គំនិត​ជំនួយ​ជាង​៤០ សម្រាប់​ការសរសេរ​ទិនានុប្បវត្តិ ដើម្បី​ចងក្រង​អនុស្សាវរីយ៍ និង​ស្វែងយល់​ពី​ខ្លួនឯង

ស្ត្រីម្នាក់​សរសេរ​នៅក្នុង​ទិនានុប្បវត្តិ ។

តើ​អ្នក​ធ្លាប់​ទាញ​រូបផ្គុំ​ចាស់មួយ​មក​ផ្គុំ​ដើម្បី​គ្រាន់តែ​ចង់​ដឹង​ថា​នៅ​ចុង​បញ្ចប់ អ្នក​បាត់​បំណែក​ណា​ឬ​ទេ ? រឿង​ដូចគ្នា​នេះ​កើតឡើង​ចំពោះ​អនុស្សាវរីយ៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ បំណែក​តូចមួយ​ចាប់ផ្តើម​មិន​សូវ​សំខាន់​នៅពេល​ដែល​ពេលវេលា​កន្លងទៅ ។ ការសរសេរ​ទិនានុប្បវត្តិ​ជួយរក្សា​ព័ត៌មាន​លម្អិត​តិចតួច​ទាំងនោះ ដូច្នេះ​អ្នក​នឹង​នៅ​ចងចាំ​វា​ជានិច្ច ។

នៅក្នុង​ដំណើរជីវិត មនុស្ស​ជា​ច្រើន​រកឃើញ​អារម្មណ៍​ភាពជា​ខ្លួនឯង និង​មើលឃើញ​ភាព​ប្រសើរ​ឡើង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ ។ ការសិក្សា​បាន​រកឃើញ​ថា មាន​អត្ថប្រយោជន៍​ជា​ច្រើន​ក្នុង​ការសរសេរ​ទិនានុប្បវត្តិ, រួមមាន​ដូច​ខាងក្រោម ៖

  • ការសម្រាន្ត​បាន​ប្រសើរ​ជាង​មុន
  • បន្ធូរបន្ថយ​ភាពតានតឹង
  • កែលម្អ​សុខភាព​ផ្លូវចិត្ត
  • បង្កើន​ការយល់ដឹង
  • ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

តើ​វា​ដំណើរ​ការ​យ៉ាង​ដូចម្ដេច ? ការសរសេរ​គំនិត និង​អារម្មណ៍​របស់អ្នក​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ដើម្បី​ដំណើរការ​នឹង​យល់ដឹង​គំនិត និង​អារម្មណ៍​ទាំងនោះ ។ ដំណើរការ​នេះ​អាច​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ និង​បន្ថយ​បន្ទុក​ផ្លូវចិត្ត​របស់អ្នក ។
ការចាប់ផ្តើម​អាច​មាន​អារម្មណ៍​ឆ្គង​បន្តិច ហើយ​ការបង្កើត​ទម្លាប់​ថ្មី ត្រូវការ​ការអនុវត្ត ។ ព្យាយាម​ប្រើ​គំនិត​ជំនួយ​សរសេរ​ទិនានុប្បវត្តិ​ទាំងនេះ​ដើម្បី​ឲ្យ​អ្នក​បន្ដទៅមុន ។ កម្រអនុស្សាវរីយ៍​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ក៏​ផ្តល់ជូន​នូវ​វេទិកា​ឥតគិតថ្លៃ និង​ងាយស្រួល​ក្នុង​ការសរសេរ​ទិនានុប្បវត្តិ​របស់អ្នក និង​រក្សាទុក​វា​ជាមួយ​រូបភាព​ដែល​អ្នកចូលចិត្ត​ផងដែរ ។

បុរសម្នាក់​ចាប់ផ្តើម​សរសេរ​ចេញពី​គំនិត​ជំនួយ​សម្រាប់​ការសរសេរ​ទិនានុប្បវត្តិ

គំនិតជំនួយសម្រាប់ការសរសេរទិនានុប្បវត្តិរហ័ស និងងាយស្រួល

ប្រសិនបើ​អ្នក​ទើបតែ​ចាប់ផ្តើម គំនិត​ជំនួយ​រហ័ស និង​គួរ​ឲ្យ​រីករាយ​ទាំងនេះ​អាចជា​កន្លែង​ដ៏​ល្អ​ឥតខ្ចោះ​ដើម្បី​សាកល្បង​ក្នុង​ការសរសេរ​ទិនានុប្បវត្តិ ។ ឬ​ប្រសិនបើ​អ្នកមាន​ថ្ងៃ​ដ៏​លំបាក នោះ​ប្រធានបទ​ដែល​ងាយៗ​អាច​ជា​រឿង​ដែល​ធ្វើ​ឲ្យ​អ្នក​ឈប់​ផ្ដោត​ទៅលើ​រឿង​ដែល​លំបាកៗ​នៅពេល​អ្នក​សរសេរ ។

  • តើ​អ្វី​ជា​រឿងល្អ​បំផុត​ដែល​បាន​កើតឡើង​នៅ​ថ្ងៃនេះ ?
  • តើ​រសជាតិ​ការ៉េម​ដែល​អ្នក​ចូលចិត្ត និង​មិន​ចូលចិត្ត​បំផុត​គឺ​ជា​រសជាតិ​អ្វី ?
  • តើ​អ្នក​រំភើបចិត្ត​អំពី​រឿង​អ្វីខ្លះ​នៅ​សប្តាហ៍ក្រោយ ?
  • បង្កើត​បញ្ជី​អាហារ​ដែល​អ្នក​ចូលចិត្ត ចំណង់​ចំណូលចិត្ត ភាពយន្ត ចម្រៀង និង​ផ្សេងៗ​ទៀត ។
  • សរសេរ​ឈ្មោះ​ទីកន្លែង​ដែល​អ្នក​សង្ឃឹមថា​នឹង​ទៅ​លេង​នៅ​ថ្ងៃណាមួយ ។ តើ​អ្នក​ចង់​ធ្វើ​អ្វីខ្លះ​នៅ​ទីនោះ ?
  • ប្រសិនបើ​អ្នក​អាច​ជ្រើសរើស​ថាមពល​ដ៏​អស្ចារ្យ តើ​ថាមពល​នោះ​ជា​អ្វី​ទៅ ?
  • តើ​នរណា​ជា​តួអង្គ​ដែល​អ្នក​ចូលចិត្ត​នៅក្នុង​កម្មវិធី​ទូរទស្សន៍ ?
  • តើ​សត្វចិញ្ចឹម​ជាទី​ស្រឡាញ់​របស់អ្នក​គឺ​ជាសត្វ​អ្វី ?
  • តើ​រដូវកាល​ដែល​អ្នក​ចូលចិត្ត​បំផុត​ប្រចាំ​ឆ្នាំ​គឺ​ជា​រដូវកាល​អ្វី?
  • ប្រសិនបើ​អ្នក​អាច​ជ្រើសរើស​ពិភពប្រឌិត​ដើម្បី​រស់នៅ តើ​វា​នឹង​ជាពិភព​អ្វី?
ក្មេងស្រី​ម្នាក់​សរសេរ​នៅក្នុង​ទិនានុប្បវត្តិ ។

គំនិតជំនួយសម្រាប់ការសរសេរទិនានុប្បវត្តិដើម្បីចងក្រងអនុស្សាវរីយ៍ដំបូងៗរបស់អ្នក

ការ​អាឡោះអាល័យ គឺ​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​មាន​អត្ថប្រយោជន៍​ជាច្រើន ។ វាអាច​កាត់បន្ថយ​ភាព​តានតឹង និង​ការ​ថប់បារម្ភ ហើយ​ជួយ​អ្នក​ឲ្យ​មានអារម្មណ៍​សប្បាយរីករាយ​ជាងមុន ។ ចងក្រង​អនុស្សាវរីយ៍​ដំបូងៗ​មួយចំនួន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​អតីតកាល​របស់អ្នក ។

សូម​កុំ​ពង្វាងចេញ​ពី​អនុស្សាវរីយ៍​លំបាកៗ​ផងដែរ ។ ការ​ឆ្លងកាត់​អារម្មណ៍​ទាំងនោះ​អាចជួយ​អ្នក​ទទួលយក​រឿង​ទាំងនោះ និង​បន្តទៅ​មុខទៀត ។

  • រៀបរាប់​អំពី​ផ្ទះ​កាលពី​កុមារភាព​របស់អ្នក ។ តើ​អ្នក​នឹក​អ្វីខ្លះ​អំពី​ផ្ទះ​នោះ ? តើ​បន្ទប់​របស់​អ្នក​មាន​សភាព​យ៉ាង​ណា​ដែរ ? តើ​អ្នក​បានផ្លាស់ប្ដូរ​ទីលំនៅ​ដែរ​ឬទេ ?
  • តើ​អាហារ​អ្វី​ដែល​អ្នក​ចូលចិត្ត​កាល​ពី​កុមារ ? តើ​អ្នក​បាន​ចម្អិត​អាហារ​ទាំងនោះ​ថ្មីៗ​នេះទេ ?
  • តើ​អ្វី​ខ្លះ​ជា​ប្រពៃណី​បុណ្យជាតិ​ដែល​អ្នក​ចូលចិត្ត​នោះ ? រួមបញ្ចូល​អនុស្សាវរីយ៍​ជាក់លាក់ ។
  • តើ​នរណា​ជា​មិត្តភក្ដិ​ល្អ​បំផុត​របស់​អ្នក​កាល​ពីកុមារ ? តើ​អ្នក​បាន​ធ្វើអ្វី​ជាមួយ​គ្នា ? តើ​អ្នក​នៅ​តែ​បន្ត​ទាក់ទង​គ្នា​សព្វថ្ងៃ​នេះ​ដែរ​ឬទេ ?
  • តើ​អ្នក​បាន​រៀន​សាលា​ណាដែរ ? តើ​មុខវិជ្ជា​អ្វី​ដែល​អ្នក​ចូលចិត្ត​ជាងគេ ? តើ​អ្នក​មាន​គ្រូបង្រៀន​ដែល​អ្នក​ចូលចិត្ត​ជាងគេ​ដែរ​ឬទេ?
  • តើ​អ្នក​ចងចាំ​អ្វីខ្លះ​អំពី​ស្រុកកំណើត​របស់​អ្នក ? តើ​អ្នក​នៅតែ​បន្ដ​រស់នៅ​ទីនោះ​ដែរ​ឬទេ ? បើមិន​ដូច្នេះទេ តើ​អ្នក​ធ្លាប់​ទៅលេង​ទីនោះ​ដែរ​ឬទេ ?
  • តើ​អ្នក​កោត​សរសើរ​នរណា​កាល​ពីកុមារ ?
  • តើ​ការចងចាំ​ដ៏​អាម៉ាស់​បំផុត​របស់​អ្នក​គឺ​ជា​អ្វី ?
  • តើ​សៀវភៅ​អ្វី​ដែល​អ្នក​ចូលចិត្ត​បំផុត​កាលពី​កុមារ ?
ក្មេងស្រី​ម្នាក់​សរសេរ​ជាមួយ​ម្តាយ​របស់នាង ។

គំនិតជំនួយសម្រាប់ការសរសេរទិនានុប្បវត្តិដើម្បីចងក្រងអំពីគ្រួសាររបស់អ្នក

ការរុករក​អនុស្សាវរីយ៍ និង​ប្រវត្តិ​គ្រួសារ​បើកផ្លូវ​ឲ្យ​អ្នក​ស្វែងយល់​ថា​តើអ្នក​ជានរណា ។ ការ​ស្វែងរក​ឫស​គល់​គ្រួសារ និង​វប្បធម៌ ជំរុញ​ឲ្យ​មាន​អារម្មណ៍​នៃ​ភាព​ជា​កម្មសិទ្ធិ ដែល​នាំមក​ជា​មួយ​ការ​បង្កើនតម្លៃ​ផ្ទាល់ខ្លួន និង​ភាពរឹងមាំ ។ ការ​សរសេរ​អំពី​គ្រួសារ​របស់អ្នក​គឺជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ជាច្រើន​ដែល​អ្នកអាច​ពង្រឹង​ទំនាក់ទំនង​ទាំងនោះ ។

ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ក្នុង​ការរុករក​បន្ថែម​ពី​ឫស​គល់​គ្រួសារ​របស់អ្នក សូម​ព្យាយាម​ស្វែងយល់​អំពី មែកធាង​គ្រួសារ​របស់អ្នក ។

  • ចូរ​ពិពណ៌នា​អំពី​ឪពុក​ម្ដាយ​របស់​អ្នក ។ តើ​ពួកគាត់​មាន​ភិនភាគ​យ៉ាងណា​ដែរ ? តើ​អ្នក​បាន​ធ្វើអ្វី​ជាមួយ​គ្នា ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​អំពី​ពួកគាត់ ?
  • តើ​អ្នក​ចាំ​ជីដូន​ជីតា​របស់​អ្នក​ដែរ​ឬទេ ? តើ​អ្នក​មាន​ទំនាក់ទំនង​ប្រភេទណា​ជាមួយ​ពួកគាត់ ?
  • តើ​ឪពុក​ម្តាយ​របស់​អ្នក​បាន​ធ្វើ​ការងារ​អ្វីដែរ ?
  • ប្រសិនបើ​អ្នក​មាន​បងប្អូន តើ​អ្នក​មាន​អនុស្សាវរីយ៍​អ្វីខ្លះ​ជាមួយគ្នា ?
  • រៀបរាប់​អំពី​ទំនាក់ទំនង​គ្រួសារ​បច្ចុប្បន្ន​របស់​អ្នក ។ តើ​អ្នក​មាន​អារម្មណ៍​ជិតស្និទ្ធ​បំផុត​ជាមួយ​អ្នកណា ?
  • តើ​អនុស្សាវរីយ៍​គ្រួសារ​ដែល​អ្នក​ចូលចិត្ត​គឺ​ជាអ្វី ?
  • តើ​អ្នក​ធ្លាប់មាន​ការ​ជួបជុំ​គ្រួសារ​ទេ ? សូម​រៀបរាប់​អំពី​ការជួបជុំ​ទាំងនោះ ។
  • រៀបរាប់​អំពី​បញ្ហាប្រឈម​ដែល​អ្នក​បាន​ប្រឈមមុខ​ជាមួយ​គ្រួសារ​របស់​អ្នក ។ តើ​គ្រួសារ​របស់​អ្នក​ឆ្លងកាត់​បញ្ហាប្រឈម​ទាំងនោះ​ដោយ​របៀបណា ?
  • តើ​គ្រួសារ​របស់​អ្នក​បង្ហាញ​ក្តីស្រឡាញ់​ចំពោះ​គ្នា​ទៅវិញទៅ​មក​តាម​របៀបណា​ដែរ ?
  • ប្រសិនបើ​អ្នក​អាច​និយាយ​អ្វី​មួយ​ទៅកាន់​គ្រួសារ​របស់​អ្នក តើ​អ្នក​នឹង​និយាយអ្វី ?
  • តើ​អ្វី​ទៅ​ជា​ឫស​គល់​វប្បធម៌​របស់​គ្រួសារអ្នក ?

គំនិតជំនួយសម្រាប់ការសរសេរទិនានុប្បវត្តិផ្ទាល់ខ្លួន

ស្ត្រី​ម្នាក់​សរសេរ​ទិនានុប្បវត្តិ​អំពី​ការឡើងភ្នំ ។

ការសរសេរ​ទិនានុប្បវត្តិ​ផ្តល់នូវ​ច្រកចេញ​ដើម្បី​យល់ដឹង​ពី​គំនិត និង​អារម្មណ៍​របស់​អ្នក ។ ព្យាយាម​សរសេរ​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ជីវិត​របស់​អ្នក និង​អារម្មណ៍​របស់​អ្នក​ឥឡូវនេះ ។ អ្នក​ប្រហែល​រកឃើញ​ថា​បទពិសោធន៍​មួយ​អាច​ជា​អ្វី​ដែល​ជួយ​អ្នក​បន្ធូរ​អារម្មណ៍​តានតឹង ។

  • តើ​អ្នក​សង្ឃឹម​ចង់​សម្រេចបាន​អ្វី​ខ្លះ​នៅ​ឆ្នាំ​នេះ ? ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ ?
  • តើ​អ្នក​មាន​អារម្មណ៍​សប្បាយ​បំផុត​នៅពេលណា ? មាន​អារម្មណ៍​សោកសៅ​បំផុត​នៅពេលណា ?
  • តើ​មាន​អ្វី​ដែល​រំខាន​អ្នក​នាពេល​ថ្មីៗ​នេះទេ ?
  • តើ​វិជ្ជាជីវៈ​បច្ចុប្បន្ន​របស់​អ្នក​គឺ​ជាអ្វី ? តើ​អ្នក​ពេញចិត្ត​នឹង​ការងារ​របស់​អ្នកទេ ? បើ​មិនដូច្នេះ​ទេ តើ​អ្នក​ចង់​ផ្លាស់ប្តូរ​អ្វីខ្លះ ?
  • តើ​មានអ្វី​នៅក្នុង​បញ្ជីដែល​ត្រូវធ្វើ​របស់អ្នក ? តើ​អ្នក​អាច​សម្រេចបាន​ក្តី​សុបិន​ទាំងនោះ​ដោយ​របៀបណា ?
  • តើ​ភាពភ័យខ្លាច​របស់​អ្នក​គឺ​ជាអ្វី ? ហេតុអ្វី​វា​ធ្វើ​ឲ្យ​អ្នក​ភ័យខ្លាច ?
  • តើ​អ្នក​ចូលចិត្ត​ទៅ​កន្លែង​ណា​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​នេះ ?
  • តើ​អ្នក​ធ្វើ​ការ​សម្រេចចិត្ត​ដែល​សំខាន់ៗ​ដោយ​របៀបណា ?
  • តើ​អ្វី​ដែល​អ្នក​ចង់​រៀនធ្វើ ? តើ​មាន​អ្វី​រារាំង​អ្នក ?
  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកមាន​មោទនភាព​ជាងគេ ?
  • ចែកចាយ​អំពី​អ្វីមួយ​ដែល​អ្នក​សោកស្តាយ និង​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ឲ្យ​ល្អជាង ។
  • តើ​អ្វី​ដែល​ជំរុញ​ចិត្ត​អ្នក ?

សង្ឃឹមថា​បញ្ជី​នៃ​គំនិត​ជំនួយ​សម្រាប់​ការសរសេរ​ទិនានុប្បវត្តិ​នេះ​អាចជួយអ្នក​ឲ្យ​ចាប់ផ្តើម​កត់ត្រា​ដំណើររឿង​ផ្ទាល់ខ្លួន​របស់អ្នក ។ ការសរសេរ​ទិនានុប្បវត្តិ​គឺ​ជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រុករក​អតីតកាល​របស់អ្នក គ្រួសារ​របស់អ្នក និង​អារម្មណ៍​ផ្ទាល់ខ្លួន​របស់អ្នក។ បញ្ជីនេះ​គ្រាន់​តែ​ផ្នែក​បន្ដិចបន្ដួច​ប៉ុណ្ណោះ ដូច្នេះ​សូម​បន្ត​ស្វែងរក​ប្រធាន​បទ​ថ្មីៗ​ដើម្បី​សរសេរ​បន្ថែម ។

អត្ថបទ​ដែល​ទាក់ទង

ដោយ  Amie Tennant
January 2, 2025
ការដឹងពីរបៀបចាប់ផ្តើមសរសេរទិនានុប្បវត្តិអាចហាក់ដូចជាលើសលប់បន្តិច ។ ប្រហែលជាចិត្តរបស់អ្នកស្រមៃឃើញអំពីគំនិតនៃការសរសេរដោយដៃ សរសេរជារៀងរាល់ថ្ងៃន…
ដោយ  Sally Odekirk
December 5, 2024
ដូច្នេះអ្នកបានសម្រេចចិត្តក្នុងការរក្សាទិនានុប្បវត្តិមួយ—ប៉ុន្តែអ្នកងឿងឆ្ងល់ថាតើរឿងប្រភេទអ្វីដែលអ្នកគួរតែសរសេរអំពី ។ បន្ទាប់មកទៀត តើអ្នកអាចដា…

Author Default Image
អំពី​អ្នកនិពន្ធ
Alison Ensign