ការដឹងពីរបៀបចាប់ផ្តើមសរសេរទិនានុប្បវត្តិអាចហាក់ដូចជាលើសលប់បន្តិច ។ ប្រហែលជាចិត្តរបស់អ្នកស្រមៃឃើញអំពីគំនិតនៃការសរសេរដោយដៃ សរសេរជារៀងរាល់ថ្ងៃនៅក្នុងសៀវភៅដែលមានក្របស្បែកសត្វ ។ ទោះបីជានោះជារបៀបមួយដើម្បីសរសេរទិនានុប្បវត្តិក៏ដោយ វាក៏មិនមែនជារបៀបតែមួយដើម្បីសរសេរដែរ ។ វាពិតជាមានរាប់សិបរបៀបដើម្បីចាប់ផ្តើមសរសេរ និងរក្សាទុកទិនានុប្បវត្តិ ។ តាមពិតទៅអ្នកអាចចាប់ផ្តើមនៅថ្ងៃនេះ !
ហេតុអ្វីខ្ញុំត្រូវចាប់ផ្ដើមសរសេរទិនានុប្បវត្តិ ?
ទិនានុប្បវត្តិ សរសេរកំណត់ហេតុប្រចាំថ្ងៃ ការរៀបចំប្រតិទិន សៀវភៅកម្រងរូបភាព... ទាំងនេះគឺជាពាក្យ និងឃ្លាដែលមានន័យស្រដៀងគ្នា ។ វាគឺជារបៀបដើម្បីកត់ត្រាព្រឹត្តិការណ៍ប្រចាំថ្ងៃរបស់អ្នក រំសាយចិត្តរបស់អ្នក ឬរក្សាទុក និងចែកចាយប្រវត្តិផ្ទាល់ខ្លួនពីជីវិតរបស់អ្នក ។ ខ្លះត្រូវបានបង្កើតឡើងដោយពាក្យសរសេររបស់អ្នក ខ្លះអាចជាបញ្ជីនៃសកម្មភាពដែលអ្នកបានធ្វើសម្រាប់ថ្ងៃនោះ ហើយខ្លះអាចជាសៀវភៅរូបភាព ឬវត្ថុអនុស្សាវរីយ៍ដែលតំណាងឲ្យអ្វីដែលកើតឡើងក្នុងជីវិតរបស់អ្នក ។ ប៉ុន្តែការសរសេរទិនានុប្បវត្តិជាពិសេសមានទំនាក់ទំនងដ៏ពិសេសជាមួយចិត្ត និងរាងកាយ ។ ការចាប់ផ្តើមទម្លាប់សរសេរទិនានុប្បវត្តិអាចជាការផ្លាស់ប្តូរជីវិត ។

អត្ថប្រយោជន៍នៃការសរសេរទិនានុប្បវត្តិត្រូវបានសិក្សា និងសរសេរអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ។ ការសរសេរក្នុងទិនានុប្បវត្តិ ដែលត្រូវបានហៅផងដែរថាការសរសេរបញ្ចេញគំនិត ត្រូវបានបង្ហាញថាអាចកាត់បន្ថយភាពតានតឹង ធ្វើឲ្យប្រសើរឡើងនូវការចងចាំ និងបង្កើតអារម្មណ៍មានទំនុកចិត្តកាន់តែច្រើន ។ ការសរសេរគំនិត និងអារម្មណ៍ដ៏ជ្រាលជ្រៅបំផុតរបស់អ្នកក៏ត្រូវបានបង្ហាញថាធ្វើឲ្យរាងកាយរបស់អ្នកជាសះស្បើយលឿនជាងមុន និងជួយផ្លូវចិត្តឲ្យយកឈ្នះលើរបួស និងទុក្ខវេទនាផងដែរ ។
ទំនាក់ទំនងរវាងការសរសេរគំនិត និងអារម្មណ៍របស់យើង និងការព្យាបាលចិត្តគឺជាអត្ថប្រយោជន៍មួយនៃការធ្វើទិនានុប្បវត្តិ ។ ការសរសេរក្នុងទិនានុប្បវត្តិផ្ដល់ឲ្យយើងនូវឱកាសដើម្បីប្រើប្រាស់ឃ្លោងឃ្លាពាក្យពេចន៍ បង្កើតវិធីថ្មីនៃការបញ្ចេញគំនិត និងការទំនាក់ទំនង ហើយនិងច្នៃប្រឌិត ។ ទស្សនវិទូដ៏អស្ចារ្យបំផុតមួយចំនួនរបស់ពិភពលោកដូចជា ថូម៉ាស់ អេឌីសុន អាល់បឺត អែងស្ដែង និងម៉ារី គុយរី ក៏ជាអ្នកចូលចិត្តសរសេរទិនានុប្បវត្តិផងដែរ ។

របៀបចាប់ផ្តើមសរសេរទិនានុប្បវត្តិ
មិនថាអ្នកមានអាយុ ៥ ឬ ៩៥ ឆ្នាំនោះទេ នរណាក៏អាចចាប់ផ្តើមសរសេរទិនានុប្បវត្តិបានដែរ ។ ការរក្សាទុកទិនានុប្បវត្តិអាចធ្វើបានក្នុងទម្រង់ជាច្រើន ។ វាអាចជាអ្វីដែលសាមញ្ញដូចជាសៀវភៅកត់ត្រាដែលមានក្រឡាជាខ្សែបន្ទាត់ និងប៊ិចដែលមានការសរសេរប៉ុន្មានកថាខណ្ឌនៃអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះ ។ ឬប្រហែលជាអ្នកអាចជាចូលចិត្តសរសេរទិនានុប្បវត្តិតាមអនឡាញ ឬប្រើកម្មវិធីនៅលើឧបករណ៍ឆ្លាតវៃរបស់អ្នក ។ សូម្បីតែឪពុកម្តាយក៏អាចជួយកូនតូចៗរបស់ពួកគេឲ្យសរសេរទិនានុប្បវត្តិផងដែរដោយជួយពួកគេសរសេរ ពីរបីប្រយោគនៅលើរូបភាពដែលពួកគេបានគូរ។
ជំហានសម្រាប់ចាប់ផ្តើមទិនានុប្បវត្តិ
- ចាប់ផ្ដើមដោយមានគោលដៅមួយ ។ ជំហានដំបូងក្នុងការបង្កើតទម្លាប់នៃការសរសេរទិនានុប្បវត្តិគឺការដាក់គោលដៅមួយ ។ តើអ្នកនឹងសរសេរជារៀងរាល់ថ្ងៃទេ ? ជារៀងរាល់សប្តាហ៍ ? តើអ្នកចង់សរសេររយៈពេលប៉ុន្មានដែរ ? អ្នកចាប់ផ្តើមដំបូងជាច្រើនបានរកឃើញថាវាមានប្រយោជន៍ក្នុងការចាប់ផ្តើមជាមួយរយៈពេល ៣ ទៅ ៥ នាទីនៃការសរសេរជារៀងរាល់ថ្ងៃ ។
- ជ្រើសរើសប្រភេទនៃទិនានុប្បវត្តិរបស់អ្នក ។ តើអ្នកនឹងរក្សាអ្វីដែលបានកើតឡើងក្នុងទិនានុប្បវត្តិប្រចាំថ្ងៃរបស់អ្នក អ្វីដែលអ្នកបានបរិភោគនៅថ្ងៃនោះ ឬកត់ត្រាអំពីការដឹងគុណដែរឬទេ ? មានទិនានុប្បវត្តិជាច្រើនប្រភេទផ្សេងៗគ្នា ហើយអ្នកមិនចាំបាច់ជ្រើសរើសតែមួយនោះទេ ។
- មានភាពខ្ជាប់ខ្ជួន ។ ទម្លាប់ណាមួយក៏តម្រូវឲ្យមានភាពខ្ជាប់ខ្ជួនដែរ ។ ប្រសិនបើអ្នកចង់រក្សាទុកទិនានុប្បវត្តិ អ្នកត្រូវមានភាពខ្ជាប់ខ្ជួន ។ អ្នកអាចជ្រើសរើសពេលវេលាជាក់លាក់ណាមួយជារៀងរាល់ថ្ងៃ ឬសប្ដាហ៍ ហើយកំណត់វាទុកសម្រាប់តែការសរសេរទិនានុប្បវត្តិប៉ុណ្ណោះ ។ សូមដាក់ទិនានុប្បវត្តិរបស់អ្នកនៅកន្លែងណាដែលអ្នកនឹងឃើញវាជាញឹកញាប់ ដើម្បីជួយអ្នកចងចាំដើម្បីសរសេរវា ។
- រក្សាទុកទិនានុប្បវត្តិរបស់អ្នក ។ អ្នកប្រហែលជាមិនគិតដូច្នេះឥឡូវនេះទេ ប៉ុន្តែទិនានុប្បវត្តិរបស់អ្នកនឹងមានសារៈសំខាន់ខ្លាំងណាស់ចំពោះនរណាម្នាក់នៅថ្ងៃណាមួយ ។ អ្នកអាចពិចារណាធ្វើកំណែទម្រង់ទិនានុប្បវត្តិរបស់អ្នកទៅជាទម្រង់ឌីជីថល ( ប្រសិនបើអ្នកកំពុងរក្សាទុកទិនានុប្បវត្តិមួយដែលសរសេរដោយដៃ ) និងរក្សាទុកវាទៅក្នុងthumb drive ឬក៏ cloud ។ ប្រសិនបើអ្នកកំពុងប្រើគេហទំព័រទិនានុប្បវត្តិនៅលើអនឡាញ សូមកុំភ្លេចអានព័ត៌មានលម្អិតអំពីការបោះពុម្ព ដើម្បីប្រាកដថាអ្នកអាចទាញយក បោះពុម្ព ឬរក្សាទុកការសរសេររបស់អ្នក ប្រសិនបើគេហទំព័រនោះគេឈប់ប្រើ ។ របៀបដ៏ល្អបំផុតមួយដើម្បីរក្សាកម្រងអនុស្សាវរីយ៍ដ៏មានតម្លៃ និងការសរសេរទិនានុប្បវត្តិរបស់អ្នក គឺត្រូវដាក់បញ្ចូលវាទៅក្នុងកម្រងអនុស្សាវរីយ៍មែកធាងគ្រួសារកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ។

អ្វីដែលត្រូវសរសេរក្នុងទិនានុប្បវត្តិរបស់អ្នក
គ្មានដែនកំណត់ចំពោះអ្វីដែលអាចសរសេរនៅក្នុងទិនានុប្បវត្តិនោះទេ ។ វាអាចជាចំណុចបញ្ជីនៃអ្វីដែលអ្នកបានធ្វើនៅថ្ងៃនោះ ឬសរសេរជាកថាខណ្ឌជាច្រើនអំពីអ្វីដែលអ្នកបានមានអារម្មណ៍ ឬបានដកពិសោធន៍ ។ អ្នកអាចសរសេរពីទស្សនៈផ្ទាល់ខ្លួនរបស់អ្នក ឬទស្សនៈរបស់អ្នកដទៃ ។
មិត្តភក្តិម្នាក់នៃ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ បានចែកចាយបទពិសោធន៍របស់នាងជាមួយនឹងការបង្កើតទិនានុប្បវត្តិគ្រួសារ ។ រៀងរាល់ថ្ងៃអាទិត្យ គ្រួសារធំរបស់នាងបានជួបជុំគ្នាទទួលទានអាហារពេលល្ងាច ។ ក្រុមគ្រួសារនីមួយៗអាចចែកចាយអ្វីដែលគួរឲ្យអស់សំណើចដែលកូនៗរបស់ពួកគេបានធ្វើ ឬបញ្ហាប្រឈមដែលបានកើតឡើង ។ នាងបានគិតថាវាជាគំនិតដ៏ល្អមួយក្នុងការចាប់ផ្តើមកត់ត្រាការសន្ទនាទាំងនេះជាទម្រង់សរសេរ ។ រៀងរាល់ថ្ងៃអាទិត្យ នាងនឹងត្រឡប់ទៅផ្ទះ ហើយកត់ត្រាក្នុងទិនានុប្បវត្តិអំពីអ្វីដែលមនុស្សគ្រប់គ្នាបានចែកចាយ ។

នេះគឺជាគំនិតមួយចំនួននៃអ្វីដែលអ្នកអាចសរសេរនៅក្នុងទិនានុប្បវត្តិរបស់អ្នក ៖
- ព្រឹត្តិការណ៍ថ្ងៃនេះ
- អ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រឹត្តិការណ៍ថ្ងៃនេះ
- នរណាដែលអ្នកបានឃើញថ្ងៃនេះ
- អ្វីដែលអ្នកបានធ្វើកិច្ចការនៅថ្ងៃនេះ
- នរណាដែលអ្នកបានបម្រើនៅថ្ងៃនេះ
- អ្វីដែលអ្នកបានបរិភោគនៅថ្ងៃនេះ
- អ្វីដែលអ្នកមានការដឹងគុណ
ការសរសេរទិនានុប្បវត្តិគឺជាវិធីដ៏ល្អមួយដើម្បីស្វែងយល់បន្ថែមអំពីខ្លួនអ្នក និងដើម្បីរក្សា ហើយចែកចាយព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតរបស់អ្នក ។ មិនថាអ្នកប្រើវិធីសាមញ្ញ ឬទំនើបក្នុងការសរសេរនោះទេ សូមសម្រេចចិត្តសរសេរជារៀងរាល់ថ្ងៃ ឬប្រចាំសប្តាហ៍ វាមិនជាបញ្ហានោះទេ ។ ទិនានុប្បវត្តិគឺជាផ្នែកមួយនៃប្រវត្តិផ្ទាល់ខ្លួនរបស់អ្នកដែលគ្រួសាររបស់អ្នកនឹងឲ្យតម្លៃ ។