របៀប​និយាយ​ជាមួយ​មនុស្ស​ដែល​មាន​ជំងឺ​វង្វេង​អំពី​ពង្សប្រវត្តិ​របស់​ពួកគាត់

ក្មេងប្រុស​ម្នាក់​អង្គុយ​នៅលើ​សាឡុង និង​ជជែក​ជាមួយ​ជីដូនជីតា​របស់​គាត់ ។

វា​អាច​ជា​ការពិបាក​ក្នុង​ការមើល​អ្នក​ដែល​យើង​ខ្វល់ខ្វាយ​មាន​អាយុ​កាន់តែ​ច្រើន ជាពិសេស​នៅពេល​ដែល​អាយុ​នាំឲ្យ​មាន​ជំងឺ ឬ​ការធ្លាក់​ចុះ​ខាង​សមត្ថភាព​ផ្លូវចិត្ត ។ ជាអកុសល ជំងឺ​ទូទៅ​មួយ​ដែល​មនុស្ស​ចាស់​ជាច្រើន​ប្រឈមមុខ គឺ​ជំងឺ​វង្វេង ។ ដោយសារ​តែ​ជំងឺ​វង្វេង​គឺជា​ជំងឺ​ដែល​ចេះតែ​វិវឌ្ឍន៍​ទៅមុខ នោះ​ស្ថានភាព​របស់​បុគ្គល​ដែល​មាន​ជំងឺ​នេះ​តែងតែ​មាន​ការផ្លាស់ប្តូរ​ជានិច្ច ។ ការផ្លាស់ប្តូរ​ជាបន្ត​បន្ទាប់​នេះ​អាច​ធ្វើឲ្យ​មាន​ការ​ពិបាក​ក្នុង​ការដឹង​ថា​ត្រូវ​និយាយ​អ្វី ឬ​ប្រាស្រ័យ​ទាក់ទង​យ៉ាងដូចម្តេច​ជាមួយ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ។ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ការណែនាំ​មួយ​ចំនួន នេះ​គឺជា​គន្លឹះ​ដែល​មាន​ប្រយោជន៍​មួយ​ចំនួន​អំពី​របៀប​និយាយ​ជាមួយ​នរណាម្នាក់​ដែល​មាន​ជំងឺ​វង្វេង ។

បច្ចេកទេសទំនាក់ទំនងដែលត្រូវប្រើនៅពេលនិយាយជាមួយនរណាម្នាក់ដែលមានជំងឺវង្វេង

តម្រូវការ​របស់​មនុស្ស​ម្នាក់ៗ​ដែល​មាន​ជំងឺ​វង្វេង​គឺ​ខុសៗគ្នា ហើយ​វា​នឹង​អាស្រ័យ​ទៅលើ​អ្នក​ក្នុង​ការប្រើ​ការវិនិច្ឆ័យ​ដ៏ល្អ​បំផុត​របស់​អ្នក ហើយ​វាយតម្លៃ​អ្វី​ដែល​ត្រូវការ​សម្រាប់​ស្ថានភាព​ពិសេស​របស់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ។

សូម​ចងចាំ​ថា​ជំងឺ​វង្វេង​គឺជា​ជំងឺ​ដែល​មិន​អាច​ប៉ាន់ស្មាន​បាន ហើយ​ដំណាក់កាល​នៃ​រោគសញ្ញា​ជំងឺ​វង្វេង​អាច​កើតឡើង​ដោយ​គ្មាន​មូលហេតុ​ពិតប្រាកដ​ឡើយ ។ ទោះជា​យ៉ាងណា​ក៏ដោយ មាន​រឿងខ្លះ​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ចៀសវាង​ការបង្ក​ឲ្យ​រោគសញ្ញា​កើតឡើង ។ ចៀសវាង​ការដាក់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​នៅក្នុង​បរិយាកាស​ដែល​គាត់​មិន​ស្គាល់ ឬ​លើសលប់ ហើយ​ធ្វើអ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​កាត់បន្ថយ​ការឈឺចាប់ ឬ​ភាពច្របូក​ច្របល់​ដែល​ពួកគាត់​អាច​ជួប​ប្រទះ ។

នៅពេល​ដែល​អ្នក​សន្ទនា​ជាមួយ​គាត់ នេះ​គឺជា​អ្វី​ទូទៅ​មួយចំនួន​ដែល​គួរធ្វើ និង​មិន​គួរធ្វើ​ដែល​អាច​ជួយ​បាន ។

រឿងដែលត្រូវចងចាំ

  • រៀប​គម្រោង​ពេលវេលា​សមស្រប​មួយ​ដើម្បី​ទៅ​លេង​គាត់ ។ ព្យាយាម​កុំ​ប្រញាប់ប្រញាល់ ឬ​មាន​អារម្មណ៍​តានតឹង បរិយាកាស​ធូរស្រាល​នឹង​ជួយ​ឲ្យ​ការសន្ទនា​កាន់តែ​រលូន ។ វា​មិន​អីទេ​ប្រសិនបើ​អ្វីៗ​ដំណើរការ​ទៅ​ក្នុង​ល្បឿន​យឺត​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​មាន​ពីមុន ។ 
  • ប្រកាន់​ខ្ជាប់​នូវ​ឥរិយាបថ​យកចិត្ត​ទុកដាក់ និង​វិជ្ជមាន ។ ការគ្រប់គ្រង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​អ្នក​អាច​ពិបាក​នៅពេល​ដែល​មនុស្ស​ម្នាក់​ដែល​អ្នក​ខ្វល់ខ្វាយ​មាន​ជំងឺ​វង្វេង ប៉ុន្តែ​នេះ​គឺជា​ពេលវេលា​ដែល​ទាមទារ​ឲ្យ​មាន​ការគាំទ្រ​របស់​អ្នក​ច្រើន​ជាង​ពេលណាៗ​ទាំងអស់ ។  
  • អង្គុយ ឬ​ឈរ​ជាមួយ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​នៅ​ត្រឹម​កម្រិត​ភ្នែក ឬ​ទាបជាង​នេះ ។ ព្យាយាម​កុំ​ឈរ​ខ្ពស់ជាង​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នកឡើយ ព្រោះ​វា​អាច​ជា​ធ្វើ​ឲ្យ​គាត់​ភ័យ ។ ផ្ទុយទៅវិញ អង្គុយ​ជាមួយ​ពួកគាត់​នៅ​ត្រឹម​កម្រិត​ភ្នែក​របស់​ពួកគាត់ ឬ​ទាប​ជាង​នេះ​ដើម្បី​បង្កើត​បរិយាកាស​មួយ​ដែល​មានភាព​ស្មើគ្នា និង​ធូរស្រាល ។ រក្សា​ទំនាក់ទំនង​តាម​រយៈ​កែវភ្នែក ។  
  • បង្កើត​បរិយាកាស​ប្រកប​ដោយ​ផាសុកភាព​សម្រាប់​ការសន្ទនា ។ ដកចេញ​នូវ​ការរំខាន​ណាមួយ ដូចជា​ទូរទស្សន៍ តន្ត្រី ឬ​ការជូន​ដំណឹង​តាម​ទូរសព្ទ​ជាដើម ។ ការរំខាន​ទាំងឡាយ​នឹង​ធ្វើឲ្យ​បរិយាកាស​ធ្លាក់ចុះ​សម្រាប់​អ្នក​ទាំងពីរ និង​ធ្វើឲ្យ​មាន​ការពិបាក​ជាពិសេស​សម្រាប់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ក្នុង​ការផ្តោត​លើ​ការសន្ទនា ។ 
ចៅៗ​ទៅលេង​ជីដូន​របស់​ពួកគេ​នៅក្នុង​មជ្ឈមណ្ឌល​ថែទាំ ។

  • សូម​មាន​ភាពអត់ធ្មត់ និង​ទុក​ពេលវេលា​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ដើម្បី​ឆ្លើយតប ។ មនុស្ស​ដែល​មាន​ជំងឺ​វង្វេង​អាច​ត្រូវការ​ពេល​យូរបន្តិច​ដើម្បី​ឆ្លើយតប សូម​ព្យាយាម​កុំ​បញ្ចប់​ប្រយោគ​របស់​ពួកគាត់​ជំនួស​ពួកគាត់ ឬ​និយាយ​កាត់​អ្វី​ដែល​ពួកគាត់​កំពុង​និយាយ​ឡើយ ។  
  • សូម​អនុវត្ត​ការស្ដាប់​យ៉ាង​សកម្ម ។ រក្សា​ទំនាក់ទំនង​តាមរយៈ​កែវភ្នែក និយាយ​សាឡើងវិញ​ទៅកាន់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​នូវ​អ្វី​ដែល​បាន​និយាយ និង​ប្រើ​ភាសា​កាយវិការ​ដើម្បី​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ចំពោះ​អ្វី​ដែល​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​កំពុង​និយាយ ។ 
  • សូម​និយាយ​ប្រយោគ​ខ្លីៗ ច្បាស់ៗ ។ ការនិយាយ​ពី​ប្រធានបទ​ច្រើន​ពេក​ក្នុង​ពេល​តែមួយ​អាច​ធ្វើឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​មាន​អារម្មណ៍​សន្ធប់ ឬ​ច្របូកច្របល់ ។ ព្យាយាម​ផ្តោតលើ​ប្រធានបទ​មួយ​ក្នុង​មួយ​ពេល ។  

អ្វីដែលត្រូវចៀសវាង

  • សូម​កុំ​ប្រកែក ឬ​ធ្វើ​ផ្ទុយ​ពីអ្វី​ដែល​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​កំពុង​និយាយ ទោះបីជា​អ្នក​ដឹងថា​វា​មិន​ត្រឹមត្រូវ​ក៏ដោយ ។ ការចងចាំ​មិន​ត្រឹមត្រូវ ការស្រមើស្រមៃ ការភាន់ច្រឡំ និង​សូម្បីតែ​ការផ្លាស់ប្តូរ​ពេលវេលា—ការធ្វើ​សកម្មភាព​ដូចជា​ពួកគាត់​កំពុង​រស់នៅ​ក្នុង​ជីវិត​អតីតកាល​របស់​ពួកគាត់—មិនមែន​ជារឿង​ចម្លែក​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​វង្វេង​នោះទេ ។ ការព្យាយាម​កែតម្រូវ​ពួកគាត់​អាច​នាំ​ឲ្យ​មាន​ទុក្ខលំបាក និង​ភាពច្របូកច្របល់​កាន់តែ​ច្រើន ។ ផ្ទុយទៅវិញ ប្តូរ​ទិសដៅ​នៃ​ការសន្ទនា ។  
  • សូម​កុំ​ធ្វើ​ដូច​ពួកគាត់​ជា​កូនក្មេង ឬ​ដូច​ជា​ចេះជាង​ពួកគាត់ ។ នេះ​មាន​ន័យថា ការចាត់ទុក​បុគ្គល​នេះ​ដូចជា​ក្មេងតូច​ដែល​មិន​យល់​អ្វី​សោះ ឬ​ធ្វើខ្លួន​គ្រាន់បើ​ជាង ឬ​បណ្ដុះបង្អាប់​ពួកគាត់ ។ មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​អាច​យល់​ច្រើន​ជាង​អ្នក​គិត ហើយ​ការសន្មត​មិន​ត្រឹមត្រូវ​នឹង​នាំ​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់ ។
  • សូម​កុំ​និយាយ​ជំនួស​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ឡើយ ជាពិសេស​នៅពេល​និយាយ​អំពី​តម្រូវការ​ខាង​វេជ្ជសាស្រ្ត ។ អនុញ្ញាត​ឲ្យ​ពួកគាត់​មាន​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ការបញ្ចេញ​អារម្មណ៍​ផ្ទាល់ខ្លួន សំណួរ និង​កង្វល់​របស់​ពួកគាត់ ។  
  • សូម​កុំ​និយាយ​ដោយ​សំឡេង​ខ្លាំងៗ លុះត្រាតែ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​មាន​បញ្ហា​ក្នុង​ការស្តាប់ ។ សំឡេង​ខ្លាំងៗ មិន​តែងតែ​មាន​ន័យថា​ច្បាស់ជាង​នោះទេ ហើយ​ការស្រែក​មិន​ធ្វើ​ឲ្យ​អ្នក​យល់​កាន់តែ​ច្រើន​នោះទេ—តាមពិត​វា​ផ្ទុយ​ទៅវិញ​ទេ ! ជាការពិត​ណាស់ ប្រសិនបើ​បុគ្គល​ដែល​អ្នក​កំពុង​និយាយ​រក​មាន​ការលំបាក​ក្នុង​ការស្តាប់ វា​មិន​អីទេ​ក្នុង​ការដំឡើង​សំឡេង​បន្តិច ។  
  • សូម​កុំ​សួរ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ថាតើ​ពួកគាត់​ចងចាំ​អ្វីមួយ​ឬទេ ។ ការសួរ ឬ​ការទទូច​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​ចងចាំ​ព្រឹត្តិការណ៍​ពី​អតីតកាល អាច​បណ្តាល​ឲ្យ​មាន​ភាពច្របូកច្របល់ និង​ទុក្ខព្រួយ ។ 
ជីតា​ម្នាក់​អង្គុយ​នៅលើ​កៅអី​របស់​គាត់​សម្លឹង​មើល​ទៅ​ចំហៀង ។

  • សូមកុំ​និយាយ​កាត់ ឬ​លូក​មាត់ ។ ការធ្វើ​ដូច្នេះ​អាច​បណ្តាល​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​បាត់បង់​ការគិត​របស់​គាត់ អាច​បោះបង់​ចោល​ការសន្ទនា​ទាំងស្រុង​ផងដែរ ។ សូម​កុំ​ខ្លាច​ភាពស្ងៀមស្ងាត់ ការអត់ធ្មត់​របស់​អ្នក​នឹង​ត្រូវបាន​ថ្លែង​អំណរគុណ ។ 
  • សូម​កុំ​ភ្លេច​ថា​ពួកគាត់​នៅក្នុង​បន្ទប់​ដែរ ។ នៅក្នុង​ការជួបជុំ​ជាក្រុម អ្នក​ដែល​មាន​ជំងឺ​វង្វេង​អាច​មាន​ការលំបាក​ក្នុង​ការតាមទាន់​ការសន្ទនា​លឿនៗ​ជាច្រើន​ដែល​នៅ​ជុំវិញ​ខ្លួន​ពួកគាត់ ។ សូម​ខិតខំ​ប្រឹងប្រែង​ដើម្បី​រួមបញ្ចូល​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ទៅក្នុង​ការសន្ទនា និង​លើកទឹកចិត្ត​គាត់​ឲ្យ​ចូលរួម​ជាមួយ​អ្នកដទៃ ។  

សំណួរ និងជំងឺវង្វេង

សំណួរ​គឺជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ការប្រាស្រ័យ​ទាក់ទង ទោះជា​យ៉ាងណា​ក៏ដោយ នៅក្នុង​ពេល​ជាមួយគ្នា​នេះ ការសួរ​សំណួរ​ច្រើន​ពេក​អាច​មាន​ភាពលើសលប់​ចំពោះ​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​វង្វេង​បាន ។ អ្នក​ប្រហែលជា​ត្រូវ​សួរ​សំណួរ​ពីរបី​នៅ​អំឡុង​ពេល​ទៅលេង​គាត់​ច្រើនដង ជំនួស​ឲ្យ​ការព្យាយាម​សួរ​សំណួរ​ច្រើន​ពេក​ក្នុង​ពេល​តែម្តង ។

ប្រសិនបើ​អ្នក​ត្រូវ​សួរ​សំណួរ​មួយ សូម​ព្យាយាម​ធ្វើ​វា​ឲ្យ​សាមញ្ញ និង​ចៀសវាង​ការសួរ​សំណួរ​ដែល​ទាមទារ​ឲ្យ​រំឭក​ការចងចាំ​ឡើងវិញ ។ មាន​រឿង​ជា​ច្រើន​ដែល​នឹង​អាស្រ័យ​លើ​ស្ថានភាព និង​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក ។ សំណួរ​ទូលំ​ទូលាយ​អាច​ប្រសើរ​ជាង​សម្រាប់​ស្ថានភាព​មួយ​ចំនួន ហើយ​សំណួរ​ជាក់លាក់​នឹង​ប្រសើរ​ជាង​សម្រាប់​ស្ថានភាព​ផ្សេងទៀត ។ គន្លឹះ​ដែល​ត្រូវ​ចងចាំ គឺ​ត្រូវធ្វើ​ឲ្យ​ការសន្ទនា​មាន​ភាពតានតឹង​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន​សម្រាប់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក និង​ចៀសវាង​ការបង្ខំឲ្យ​ចងចាំ ឬ​ទាក់ទាញ​ការចាប់អារម្មណ៍​ទៅលើ​ការពិត​ដែល​ថា​ពួកគាត់​មិន​អាច​ចងចាំ​អ្វី​មួយ​បាន ។

នៅពេល​សួរ​សំណួរ​ដែល​ទាក់ទងនឹង​បច្ចុប្បន្នកាល សូម​ព្យាយាម​ចៀសវាង​សំណួរ​បើក ។ ផ្ទុយទៅវិញ សូម​សួរ​សំណួរ​ដែល​អាច​ឆ្លើយ​បាន​ដោយ « បាទ ឬ​ចាស » ឬ « អត់ទេ » ។ ឧទាហរណ៍ ជំនួស​ឲ្យ​ការសួរ​ថា « តើ​អ្នក​ចង់​ញ៉ាំ​អាហារ​ថ្ងៃត្រង់​នៅ​ពេលណា ? »—ឧទាហរណ៍—សូម​ព្យាយាម​និយាយ​ថា « តើ​អ្នក​ចង់​ញ៉ាំ​អាហារ​ថ្ងៃត្រង់​ឥឡូវនេះ​ទេ ? »

យុទ្ធសាស្រ្ត​មួយ​ទៀត​គឺ​ផ្តល់​ជម្រើស​ជាក់លាក់ ។ ជំងឺ​វង្វេង​មួយ​ចំនួន​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ក្នុង​ការចងចាំ​ពាក្យ​ទាក់ទង​នឹង​របស់របរ​ទាំងឡាយ ដូច្នេះ​ការផ្តល់​ឲ្យ​ពួកគាត់​នូវ​ជម្រើស​ជាក់លាក់​ជួយ​ពួកគាត់​ពី​ការខកចិត្ត​ក្នុង​ការមិន​អាច​ស្វែងរក​ពាក្យ​ដែល​ពួកគាត់​ចង់​ប្រើ​បាន ។ ឧទាហរណ៍ សូម​ប្រើ​សំណួរ​ដូចជា « តើ​អ្នក​ចង់​បាន​សាឡាត់ ឬ​សាំងវិច​សម្រាប់​អាហារ​ថ្ងៃត្រង់ ? » ឬ « តើ​អ្នក​ចង់​បើក​បង្អួច ឬ​បិទ​បង្អួច ? »

របៀបសួរសំណួរដល់នរណាម្នាក់ដែលមានជំងឺវង្វេងអំពីពង្សប្រវត្តិ

ប្រសិនបើ​អ្នក​មាន​សំណួរ​អំពី​ពង្សប្រវត្តិ​សម្រាប់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក សូម​ចៀសវាង​ការសម្ភាស ឬ​ការសួរចម្លើយ ។ សូម​ចងចាំ​ថា សំណួរ​ត្រង់ៗ​អាច​ធ្វើ​ឲ្យ​នរណាម្នាក់​ដែល​មាន​ជំងឺ​វង្វេង​មាន​កង្វល់ ពីព្រោះ​មនុស្ស​មួយ​ចំនួន​ដែល​មាន​ជំងឺ​វង្វេង​ដឹង​ថា​ពួកគាត់​មិន​អាច​ចងចាំ​បាន ហើយ​ពួកគាត់​នឹង​ពិបាកចិត្ត ។ សូម​កុំ​សង្កត់ធ្ងន់​លើ​ព័ត៌មាន​លម្អិត ហើយ​សូម​កុំ​រំពឹងថា​ការសន្ទនា​នោះ​នឹង​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ​ឡើយ ។ ជាញឹកញាប់​ការពិត​ដ៏​លម្អិត​អំពី​ជីវិត​របស់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​អាច​ត្រូវ​បាន​រកឃើញ​ចេញពី​ប្រភព​ផ្សេងទៀត—សមាជិក​គ្រួសារ​ផ្សេងទៀត កំណត់ត្រា​ផ្លូវការ សៀវភៅ​កំណត់ហេតុ ឬ​សូម្បីតែ​មកពី​ប្រភព​ដូចជា​ការកាត់​ព័ត៌មាន​ចេញ​ពី​កាសែត​ជាដើម ។ ផ្ទុយទៅវិញ សូម​ផ្តោតលើ​អារម្មណ៍​របស់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក និង​កម្រង​អនុស្សាវរីយ៍​ដែល​ពួកគាត់​ស្រឡាញ់​ពេញចិត្ត ។

សូម​ព្យាយាម​ចៀសវាង​ការសួរ​ពួកគាត់​ដោយ​ត្រង់ៗ​អំពី​អនុស្សាវរីយ៍​មួយ ។ ចែកចាយ​កម្រង​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន​របស់​អ្នក​ដើម្បី​ចាប់ផ្តើម​ការសន្ទនា និង​អញ្ជើញ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​ឲ្យ​ចែកចាយ​ប្រសិនបើ​ពួកគាត់​មាន​អារម្មណ៍​ស្រណុកចិត្ត​ក្នុង​ការចែកចាយ ។ ឧទាហរណ៍ ជំនួស​ឲ្យ​ការសួរ​ថា « តើ​អ្នក​នៅ​ចាំ​ពី​ព្យុះព្រិល​ដែល​យើង​បាន​មាន​ក្នុង​អំឡុង​បុណ្យ​ណូអែល​ក្នុង​ឆ្នាំ២០១៤​ដែរ​ឬ​ទេ ? » អ្នក​អាច​និយាយ​ថា « ខ្ញុំ​ចាំ​ពី​បុណ្យណូអែល​នៅពេល​ដែល​យើង​បាន​មាន​ព្រិល​យ៉ាង​ច្រើន និង​បាន​លេង​ហ្គេម​ក្តារ​ពេញ​មួយយប់—វា​ជា​ពេលវេលា​ដ៏ល្អ​ណាស់ ! »

ប្រសិនបើ​អ្នក​ចង់​សួរ​សំណួរ សូម​សួរ​សំណួរ​ដែល​ទូលំទូលាយ​ជំនួស​ឲ្យ​ការសួរ​អំពី​ព្រឹត្តិការណ៍ ឬ​សាច់រឿង​ជាក់លាក់ ។ វា​ជា​ការប្រសើរ​ជាង​ក្នុង​ការសួរ​ថា « តើ​អ្នក​មាន​ការចងចាំ​ដែល​ចូលចិត្ត​ពី​កុមារភាព​របស់​អ្នក​ដែរឬទេ ? » ជាជាង​សួរ​ថា « តើ​ម្តាយ​របស់​អ្នក​មាន​ឈ្មោះ​អ្វី ? »

ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​ចៅស្រី​ជំទង់​របស់​គាត់​សើច​ជាមួយគ្នា ។

នេះ​គឺជា​ប្រធានបទ​មួយ​ចំនួន​ដែល​អ្នក​ប្រហែលជា​ចង់​សាកល្បង​ស្វែងយល់​អំពី ៖

  • កម្រង​អនុស្សាវរីយ៍​ដែល​ចូលចិត្ត​អំពី​សមាជិក​គ្រួសារ​ផ្សេងទៀត ដូចជា​ឪពុកម្តាយ បងប្អូន ឬ​កូន​ជាដើម 
  • ចំណង់​ចំណូល​ចិត្ត និង​ចំណាប់​អារម្មណ៍​នានា  
  • សៀវភៅ ភាពយន្ត ឬ​កម្មវិធី​ទូរទស្សន៍​ដែល​ចូលចិត្ត  
  • កម្រង​អនុស្សាវរីយ៍​ពី​កុមារភាព​ដែល​ចូលចិត្ត  
  • បញ្ហា​ប្រឈមមុខ និង​ការតស៊ូ​ក្នុង​ជីវិត​របស់​ពួកគាត់ 
  • ថ្ងៃឈប់​សម្រាក គ្រួសារ ឬ​ប្រពៃណី​សាសនា​នានា  
  • ប្រវត្តិការងារ ឬ​អាជីព  
  • ការអប់រំ 
  • ប្រវត្តិ​យោធា 
  • សមិទ្ធិផល​ដែល​មាន​មោទនភាព​បំផុត  
  • មេរៀន​សំខាន់​បំផុត​ដែល​ពួកគាត់​បាន​រៀន​ក្នុង​ជីវិត  

យកចិត្ត​ទុកដាក់​ទៅលើ​អារម្មណ៍​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក នៅពេល​ដែល​អ្នក​ទាំងពីរ​រំឭក​ពីរឿង​ទាំងនោះ ។ ផ្តល់​ពេលវេលា​ឲ្យ​ពួកគាត់​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគាត់​ចង់​បាន ឬ​ត្រូវការ​ដើម្បី​និយាយ ។ ទោះជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​អាច​ដឹង​ថា​ពួកគាត់​កំពុង​អស់កម្លាំង ឬ​ហត់នឿយ សូម​កុំ​បង្ខំ​ពួកគាត់​អី ។ ផ្លាស់ប្តូរ​ប្រធានបទ ឬ​បញ្ចប់​ការសួរសុខទុក្ខ ដើម្បី​ពួកគាត់​អាច​សម្រាក ។
វា​អាច​មើលទៅ​ដូចជា​គួរ​ឲ្យ​ខ្លាច ប៉ុន្តែ​កិច្ចការ​នោះ​មាន​តម្លៃ ។ ការកត់ត្រា​ពង្សប្រវត្តិ​របស់​មនុស្ស​ជាទីស្រឡាញ់​អាច​មាន​អត្ថប្រយោជន៍​សម្រាប់​អ្នកទាំងពីរ ។ ជាការពិត​ណាស់ ការសិក្សា​ក្នុង​ឆ្នាំ២០១៨ បាន​បង្ហាញថា​សៀវភៅ​អនុស្សាវរីយ៍ ឬ​សៀវភៅ​ដំណើរឿង​ជីវិត​មាន​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​វង្វេង រួមទាំង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​អារម្មណ៍ គុណភាព​នៃ​ជីវិត ការប្រាស្រ័យ​ទាក់ទង និង​ការចងចាំ​ពី​ជីវប្រវត្តិ ។

របៀបដើម្បីជួយអ្នកដែលមានជំងឺវង្វេងឲ្យកត់ត្រានូវកម្រងអនុស្សាវរីយ៍របស់ពួកគាត់

ជាមួយ​នឹង​ការរៀបចំ​បន្តិចបន្តួច អ្នក​អាច​ធានាថា​ការសន្ទនា​អំពី​ពង្សប្រវត្តិ​របស់​អ្នក​ជាមួយ​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​មាន​ប្រសិទ្ធភាព មាន​ភាពស្អាងឡើង ហើយ​សំខាន់​បំផុត​ត្រូវបាន​រក្សាទុក ។ នេះ​គឺជា​គន្លឹះ​ចំនួន​បួន​ដើម្បី​ជួយ​អ្នក​ឲ្យ​ចាប់ផ្តើម ។

​ស្ត្រី​វ័យចំណាស់​ម្នាក់​ដែល​កំពុង​ក្តោបដៃ​ដាក់​នៅលើ​សៀវភៅ​កំណត់ហេតុ

  • ប្រើ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​កត់ត្រា​អ្វី​ដែល​ពួកគាត់​និយាយ ដូចជា​ឧបករណ៍​សរសេរ ទូរសព្ទ​របស់​អ្នក ឬ​ឧបករណ៍​ថត​វីដេអូ​ជាដើម ។ ការថត​នេះ​នឹង​រក្សាទុក​នូវ​ការចងចាំ​សម្រាប់​អ្នក​ទាំងពីរ ។ សូម​ពិចារណា​ដាក់​បញ្ចូល​អ្វី​ដែល​អ្នក​ថត​ទៅក្នុង កម្រង​អនុស្សាវរីយ៍​របស់ FamilySearch ដើម្បី​ធានា​ថា​វា​មិន​បាត់បង់ ។ 
  • ប្រើ​ជំនួយចក្ខុ​ដូចជា​រូបភាព ឬ​វីដេអូ ដើម្បី​ជួយ​បង្កើន​ការចងចាំ និង​ដឹកនាំ​ការសន្ទនា ។ និយាយ​អំពី​រូបភាព​ជាមួយគ្នា ។ ចៀសវាង​សំណួរ​ដូចជា « តើ​អ្នក​ស្គាល់​បុគ្គល​នេះ​ថា​ជា​នរណា​ទេ ? » ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក​មានកង្វល់ ឬ​ច្របូកច្របល់​ប្រសិនបើ​ពួកគាត់​មិន​អាច​ចងចាំ​បាន ។ ផ្ទុយទៅវិញ រំឭក​នូវ​អនុស្សាវរីយ៍​ផ្ទាល់ខ្លួន​របស់អ្នក​អំពី​ព្រឹត្តិការណ៍​នៅ​ក្នុង​រូបភាព ឬ​បញ្ចេញ​មតិ​លើអ្វី​ដែល​អ្នក​ឃើញ​នៅក្នុង​រូបថត ។ ជំនួយ​សំឡង​មាន​ដូចជា​តន្ត្រី​នៅក្នុង​ភាព​យុវវ័យ​របស់​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក ក៏អាច​មាន​ប្រយោជន៍​ស្រដៀងគ្នា​ផងដែរ ។  
  • ទទួល​ស្គាល់ថា​ការចងចាំ​មួយ​ចំនួន​ប្រហែលជា​មិន​ត្រឹមត្រូវ​ទេ ។ ដូច​ដែល​បាន​រៀបរាប់​ពីមុន ការមាន​ការចងចាំ​មិន​ត្រឹមត្រូវ—ឬ​ដែល​ច្របូកច្រប់​ដែល​ត្រូវបាន​គេ​ទទួលស្គាល់​តាម​ផ្នែក​វេជ្ជសាស្រ្ត—គឺជា​រោគសញ្ញា​ដែល​ស្គាល់​ថាជា​ជំងឺ​វង្វេង ។ ប្រសិនបើ​អ្នក​មាន​សំណួរ​អំពី​ភាពត្រឹមត្រូវ​នៃ​ការចងចាំ​របស់​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក​ពី​ព្រឹត្តិការណ៍​មួយ សូម​ព្យាយាម​ស្វែងរក​ដំណើរ​រឿង​បន្ទាប់បន្សំ​មួយ​ដើម្បី​ធ្វើ​ការប្រៀបធៀប​វា ។

សូមរក្សាទុកកម្រងអនុស្សាវរីយ៍របស់មនុស្សជាទីស្រឡាញ់របស់អ្នកនៅលើគេហទំព័រ FamilySearch.org

នៅពេល​អ្នក​រុករក​ការប្រមូល​កម្រង​អនុស្សាវរីយ៍​របស់​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក សូម​ពិចារណា​រក្សាទុក​វា​នៅលើ កម្រង​អនុស្សាវរីយ៍​របស់ FamilySearch ជាមួយនឹង​គណនី FamilySearch ដែល​ឥតគិតថ្លៃ ។ ការកត់ត្រា និង​ការដាក់​បញ្ចូល​កម្រង​អនុស្សាវរីយ៍​នៅពេល​ឥឡូវនេះ​នឹង​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក អ្នកថែទាំ និង​គ្រួសារ​របស់អ្នក​តាម​វិធី​រាប់​មិន​អស់​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​វា​នឹង​រក្សាទុក​នូវ​កម្រង​អនុស្សាវរីយ៍ និង​កេរដំណែល​របស់​ពួកគាត់​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ផងដែរ ។

អត្ថបទ​ដែល​ទាក់ទង

ដោយ  Sally Odekirk
May 29, 2025
ខួបអាពាហ៍ពិពាហ៍គឺជាពេលវេលាដ៏ល្អសម្រាប់គូស្វាមីភរិយាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ ។ ខួបអាពាហ៍ពិពាហ៍ដែលគួរឲ្យចងចាំបំផុតមួយចំនួនគឺជាពេល…
ដោយ  Abby Tanner
April 18, 2025
ថ្ងៃខួបកំណើតគឺជាពេលវេលាដ៏សំខាន់មួយដែលមានភាពងាយស្រួលក្នុងប្រារព្ធ ។ ថ្ងៃខួបកំណើតគឺជាពេលដើម្បីអបអរ គិតពិចារណា និងភ្ជាប់ទំនាក់ទំនង ។ ការណ៍នេះធ្…


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Author Default Image
អំពី​អ្នកនិពន្ធ
Laurie Bradshaw