សំណួរ​ខួប​អាពាហ៍ពិពាហ៍​ទាំង ៣៤ សម្រាប់​គូស្វាមី​ភរិយា

គូស្វាមី​ភរិយា​ញញឹម​ដាក់​គ្នា​នៅ​មាត់សមុទ្រ​ក្នុង​ថ្ងៃ​អាពាហ៍​ពិពាហ៍​របស់​ពួកគេ ។

ខួប​អាពាហ៍ពិពាហ៍​គឺ​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​គូស្វាមី​ភរិយា​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើង​វិញ ។ ខួប​អាពាហ៍ពិពាហ៍​ដែល​គួរឲ្យ​ចងចាំ​បំផុត​មួយ​ចំនួន​គឺ​ជា​ពេលវេលា​ស្ងប់ស្ងាត់​នៅពេល​ដែល​អ្នក​អាច​និយាយ​អំពី​ជីវិត​របស់​អ្នក​ជាមួយ​គ្នា និង​របៀប​ដែល​អ្នក​ចង់​រីកចម្រើន​ក្នុង​នាម​ជា​គូស្វាមី ឬ​ភរិយា ។ សំណួរ​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បង្កើន​ការយល់ដឹង ការយល់ចិត្ត និង​ចំណង ។ ទោះបីជា​អ្នក​អាច​គិត​ថា​អ្នក​ស្គាល់​គ្នា​ច្បាស់​ប៉ុនណា​ក៏​ដោយ សំណួរ​ដែល​មាន​ការគិតគូរ​អាច​ពង្រឹង​ចំណង​របស់​អ្នក​បាន​ដែរ ។

តើ​អ្នក​មាន​ខួប​អាពាហ៍ពិពាហ៍​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ដែរ​ឬ​ទេ ? សូម​ពិចារណា​កំណត់​ពេលវេលា​ជាមួយគ្នា​ដើម្បី​សួរ​សំណួរ និង​ព្រាង​គំនិត​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក ។ នរណា​ទៅ​ដឹង ? អ្នក​ប្រហែល​ជា​អាច​រកឃើញ​អ្វី​មួយ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ដែល​អាច​ជួយ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​រីកចម្រើន​ឡើង ។

សំណួរខួបអាពាហ៍ពិពាហ៍ដែលអាចប្រើបានជារៀងរាល់ឆ្នាំ

មិនថា​អ្នក​បាន​រៀប​អាពាហ៍​ពិពាហ៍​យូរ​ប៉ុនណា​ឡើយ វា​ជា​ការណ៍​ល្អ​ក្នុង​ការ​ដឹង​ពី​សុខទុក្ខ​គ្នា​ទៅវិញ​ទៅមក ដាក់​ផែនការ​ដើម្បី​ពង្រឹង​ភាពខ្សោយ​ក្នុង​ទំនាក់ទំនង​របស់​អ្នក និង​អបអរ​ជ័យជម្នះ​របស់​អ្នក​រួម​គ្នា ។ នេះ​គឺ​ជា​សំណួរ​មួយចំនួន​ដែល​អ្នក​អាច​ទៅមើល​ឡើង​វិញ​បាន​ជា​រៀងរាល់​ឆ្នាំ ហើយ​មើល​ពី​របៀប​ដែល​ចម្លើយ​របស់​អ្នក​ផ្លាស់ប្ដូរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។

បុរស​ម្នាក់​ជូន​ផ្កា​ទៅ​ភរិយា​របស់​គាត់​ក្នុង​ខួប​អាពាហ៍​ពិពាហ៍​របស់​ពួកគេ ។

  • តើ​ពេលណា​នៅក្នុង​ឆ្នាំ​ចាស់​គឺ​ជា​ពេល​ដែល​អ្នក​ចូលចិត្ដ​នៅក្នុង​ចំណង​អាពាហ៍​ពិពាហ៍​របស់​យើង ?  
  • តើអ្វី​ដែល​ថ្មី​ដែល​អ្នក​បាន​រៀន​អំពី​ខ្ញុំ​នៅ​ឆ្នាំ​នេះ ? 
  • តើ​អ្វី​នៅក្នុង​ទំនាក់ទំនង​របស់​យើង​ដែល​យើង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បាន ?  
  • តើ​អ្វី​ជា​ភាពខ្លាំង​ដ៏​ធំ​បំផុត​របស់​យើង​ក្នុង​នាម​ជា​ស្វាមី​ភរិយា ?  
  • តើ​យើង​ទន្ទឹង​រង់ចាំ​អ្វី​នៅឆ្នាំ​ខាង​មុខ​នេះ ?  
  • តើ​អ្វី​ជា​ចំណុច​ពិសេស​របស់​ខ្ញុំ​ដែល​អ្នក​គិតថា​គួរឲ្យ​ស្រឡាញ់ ? 
  • តើ​បី​ចំណុច​ណាខ្លះ​ដែល​អ្នក​មាន​អំណរគុណ​សម្រាប់​ខ្ញុំ ? 
  • តើ​អ្នក​ទទួល​សេចក្តីស្រឡាញ់​យ៉ាង​ដូចម្ដេច ? តើ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​អារម្មណ៍​ថា​ខ្ញុំ​ស្រឡាញ់​អ្នក​បំផុត ? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់តែ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ពី​ខ្ញុំ ? 

សំណួរសម្រាប់គូស្វាមីភរិយាដែលពុំមានកូនៗស្នាក់នៅជាមួយទៀត

នៅពេល​ដែល​កូនៗ​ចាកចេញ​ពី​ផ្ទះ ស្វាមីភរិយា​អាច​ចាប់ផ្ដើម​ទំនាក់ទំនង​របស់​ពួកគេ​ម្ដងទៀត​បាន ។ សូម​ចំណាយពេល​ដើម្បី​នឹកគិត​ជាមួយគ្នា​អំពី​ដំណាក់កាល​ថ្មី​នៃ​ជីវិត​របស់​អ្នក ។ ពិចារណា​សួរ​សំណួរ​ទាំងនេះ​ទៅកាន់​គ្នា​ទៅវិញ​ទៅមក ៖

គូស្វាមី​ភរិយា​ញញឹម និង​រាំ​នៅលើ​ដំបូល​ផ្ទះ​នាពេល​ថ្ងៃ​លិច ។

  • តើ​អ្វី​ជា​ការចងចាំ​ដែល​អ្នក​ចូលចិត្ត​ជាងគេ​អំឡុង​ពេល​ដែល​យើង​នៅ​ជាមួយ​គ្នា ? 
  • តើ​មាន​កន្លែង​ណា​ដែល​យើង​ចង់​ធ្វើដំណើរ​ទៅ​ជាមួយគ្នា​ដែរ​ឬ​ទេ ?  
  • តើ​មាន​ក្ដីសង្ឃឹម និង​ក្ដីស្រមៃ​ណាខ្លះ​ដែល​យើង​អាច​ឈោងចាប់​បាន ?   
  • តើ​អ្នក​ទន្ទឹងរង់ចាំ​ធ្វើ​កិច្ចការ​អ្វីខ្លះ​ជាមួយ​គ្នា ? 
  • តើ​យើង​អាច​ផ្តល់​អាទិភាព​ដល់​ការចំណាយ​ពេល​ល្អៗ​ជាមួយគ្នា​ខណៈ​ដែល​យើង​នៅតែ​ពីរនាក់​ដោយ​របៀបណា ? 
  • តើ​យើង​អាច​ចាប់ផ្តើម​ធ្វើការ​ស្ម័គ្រចិត្ត​ជាមួយ​គ្នា​នៅឯណា​បាន ?
  • តើ​យើង​អាច​បន្ត​បីបាច់ និង​បណ្ដុះ​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះគ្នា​ទៅវិញ​ទៅមក​ក្នុង​ដំណាក់កាល​បន្ទាប់​នៃ​ជីវិត​នេះ​ដោយ​របៀបណា ?
  • តើ​អ្វី​ជា​គោលដៅ​របស់​អ្នក​សម្រាប់​ជំពូក​បន្ទាប់​នៃ​ជីវិត​របស់​យើង ទាំង​ជីវិត​បុគ្គល និង​ជីវិត​ជា​ស្វាមី​ភរិយា ? 

សំណួរសម្រាប់សួរគូស្វាមីភរិយាផ្សេងទៀត

គូស្វាមី​ភរិយា​ដែល​បានរៀបការ​រយៈពេល​យូរ​អាច​ផ្តល់​នូវ​ការយល់ដឹង​ដ៏​ឈ្លាសវៃ​អំពី​របៀប​ស្ថាបនា​ទំនាក់ទំនង​ដ៏​ជោគជ័យ ។ តើ​ឪពុកម្តាយ​របស់​អ្នក​រៀបការ​យូរ​ប៉ុនណា​ហើយ ? ចំណែក​ឯ​ជីដូនជីតា​របស់​អ្នក​វិញ​នោះ ? គិត​អំពី​គូស្វាមី​ភរិយា​ផ្សេងទៀត​នៅក្នុង​ជីវិត​របស់​អ្នក​ដែល​អ្នក​ស្ញប់ស្ញែង ។ ប្រសិនបើ​អ្នក​មាន​សាច់ញាតិ ឬ​មិត្តភក្តិ​ដែល​មាន​ខួប​អាពាហ៍ពិពាហ៍​នា​ពេល​ខាងមុខ សូម​ពិចារណា​សួរ​ពួកគេ​នូវ​សំណួរ​ទាំងនេះ​ដើម្បី​អ្នក​ទទួល​បាន​គំនិត និង​ដំបូន្មាន​សម្រាប់​ទំនាក់ទំនង​របស់​អ្នក​ផ្ទាល់ ។

បុរស​វ័យ​ចំណាស់​ថើប​ថ្ពាល់​ភរិយា​របស់​គាត់ ។

  • តើ​អ្នក​បាន​ជួបគ្នា​ដោយ​របៀបណា នៅពេលណា និង​នៅ​ឯណា ?  
  • តើ​អ្វី​បាន​ទាក់ទាញ​ឲ្យ​អ្នក​ចាប់អារម្មណ៍​លើ​គ្នា ?  
  • តើ​អ្នក​ដោះស្រាយ​ជម្លោះ និង​ការមិន​យល់ស្រប​គ្នា​ដោយ​របៀបណា ?  
  • តើ​អ្នក​មាន​ចំណាប់​អារម្មណ៍ និង​ចំណង់​ចំណូល​ចិត្ត​ដែល​អ្នក​ចូលចិត្ត​ធ្វើ​រួមគ្នា​ដែរ​ឬ​ទេ ?  
  • តើ​អ្នក​បាន​ដោះស្រាយ​ភាពចលាចល និង​ការខកចិត្ដ​បាន​យ៉ាងដូចម្ដេច ?  
  • តើ​អ្នក​មាន​កូន និង​ចៅ​ប៉ុន្មាន​នាក់​ដែរ ?
  • តើ​អ្វី​ជា​ក្តីសុបិន​ដ៏​ធំ​បំផុត​របស់​អ្នក​សម្រាប់​គ្រួសារ​របស់​អ្នក ?  
  • តើ​អ្នក​ធ្វើអ្វី​ដើម្បី​បន្ត​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ? 
  • តើ​អ្វី​ជា​ដំបូន្មាន​សម្រាប់​ចំណង​អាពាហ៍​ពិពាហ៍​ដ៏​ល្អ​បំផុត​របស់​អ្នក ? 

សរសេរដំណើររឿងជីវិតផ្ទាល់ខ្លួនរបស់អ្នក

តើ​អ្នក​បានគិត​អំពី​ការចំណាយ​ពេល​អង្គុយ​ជាមួយ​ស្វាមី ឬ​ភរិយា​របស់​អ្នក ហើយ​សរសេរ​នូវ​ដំណើររឿង​នៃ​ជីវិត​របស់​អ្នក​រួមគ្នា​ដែរ​ឬ​ទេ ? វា​អាច​មាន​ប្រយោជន៍​ដើម្បី​មើលឃើញ​ពី​របៀប​ដែល​ផ្លូវ​ផ្សេងគ្នា​របស់​អ្នក បាន​នាំ​អ្នក​ឲ្យ​មក​ជួបគ្នា និង​នាំ​អ្នក​មក​ក្នុង​ជីវិត​បច្ចុប្បន្ន​របស់​អ្នក ។ វា​ក៏​ជា​ការណ៍​ដ៏​រីករាយ​ផងដែរ​ដើម្បី​មើលឃើញ​ពី​របៀប​ដែល​អ្នក​ទាំងពីរ​មើល​ឃើញ​ព្រឹត្ដិការណ៍​ដូចគ្នា​ចេញពី​ទស្សន​ផ្សេង​គ្នា ។ ទាំងនេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដើម្បី​រំឭក​កម្រងអនុស្សាវរីយ៍​របស់​អ្នក ៖

គូស្វាមី​ភរិយា​វ័យ​កណ្តាល​អង្គុយ​សរសេរ​ដំណើររឿង​ជីវិត​របស់​ពួកគេ​នៅលើ​កុំព្យូទ័រ ។

  • តើ​អ្នក​នឹង​ប្រាប់​ដំណើររឿង​នៅពេល​ដែល​យើង​ជួបគ្នា​ជា​លើក​ដំបូង​ដោយ​របៀបណា ? 
  • ពី​ដំបូង​តើ​អ្នក​មើល​ឃើញ​ខ្ញុំ​ថា​យ៉ាងណា​ដែរ ? 
  • ពេល​ដែល​អ្នក​បាន​ដឹងថា​អ្នក​ស្រឡាញ់​ខ្ញុំ តើ​ពេល​នោះ​អ្នក​ស្គាល់​ខ្ញុំ​យូរ​ប៉ុនណា​ហើយ ? 
  • តើ​អ្នកណា​និយាយ​ថា « ខ្ញុំ​ស្រឡាញ់​អ្នក » មុន​គេ ? 
  • តើ​អ្នកណា​ជា​អ្នក​លើកឡើង​អំពី​ការរៀប​អាពាហ៍​ពិពាហ៍​មុនគេ ? 
  • តើ​អ្វី​ដែល​អ្នក​គិត​ថា​អ្នក​គួរ​តែ​ដឹង ពេល​យើង​រៀប​អាពាហ៍​ពិពាហ៍ ? 
  • តើ​អ្នក​បាន​មាន​អារម្មណ៍​បែប​ណា​នៅ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​យើង ? 
  • តើ​ខ្ញុំ​ស្អាត​ទេ​នៅក្នុង​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍​របស់​យើង ? 
  • តើ​អ្វី​ជា​ការភ្ញាក់ផ្អើល​ខ្លាំង​បំផុត​របស់​អ្នក​អំពី​អាពាហ៍​ពិពាហ៍​នៅក្នុង​អំឡុង​ឆ្នាំ​ដំបូង​របស់​យើង ? 

សូម​មើល អត្ថបទ​នេះ ដើម្បី​ទទួល​បាន​គំនិត​បន្ថែម​អំពី​ប្រធានបទ​សម្រាប់​ការសរសេរ​ដើម្បី​ជួយ​អ្នក​សរសេរ​ប្រវត្ដិ​ផ្ទាល់ខ្លួន​របស់​អ្នក ។ ( តាមរយៈ​មុខងារ​បកប្រែ​ដោយ​ស្វ័យប្រវត្តិ​ដែល​ផ្តល់​ដោយ Google នៅលើ​របារ​រុករក​នៅ​ខាងឆ្វេង ទំព័រ​នេះ​មាន​ជា​ភាសា​ជាច្រើន ) ។

រក្សាទុកកម្រងអនុស្សាវរីយ៍របស់អ្នក

សូម​ពិចារណា​ដាក់​បញ្ចូល​ពេលវេលា​ដើម្បី​នឹកគិត​ពី​ឆ្នាំ​នេះ និង​ការដាក់​គោលដៅ​ជា​ផ្នែក​មួយ​នៃ​ការអបអរ​ខួប​អាពាហ៍ពិពាហ៍​របស់​អ្នក ។ អ្នក​អាច​សរសេរ​ការឆ្លើយតប​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ ឬ​ថត​វីដេអូ ឬ​សំឡេង​ទុក​ដើម្បី​រក្សា​កំណត់ត្រា​នៃ​ជីវិត​របស់​អ្នក​ជាមួយ​គ្នា ។ វិធី​ដ៏​ល្អ​ដើម្បី​រក្សា​កម្រង​អនុវស្សាវរីយ៍​ដែល​សំខាន់​បំផុត​គឺ កម្រង​អនុស្សាវរីយ៍​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។

គូស្វាមី​ភរិយា​វ័យ​ចំណាស់​មើល​រូបថត​អាពាហ៍ពិពាហ៍​ស​ខ្មៅ ។

តាម​លំនាំដើម កម្រង​អនុស្សាវរីយ៍​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ គឺ​ដាក់​ជា​សាធារណៈ ដូចនេះ​អ្នក​អាច​ចែកចាយ​អនុស្សាវរីយ៍​បាន​យ៉ាង​ងាយស្រួល ឬ​អាច​ឲ្យ​សាច់ញាតិ​រក​មើល​អនុស្សាវរីយ៍​ទាំងនោះ​នៅក្នុង​មែកធាង​គ្រួសារ​រួម ។ អ្នក​ក៏​អាច​គូសចំណាំ​កម្រង​អនុស្សាវរីយ៍​ពិសេស​ដាក់​ជា​ឯកជន ឬ​ចែកចាយ​ត្រឹមតែ​ក្នុង​ក្រុម​តូច​ក៏​បាន​ដែរ ។

មិនថា​អ្នក​ជ្រើសរើស​អបអរ​ខួប​អនុស្សាវរីយ៍​របស់​អ្នក និង​ដាក់​គោលដៅ​សម្រាប់​ពេល​អនាគត​តាម​វិធី​ណា​នោះ​ទេ សូម​ប្រាកដថា​អ្នក​រក្សា​កំណត់ត្រា​នៃ​ការឆ្លើយតប​របស់​អ្នក​ដើម្បី​អ្នក​ឃើញ​ពី​របៀប​ដែល​កង្វល់ និង​សំណួរ​របស់​អ្នក​ផ្លាស់ប្ដូរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ ប្រសិនបើ​អ្នក​សួរ​សំណួ​រទាំងនេះ​ទៅកាន់​ឪពុកម្តាយ និង​ជីដូនជីតា​របស់​អ្នក សូម​កត់ត្រា​ចម្លើយ​របស់​ពួកគាត់​ផងដែរ ! អ្នក​នឹង​ចូលចិត្ដ​ការមាន​កំណត់ត្រា​អំពី​គំនិត និង​កម្រងអនុស្សាវរីយ៍​នៃ​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​ដើម្បី​ទុក​មើល​នា​ឆ្នាំ​ក្រោយៗ​ទៀត ។


អត្ថបទ​ដែល​ទាក់ទង

ដោយ  Laurie Bradshaw
June 27, 2025
វាអាចជាការពិបាកក្នុងការមើលអ្នកដែលយើងខ្វល់ខ្វាយមានអាយុកាន់តែច្រើន ជាពិសេសនៅពេលដែលអាយុនាំឲ្យមានជំងឺ ឬការធ្លាក់ចុះខាងសមត្ថភាពផ្លូវចិត្ត ។ ជាអកុ…
ដោយ  Abby Tanner
April 18, 2025
ថ្ងៃខួបកំណើតគឺជាពេលវេលាដ៏សំខាន់មួយដែលមានភាពងាយស្រួលក្នុងប្រារព្ធ ។ ថ្ងៃខួបកំណើតគឺជាពេលដើម្បីអបអរ គិតពិចារណា និងភ្ជាប់ទំនាក់ទំនង ។ ការណ៍នេះធ្…


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Author Default Image
អំពី​អ្នកនិពន្ធ
Sally Odekirk