អ្វី​ដែល​ត្រូវ​សរសេរ​ក្នុង​ទិនានុប្បវត្តិ

បុរសម្នាក់​ស្វែងយល់​ពីអ្វី​ដែលត្រូវ​សរសេរ​នៅក្នុង​ទិនានុប្បវត្តិ ។

ដូច្នេះ​អ្នក​បាន​សម្រេចចិត្ត​ក្នុង​ការរក្សា​ទិនានុប្បវត្តិ​មួយ—ប៉ុន្តែ​អ្នក​ងឿងឆ្ងល់​ថាតើ​រឿង​ប្រភេទ​អ្វី​ដែល​អ្នក​គួរតែ​សរសេរ​អំពី ។ បន្ទាប់មក​ទៀត តើ​អ្នក​អាច​ដាក់​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​ចង់​ឲ្យ​អ្នក និង​កូនចៅ​របស់​អ្នក​ចងចាំ​នៅក្នុង​ក្រដាស​ប៉ុន្មាន​ទំព័រ​នេះ​យ៉ាងដូច​ម្ដេចទៅ ?

កុំ​បារម្ភ—ហើយ​សូម​ចងចាំ​ថា ជាដំបូង និង​សំខាន់​បំផុត ទិនានុប្បវត្តិ​របស់អ្នក​គឺ​ជាអ្វី​ដែល​អ្នក​ចង់​ឲ្យ​វា​មាន ។ នោះ​មានន័យ​ថា​វា​អាចមាន​ព័ត៌មាន​ច្រើន ឬ​តិច​ទៅ​តាម​ដែល​អ្នកចង់​ឲ្យ​វា​មាន ! ប្រសិន​បើ​អ្នក​នៅតែ​ស្វែងរក​កន្លែង​ដើម្បី​ចាប់ផ្តើម សូម​ពិចារណា​ការ​ណែនាំ​ខាងក្រោម​នេះ ។

ប្រធានបទដែលត្រូវសរសេរនៅក្នុងទិនានុប្បវត្តិ

នៅពេល​អ្នក​ចាប់ផ្តើម សូម​ពិចារណា​អំពី​ទស្សនាវដ្ដី និង​កំណត់ហេតុ​ប្រចាំថ្ងៃ​ល្បីៗ​មួយចំនួន​ដែល​បាន​បោះពុម្ពផ្សាយ ដូចជា Anne Frank: The Diary of a Young Girl; ឧទាហរណ៍​បែបនេះ​ប្រហែល​អាចជួយ​អ្នក​គិត​អំពី​អ្វី​ដែល​អ្នកចង់​កត់ត្រា ។

ក្មេងស្រី​កំពុង​គិតពិចារណា​អំពី​អ្វី​ដែល​ត្រូវ​សរសេរ​នៅក្នុង​ទិនានុប្បវត្តិ​របស់នាង ។

អ្នក​ក៏​ប្រហែលជា​គិត​អំពី​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​ឲ្យ​ជីដូនជីតា​របស់អ្នក​បាន​កត់ត្រា​ផងដែរ ។ តើ​អ្នក​ងឿងឆ្ងល់​ទេ​ថា​តើ​ពួកគាត់​គិត​យ៉ាងណា​ចំពោះ​ព្រឹត្តិការណ៍​បច្ចុប្បន្ន តើ​ពួកគាត់​បាន​ទាក់ទង​ជាមួយ​អ្នកណា ឬ​អ្វី​ទៅ​ដែល​ជា​ការកម្សាន្ត ឬ​តន្ត្រី​ដែល​ពួកគាត់​ចូលចិត្ត ? សូម្បីតែ​អ្វី​ដែល​សាមញ្ញ​ដូចជា​ពួកគាត់​ចូលចិត្ត​ម្ហូប​អ្វី ថាតើ​អាកាសធាតុ​មានលក្ខណៈ​បែប​ណា និង​អ្វី​ដែល​ត្រូវ​ចំណាយ​ប្រចាំថ្ងៃ​អាច​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​មនុស្ស​ជំនាន់ក្រោយ ។

រក្សា​កំណត់ត្រា​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុងជីវិត​របស់អ្នក ៖ គ្រួសារ សាលារៀន ការងារ និង​ផ្សេងៗទៀត ។ កំណត់ត្រា​បែបនេះ​មិនត្រឹមតែ​ជួយ​អ្នក​ចងចាំ​កាលបរិច្ឆេទ​សំខាន់ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កូនចៅ​របស់អ្នក​នឹង​អរគុណ​អ្នក​នៅពេល​ដែល​ពួកគេ​រៀនអំពី​កេរដំណែល​គ្រួសារ​របស់ពួកគេ ។

ធ្វើឲ្យទិនានុប្បវត្តិរបស់អ្នកកាន់តែមានលក្ខណៈផ្ទាល់ខ្លួន

បន្ថែម​ពីលើ​ការកត់ត្រា​ព្រឹត្តិការណ៍​សំខាន់ៗ​អំពីជីវិត​របស់អ្នក សូម​ពិចារណា​ចែកចាយ​សកម្មភាព​ប្រចាំថ្ងៃ​របស់អ្នក ។ ឧទាហរណ៍ ជីដូន​ខាងឪពុក​របស់ខ្ញុំ​បានរក្សា​ទិនានុប្បវត្តិ​ខ្លី​មួយ មាន​រយៈពេល ៦ ខែ​ដែល​លម្អិត​អំពី​សកម្មភាព​ប្រចាំថ្ងៃ​របស់គាត់​ក្នុងអំឡុង​ទសវត្សរ៍ ឆ្នាំ១៩៣០ ។ រឿងមួយ​ក្នុង​ចំណោមរឿង​ដែល​ខ្ញុំ​ចូលចិត្ត​នៅក្នុង​ទិនានុប្បវត្តិ​របស់គាត់​និយាយថា « ការលាង​សម្អាត​ដ៏​ធំ ! ថ្ងៃ​ដ៏​ល្អ ។ … បានរើស​ផ្កា​នៅតាម​ច្រាំងទន្លេ​បន្ទាប់ពី​ចេញពី​សាលារៀន » ។ គួរ​ឲ្យ​សោកស្តាយ ជីដូន​របស់ខ្ញុំ​បានទទួល​មរណភាព​តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ទាំង​នៅ​វ័យក្មេង ។ កំណត់ហេតុ​ប្រចាំថ្ងៃ​នេះ​ផ្តល់នូវ​ការយល់ដឹង​អំពី​ថាតើ​គាត់​ជា​នរណា និង​ជីវិត​របស់គាត់​មាន​លក្ខណៈ​ដូចម្តេច​ក្នុង​របៀប​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង ។

កត់ត្រា​គំនិត​មួយចំនួន​នៅក្នុង​ទិនានុប្បវត្តិ ។

កត់ត្រា​អំពី​ការតស៊ូ ការខកចិត្ត ទុក្ខព្រួយ និង​ជ័យជម្នះ​របស់អ្នក ។ ការអាន​ទិនានុប្បវត្តិ​របស់អ្នក​ឡើងវិញ​អាចជា​ប្រភព​នៃ​ការលួងលោម និង​ការធានា​ដល់អ្នក​នៅពេល​ដែល​អ្នក​កំពុង​ប្រឈមមុខ​នឹង​ការសាកល្បង និង​អាច​មើលឃើញ​ពី​របៀប​ដែល​អ្នក​បានយក​ឈ្នះឧបសគ្គ​កន្លង​មក ។

កត់ត្រា​គំនិត និង​ពាក្យ​ដកស្រង់​ដែល​លើក​ទឹកចិត្ត​នឹង​បំផុសគំនិត​អ្នក ទាំង​ដើម្បី​ចងចាំ និង​រក្សាទុក​វា​សម្រាប់​អ្នកដទៃ ។ ប្រសិន​បើអ្នក​ជា​អ្នកកាន់​សាសនា កត់ត្រា​បទពិសោធន៍​ខាងវិញ្ញាណ​ដែលអ្នក​ធ្លាប់មាន​នៅក្នុង​ជីវិត​របស់អ្នក ។

ចែកចាយ​ពេលវេលា​គួរ​ឲ្យ​អស់​សំណើច និង​រឿង​ខ្មាសអៀន​មួយចំនួន​ដែល​កើត​ឡើង​រួម​ជាមួយ​នឹង​ការរៀនសូត្រ និង​ការរីកចម្រើន​ដែល​បង្កើត​ជា​ដំណើរ​ជីវិត​របស់អ្នក ។

របៀបចាប់ផ្ដើមសរសេរទិនានុប្បវត្តិ

អ្នក​អាច​នឹង​សួរ​ថា « ប៉ុន្តែ​តើ​ខ្ញុំ​ចាប់ផ្តើម​ដោយ​របៀបណា » ? មាន​វិធី​ជាច្រើន ដើម្បី​ធ្វើ​ទិនានុប្បវត្តិ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ចាប់ផ្តើម ។

កំណត់​ពេល​ពីរ​បី​នាទី​ជារៀង​រាល់ថ្ងៃ​ដើម្បី​សង្ខេប​ព្រឹត្តិការណ៍​ដែលបាន​កើតឡើង ។ កុំ​បំបិទ​នូវ​បទពិសោធន៍​ដែល​សំខាន់​របស់អ្នក ឬ​បារម្ភ​អំពី​អ្វី​ដែល​អ្នកដទៃ​អាច​គិត​អំពី​វា​ឡើយ ។ សូមរក្សា​តុល្យភាព​នៃ​រឿងល្អៗ ក៏​ដូចជា​បទពិសោធន៍​ដ៏​លំបាក​ដែល​កើតឡើង ។

ក្មេងស្រី​សរសេរ​នៅក្នុង​កំណត់ហេតុ​របស់នាង ។

ធ្វើ​ឲ្យ​ទិនានុប្បវត្តិ​របស់អ្នក​មាន​លក្ខណៈ​ផ្ទាល់ខ្លួន​ទៅ​នឹង​អ្វី​ដែល​មាន​អារម្មណ៍​ត្រឹមត្រូវ​សម្រាប់​អ្នក ។ ពីព្រោះ​នេះ​គឺជា​ដំណើររឿង និង​ជា​ជីវិត​របស់អ្នក អ្នក​អាច​សម្រេចចិត្ត​ក្នុង​ការចែកចាយ​ផ្នែក​ខ្លះ​នៃ​វា​ជាមួយ​សមាជិក​គ្រួសារ​របស់អ្នក ។ ឬ​អ្នក​ប្រហែលជា​មានអារម្មណ៍​ចង់​កប់ទុក​នូវ​រឿង​ទាំងនោះ​ទុក​ជា​អាថ៌កំបាំង​ជា​រៀងរហូត ! អ្វី​ដែល​សំខាន់​គឺ​ត្រូវ​កត់ត្រា​បទពិសោធន៍​ជីវិត​របស់អ្នក និង​រៀន​អំពី​វា ។

ពិចារណា​ការវិភាគ និង​ផ្ទុក​ទិនានុប្បវត្តិ​របស់អ្នក​ទៅក្នុង កម្រង​អនុស្សាវរីយ៍​របស់​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ដើម្បី​រក្សាទុក​សម្រាប់​មនុស្ស​ជំនាន់ក្រោយ—ឬ​ប្រសិនបើ​អ្នក​ចង់ប្រើ​វា​ដោយផ្ទាល់ ជា​ទិនានុប្បវត្តិ​អនឡាញ ដើម្បី​កត់ត្រា​គំនិត​របស់អ្នក ។

សូម​ចងចាំ​អ្វី​ដែល អានី ហ្វ្រែង ធ្លាប់បាន​សរសេរ​អំពី​ការរក្សា​កំណត់ហេតុ ៖ « ការសរសេរ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ធូរស្រាល​ចិត្ត ទុក្ខព្រួយ​របស់ខ្ញុំ​បាន​រសាយ​បាត់​ទៅ ហើយ​ភាពក្លាហាន​របស់ខ្ញុំ​បាន​កើតឡើង​ជា​ថ្មី » ។ ( Anne Frank: The Diary of a Young Girl ទំព័រ ១៧៧ )

អត្ថបទ​ដែល​ទាក់ទង

ដោយ  Alison Ensign
February 5, 2025
តើអ្នកធ្លាប់ទាញរូបផ្គុំចាស់មួយមកផ្គុំដើម្បីគ្រាន់តែចង់ដឹងថានៅចុងបញ្ចប់ អ្នកបាត់បំណែកណាឬទេ ? រឿងដូចគ្នានេះកើតឡើងចំពោះអនុស្សាវរីយ៍ពីមួយថ្ងៃទៅម…
ដោយ  Amie Tennant
January 2, 2025
ការដឹងពីរបៀបចាប់ផ្តើមសរសេរទិនានុប្បវត្តិអាចហាក់ដូចជាលើសលប់បន្តិច ។ ប្រហែលជាចិត្តរបស់អ្នកស្រមៃឃើញអំពីគំនិតនៃការសរសេរដោយដៃ សរសេរជារៀងរាល់ថ្ងៃន…


នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Author Default Image
អំពី​អ្នកនិពន្ធ
Sally Odekirk