
« បំណងប្រាថ្នាដែលមានពីកំណើតរបស់យើងសម្រាប់ការតភ្ជាប់គ្រួសារត្រូវបានបំពេញ នៅពេលយើងភ្ជាប់ទំនាក់ទំនងជាមួយបុព្វការីជនរបស់យើង តាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ » ។
( រ័សុល អិម ណិលសុន « Generations Linked in Love » Ensign និង Liahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៩២ ) ។
ព្រះយេស៊ូវបានបង្រៀនថា មនុស្សទាំងអស់ត្រូវតែបានជ្រមុជទឹកដើម្បីត្រឡប់ទៅកាន់នគរស្ថានសួគ៌វិញ ។ នៅពេលបងប្អូនជ្រមុជទឹក នោះបងប្អូនចុះសេចក្ដីសញ្ញាជាមួយនឹងព្រះដើម្បីធ្វើតាមការបង្រៀន និងគំរូរបស់ព្រះគ្រីស្ទ ។ បន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់បងប្អូន នោះបងប្អូនអាចជួយបុព្វការីជនរបស់បងប្អូនឲ្យចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋបានផងដែរ ។
អត្ថបទនេះអាចណែនាំបងប្អូនបាន កាលបងប្អូនអធិស្ឋានដើម្បីប្រមូលព័ត៌មានដែលចាំបាច់អំពីសាច់ញាតិរបស់បងប្អូន ហើយទៅកាន់ព្រះវិហារបរិសុទ្ធដើម្បីធ្វើពីធីបុណ្យជ្រមុជទឹកជំនួសពួកគាត់ ។
រៀបចំព័ត៌មានដែលចាំបាច់
សូមប្រើគេហទំព័រ FamilySearch.org ដើម្បីជួយបងប្អូនឲ្យប្រមូលព័ត៌មានអំពីសាច់ញាតិរបស់បងប្អូន ហើយស្នើសុំធ្វើពិធីបុណ្យជ្រមុជទឹកជូនពួកគាត់ ។

១. បង្កើតគណនីកម្មវិធីស្រាវជ្រាវក្រុមគ្រួសារមួយដោយឥតគិតថ្លៃ ។
សូមបង្កើតគណនីដោយប្រើគេហទំព័រ FamilySearch.org ឬក៏ប្រើ កម្មវិធីមែកធាងគ្រួសារ ។ សូមប្រាកដថាបានបង្ហាញថា បងប្អូនគឺជាសមាជិករបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារនឹងសួរបងប្អូនអំពី លេខកំណត់ត្រាសាសនាចក្រ របស់បងប្អូន ។ បងប្អូនអាចរកឃើញលេខកំណត់ត្រានេះបាន តាមរយៈការមើលលើប័ណ្ណចូលព្រះវិហារបរិសុទ្ធរបស់បងប្អូន ការសួរស្មៀនវួដរបស់បងប្អូន ឬការសួរសមាជិកម្នាក់នៃគណៈប៊ីស្សពរបស់បងប្អូន ។
២. បន្ថែមសមាជិកគ្រួសារទៅលើមែកធាងគ្រួសារ ។
កម្មវិធីស្រាវជ្រាវក្រុមគ្រួសារប្រើ មែកធាងគ្រួសារ ដើម្បីជួយតាមដានថា តើសាច់ញាតិណាដែលបានទទួលពិធីបរិសុទ្ធរបស់ពួកគាត់រួចហើយ ហើយសាច់ញាតិណាដែលមិនទាន់ទទួលបាន ។
នៅក្នុង មែកធាងគ្រួសារ សូមបន្ថែមព័ត៌មានគោលៗសម្រាប់ជំនាន់រវាងបងប្អូន និងសាច់ញាតិដែលបងប្អូនចង់ធ្វើការបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។ ឧទាហរណ៍ ប្រសិនបើបងប្អូនចង់ធ្វើពិធីបរិសុទ្ធជូនជីដូន ឬជីតាម្នាក់ ជាបឋម សូមបន្ថែមឈ្មោះរបស់ឪពុក ឬម្ដាយរបស់បងប្អូនសិន រួចហើយទើបបន្ថែមជីដូន ឬជីតានោះ ។ ដើម្បីស្នើសុំធ្វើពិធីបរិសុទ្ធសម្រាប់នរណាម្នាក់ បងប្អូនត្រូវបំពេញឈ្មោះ ភេទរបស់បុគ្គលនោះ និងកាលបរិច្ឆេទ និងទីកន្លែងសម្រាប់ព្រឹត្តិការណ៍ជីវិតយ៉ាងហោចណាស់មួយសិន ដូចជាថ្ងៃខែឆ្នាំកំណើត អាពាហ៍ពិពាហ៍ ឬមរណភាព ។

នៅពេលបងប្អូនបន្ថែមបុព្វការីជនដែលបានស្លាប់ម្នាក់ នោះកម្មវិធីស្រាវជ្រាវក្រុមគ្រួសារនឹងបង្ហាញបងប្អូនពីកំណត់ត្រាដែលអាចត្រូវគ្នា ប្រសិនបើសាច់ញាតិរបស់បងប្អូនអាចមាននៅក្នុងមែកធាងគ្រួសាររួចហើយនោះ ។ កំណត់ត្រាដែលអាចត្រូវគ្នាទាំងនេះ អាចជួយបងប្អូនឲ្យមើលឃើញថា តើបានធ្វើពិធីបរិសុទ្ធសម្រាប់បុគ្គលនេះរួចហើយឬនៅ ។
៣. ស្នើសុំកាតឈ្មោះគ្រួសារ
កាតឈ្មោះគ្រួសារត្រូវបានប្រើដើម្បីបង្ហាញថា តើបុគ្គលណាដែលបងប្អូនកំពុងធ្វើពិធីបរិសុទ្ធជូននៅក្នុងព្រះវិហារបរិសុទ្ធ ។ ក្រោយពីបងប្អូនបន្ថែមសាច់ញាតិរបស់បងប្អូនទៅក្នុងមែកធាងគ្រួសារហើយ សូមប្រើផ្ទាំង ពិធីបរិសុទ្ធ នៅលើទំព័ររបស់បុគ្គលនោះដើម្បីស្នើសុំ និងបម្រុងទុកពិធីបរិសុទ្ធ ។ ( សូមមើលឧទាហរណ៍ខាងក្រោម ) ។

ប្រសិនបើសាច់ញាតិម្នាក់បានស្លាប់ក្នុងអំឡុងពេល ១១០ ឆ្នាំចុងក្រោយ សូមស្វែងរកការអនុញ្ញាតពីសមាជិកគ្រួសារជិតដិតបំផុតដែលនៅរស់របស់បុគ្គលនេះ មុនពេលរៀបចំកាតឈ្មោះគ្រួសារ ។ ( សូមអានត្រង់នេះសម្រាប់ព័ត៌មានស្ដីពីរបៀបស្នើសុំការអនុញ្ញាតពិសេស ) ។
កំណត់ចំណាំ ៖ វាសំខាន់ដើម្បីគោរពដល់បំណងប្រាថ្នារបស់សមាជិកគ្រួសារដែលនៅរស់ដទៃទៀត នៅពេលធ្វើការបម្រើដល់សាច់ញាតិម្នាក់ដែលជាសាច់ញាតិទាំងសងខាង ។ នៅពេលបងប្អូនស្នើសុំការអនុញ្ញាត វាអាចមានប្រយោជន៍ដើម្បីពន្យល់ថា ការបម្រើក្នុងព្រះវិហារបរិសុទ្ធសម្រាប់មនុស្សដទៃ ត្រូវបានធ្វើឡើងដោយសេចក្ដីស្រឡាញ់ ហើយថាអ្នកដែលបានស្លាប់ទៅនោះអាច ជ្រើសរើសដើម្បីទទួលយកពិធីបរិសុទ្ធនោះឬក៏អត់ ។

កាលណាបងប្អូនបានស្នើសុំឈ្មោះគ្រួសារមួយ នោះកម្មវិធីស្រាវជ្រាវក្រុមគ្រួសារនឹងរំឭកបងប្អូនឲ្យបោះពុម្ពកាតឈ្មោះគ្រួសារដោយខ្លួនឯង ឬផ្ដល់ព័ត៌មានឲ្យបងប្អូនយកទៅព្រះវិហារបរិសុទ្ធ ប្រសិនបើបងប្អូនចង់បោះពុម្ពវានៅឯព្រះវិហារបរិសុទ្ធ ។
បម្រើនៅក្នុងព្រះវិហារបរិសុទ្ធ
នៅពេលបងប្អូនបម្រើដល់គ្រួសាររបស់បងប្អូននៅក្នុងព្រះវិហារបរិសុទ្ធ នោះបងប្អូនអាចទទួលបានពរជ័យមួយចំនួន ដែលពួកសាវកសម័យទំនើបបានសន្យា ៖
« សេចក្ដីស្រឡាញ់ និងអំណរគុណរបស់បងប្អូនសម្រាប់បុព្វការីជនរបស់បងប្អូននឹងកើនឡើង ។ ទីបន្ទាល់ និងការផ្លាស់ប្រែចិត្តជឿរបស់បងប្អូនចំពោះព្រះអង្គសង្គ្រោះនឹងមានភាពជ្រាលជ្រៅ ហើយខ្ជាប់ខ្ជួន ។ ហើយខ្ញុំសូមសន្យាថា បងប្អូននឹងទទួលការការពារប្រឆាំងនឹងឥទ្ធិពលរបស់មារសត្រូវដែលកំពុងរីកដុះដាល » ។
( ដេវីឌ អេ បែដណា « The Hearts of the Children Shall Turn » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៦–២៧ ) ។