក​នឹង​ស្ម័គ្រចិត្ដ ឬ​រួមចំណែក​ផ្ដល់​ឲ្យ​សហគមន៍​របស់​អ្នក​វិញ​ដោយ​របៀបណា ? 
  7. តើ​មាន​ចរិត​លក្ខណៈ​ដែល​អ្នក​ចង់​អភិវឌ្ឍ​នៅក្នុង​ខ្លួន​របស់​អ្នក​ផ្ទាល់​ដែរ​ឬ​ទេ ? 
  8. តើ​អ្នក​មាន​បញ្ជី​ជំនាញ និង​ចំណង់ចំណូល​ចិត្ដ​ដែល​អ្នក​ចង់​អភិវឌ្ឍ​ដែរ​ឬ​ទេ ? 
  9. តើ​អ្នក​មាន​គោលដៅ​អាជីព​អ្វី​ខ្លះ ? តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សម្រេច​គោលដៅ​ទាំង​នោះ​បាន ? 
  10. តើ​មាន​អ្វីខ្លះ​ដែល​អ្នក​ចង់​បន្ថែម ឬ​ដក​ចេញ​ពី​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​អ្នក ? 
  11. តើ​មាន​ទីកន្លែង​ណា​ដែល​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​ដែរ​ឬ​ទេ ? តើ​អ្នក​អាច​ធ្វើ​ឲ្យ​ការណ៍​នោះ​កើតឡើង​ដោយ​របៀបណា ? 
  12. តើ​អ្នក​ចង់​កាត់បន្ថយ​ការមើល​លើ​អេក្រង់ ឬ​កំណត់​ពេលវេលា​លើ​ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់​អ្នក​ដែរ​ឬ​ទេ ?

គោលដៅគ្រួសារ

  1. តើ​អ្នក​នឹង​ដាក់​អាទិភាព​លើ​ការចំណាយ​ពេល​ល្អៗ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ដោយ​របៀបណា ? 
  2. តើ​អ្នក​នឹង​ផ្ដល់​អាទិភាព​លើ​ការចំណាយ​ពេល​ជាមួយ​ស្វាមី ឬ​ភរិយា​របស់​អ្នក​ដោយ​របៀបណា ? 
  3. តើ​គ្រួសារ​របស់​អ្នក​អាច​មាន​ការទំនាក់​ទំនង​ប្រសើរ​ជាងមុន​ដោយ​របៀបណា ? 
  4. តើ​អ្វី​ដែល​អ្នក​ចង់​បង្រៀន​ដល់​កូនៗ​របស់​អ្នក​នៅ​ឆ្នាំ​នេះ ? 
  5. តើ​អ្នក​ចង់​ធ្វើ​ការកែលម្អ​អ្វី​ខ្លះ​នៅក្នុង​វប្បធម៌​គ្រួសារ​របស់​អ្នក ? 
  6. តើ​អ្នក​នឹង​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្ដភក្ដិ និង​គ្រួសារ​ដែល​រស់នៅ​ឆ្ងាយ​ដោយ​របៀបណា ? 
  7. តើ​សកម្មភាព​អ្វី​ដែល​អ្នក និង​គ្រួសារ​របស់​អ្នក​អាច​ចាប់ផ្ដើម​ចូលរួម​ជាមួយ​គ្នា ? 
  8. តើ​អ្នក​អាច​ចូលរួម​កាន់តែ​ច្រើន​នៅក្នុង​ការកត់ត្រា​ពង្សប្រវត្ដិ​របស់​គ្រួសារ​អ្នក​ដោយ​របៀបណា ?

គន្លឹះសម្រាប់ការដាក់គោលដៅ

ម្ដាយ និង​កូនស្រី​ដាក់​គោលដៅ​ជាមួយ​គ្នា ។

យើង​ទាំងអស់​គ្នា​មាន​នូវ​ភាពខ្លាំង និង​ភាពខ្សោយ​ផ្សេងៗគ្នា ។ មនុស្ស​មួយ​ចំនួន​ពូកែ​ក្នុង​ការដាក់ និង​ធ្វើតាម​ការតាំងចិត្ដ រី​ឯ​អ្នក​ផ្សេងទៀត​មាន​អារម្មណ៍​មិនសូវ​មាន​ទំនុកចិត្ដ​លើ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការដាក់ និង​ធ្វើ​តាម​គោលដៅ​ឡើយ ។ ទាំងនេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ដំណើរការ​សាមញ្ញ​ក្នុង​ការបង្កើត​គោលដៅ ។

  • ប្រើប្រាស់​វិធីសាស្ដ្រ SMART ដើម្បី​ដាក់​គោលដៅ ។
  • ធ្វើ​បញ្ជី​គោលដៅ​ដ៏​សាមញ្ញ​ពី ១ ដល់ ៣ ដែល​ជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​អ្នក ។ 
  • ព្យាយាម​បង្កើត​គោលដៅ​រយៈពេល​ខ្លី​សម្រាប់​រយៈពេល​មួយ​ខែ ឬ​ពីរ​ខែ ឬ​កំណត់​ពេលវេលា​ពីរដង​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការដាក់​គោលដៅ ។ 
  • ចាប់ផ្ដើម​ពី​គោលដៅ​តូចៗ ។ ដូច​ដែល​លោក ម៉ាទីន លឺស័រ ឃីង ស៊ីញ្ញ័រ បាន​មាន​ប្រសាសន៍​ថា « អ្នក​មិន​ចាំបាច់​មើល​ឃើញ​កាំជណ្ដើរ​ទាំងអស់​ឡើយ គ្រាន់តែ​ឡើង​ម្ដង​មួយ​កាំ​ទៅ​បាន​ហើយ » ។ 
  • ខណៈពេល​ដែល​អ្នក​ដាក់​គោលដៅ​របស់​អ្នក សូម​សួរ​ខ្លួនឯង​នូវ​សំណួរ​ទាំងនេះ​អំពី​គោលដៅ​នីមួយៗ ។ វា​អាច​ជួយ​អ្នក​សម្រេចចិត្ត​ថា​តើ​គោលដៅ​នោះ​គឺ​ជា​អ្វី​ដែល​ពិត​ជា​សំខាន់​សម្រាប់​អ្នក​ឬ​អត់ ។ 
    • តើ​ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​ហើយ​ឬ​នៅ ?  
    • តើ​គោលដៅ​នេះ​ត្រូវការ​ជំហាន​អ្វី​ខ្លះ ?  
    • តើ​គោលដៅ​នេះ​នឹង​បន្ថែម​គុណតម្លៃ​ដល់​ជីវិត​របស់​ខ្ញុំ​ដោយ​របៀបណា ? 
    • តើ​ជីវិត​របស់​ខ្ញុំ​នឹង​ទៅជា​យ៉ាងណា ប្រសិនបើ​ខ្ញុំ​ធ្វើ​ការផ្លាស់ប្ដូរ​នេះ ? 

ការសម្រេចបាននូវគោលដៅរបស់អ្នក

យុវជន​ម្នាក់​ងើប​មុខ​ឡើង​ពី​កុំព្យូទ័រ​របស់​គាត់ ហើយ​ញញឹម ខណៈពេល​កំពុង​ធ្វើការ​នៅឯ​តុ​របស់​គាត់ ។

តើ​ពួក​យើង​ប៉ុន្មាន​នាក់​ដែល​ចាប់ផ្ដើម​ឆ្នាំ​ថ្មី​ជាមួយ​ផែនការ​ល្អៗ​សម្រាប់​គោលដៅ​របស់​យើង ប៉ុន្ដែ​មិនដែល​បាន​ធ្វើ​សកម្មភាព​តាម​ផែនការ​នោះ ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ទាំងនោះ​ឡើយ ? គោលដៅ​របស់​អ្នក​គឺ​មាន​តម្លៃ ហើយ​អ្នក​អាច​សម្រេច​វា​បាន ! ទាំងនេះ​គឺ​ជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​កិច្ចខិតខំ​ឆ្ពោះ​ទៅរក​គោលដៅ​របស់​អ្នក ។

  • សាកល្ប​ប្រើ​កម្មវិធី​រៀបចំ​ផែនការ​ប្រចាំ​ថ្ងៃ​ដើម្បី​ជួយ​អ្នក​តាមដាន​គោលដៅ និង​សកម្មភាព​របស់​អ្នក ។ 
  • ត្រូវ​មាន​ភាពខ្ជាប់ខ្ជួន​ក្នុងការ​អភិវឌ្ឍ​ទម្លាប់​ថ្មី​មួយ ។ ប្រើ​តារាង ឬ​បញ្ជី​ដើម្បី​តាមដាន​ការរីកចម្រើន​របស់​អ្នក ។ 
  • អបអរ​ជ័យជម្នះ​តូចៗ​នៅ​តាមផ្លូវ​ទៅកាន់​ការសម្រេចបាន​នូវ​គោលដៅ​របស់​អ្នក ។ ផ្តល់​រង្វាន់​ដល់​ខ្លួនឯង​នៅ​ពេល​អ្នក​ស្ថិត​នៅ​ពាក់កណ្ដាល​ផ្លូវ​នៃ​ការ​សម្រេច​គោលដៅ​របស់​អ្នក ។ 
  • សុំ​ឲ្យ​មនុស្ស​ជា​ទីស្រឡាញ់​ជួយ​អ្នក​ក្នុងការ​តាមដាន​គោលដៅ​របស់​អ្នក ។ សម្រេចចិត្ត​ថា​អ្វី​ដែល​ដំណើរការ​ល្អ​បំផុត​សម្រាប់​អ្នក​នៅក្នុង​ស្ថានភាព​របស់​អ្នក ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ។ 
  • ដាក់​ការរំឭក​សម្រាប់​ខ្លួនឯង​ដើម្បី​បោះ​ជំហាន​ទៅកាន់​គោលដៅ​របស់​អ្នក និង​ការរំឭក​ដើម្បី​ពិនិត្យមើល និង​វាយតម្លៃ​ថា​តើ​អ្នក​កំពុង​ស្ថិត​នៅ​ចំណុច​ណា​ក្នុង​ការសម្រេច​គោលដៅ​របស់​អ្នក ។ ពិចារណា​កែ​សម្រួល​គោលដៅ​របស់​អ្នក ឬ​បង្កើត​ផែនការ​ថ្មី ប្រសិនបើ​ផែនការ​ដើម​របស់​អ្នក​ហាក់ដូចជា​មិន​ដំណើរការ​សម្រាប់​អ្នក ។ 
  • កុំ​បោះបង់​ឡើយ បើ​អ្នក​សរសេរ​គោលដៅ​ដដែលៗ​ជា​រៀងរាល់​ឆ្នាំ​នោះ ។ កត់សម្គាល់​ការផ្លាស់ប្តូរ​ដែល​អ្នក​កំពុង​មាន និង​អបអរ​ដល់​ខ្លួនអ្នក​ចំពោះ​ការរីកចម្រើន​របស់​អ្នក​ឆ្ពោះ​ទៅរក​ការសម្រេច​គោលដៅ ។ 

រក្សាទុកកម្រងអនុស្សាវរីយ៍របស់អ្នក

គូ​ស្វាមី​ភរិយា​វ័យ​កណ្តាល​ញញឹម​កាល​កំពុង​ដើរលេង​ជាមួយ​គ្នា ។

មិន​ថា​អ្នក​ជ្រើសរើស​ដើម្បី​នឹកគិត​ពី​ឆ្នាំ​ចាស់ និង​ដាក់​ការតាំងចិត្ដ​សម្រាប់​ពេល​អនាគត​តាម​របៀប​ណា​នោះ​ទេ សូម​ប្រាកដ​ថា​អ្នក​កត់ត្រា​ចម្លើយ​របស់​អ្នក ដើម្បី​មើលឃើញ​ពី​របៀប​ដែល​កង្វល់ ចម្លើយ និង​គោលដៅ​របស់​អ្នក​ផ្លាស់ប្ដូរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ អ្នក​អាច​ពិចារណា​ចាប់ផ្តើម​ប្រពៃណី​នៃ​ការនឹកគិត​ពី​ឆ្នាំ​ចាស់ និង​ការដាក់​គោលដៅ​ថ្មី​ជាមួយ​គ្រួសារ​របស់​អ្នក​ជា​រៀងរាល់​ឆ្នាំ ។

នៅពេល​អ្នក​ចាប់ផ្តើម​ប្រពៃណី​ថ្មី​នេះ សូម​កុំ​ភ្លេច​កត់ត្រា​ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ មិនថា​នៅលើ​ក្រដាស ឬ​តាមយៈ​បច្ចេកវិទ្យា​នោះ​ឡើយ ។ វិធី​ដ៏​ល្អ​ដើម្បី​រក្សា​កម្រង​អនុស្សាវរីយ៍​ដែល​សំខាន់​បំផុត​របស់​អ្នក និង​ដើម្បី​រក្សា​កំណត់ត្រា​នៃ​បទពិសោធន៍ ភាពជោគជ័យ និង​បញ្ហា​ប្រឈម​របស់​អ្នក​គឺ​ការរក្សា​វា​នៅក្នុង កម្រង​អនុស្សាវរីយ៍​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

តាម​លំនាំដើម កម្រង​អនុស្សាវរីយ៍​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ គឺ​ដាក់​ជា​សាធារណៈ ដូចនេះ​អ្នក​អាច​ចែកចាយ​អនុស្សាវរីយ៍​បាន​យ៉ាង​ងាយស្រួល ឬ​អាច​ឲ្យ​សាច់ញាតិ​រក​មើល​អនុស្សាវរីយ៍​ទាំងនោះ​នៅក្នុង​មែកធាង​គ្រួសារ​រួម ។ អ្នក​ក៏​អាច​គូសចំណាំ​កម្រង​អនុស្សាវរីយ៍​ពិសេស​ដាក់​ជា​ឯកជន ឬ​ចែកចាយ​ក្នុង​ក្រុម​តូច​ក៏​បាន​ដែរ ។ ទាំងនេះ​គឺ​ជា​អត្ថបទ​ពីរបី​ដើម្បី​ជួយ​អ្នក​ក្នុង​កិច្ចការ​នេះ ( មាន​ជា​ភាសា​ជាក់លាក់​មួយ​ចំនួន ) ៖

ទាំងនេះ​គឺ​ជា​គំនិត​មួយ​ចំនួន​សម្រាប់​ការរក្សា​សំណួរ និង​ការនឹកគិត​សម្រាប់​ឆ្នាំ​ថ្មី​របស់​អ្នក ៖

  • ធ្វើ​សៀវភៅ​កម្រង​អនុស្សាវរីយ៍​ដោយ​មាន​រូបថត និង​វត្ថុ​អនុស្សាវរីយ៍​ពី​ឆ្នាំ​ចាស់ ។ 
  • សង្ខេប​នូវ​ជ័យជម្នះ និង​បញ្ហាប្រឈម​នៃ​ឆ្នាំ​ចាស់​នៅក្នុង សៀវភៅ​កំណត់​ហេតុ ។ 
  • ទិញ​សៀវភៅ​សរសេរ​ពិសេស​មួយ​ក្បាល​ទុក​សម្រាប់​តែ​សរសេរ​សំណួរ​សម្រាប់​ឆ្នាំ​ថ្មី​ដើម្បី​អ្នក​អាច​មើល​វា​នៅ​ពេល​ក្រោយ ហើយ​ប្រៀបធៀប​ចម្លើយ​ជា​រៀងរាល់​ឆ្នាំ ។ 
  • សុំ​ឲ្យ​នរណា​ម្នាក់​សម្ភាស​អ្នក ឬ​គ្រួសារ​របស់​អ្នក​អំពី​សំណួរ​ទាំង​នោះ ។ ធ្វើ​ការថត​ជា​សំឡេង ឬ​វីដេអូ​នៃ​ការសម្ភាស​នេះ​ដើម្បី​ចែកចាយ​ជាមួយ​សមាជិក​គ្រួសារ​ផ្សេង​ទៀត ។ 

រក្សាទុក​នូវ​ការនឹកគិត​ពី​ឆ្នាំ​មុន​របស់​អ្នក និង​របស់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក ហើយ​ទន្ទឹង​រង់ចាំ​យ៉ាង​រំភើប​ដើម្បី​សម្រេច​នូវ​គោលដៅ​ដ៏​អស្ចារ្យ​នា​ឆ្នាំ​ក្រោយ !


អត្ថបទ​ដែល​ទាក់ទង

ដោយ  Alison Ensign
October 10, 2025
តើ​អ្នក​ស្គាល់​ជីដូន​របស់​អ្នក​ច្បាស់​ប៉ុនណា​ដែរ ? សួរ​សំណួរ​ឲ្យបាន​ច្រើន និង​កត់ត្រា​ដំណើររឿង​របស់​ពួកគាត់​ដើម្បី​ជួយ​អ្នក​យល់​ពី​ពួកគាត់ និង​ខ្លួនអ្នក​កាន់​តែច្បាស់ ។
ដោយ  Laurie Bradshaw
June 27, 2025
វាអាចជាការពិបាកក្នុងការមើលអ្នកដែលយើងខ្វល់ខ្វាយមានអាយុកាន់តែច្រើន ជាពិសេសនៅពេលដែលអាយុនាំឲ្យមានជំងឺ ឬការធ្លាក់ចុះខាងសមត្ថភាពផ្លូវចិត្ត ។ ជាអកុ…
ដោយ  Sally Odekirk
May 29, 2025
ខួបអាពាហ៍ពិពាហ៍គឺជាពេលវេលាដ៏ល្អសម្រាប់គូស្វាមីភរិយាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ ។ ខួបអាពាហ៍ពិពាហ៍ដែលគួរឲ្យចងចាំបំផុតមួយចំនួនគឺជាពេល…
Page of 2


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Author Default Image
អំពី​អ្នកនិពន្ធ
Sally Odekirk