ការដកស្រង់​អំពី​ព្រះវិហារ​បរិសុទ្ធ​មកពី​សន្និសីទ​ទូទៅ ខែតុលា ឆ្នាំ២០២៤

គ្រួសារ​មួយ​នៅ​ប្រទេស​ហ្វីលីពីន​កំពុងមើល​អែលឌើរ ហ្គង និយាយ​ក្នុង​អំឡុង​សន្និសីទ​ទូទៅ ។

នៅក្នុង សុន្ទរកថា​របស់​លោក នៅក្នុង សន្និសីទ​ទូទៅ ខែតុលា ឆ្នាំ២០២៤ របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ប្រធាន រ័សុល អិម ណិលសុន បានប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៧ ហើយ​បាន​ជំរុញ​ឲ្យ​យើង​ឧទ្ទិស​ជីវិត​របស់​យើង​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​វិញ ។ លោក​បាន​ប្រកាស​ថា ល្បឿន​នៃ​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ត្រូវបាន​កំណត់​ដោយ​ព្រះអម្ចាស់ ហើយ​លោក​បាន​មាន​ប្រសាសន៍​អំពី​របៀប​ដែល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​រៀបចំ​យើង និង​ពិភពលោក​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅ​ទូទាំង​សន្និសីទ ពួកសាវក អ្នកមាន​សិទ្ធិអំណាច​ទូទៅ និង​ពួកអ្នកកាន់​តំណែង​ទូទៅ​នៃ​សាសនាចក្រ​ក៏​បាន​បង្រៀន​អំពី​ពរជ័យ អំណាច ភាពបរិសុទ្ធ និង​ទំនាក់ទំនង​សេចក្ដីសញ្ញា ដែល​យើង​អាច​រកឃើញ​នៅ​ដំណាក់​របស់​ព្រះអម្ចាស់ នៅពេល​យើង​ទៅ​ទីនោះ​ជា​ញឹកញាប់ ។

ដូច​ទៅ​នឹង សន្និសីទ​មុនៗ យើង​បាន​ប្រមូលផ្តុំ​ការបង្រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ ដែល​យើង​ចង់​ចែកចាយ​ជាមួយ​អ្នក ។ យើង​សង្ឃឹម​ថា ការដកស្រង់​ទាំងនេះ​នឹង​បំផុស​គំនិត និង​លើក​ទឹកចិត្ត​អ្នក ហើយ​យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​ចម្លង ឬ​ទាញយក​សម្រង់​ទាំងនេះ ហើយ​ចែកចាយ​វា​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​អ្នក ។

ជ័យជំនះនៃសេចក្ដីសង្ឃឹម—អែលឌើរ នែល អិល អាន់ឌើរសិន

យើង​ស្រឡាញ់​ការសន្យា​របស់​អែលឌើរ នែល អិល អាន់ឌើរសិន ដែល​ថា សេចក្តី​សង្ឃឹម​កើត​ឡើង នៅពេល​ដែល​យើង​បង្កើន​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ ។ លោក​បាន​គូស​បញ្ជាក់​ថា ការថ្វាយបង្គំ​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ ជា​វិធី​មួយ​ដើម្បី​បង្កើន​សេចក្តី​ជំនឿ និង​សេចក្តី​សង្ឃឹម ។

« គ្មាន … អ្វី​ដែល​អាច​ធ្វើឲ្យ​សេចក្តី​សង្ឃឹម​របស់​យើង​ចុះ​ងងឹត​បាន​ឡើយ ពេល​យើង​ជឿ ហើយ​កាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្តី​សញ្ញា​របស់យើង​ជាមួយនឹង​ព្រះ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ វា​គឺជា​ព្រះដំណាក់​នៃ​ពន្លឺ ដំណាក់​នៃ​សេចក្តី​សង្ឃឹម » ។ —អែលឌើរ នែល អិល អាន់ឌើរសិន

រៀន​បន្ថែម​ទៀត​អំពី​សេចក្ដីសញ្ញា​នៅ​ទីនេះ ។

រស់នៅឲ្យស្របតាមអភ័យឯកសិទ្ធិរបស់ក្មួយៗ—ប្រធាន អេមីលី បេលី ហ្វ្រីមែន

ប្រធាន អេមីលី បេលី ហ្វ្រីមែន ប្រធាន​យុវនារី​ទូទៅ បាន​បង្រៀន​ថា ពិធី​បរិសុទ្ធ និង​ការសន្យា​នៃ​សេចក្ដី​សញ្ញា​ដោះសោ​ព្រះចេស្ដា​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​យើង ។

« សូម​រៀន​ពី​របៀប​ដែល​ពិធីបរិសុទ្ធ​បព្វជិតភាព និង​ការសន្យា​នៃ​សេចក្តីសញ្ញា​នឹង​អនុញ្ញាត​ឲ្យ​ព្រះចេស្ដា​របស់​ព្រះ​កើតមាន​ដល់​ជីវិត​របស់​ក្មួយៗ​ដោយ​មាន​នូវ​ប្រសិទ្ធភាព​កាន់តែ​ខ្លាំង ដោយ​ធ្វើការ​នៅក្នុង និង​តាមរយៈ​ក្មួយៗ ជំរុញ និង​បំពាក់​ឲ្យ​ក្មួយ​សម្រេច​បាន​នូវ​គោលបំណង និង​សក្តានុពល​ពេញលេញ​របស់​ក្មួយៗ » ។ —ប្រធាន អេមីលី បេលី ហ្វ្រីមែន

រៀន​បន្ថែម​ទៀត​អំពី​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៅ​ទីនេះ ។

« ការទទួលទាន​នំប៉័ង និង​ទឹក​គឺជា​ការរំឭក​ប្រចាំ​សប្តាហ៍​អំពី​ព្រះចេស្ដា​របស់​ទ្រង់​ដែល​ធ្វើការ​ក្នុង​ក្មួយៗ​ដើម្បី​ជួយ​ក្មួយៗ​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ ។ ការពាក់​សម្លៀក​បំពាក់​នៃ​បព្វជិតភាព​បរិសុទ្ធ​គឺជា​ការរំឭក​ប្រចាំ​ថ្ងៃ​អំពី​អំណោយទាន​នៃ​ព្រះចេស្ដា​របស់​ទ្រង់​ដែល​ធ្វើការ​នៅក្នុង​ក្មួយៗ​ដើម្បី​ជួយ​ក្មួយៗ​ឲ្យ​ប្រែក្លាយ​ដូចជា​ព្រះ » ។ —ប្រធាន អេមីលី បេលី ហ្វ្រីមែន

ស្វែងយល់​បន្ថែម​អំពី សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនេះ និង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដែលចោទសួរ​ជាញឹកញាប់ ។

« យើង​ទាំងអស់​គ្នា​មាន​សិទ្ធិ​ទទួលបាន​អំណោយទាន​នៃ​ព្រះចេស្ដា​របស់​ព្រះ ។ រាល់​ពេល​ដែល​យើង​ទទួល​ទាន​សាក្រាម៉ង់ ។ រាល់​ពេល​ដែល​យើង​ឆ្លងកាត់​ច្រកចូល​នៃ​ព្រះវិហារ​បរិសុទ្ធ ។ នេះ​គឺជា​ផ្នែក​សំខាន់ៗ​នៃ​ថ្ងៃ​ឈប់​សម្រាក​របស់​ខ្ញុំ ។ នេះ​គឺជា​មូលហេតុ​ដែល​ខ្ញុំ​ស្រឡាញ់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​របស់​ខ្ញុំ ។ ‹ នៅក្នុង​ពិធីបរិសុទ្ធ​នោះ អំណាច​នៃ​ព្រះ​ត្រូវបាន​បើកសម្ដែង​ឲ្យ​ឃើញ › » ។ —ប្រធាន អេមីលី បេលី ហ្វ្រីមែន

បុត្រសំណព្វរបស់ព្រះ—អែលឌើរ ខាល ឌី ហើសត៏

អែលឌើរ ខាល ឌី ហើសត៏ ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ បាន​មាន​ប្រសាសន៍​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ដែល​តែងតែ​នៅ​ជាមួយ​យើង ទោះបី​ជា​យើង​អាច​មាន​អារម្មណ៍​ថា​នៅឆ្ងាយ​ក៏​ដោយ ។ លោក​បាន​ផ្ដល់​យោបល់​នូវ​វិធី​ដែល​យើង​អាច​ជ្រមុជ​កាន់តែ​ជ្រៅ​ទៅក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ រួមទាំង​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

« ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​ជា​ព្រះដំណាក់​នៃ​សេចក្ដី​សញ្ញា​ដ៏​មាន​តម្លៃ​បំផុត ហើយ​ជា​ទីកន្លែង​ផ្ដល់​ដល់​យើង​នូវ​សុវត្ថិភាព និង​ហ៊ុមព័ទ្ធ​យើង​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​យើង » ។ —អែលឌើរ ខាល ឌី ហើសត៏

ការដើរតាមព្រះគ្រីស្ទ—ប្រធាន ដាល្លិន អេក អូក

ប្រធាន ដាល្លិន អេក អូក បាន​ជំរុញ​ឲ្យ​យើង​ធ្វើតាម​ព្រះគ្រីស្ទ ។ លោក​បាន​ប្រើ​ការប្រៀបធៀប​នៃ​ការបង្ហោះ​ខ្លែង​ដើម្បី​បង្រៀន​អំពី​ការធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះ និង​ការរក្សា​សេចក្តី​សញ្ញា​របស់​យើង ។

« ប្រសិនបើ​យើង​កាត់​ខ្សែ នោះ​ខ្លែង​នឹង​មិន​អាច​ហោះ​កាន់តែ​ខ្ពស់​ទេ ។ ខ្លែង​នឹង​ត្រូវ​ខ្យល់​បក់បោក ហើយ​ធ្លាក់​មក​លើ​ដី​ជា​មិន​ខាន ។ ខ្សែ​ដ៏​សំខាន់​នោះ​តំណាង​ឲ្យ​សេចក្ដីសញ្ញា​ដែល​ចងភ្ជាប់​យើង​ទៅនឹង​ព្រះ ជាព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​យើង​គោរព​សេចក្ដីសញ្ញា​ទាំងនោះ​ដោយ​ការ​រក្សា​បទបញ្ញត្តិ​ ហើយ​ធ្វើតាម​ផែនការ​នៃ​ការ​ប្រោសលោះ​របស់​ទ្រង់ នោះពរជ័យ​ដែល​បាន​សន្យា​របស់​ទ្រង់​នឹង​អាច​ជួយ​យើង​ឲ្យ​ឡើង​ខ្ពស់​ដល់​សេឡេស្ទាល » ។ —ប្រធាន ដាល្លិន អេក អូក

ចងភ្ជាប់ទៅនឹងព្រះយេស៊ូវគ្រីស្ទ ៖ ការក្លាយជាអំបិលនៃផែនដី—អែលឌើរ ហូសេ អេ តិក្សេរ៉ា

ដោយ​ប្រៀបធៀប​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅនឹង​អំបិល អែលឌើរ ហូសេ អេ តិក្សេរ៉ា ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ បាន​អញ្ជើញ​យើង​ឲ្យ​ពង្រឹង​សេចក្តី​ជំនឿ​របស់​យើង​តាមរយៈ​ការថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ការពង្រឹង​អ្នកដទៃ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ការបម្រើ​ក្នុង​សាសនាចក្រ និង​ការប្រើប្រាស់​ទំនាក់ទំនង​ឌីជីថល​ក្នុង​របៀប​វិជ្ជមាន ។

« យុវវ័យ​របស់​យើង​បាន​បង្ហាញ​ពីភាព​ក្លាហាន និង​ការលះបង់​ដ៏គួរ​ឲ្យ​កត់សម្គាល់ ។ ពួកគេ​បាន​ទទួលយក​ការងារ​ពង្សប្រវត្តិ​ដោយក្តី​រំភើប ហើយ​ការ​ទៅ​ទស្សនា​ដំណាក់​នៃ​ព្រះអម្ចាស់​ជា​ញឹកញាប់​គឺជា​សក្ខីភាព​មួយ​ចំពោះ​ការប្តេជ្ញា​របស់​ពួកគេ » ។ —អែលឌើរ ហូសេ អេ តិក្សេរ៉ា

« បច្ចុប្បន្ន​ព្រះវិហារ​បរិសុទ្ធ​ខិតកាន់​តែ​ជិត​ជាងមុន ការផ្តល់​អាទិភាព​ដល់​ការថ្វាយបង្គំ​ជាទៀងទាត់​ក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​នឹង​ជួយ​យើង​ឲ្យ​ផ្តោត​លើអ្វី​ដែល​សំខាន់​បំផុត ហើយ​រក្សា​ជីវិត​របស់​យើង​ឲ្យ​ផ្តោត​លើ​ព្រះគ្រីស្ទ » ។ —អែលឌើរ ហូសេ អេ តិក្សេរ៉ា

« នៅក្នុងព្រះវិហារ​បរិសុទ្ធ យើង​រកឃើញ​ចំណុច​សំខាន់​នៃ​សេចក្តី​ជំនឿ​របស់​យើង​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ និង​វិញ្ញាណ​នៃ​ការលះបង់​របស់​យើង​ចំពោះ​ទ្រង់ » ។ —អែលឌើរ ហូសេ អេ តិក្សេរ៉ា

ធ្វើឲ្យឆន្ទៈរបស់យើងស្របគ្នានឹងព្រះឆន្ទៈរបស់ទ្រង់—អែលឌើរ អូលីសេស សូរ៉េស

អែលឌើរ អូលីសេស សូរ៉េស បាន​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​ទទួល​បាន​កែវមុក្ដា​ដ៏​មាន​តម្លៃ​បំផុត​គឺ​នគរ​ស្ថានសួគ៌ នៅពេល​ដែល​យើង​ធ្វើតាម​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់ ហើយ​បន្ត​ពិត​ចំពោះ​សេចក្តី​សញ្ញា​របស់​យើង ។

« នៅពេល​យើង​ព្យាយាម​ដើម្បី​ពិត​ចំពោះ​គ្រប់​សេចក្តីសញ្ញា​ដែល​យើង​បានចុះ និង​រស់នៅ​តាម ‹ គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ › យើង​នឹង​ត្រូវ​បានការពារ​ពី​ការធ្លាក់​ខ្លួន​ជា​ជនរងគ្រោះ​នៃ​អំពើបាប និង​កំហុស​នៃ​ពិភពលោក—កំហុស​នៃ​ទស្សនវិជ្ជា និង​គោលលទ្ធិ​ដែល​នឹង​នាំ​យើង​ចេញឆ្ងាយ​ពី​កែវមុក្តា​ដ៏​មាន​តម្លៃ​បំផុត​នោះ » ។ —អែលឌើរ អូលីសេស សូរ៉េស

បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ក្នុងជីវិតប្រចាំថ្ងៃ—អែលឌើរ ហ្គើរីត ដបុលយូ ហ្គង

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​ចែកចាយ​រឿងរ៉ាវ​ពី​សមាជិក​សាសនាចក្រ​ជុំវិញ​ពិភពលោក​ដែល​បាន​រកឃើញ​ពរជ័យ​ពី​ការជ្រើសរើស​បរិសុទ្ធភាព​ថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ។

« ស្ត្រី​ម្នាក់​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ជា​រៀងរាល់​ថ្ងៃ ក្រោយ​ពី​ស្វាមី​មិន​ស្មោះត្រង់​របស់​គាត់​បាន​ចាក​ចោល​គាត់ និង​កូនៗ ។​ ខ្ញុំ​ពិត​ជា​កោត​សរសើរ​គាត់ និង​អ្នក​ផ្សេង​ទៀត​ដូច​ជា​គាត់​ខ្លាំង​ណាស់ ។ ថ្ងៃមួយ ពេល​កំពុង​បត់​ខោអាវ គាត់​ដាក់​ដៃ​លើ​គំនរ​ខោអាវ ដោយ​ដក​ដង្ហើម​ធំ​ថា ‹ តើ​មាន​ប្រយោជន៍​អី​ទៅ ? › គាត់​បាន​ឮ​សំឡេង​ដ៍​ទន់ភ្លន់​អះអាង​ដល់​គាត់​ថា ‹ សេចក្តី​សញ្ញា​របស់​អ្នក​គឺ​នៅ​នឹង​យើង › » ។ —អែលឌើរ ហ្គើរីត ដបុលយូ ហ្គង

ស្វែងយល់​បន្ថែម​អំពី សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនេះ និង​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដែលចោទសួរ​ជាញឹកញាប់ ។

អែលឌើរ ហ្គង បាន​ប្រាប់​រឿង​មួយ​អំពី​យុវនារី​ម្នាក់ ដែល​បាន​ខិតខំ​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ឪពុក​របស់​នាង បន្ទាប់ពី​ម្តាយ​របស់​នាង​បាន​ស្លាប់​ទៅ ។ នាង​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​ឪពុក​របស់​នាង​រៀងរាល់​សប្តាហ៍ ។ យុវនារី​នោះ​បាន​និយាយ​ថា
« ការចំណាយ​ពេល​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​បាន​ព្យាបាល​ពួកយើង ។ ម្តាយ​ខ្ញុំ​មិន​អាច​ជួយ​ពួក​យើង​បាន​ពេល​នៅ​លើ​ផែនដី ។ ទាល់​តែ​គាត់​ទៅឯ​ម្ខាង​ទៀត​នៃ​វាំងនន ទើប​គាត់​អាច​ជួយ​ជួសជុល​អ្វី​ដែល​ខូចខាត​បាន ។ ព្រះវិហារ​បរិសុទ្ធ​បាន​បំពេញ​ដំណើរជីវិត​របស់​យើង​ឲ្យមាន​ភាពពេញលេញ​ជា​គ្រួសារ​ដ៏​អស់កល្ប​មួយ » ។ —អែលឌើរ ហ្គើរីត ដបុលយូ ហ្គង

រៀន​បន្ថែម​ទៀត​អំពី​ជីវិត​បន្ទាប់ពី​ការស្លាប់​នៅ​ទីនេះ ។

« បរិសុទ្ធភាពថ្វាយ​ព្រះអម្ចាស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​រួមមាន​ទាំង​ការមករក​ព្រះអម្ចាស់​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ជា​ញឹកញាប់ » ។ —អែលឌើរ ហ្គើរីត ដបុលយូ ហ្គង

« ជាមួយ​នឹង​ពាក្យ​ពិសិដ្ឋ​ប្រាំបួន​ពាក្យ ព្រះវិហារ​បរិសុទ្ធ​របស់​យើង​អញ្ជើញ និង​ប្រកាស​ថា ៖ ‹ បរិសុទ្ធ​ភាព​ថ្វាយ​ព្រះអម្ចាស់។ ដំណាក់​នៃ​ព្រះអម្ចាស់ › » ។ —អែលឌើរ ហ្គើរីត ដបុលយូ ហ្គង

អំណរនៃសេចក្តីប្រោសលោះ—ស៊ីស្ទើរ គ្រីស្ទីន អិម យី

ស៊ីស្ទើរ គ្រីស្ទីន អិម យី ទីប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​ជាច្រើន​ដែល​ទាក់ទង​នឹង​ការប្រោសលោះ និង​ទំនាក់ទំនង​សេចក្ដី​សញ្ញា​របស់​ព្រះ​ជាមួយ​យើង ។

« ព្រះចេស្ដា​ដ៏​ប្រោសលោះ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​ពរជ័យ​ដែលបាន​សន្យា​ដ៏​មហិមា​បំផុត​មួយ​នៃ​សេចក្តីសញ្ញា​របស់​យើង ។ ចូរ​ពិចារណា​អំពី​ការណ៍​នេះ នៅពេល​បងប្អូន​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​ដ៏​ពិសិដ្ឋ​នានា ។ បើគ្មាន​វាទេ យើង​មិន​អាច​ត្រឡប់​ទៅកាន់​ទីវត្តមាន​នៃ​ព្រះវរបិតា​សួគ៌​របស់​យើង និង​អស់​អ្នក​ដែល​យើង​ស្រឡាញ់​បាន​ឡើយ » ។ —ស៊ីស្ទើរ គ្រីស្ទីន អិម យី

« ប្រសិន​បើ​បងប្អូន​កំពុង​ពុះពារ​នឹង​ស្ថានភាព​មួយ​ដែល​បងប្អូន​គិត​ថា បងប្អូន​គួរ​តែបាន​យកឈ្នះ​វា​រួចហើយ​មកដល់​បច្ចុប្បន្ន​នេះ​នោះ សូម​កុំ​ចុះចាញ់​ឡើយ ។ ចូរ​អត់ធ្មត់​ជាមួយ​នឹង​ខ្លួនឯង រក្សា​សេចក្ដី​សញ្ញា​របស់​បងប្អូន ប្រែចិត្ត​ជាញឹកញាប់ ស្វែងរក​ជំនួយ​ពី​ថ្នាក់ដឹកនាំ​របស់​បងប្អូន ប្រសិន​បើ​ចាំបាច់ ហើយ​ទៅ​ព្រះ​ដំណាក់​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​បងប្អូន​អាច​ធ្វើ​ទៅ​បាន ។ សូម​ស្តាប់​តាម និង​យកចិត្ត​ទុកដាក់​ចំពោះ​ការបំផុសគំនិត​ដែល​ទ្រង់​បញ្ជូន​ទៅ​ឲ្យ​បងប្អូន ។ ទ្រង់​នឹង​មិន​បោះបង់​ទំនាក់​ទំនង​នៃ​សេចក្ដីសញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​បងប្អូន​ឡើយ » ។ —បងស្រី គ្រីស្ទីន អិម យី

លោកដែលទូលនឹងព្រះយេហូវ៉ា—អែលឌើរ ខែល អេស ម៉ាកឃេ

អែលឌើរ ខែល អេស ម៉ាកឃេ ជា​ពួក​ចិត​សិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ បាន​ថ្លែង​ទីបន្ទាល់​អំពី​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​ដោយ​ព្រះយេស៊ូវ​គ្រីស្ទ​តាមរយៈ យ៉ូសែប ស្ម៊ីធ ដែល​រួមមាន​ទាំង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

« ព្រះគ្រីស្ទ​តែងតែ​បង្គាប់​ឲ្យ​រាស្រ្ត​របស់​ទ្រង់​សាងសង់​ព្រះវិហារ​បរិសុទ្ធ ជាកន្លែង​ដែល​ទ្រង់​បង្ហាញ​ព្រះកាយ​ដល់​ពួកគេ និង​ប្រទាន​អំណោយទាន​ដោយ​ព្រះចេស្ដា​មកពី​ស្ថានលើ » ។ —អែលឌើរ ខែល អេស ម៉ាកឃេ

ឱបក្រសោបអំណោយទាននៃការប្រែចិត្តរបស់ព្រះអម្ចាស់—អែលឌើរ ហ៊ោរហេ អិម អាល់វ៉ារ៉ាដូរ

អែលឌើរ ហ៊ោរហេ អិម អាល់វ៉ារ៉ាដូរ ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ បាន​បង្រៀន​អំពី​តួនាទី​របស់​ព្រះគ្រីស្ទ​ក្នុង​នាម​ជា​លោក​គ្រូ​នៃ​ការព្យាបាល ។ ដំណាក់​របស់​ព្រះអម្ចាស់​បំផុស​គំនិត​យើង​ឲ្យ​បង្កើន​បរិសុទ្ធភាព​ផ្ទាល់ខ្លួន តាមរយៈ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ដែល​រួមមាន​ទាំង​ការប្រែចិត្ត ។

« ឱ! នេះ​ជា​បុព្វហេតុ​ដ៏​សុចរិត​មួយ​ដើម្បី​ឲ្យ​បាន​ស្អាតស្អំ—ដើម្បី​មាន​ភាពស័ក្ដិសម​ចំពោះ​ភាពពេញលេញ​នៃ​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​ទ្រង់​មាន​សម្រាប់​យើង តាមរយៈ​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ ! » —អែលឌើរ ហ៊ោរហេ អិម អាល់វ៉ារ៉ាដូរ

« នៅពេល​យើង​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ ផ្លូវ​នៃ​ការប្រែចិត្ត​ដ៏​ស្មោះ​របស់​យើង​នឹង​នាំ​យើង​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ទីបំផុត » ។ —អែលឌើរ ហ៊ោរហេ អិម អាល់វ៉ារ៉ាដូរ

« ការបម្រើ​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ជា​ទៀងទាត់ និង​ការព្យាយាម​រក្សា​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ដែល​យើង​បាន​ធ្វើ​នៅ​ទីនោះ នឹង​បង្កើន​បំណងប្រាថ្នា និង​សមត្ថភាព​របស់​យើង ដើម្បី​ទទួល​បទពិសោធន៍​នៃ​ការផ្លាស់ប្តូរ​នៃ​ដួងចិត្ត ពលំ គំនិត និង​ព្រលឹង​ដែល​ចាំបាច់ ដើម្បី​យើង​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង » ។ —អែលឌើរ ហ៊ោរហេ អិម អាល់វ៉ារ៉ាដូរ

« ដំណាក់​របស់​ព្រះអម្ចាស់ ព្រះគម្ពីរ​បរិសុទ្ធ​របស់​ទ្រង់ ពួកព្យាការី និង​ពួកសាវក​របស់​ទ្រង់​បំផុសគំនិត​យើង​ឲ្យ​ព្យាយាម​ឆ្ពោះ​ទៅ​កាន់​បរិសុទ្ធភាព​ផ្ទាល់ខ្លួន​តាមរយៈ​គោលលទ្ធិ​នៃ ព្រះគ្រីស្ទ » ។ —អែលឌើរ ហ៊ោរហេ អិម អាល់វ៉ារ៉ាដូរ

« គឺខ្ញុំនេះហើយ »—ប្រធាន ជែហ្វ្រី អ័រ ហូឡិន

ប្រធាន ជែហ្វ្រី អ័រ ហូឡិន បាន​ពន្យល់​អំពី​សេចក្ដីសប្បុរស​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​ក៏​បាន​មាន​ប្រសាសន៍​អំពី​ពរជ័យ​ដែល​ទទួល​បាន​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​ផងដែរ ។

« ដើម្បី​ណែនាំ​អ្នកដទៃ​អំពី​សេចក្ដីជំនឿ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួលយក​ពរជ័យរបស់​យើង​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់—ទាំងនេះ​គឺជា​គ្រឹះ​នៃ ‹ គោលការណ៍ និង​ពិធីបរិសុទ្ធ › ដែល​កំណត់​ពី​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ និង​អ្នក​ជិតខាង ហើយ​កំណត់​អំពី​សាសនាចក្រ​ពិត​របស់​ព្រះគ្រីស្ទ​ដោយ​អំណរ ។ —ប្រធាន ជែហ្វ្រី អ័រ ហូឡិន

ការស្វែងរកចម្លើយចំពោះសំណួរខាងវិញ្ញាណ—ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង

ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ បាន​បញ្ជាក់​អំពី​អំណាច​នៃ​ការសួរ​ព្រះ​នូវ​សំណួរ​ដំណឹងល្អ​ដ៏​ស្មោះត្រង់ ។ ដំណាក់​របស់​ព្រះអម្ចាស់​គឺជា​កន្លែង​ដ៏​ពិសិដ្ឋ ដែល​យើង​អាច​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​ដ៏​ស្មោះត្រង់ ។

« [ ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់ ] សុំ​ឲ្យ​យើង​ចំណាយ​ពេល​ថ្វាយបង្គំ​ជាទៀងទាត់​នៅក្នុង​ព្រះដំណាក់​នៃ​ព្រះអម្ចាស់ ហើយ​លុតជង្គង់​អធិស្ថាន ‹ ដើម្បី​ទទួល​ព័ត៌មាន​ពីស្ថានសួគ៌ › » ។ —ស៊ីស្ទើរ ត្រេស៊ី វ៉ាយ ប្រោននីង

ជីវិតរមែងស្លាប់ពិតជាបានផល !—អែលឌើរ ប្រ៊ូក ភី ហេលស៍

សេចក្តី​ថ្លែងការណ៍​នេះ​ដែល​ថ្លែង​ដោយ​អែលឌើរ ប្រ៊ូក ភី ហេលស៍ ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិអំណាច​ទូទៅ ផ្តល់​ការធានា​ថា ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ក្នុង​ជីវិត​រមែង​ស្លាប់​ក៏​ដោយ យើង​អាច​ទុកចិត្ត​លើ​ព្រះអម្ចាស់​បាន ។

« ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ទទួល​ពិធី​បរិសុទ្ធ​នៃ​ដំណឹងល្អ ចូល​ក្នុង​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ហើយ​បន្ទាប់​មក​រក្សា​សេចក្តី​សញ្ញា​ទាំងនោះ ប្រែចិត្ត បម្រើ​អ្នកដទៃ និង​ស៊ូទ្រាំ​រហូត​ដល់​ទីបំផុត នោះ​យើង​ក៏​អាច​មាន​ការធានា​អះអាង និង​ទំនុកចិត្ត​ពេញលេញ​លើ​ព្រះអម្ចាស់​ថា ជីវិត​រមែង​ស្លាប់​ពិតជា​បានផល ! » —អែលឌើរ ប្រ៊ូក ភី ហេលស៍

សូមស្វែងរកទ្រង់ឲ្យអស់ពីដួងចិត្តរបស់បងប្អូន—ប៊ីស្សព អិល ថត បាជច៍

ប៊ីស្សព អិល ថត បាជច៍ ទីប្រឹក្សា​ទីពីរ​ក្នុង​គណៈប៊ីស្សព​ជាអធិបតី​បាន​ថ្លែង​ទីបន្ទាល់​ថា នៅពេល​ដែល​យើង​ងាក​ទៅរក​ព្រះគ្រីស្ទ​កាន់តែ​ញឹកញាប់​តាមរយៈ​ការថ្វាយបង្គំ​នៅ​ថ្ងៃ​ឈប់​សម្រាក ការចូលរួម​ព្រះវិហារ​បរិសុទ្ធ ការអធិស្ឋាន និង​ការសិក្សា​បទគម្ពីរ នោះ​យើង​អាច​ពង្រឹង​ទំនាក់ទំនង​នៃ​សេចក្តី​សញ្ញា​របស់​យើង ។

« ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផ្តល់ឲ្យ​យើង​នូវ​ឱកាស​ដើម្បី​ត្រឡប់​ទៅ​រកទ្រង់​ជាញឹកញាប់ ។ ឱកាស​ទាំងនេះ​រួមមាន​ការអធិស្ឋាន​ប្រចាំថ្ងៃ ការសិក្សា​បទគម្ពីរ ពិធីសាក្រាម៉ង់ ថ្ងៃឈប់សម្រាក និង​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ » ។ —ប៊ីស្សព អិល ថត បាជច៍

« ក្នុង​អំឡុងពេល​ថ្វាយបង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់យើង ចុះបើ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​កាន់តែ​មាន​វិន័យ និង​ផ្តោត​ការយកចិត្ត​ទុកដាក់​បន្ថែមទៀត ដើម្បី​យកចិត្ត​ទុកដាក់ ឬ​នៅ​យូរបន្តិច​នៅក្នុង​បន្ទប់​សេឡេស្ទាល​ក្នុង​ការជញ្ជឹងគិត​ដ៏ស្ងប់ស្ងាត់​នោះ ? នៅពេល​ដែល​ការផ្តោត​អារម្មណ៍​របស់យើង​តិច​នៅលើ​ការធ្វើ និង​កាន់តែ​ច្រើន​នៅលើ​ការពង្រឹង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​​របស់យើង​ជាមួយនឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់ថា ពេលវេលា​ដ៏ពិសិដ្ឋ​នីមួយៗ​នេះ​នឹង​ត្រូវបាន​ពង្រឹង ហើយ​យើង​នឹង​ទទួលបាន​ការណែនាំ​ដែល​ត្រូវការ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់យើង » ។ —ប៊ីស្សព អិល ថត បាជច៍

នេះគឺជាថ្ងៃដែលពុំអាចបំភ្លេចបានឡើយ—អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

នៅក្នុង​សុន្ទរកថា​របស់​លោក អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​រៀបរាប់​អំពី​ទសវត្សរ៍​ខាងមុខ​នៃ​ឱកាស​ដែល​មិន​ធ្លាប់​មាន​ពី​មុនមក ដើម្បី​ចែកចាយ​អំណរ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

« សូម​ពិចារណា​អំពី​ចំនួន​នៃ​ការបើក​សម្ពោធ​ព្រះវិហារ​បរិសុទ្ធ និង​ការឧទ្ទិសឆ្លង​ដែល​រៀបចំ​ដើម្បី​ធ្វើ​នៅ​ទសវត្សរ៍​ក្រោយ ។ . . . ព្រឹត្តិការណ៍​ទាំងនេះ​នឹងក្លាយ​ជា​ថ្ងៃ​ដែល​ពុំ​អាច​បំភ្លេច​បាន » ។ —អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

« ពេល​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជុំវិញ​ពិភពលោក ខ្ញុំ​ស្ងប់ស្ងែង​ចំពោះ​ក្រុម​យុវវ័យ​ដ៏​ច្រើន​ដែល​កំពុង​រង់ចាំ​នៅ​ឯ​អាង​ជ្រមុជទឹក និង​យុវមជ្ឈិមវ័យ​ដ៏​ច្រើន​កំពុង​បម្រើ​ជា​អ្នក​ធ្វើ​ពិធី​បរិសុទ្ធ » ។ —អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

« សម្រាប់​ក្មួយៗ​នៃ​ជំនាន់​ដែល​កំពុង​ពេញវ័យ …​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ក្មួយៗ​ឲ្យ​ចូលរួម​ក្នុង​ពង្សប្រវត្តិ ចំណាយ​ពេល​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រៀបចំ​ខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធ្វើ​ជា​បុរស ឬ​ស្ត្រី​ដែល​ត្រៀម​ខ្លួន​រៀបការ​នឹង​ដៃគូ​ដែល​ស័ក្ដិសម​ដូចគ្នា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ » ។ —អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

« សូម​បង្កើតលំនាំ​នៅក្នុង​ជីវិត​របស់​ក្មួយៗ ឥឡូវ​នេះ ដើម្បី​ដាក់​ព្រះវិហារ​បរិសុទ្ធ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​ក្មួយៗ » ។ —អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន

ឱ ! យុវវ័យថ្លៃថ្នូរអើយ—បងប្រុស ប្រ៊ាតលី អ័រ វិលខក់

បងប្រុស ប្រ៊ាតលី អ័រ វិលខក់ ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​យុវជន​ទូទៅ បាន​មាន​ប្រសាសន៍​ទៅកាន់​បុត្រា​បុត្រី​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ ជាពិសេស​ជំនាន់​ដែល​កំពុង​ពេញ​វ័យ ហើយ​បាន​ប្រកាស​ថា ព្រះអង្គ​សង្គ្រោះ​ទុកព្រះទ័យ​លើ​យើង​ក្នុង​ការធ្វើ​កិច្ចការ​របស់​ទ្រង់ ហើយ​ថា​យើង​បាន​កើតមក​ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក និង​ជួយ​នាំ​បុត្រ​ទាំងអស់​របស់​ទ្រង់​ទៅ​ផ្ទះ​វិញ ។

« ដោយសារ​តែ​ជម្រើស​របស់​ប្អូនៗ​ក្នុង​ការធ្វើ និង​រក្សា​សេចក្ដីសញ្ញា នោះ​ទ្រង់​ផ្ដល់​ឲ្យ​ប្អូនៗ​នូវ​ការទុក​ព្រះទ័យ​របស់​ទ្រង់ ។ ទ្រង់​ទុក​ព្រះទ័យ​ឲ្យ​ប្អូនៗ​មាន​ភាពខុស​ប្លែក​ពី​គេ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍អាករ​នៃ​ព្រះ និង​បាន​ញែកចេញ​ដោយសារ​កិច្ចការ​ដ៏​សំខាន់​នេះ ទ្រង់​ទុក​ព្រះទ័យ​លើ​ប្អូនៗ​ឲ្យ​ធ្វើ » ។ —បងប្រុស ប្រ៊ាតលី អ័រ វិលខក់

« សូម​គិត​អំពី​ការណ៍​នេះ ! ក្នុង​ចំណោម​មនុស្ស​ទាំងអស់​នៅលើ​ផែនដី—ព្រះ​ទុក​ព្រះទ័យ​លើ​ប្អូនៗ ដែល​ជា​បុត្រ​នៃ​សេចក្តីសញ្ញា … ដើម្បី​ជួយ​កិច្ចការ​របស់​ទ្រង់​ក្នុង​ការនាំ​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​ទៅផ្ទះ​ដោយ​សុវត្ថិភាព » ។ —បងប្រុស ប្រ៊ាតលី អ័រ វិលខក់

« ប្អូន​កំពុង​ចាប់​ដៃ​ធ្វើការ​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ ជាមួយនឹង​សេចក្តីសញ្ញា​ថ្មី​នីមួយៗ—ហើយ​ពេល​ទំនាក់ទំនង​របស់​ប្អូន​ជាមួយនឹង​ទ្រង់​កាន់តែ​ជ្រាលជ្រៅ—នោះ​ប្អូនៗ​កាន់​តែ​ស្អិត​ជាប់​នឹង​គ្នា​កាន់​តែ​តឹង រហូត​ទាល់តែ​ប្អូន​ភ្ជាប់គ្នា​យ៉ាង​ស្អិតល្មួត » ។ —បងប្រុស ប្រ៊ាតលី អ័រ វិលខក់

« ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​ប្អូន​ជាមួយ​នឹង​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ទំនាក់ទំនង​នៃ​សេចក្តី​ស្រឡាញ់ និង​ការជឿ​ទុកចិត្ត ដែល​ប្អូនៗ​មាន​លទ្ធភាព​ទទួល​បាន​ព្រះគុណ​ដ៏ធំធេង​របស់​ទ្រង់​ទាំងទ្វេ—ជំនួយ​ដ៏ទេវភាព អំណោយ​ទាន​នៃ​កម្លាំង និង​អំណាច​របស់​ទ្រង់​ទាំងទ្វេ » ។ —បងប្រុស ប្រ៊ាតលី អ័រ វិលខក់

បីបាច់ឫស នោះមែកនឹងលូតលាស់ឡើង—អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

យើង​ស្រឡាញ់​ការរំឭក​នេះ​មកពី​អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ថា យើង​នឹង​រកឃើញ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពិធី​បរិសុទ្ធ​របស់​ទ្រង់ ។

« បើ​បងប្អូន​កំពុង​ស្វែងរក​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​ក្នុង​ការប្រជុំ​សាសនាចក្រ ឬ​ក្នុង​ព្រះវិហារបរិសុទ្ធ សូម​ព្យាយាម​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ពិធីការបរិសុទ្ធ​ដ៏ពិសិដ្ឋ​ដែល​យើង​ទទួល​នៅ​ទី​នោះ ។ សូម​ស្វែងរក​ព្រះអម្ចាស់​នៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ » ។ —អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

« មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង »—អែលឌើរ រ៉ូណល អេ រ៉ាសបាន

អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ចែកចាយ​បទពិសោធន៍​ជាមួយ​ប្រធាន រ័សុល អិម ណិលសុន ពី​ការឧទ្ទិសឆ្លង​ឡើងវិញ​នៃ​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ យូថាហ៍ ។ នៅក្នុង​សុន្ទរកថា​របស់​លោក លោក​ក៏​បាន​ដកស្រង់​ការបង្រៀន​របស់​ប្រធាន ណិលសុន អំពី​ព្រះវិហារ​បរិសុទ្ធ​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ផងដែរ ។ នេះ​ជា​ការដកស្រង់​មួយ​ចំនួន​ពី​ប្រធាន ណិលសុន ដែល​យើង​ចូលចិត្ត ដែល​បាន​លើកឡើង​ដោយ​អែលឌើរ រ៉ាសបាន ។

២០២០

« ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ទាំង​នេះ​ប្រហែល​ជា​ពុំ​អាច​ផ្លាស់ប្ដូរ​ជីវិត​បងប្អូន​បាន​ទេ ប៉ុន្តែ​ពេលវេលា​ដែល​បងប្អូន​ចំណាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន » —ប្រធាន រ័សុល អិម ណិលសុន ( « អនាគត​របស់​សាសនាចក្រ ៖ ការរៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ » លីអាហូណា )

២០២១

« ព្រះអង្គ​សង្គ្រោះ និង​គោលលទ្ធិ​របស់​ទ្រង់​គឺជា​ចំណុច​ស្នូល​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្វីគ្រប់យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ គឺ​បង្កើន​ការយល់ដឹង​របស់យើង​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពិធី​បរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់​ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់មក នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃការ​ព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង របស់ទ្រង់ » —រ័សុល អិម ណិលសុន ( សន្និសីទ​ទូទៅ ខែតុលា ឆ្នាំ២០២១ )

រៀន​បន្ថែម​ទៀត​អំពី​បព្វជិតភាព​នៅ​ទីនេះ ។

« យើង​មាន​ពួកទេវតា​នៅជុំវិញ​យើង​នៅ​សព្វថ្ងៃ​នេះ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ‹ [ នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ] បងប្អូន​នឹង​រៀន​ពី​របៀប​បើក​វាំងនន​ដែល​ខណ្ឌ​ចែករវាង​ស្ថានសួគ៌ និង​ផែនដី របៀប​ទូលសូម​ពួក​ទេវតា​របស់​ព្រះ​ឲ្យជួយ​ដល់​បងប្អូន › » —អែលឌើរ រ៉ូណល អេ រ៉ាសបាន និង​ប្រធាន រ័សុល អិម ណិលសុន ( សន្និសីទទូទៅ ខែតុលា ឆ្នាំ ២០២១ )

ឆ្នាំ ២០២៤

« អស់​អ្នក​ដែល​ថ្វាយបង្គំ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ នឹងប្រដាប់​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ហើយ​ពួកទេវតា​តាម ‹ ថែរក្សា​ពួកគេ › ។ តើ​វា​បង្កើន​ទំនុកចិត្ត​របស់​បងប្អូន​ប៉ុនណា ក្នុង​ការដឹង​ថា ក្នុង​នាម​ជា​ស្ត្រី ឬ​បុរស​ដែល​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ប្រដាប់​ដោយ​ព្រះចេស្ដា​របស់​ព្រះ ដែល​បងប្អូន​មិន​ចាំបាច់​ប្រឈម​មុខ​នឹង​ជីវិត​នេះ​តែ​ម្នាក់​ឯង​នោះ ? តើ​វា​ផ្ដល់​ភាពក្លាហាន​អ្វី​ខ្លះ​ដល់​បងប្អូន ក្នុង​ការដឹង​ថា​ទេវតា​ពិត​ជា​នឹង​ជួយ​បងប្អូន​មែន​នោះ ? » —ប្រធាន រ័សុល អិម ណិលសុន ( សន្និសីទ​ទូទៅ ខែមេសា ឆ្នាំ ២០២៤ )

« នៅក្នុង​ការអធិស្ឋាន​នៃ​ការឧទ្ទិសឆ្លង​ឡើងវិញ [ សម្រាប់​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ យូថាហ៍ ] នោះ ប្រធាន ណិលសុន បាន​ទូលអង្វរ​ព្រះអម្ចាស់​ថា ព្រះដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​នឹង លើកឡើង ជាពិសេស​ដល់​អស់អ្នក​ដែល​បានចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នោះ ‹ ដើម្បី​ពួកគេ​អាច​ទទួល​បាន​ពរជ័យ​ពិសិដ្ឋ ហើយ​បន្ត​ស័ក្ដិសម និង​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​ពួកគេ … ថា​ទីនេះ​អាចក្លាយ​ជា​ដំណាក់​នៃ​សេចក្ដី​សុខសាន្ត ដំណាក់​នៃ​ការលួងលោម​ចិត្ត និង​ដំណាក់​នៃ​វិវរណៈ​ផ្ទាល់ខ្លួន​សម្រាប់​អស់អ្នក​ដែល​ចូល​តាម​ទ្វារ​ទាំងនេះ​ដោយ​ស័ក្ដិសម › » ។ —អែលឌើរ រ៉ូណល អេ រ៉ាសបាន និង​ប្រធាន រ័សុល អិម ណិលសុន ( ការអធិស្ឋាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ )

« យើង​សង់​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​គោរព​ព្រះអម្ចាស់ ។ ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ​ត្រូវបាន​សាងសង់​ឡើង​សម្រាប់​ការថ្វាយ​បង្គំ ហើយ​មិនមែន​សម្រាប់​ការដាក់​បង្ហាញ​នោះទេ ។ យើង​ធ្វើ​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ដែល​មាន​សារៈសំខាន់​ដ៏អស់កល្ប​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងនេះ » ។ —ប្រធាន រ័សុល អិម ណិលសុន ( ការឧទ្ទិសឆ្លង​ឡើងវិញ​ព្រះវិហារ​បរិសុទ្ធ ម៉ានតៃ )

« ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្ដងទៀត »—ប្រធាន រ័សុល អិម ណិលសុន

ប្រធាន រ័សុល អិម ណិលសុន ប្រធាន​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​បើក​សុន្ទរកថា​របស់​លោក​សម្រាប់​សន្និសីទ ខែតុលា ឆ្នាំ២០២៤ ដោយ​ប្រកាស​ពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៧ ហើយ​បាន​សន្យា​ថា អ្នកស្វែងរក​ដោយ​ស្មោះត្រង់​គ្រប់រូប​នឹង​រកឃើញ​ព្រះគ្រីស្ទ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះវិហារបរិសុទ្ធថ្មីចំនួន ១៧

ខាងក្រោម​នេះ​គឺជា​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៧ ដែល​ប្រធាន ណិលសុន បាន​ប្រកាស​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​របស់​លោក ៖

  • អ៊ូឈីតាន់ ដឺ ហ្សារ៉ាហ្គូស្សា ម៉ិកស៊ិក 
  • សាន់តា អេណា អែលសាវ៉ាឌ័រ 
  • មែលដឺលីន កូឡុំបៀ 
  • សាន់ត្យាហ្គោ សាធារណរដ្ឋ ដូមីនីក 
  • ព័រតូម៉ុង ឈីលី 
  • ឌុយប្លីន អៀរឡង់ 
  • មីឡាន អ៊ីតាលី 
  • អាប៊ូចា នីហ្សេរីយ៉ា 
  • កំប៉ាឡា អ៊ូហ្គង់ដា 
  • ម៉ាពុយតូ ម៉ូសំប៊ិក 
  • ខូអឺដាឡេន អៃដាហូ 
  • ឃ្វីន ឃ្រីក អេរីហ្សូណា 
  • អេលប៉ាសូ តិចសាស់ 
  • ហាន់វីល អាឡាបាម៉ា 
  • មីលវ៉ូគី វីនស្កុនស៊ីន 
  • សាំម៊ីត ញូវ ជើស៊ី 
  • ប្រាយស៍ យូថាហ៍ 

ភ្លាមៗ​បន្ទាប់ពី​ប្រកាស​ទីតាំង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ទាំងនេះ ប្រធាន ណិលសុន បាន​ប្រកាស ៖
« បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ តើ​បងប្អូន​មើលឃើញ​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ចំពោះ​មុខ​យើង​ដែរ​ឬ​ទេ ? ខ្ញុំ​សូម​អធិស្ឋាន​កុំ​ឲ្យ​យើង​ខកខាន​នូវ​ភាព​ដ៏​អស្ចារ្យ​នៃ​គ្រា​នេះ ! ព្រះអម្ចាស់​ពិតជា​កំពុង​ពន្លឿន​កិច្ចការ​ទ្រង់ » ។ —ប្រធាន រ័សុល អិម ណិលសុន

សារលិខិតអំពីព្រះវិហារបរិសុទ្ធមកពីព្យាការី

សុន្ទរកថា​របស់​ប្រធាន ណិលសុន ពោរពេញ​ទៅ​ដោយ​ការណែនាំ និង​ការសន្យា​សម្រាប់​យើង​ដើម្បី​រស់នៅ​តាម ។ យើង​មិន​អាច​បញ្ចូល​គ្រប់​ការដកស្រង់​អំពី​ព្រះវិហារ​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៅក្នុង​អត្ថបទ​នេះ​បាន​ទេ ដូច្នេះ​យើង​លើកទឹកចិត្ត​អ្នក​ឲ្យ​អាន​សុន្ទរកថា​ពេញលេញ​ដើម្បី​ទទួល​បាន​ការបំផុស​គំនិត​បន្ថែម​ទៀត ។

« ហេតុអ្វី​យើង​កំពុង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ល្បឿន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​បែបនេះ ? ហេតុអ្វី ? ព្រោះ​ព្រះអម្ចាស់​បាន​បញ្ជា​យើង​ឲ្យធ្វើ​ដូច្នោះ ។ ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជួយ​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅ​ទាំង​សងខាង​នៃ​វាំងនន ។ ពរជ័យ​ទាំងនេះ​ក៏​ជួយ​រៀបចំ​មនុស្ស​ដែល​នឹង​ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់​ផងដែរ ! » —ប្រធាន រ័សុល អិម ណិលសុន

« ការថ្វាយ​បង្គំ​ជា​ទៀងទាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ជួយ​យើង » ។ —ប្រធាន រ័សុល អិម ណិលសុន

« នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ យើង​ផ្តោតទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​រៀន​អំពី​ទ្រង់ ។ យើង​ចុះ​សេចក្ដីសញ្ញា​ដើម្បី​ដើរតាម​ទ្រង់ ។ យើង​មក​ស្គាល់​ទ្រង់ » ។ —ប្រធាន រ័សុល អិម ណិលសុន

« នៅពេល​យើង​រក្សា​សេចក្ដីសញ្ញា​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​ទទួលបាន​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់​ជួយ​ពង្រឹង​យើង​កាន់តែ​ខ្លាំង » ។ —ប្រធាន រ័សុល អិម ណិលសុន

« នៅក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​ទទួល​បាន​ការការពារ​ពី​ការធ្វើទុក្ខ​នៃ​លោកិយ ។ យើង​ដកពិសោធន៍​នូវ​សេចក្តី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះវរបិតាសួគ៌​របស់​យើង​ជា​បរិបូរ ! យើង​ទទួល​អារម្មណ៍​សុខសាន្ត និង​ការធានា​ខាង​វិញ្ញាណ ដែល​ផ្ទុយស្រឡះ​ពី​ភាពចលាចល​នៃ​លោកិយ » ។ —ប្រធាន រ័សុល អិម ណិលសុន

« នេះ​ជា​ការសន្យា​របស់​ខ្ញុំ​ចំពោះ​បងប្អូន ៖ អ្នក​ដែល​ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះត្រង់​គ្រប់រូប​នឹង​រកឃើញ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ បងប្អូន​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្ដីមេត្តា​របស់​ទ្រង់ ។ បងប្អូន​នឹង​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​គួរ​ឲ្យ​រំខាន​បំផុត​របស់​បងប្អូន ។ បងប្អូន​នឹង​យល់​កាន់តែ​ច្បាស់​អំពី​អំណរ​នៃ​ដំណឹងល្អ​របស់​ទ្រង់ » ។ —ប្រធាន រ័សុល អិម ណិលសុន

« បើ​បងប្អូន​នឹង​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដើម្បី​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​បងប្អូន​នឹង​ឃើញ​ថា គ្រា​ឈឺចាប់​ក្នុង​ជីវិត​បងប្អូន​គឺ​រឿង​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ។ ការរងទុក្ខ​របស់​បងប្អូន​នឹង​ត្រូវបាន ‹ លេប​ទៅ​ក្នុង​អំណរ នៃ​ព្រះគ្រីស្ទ › » ។ —ប្រធាន រ័សុល អិម ណិលសុន

ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ

ដើម្បី​កំណត់​ពេល​ណាត់​ជួប​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ឬ​ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅជិត​អ្នក​បំផុត សូម​ចូល​ទៅកាន់​តំណភ្ជាប់​ខាងក្រោម ៖

ការរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ

ថ្នាក់ដឹកនាំ​មូលដ្ឋាន ដូចជា​ប៊ីស្សព​របស់​អ្នក អាច​ជួយ​អ្នក​ទទួលបាន​ប័ណ្ណចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ថ្វាយបង្គំ​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ ។ សូម​ពិនិត្យ​មើល អត្ថបទនេះ អំពី​ការធ្វើ​ឲ្យ​ការថ្វាយបង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​កាន់តែ​មាន​ភាពផ្ទាល់ខ្លួន និង​កាន់តែ​មានន័យ ។

ឧបករណ៍​ថ្មី​មួយ​ហៅ​ថា ជំនួយ​ឈ្មោះ​គ្រួសារ ផ្តល់​ឲ្យ​ថ្នាក់ដឹកនាំ និង​អ្នកប្រឹក្សា​នូវ​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ជួយ​សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មកវិញ ព្រមទាំង​យុវជន​ឲ្យ​រៀបចំ និង​បោះពុម្ព​ប័ណ្ណ​ឈ្មោះ​គ្រួសារ​សម្រាប់​ការធ្វើដំណើរ​ដំបូង​របស់​ពួកគេ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ។ រៀន​បន្ថែម​អំពី ជំនួយ​ឈ្មោះ​គ្រួសារ នៅ​ទីនេះ ។

សម្រាប់​ជំនួយ​ផ្សេង​ទៀត​ក្នុង​ការរៀបចំ និង​ស្វែងរក​ឈ្មោះ​គ្រួសារ សូម​ព្យាយាម​ចុចលើ​តំណ​ខាងក្រោម​នេះ ៖

ការទាញយក និងចែកចាយការដកស្រង់នៅក្នុងអត្ថបទនេះ

ការដកស្រង់​នៅក្នុង​អត្ថបទ​នេះ​អាច​ត្រូវបាន​ចម្លង និង​ចែកចាយ​ដោយ​សេរី ។

ដើម្បី​ទាញយក និង​ចែកចាយ​រូបភាព​ការដកស្រង់​នៅលើ​កុំព្យូទ័រ​លើតុ សូម​ចុចលើ​រូបភាព​មួយ​ដើម្បី​ជ្រើសរើស​វា ហើយ​បន្ទាប់មក​ចុច​កូនកណ្ដុរ​ខាងស្ដាំ ( សម្រាប់ Windows ) ឬ​ចុច Control ខណៈពេល​ដែល​អ្នក​ចុច ( សម្រាប់ Mac ) ដើម្បី​មើល​ជម្រើស Save និង Download ។ បន្ទាប់ពី​អ្នក​បាន​រក្សាទុក​រូបភាព​មួយ អ្នក​អាច​បង្ហោះ​វា​ទៅ​គេហទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​អ្នក​ចូលចិត្ត ឬ​ផ្ញើ​វា​ទៅ​មិត្តភក្តិ ។

ដើម្បី​ចែកចាយ ឬ​រក្សាទុក​រូបភាព​នៅលើ​ឧបករណ៍​ចល័ត សូម​ចុច​លើ​រូបភាព​ដើម្បី​បើក​វា ហើយ​បន្ទាប់​មក​សង្កត់​ម្រាមដៃ​របស់​អ្នក​រហូត​ដល់​ម៉ឺនុយ​ជម្រើស​លេច​ឡើង ដូច្នេះ​អ្នក​អាច​ទាញយក ឬ​ចែកចាយ​រូបភាព ។

លើសពី​នេះ​ទៀត អ្នក​អាច​ទាញយក​ការដកស្រង់​ទាំងអស់​ក្នុង​ពេល​តែមួយ​នៅក្នុង zipped folder ដោយ​ប្រើ​ប៊ូតុង​នេះ ៖

ដើម្បី​ស្វែងរក​វីដេអូ សំឡេង និង​អត្ថបទ​នៃ​សន្និសីទ​ទូទៅ​ពេញលេញ ខែតុលា ឆ្នាំ២០២៤ របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ សូមចូល​ទៅកាន់ ChurchofJesusChrist.org ។



នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Amy Archibald, FamilySearch Blog writer and missionary, standing in front of a backdrop of trees.
អំពី​អ្នកនិពន្ធ
Amy Archibald