មិនថានៅសម័យណាទេ ការងារតែងតែជាផ្នែកមួយនៃបទពិសោធន៍របស់មនុស្ស ។ មនុស្សជាច្រើនចំណាយពេលភាគច្រើនរបស់ខ្លួនក្នុងមួយថ្ងៃៗនៅកន្លែងការងារ ។ នេះជារឿងពិតមិនថាកាលពីអតីតកាល ឬបច្ចុប្បន្នកាលនេះទេ ។ ការស្វែងយល់អំពីមុខរបររបស់បុព្វការីជនរបស់យើងធ្វើឲ្យយើងយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតអំពីជីវិតរបស់ពួកលោក ។ ថ្ងៃនេះយើងនឹងស្វែងយល់អំពីជាងធ្វើធុងឈើ ។
ប្រវត្តិរបស់ជាងធ្វើធុងឈើ
ជាងធ្វើធុងឈើ គឺជាសិប្បករដែលធ្វើធុងឈើ ខាប់ ធុងមានដៃយួរ និងប្រអប់ផ្សេងៗទៀតពីឈើ ។ មុខរបរធ្វើធុងឈើមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយជាងធ្វើធុងឈើនៅតែផលិតធុងធំៗធ្វើពីឈើដោយដៃនាសព្វថ្ងៃនេះ ។

ការងាររបស់ជាងធ្វើធុងឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកពាណិជ្ជកម្ម និងការរុករកជុំវិញពិភពលោក ។ ខាប់ធំៗរក្សាទុកអាហារ និងវត្ថុរាវដោយសុវត្ថិភាព ហើយពួកវាមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីទ្រាំទ្រនឹងការរមៀលចុះឡើងនៅលើកប៉ាល់ និងរទេះទាំងឡាយ ។ រូបរាងមូលនៃខាប់គឺងាយស្រួលសម្រាប់ការដាក់គរលើគ្នា និងការបម្លាស់ទី ។ ខាប់ត្រូវបានប្រើដូចឡាំងក្រដាសដែលបានប្រើនៅសព្វថ្ងៃនេះ ។
ភស្តុតាងបុរាណវិទ្យាបង្ហាញថាសិប្បកម្មធ្វើធុងឈើកកើតឡើងតាំងពីសម័យជនជាតិអេស៊ីព្ទពីបុរាណមកម្ល៉េះ ដែលពួកគេបានបង្កើតធុងមានមាត់បើកធ្វើពីឈើ និងដើមត្រែង ។ ជនជាតិខែលស៍ដែលមានជំនាញខាងផលិតដែក ត្រូវបានគេរាប់ថាជាអ្នកដែលបានបន្ថែមចំណែកដែកជុំវិញខាប់ក្នុងដំណើរការធ្វើខាប់ប្រមាណជាឆ្នាំ២០០មុនគ.ស ។
ក្រោយមកទៀតជនជាតិរ៉ូមបុរាណបានបន្ដធ្វើឲ្យសិល្បៈនៃការបង្កើតខាប់កាន់តែប្រសើរឡើងនិងកំណត់ទំហំឲ្យមានស្តង់ដា ហើយពួកគេក៏ជាមនុស្សដំបូងដែលប្រើខាប់សម្រាប់ផលិតស្រាទំពាំងបាយជូរ ។ ប្រវត្តិវិទូជនជាតិរ៉ូម លោកផ្លីនី ដឺ អែលឌើរ បានសរសេរអំពីធុងឈើនៅក្នុងសៀវភៅរបស់លោក The Natural History, Book XIV ៖ « នៅជុំវិញភ្នំអាល់ ប្រជាជនបានដាក់ស្រាទំពាំងបាយជូររបស់ខ្លួននៅក្នុងធុងឈើពីបុរាណដោយមានបន្ទះដែករុំជុំវិញ ហើយនៅអំឡុងពេលរដូវរងា ពួកគេថែមទាំងបង្កាត់ភ្នក់ភ្លើងនៅក្បែរនោះតិចៗដើម្បីការពារស្រាទំពាំងបាយជូរពីផលប៉ះពាល់នៃភាពត្រជាក់ផងដែរ » ។
សិប្បកម្មធ្វើធុងឈើបានរីករាលដាលនៅទូទាំងទ្វីបអឺរ៉ុបនៅមជ្ឈិមសម័យ ។ ជាងធ្វើធុងឈើក៏ស្ថិតក្នុងចំណោមមនុស្សដំបូងគេដែលបានមកកាន់ទ្វីបអាមេរិក ដោយនាំយកជំនាញដែលចាំបាច់របស់ខ្លួនមកជាមួយ ដើម្បីផលិតខាប់សម្រាប់រក្សាទុកអាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត ។

ជាងធ្វើធុងឈើជាញឹកញាប់បានធ្វើការទាំងនៅលើគោក និងនៅលើសមុទ្រ ។ នៅលើកប៉ាល់ ពួកគេមានភារកិច្ចថែទាំជួសជុល និងកែច្នៃធុងឈើ និងខាប់ឡើងវិញ ដែលជាផ្នែកមួយដ៏សំខាន់នៃការផ្គត់ផ្គង់សម្ភារនៅក្នុងកប៉ាល់ ។ នៅលើគោក ភាគច្រើនពួកគេធ្វើការនៅក្នុងរោងចក្រផលិតស្រាបៀរដែលផលិតស៊ីទែន ធុង និងខាប់ ។ ជាងធ្វើធុងឈើក្នុងភូមិជាធម្មតាបានធ្វើសិប្បកម្មដែលគេហៅថា « ការកែច្នៃខាប់ស » ។ ការកែច្នៃខាប់សគឺជាការបង្កើតនូវធុងឈើដែលមានជ្រុងត្រង់ ឬច្រៀកជាបន្ទះៗ ។ រចនាបថនេះគឺត្រូវបានគេប្រើដើម្បីបង្កើតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដូចជាម៉ាស៊ីនធ្វើប័រ ធុងយួរ និងកែវធំមានដៃ ។
ដោយសារជាងធ្វើធុងឈើបានបង្កើតឧបករណ៍ដែលចាំបាច់ជាច្រើនសម្រាប់ការផ្ទុក និងការដឹកជញ្ជូនទំនិញ នោះពួកគេទទួលបានប្រាក់កម្រៃច្រើន ហើយទទួលបានការគោរពយ៉ាងខ្លាំងនៅក្នុងសហគមន៍របស់ពួកគេ ។ ជាងធ្វើធុងឈើបានចូលរួមនៅក្នុងច្បាប់ពាណិជ្ជកម្ម ការវាស់វែងស្ដង់ដា និងនយោបាយក្នុងមូលដ្ឋាន ។ នៅសតវត្សទី១៤ ពួកគេបានបង្កើតសមាគមមួយនៅចក្រភពអង់គ្លេស ដែលហៅថា The Worshipful Company of Coopers ( សមាគមកែច្នៃធុងដ៏គួរឲ្យគោរព ) ដែលសមាគមនេះនៅតែបន្ដមានសកម្មភាពរហូតមកដល់សព្វថ្ងៃនេះ ។
ក្នុងអំឡុងសតវត្សទី២០ តម្រូវការខាប់មានការថយចុះ ដោយសារតែមានការបង្កើតថ្មីនៃធុងដែក កុងតឺន័រ និងឡាំងក្រដាស ។ ភាគច្រើនសព្វថ្ងៃនេះ ខាប់ត្រូវបានគេប្រើប្រាស់សម្រាប់ការផ្អាប់ទឹកខ្មេះ និងគ្រឿងស្រវឹង ។ ដោយសារគ្រឿងស្រវឹងមួយចំនួនកាន់តែចាស់ងំល្អពេលដាក់ក្នុងធុងឈើ នោះទើបសិប្បកម្មធ្វើធុងឈើនៅតែបន្ដមាន ។
តើអ្វីជាភារកិច្ចរបស់ជាងធ្វើធុងឈើ ?
ការធ្វើខាប់ ឬសិប្បកម្មធ្វើខាប់ គឺជាមុខរបរដែលត្រូវការជំនាញច្បាស់លាស់ដែលទាមទារឲ្យប្រើកម្លាំង និងការយកចិត្ដទុកដាក់ខ្ពស់ ។ ជាងធ្វើធុងឈើធ្វើការជាមួយឧបករណ៍ពិសេសៗ ជ្រើសរើសដើមអូកដែលមានគុណភាពខ្ពស់ ប្រើគណិតវិទ្យាដើម្បីគណនាទំហំ និងទម្រង់នៃបន្ទះក្ដារ ហើយពត់បន្ទះក្ដារឲ្យចេញជារូបរាងតាមដែលចង់បាន ។ នៅសតវត្សទី១៩ ជាងធ្វើធុងឈើបានរៀននូវជំនាញនេះតាមរយៈប្រព័ន្ធហាត់ការ ដែលត្រូវចំណាយពេលរហូតដល់៧ឆ្នាំ ដើម្បីក្លាយជាអ្នកជំនាញខាងធ្វើធុងឈើ ។
ក្នុងប្រវត្ដិសាស្ដ្រ កូនជាងធ្វើធុងគឺជាជំនួយការមេជាងធ្វើធុងឈើដែលពួកគាត់មានជំនាញក្នុងការដាក់កងដែកព័ទ្ធជុំវិញខាប់ ឬធុងយួរ ។ យូរៗទៅជាងធ្វើធុងឈើក្ដោបយកតួនាទីនេះ ដោយការមានជំនាញទាំងការធ្វើខាប់ និងការដាក់ដែកព័ទ្ធជុំវិញ ។

ប្រភេទនៃជាងធ្វើធុងឈើ
ការធ្វើធុងឈើមានបីប្រភេទសំខាន់ៗ ៖ ការកែច្នៃជាឧបករណ៍ ការកែច្នៃប្រភេទស្ងួត និងការកែច្នៃប្រភេទសើម ។
ការកែច្នៃជាឧបករណ៍ជាការបង្កើតកូនធុង ម៉ាស៊ីនធ្វើប័រ អាងត្រាំទឹក និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ។ ជាទូទៅផលិតផលទាំងនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញធ្វើធុងឈើដែលនៅមានកម្រិត ។
ការធ្វើធុងប្រភេទស្ងួត គឺជាការធ្វើធុងឈើសម្រាប់ការផ្ទុកទំនិញស្ងួត ដូចជាម្សៅ ថ្នាំជក់ និងបន្លែ ។ ធុងឈើទាំងនេះត្រូវបានរចនាឡើងដើម្បីកុំឲ្យមានសំណើម ។ អ្នកជំនាញធ្វើធុងឈើប្រភេទស្ងួតអាចធ្វើខាប់បានដល់១០ធុងក្នុងមួយថ្ងៃ ។
ធុងប្រភេទសើមគឺត្រូវបានធ្វើឡើងដោយអ្នកដែលមានជំនាញជាងគេបំផុត ។ ការធ្វើធុងប្រភេទសើមគឺការធ្វើខាប់សម្រាប់ផ្ទុកវត្ថុរាវ រួមមានទឹក ស្រាទំពាំងបាយជូ ស្រាវីស្គី ប្រេង និងថ្នាំពណ៌ ។
របៀបដែលខាប់ត្រូវបានផលិតឡើង
ដំណើរការនៃការបង្កើតខាប់រួមមានការជ្រើសរើសដើមអូកដែលមានគុណភាពខ្ពស់ ការច្រៀកឈើឲ្យទៅជាបន្ទះឈើ ការសម្ងួតឈើ និងការខាត់រម្លីងបន្ទះឈើឲ្យទៅតាមទំហំ និងរាងដែលត្រូវការ ។ បន្ទះឈើនីមួយៗត្រូវតែបានវាស់វែងឲ្យបានត្រឹមត្រូវ ហើយកាត់ដើម្បីធ្វើជាខាប់ដែលមិនជ្រាបទឹក ។
បន្ទាប់ពីឈើត្រូវបានខាត់រម្លីងហើយ បន្ទះឈើត្រូវបានដាក់ជារង្វង់នៅក្នុងកងដែក ។ ឈើត្រូវបានដុតកម្ដៅដើម្បីឲ្យអាចងាយពត់បាន សម្រាប់ការដាក់កងចុងក្រោយនៅលើខាប់ ។ ជាញឹកញាប់ ខាប់ត្រូវបាន « អាំង » ឬឆ្អើរភ្លើង ដើម្បីចម្រាញ់សារធាតុមិនសុទ្ធចេញ និងបញ្ចេញនូវរសជាតិនៃឈើចូលទៅក្នុងវត្ថុរាវ ( ជាធម្មតាគឺគ្រឿងស្រវឹង ) ។ ដំណើរការនេះត្រូវចំណាយពេលច្រើនម៉ោងដើម្បីបញ្ចប់ ។
នាមត្រកូលមានដើមកំណើតចេញពីមុខរបរជាងធ្វើធុងឈើ

នាមត្រកូលគឺជាផ្នែកមួយនៃអត្ដសញ្ញាណរបស់យើង ហើយជាញឹកញាប់ឆ្លុះបញ្ចាំងនូវកេរដំណែលរបស់យើង ប៉ុន្ដែវាមិនតែងតែដូច្នេះជានិច្ចនោះទេ ។ នៅពេលដែលសហគមន៍បានរីករាលដាល នាមត្រកូលបានក្លាយជារបៀបមួយដើម្បីបែងចែកបុគ្គលទាំងឡាយ ហើយក្លាយជាតំណមរតក ។
នាមត្រកូលខ្លះមានដើមកំណើតចេញពីមុខរបររបស់បុគ្គលម្នាក់នោះ ដូចជា ឈ្មោះត្រូកូល Cooper( ជាងធ្វើធុងឈើ ) ។ ប្រសិនបើនាមត្រកូលរបស់អ្នកគឺ Cooper ការស្គាល់ពីសាវតារនៃឈ្មោះរបស់អ្នក អាចផ្ដល់ដល់អ្នកនូវការយល់ដឹងអំពីជីវិតរបស់បុព្វការីជនអ្នក ។
ពាក្យ cooper ចេញមកពីពាក្យភាសាឡាតាំង cuparii មានន័យថា « អ្នកផលិតធុង » ឬអ្នកធ្វើធុងឈើ ។ ឈ្មោះនេះក៏បានមកពីភាសាអាល្លឺម៉ងភាគខាងលិច küper ចេញមកពីពាក្យ kupe ដែលមានន័យថា « ធុង » ។
នៅប្រទេសអង់គ្លេស នាមត្រកូលដាក់តាមមុខរបរមានដើមកំណើតក្នុងសម័យមជ្ឈិមសម័យ ដូចជាឈ្មោះ couper ។ សព្វថ្ងៃនេះ វាជាឈ្មោះទូទៅមួយ ដែលមានចំណាត់ថ្នាក់ទី២៩នៅក្នុងចក្រភពអង់គ្លេស ។ ពេលខ្លះវាក៏ត្រូវបានប្រើជាឈ្មោះនាមខ្លួនផងដែរ ។
ដោយសារតែការរីករាលដាលនៃការធ្វើខាប់ឈ្មោះ Cooper មានជាភាសាជាច្រើន ។ នាមត្រកូលដែលទាក់ទងនឹងមុខរបរគឺ Hooper ( កូនជាងធ្វើធុង ) ដែលធ្វើការជាមួយជាងធ្វើធុងឈើដើម្បីដាក់កងជុំវិញខាប់ ។ នេះគឺប្រភេទមួយចំនួននៃនាមត្រកូល « Cooper » និង « Hooper » ជាភាសាផ្សេងៗ ។ ចូរមើលថាតើអ្នកអាចរកឃើញនាមត្រកូលរបស់អ្នកឬទេ ។
ភាសា | នាមត្រកូល |
ហូឡង់ | Cuijpers, Cuyper, Cuypers, Kuijpers, Kuiper, Kuiper |
បារាំង | Baríl, Tonnellier |
ភាសាហ្គេលិក | Cúipéir |
អាល្លឺម៉ង់ | Bander, Bender, Boettcher, Kiefer |
ហុងគ្រី | Kadar, Kover |
អ៊ីតាលី | Barillaro, Barilla |
ប៉ូឡូញ | បេដណាហ្ស |
ព័រទុយហ្គាល់ | Tanoeira, Tanoeiro |
រុស្សី | Bocharov |
អេស្ប៉ាញ | Barrilero, Carralero, Tonelera |
តើអ្នកមាននាមត្រកូលដាក់តាមមុខរបរដែរទេ ? ស្វែងរកប្រភពដើមនៃនាមត្រកូលរបស់អ្នកជាមួយនឹងការស្វែងរកនាមត្រកូល ។
ការស្វែងរកមុខរបររបស់បុព្វការីជនរបស់អ្នក

ការស្វែងយល់អំពីមុខរបររបស់បុព្វការីជនរបស់អ្នកមិនត្រឹមតែគួរឲ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែមានប្រយោជន៍ក្នុងការយល់ដឹងពីជីវិតរបស់ពួកលោកផងដែរ ។ វាអាចនាំឲ្យអ្នកបន្ថែមឈ្មោះទៅកាន់មែកធាងគ្រួសាររបស់អ្នកបាន ។
អ្នកអាចស្វែងយល់អំពីមុខរបររបស់គ្រួសារអ្នកដោយប្រើកំណត់ត្រាជំរឿន ។ ពេលខ្លះកំណត់ត្រានៃការកើតនិងការស្លាប់ បញ្ជីអ្នកដំណើរ កំណត់ត្រាសេចក្តីព្រាង បញ្ជីរាយឈ្មោះ និងដំណឹងមរណភាពក៏មានព័ត៌មានអំពីរបៀបដែលមនុស្សរកប្រាក់ចំណូលផងដែរ ។
អ្នកអាចស្វែងរកឯកសារជំរឿន និងកំណត់ត្រាផ្សេងទៀតដោយឥតគិតថ្លៃនៅឯ FamilySearch.org ។
នៅពេលដែលអ្នករកឃើញព័ត៌មានបន្ថែមអំពីបុព្វការីជនរបស់អ្នក និងអំពីជីវិតរបស់ពួកលោក ត្រូវប្រាកដថាអ្នកបន្ថែមអ្វីដែលរកឃើញទៅក្នុងមែកធាងគ្រួសាររបស់អ្នក ។ ប្រសិនបើអ្នកមិនទាន់មានមែកធាងគ្រួសារទេ ឥឡូវនេះគឺជាពេលដ៏ល្អបំផុតដើម្បីចាប់ផ្តើម !
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។