ជួប​ជាមួយ ដាណា តាណាម៉ាឈី ៖ វិចិត្រករ​ដ៏​ល្បីឈ្មោះ​នៅលើ​ពិភពលោក និង​ជា​វាគ្មិន​សំខាន់​នៅ RootsTech

ដាណា តាណាម៉ាឈី យក​ដៃ​ទាញ​សក់​ទៅ​ខាងក្រោម​ត្រចៀក​ពីមុខ​ស្នាដៃ​សិល្បៈ​របស់គាត់
ថតដោយ វីនឌី ភូល/Laity Lodge

RootsTech មាន​សេចក្តីរំភើប​ក្នុង​ការប្រកាស​ពី​វត្តមាន​របស់​វិចិត្រករ ដាណា តាណាម៉ាឈី ជា​វាគ្មិន​សំខាន់​សម្រាប់ RootsTech ឆ្នាំ២០២៥ ។ ការងារ​របស់​ដាណា ជា​រឿយៗ​បង្ហាញ​ពី​អារម្មណ៍​នៃ​ឥទ្ធិពល​របស់​មនុស្ស និង​ទំនាក់ទំនង​គ្រួសារ ដែល​ជា​គុណសម្បត្តិ​ធ្វើ​ឲ្យ​គាត់​ស័ក្ដិសម​យ៉ាង​ឥតខ្ចោះ​សម្រាប់​កម្មវិធី RootsTech ។ ប្រសិនបើ​អ្នក​ចូលចិត្ត​សិល្បៈ ហើយ​អ្នក​ស្រឡាញ់​ពង្សប្រវត្តិ នេះ​គឺជា​ចំណុច​សំខាន់​របស់ RootsTech សម្រាប់​អ្នក ។ សូម​មក​ស្គាល់ ដាណា តាណាម៉ាឈី បន្ទាប់មក​ត្រូវ​ប្រាកដ​ថា​មើល​គាត់​នៅ RootsTech—ដោយ​ផ្ទាល់​នៅ​ទីក្រុង សលត៍ លេក ឬ​តាម​អនឡាញ​ពី​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក ។

មកស្គាល់ ដាណា

សិល្បៈ​របស់​ដាណា ត្រូវបាន​ដាក់​នៅលើ​ក្រប​ទស្សនាវដ្តី O Magazine, Time Magazine និង​សូម្បីតែ​នៅលើ​ត្រា​ប្រៃសណីយ៍​របស់​សហរដ្ឋ​អាមេរិក ! នៅ​ឆ្នាំ២០២២ គាត់​បាន​គូរ​គំនូរ​នៅលើ​ជញ្ជាំង​នៃ​អគារ​បីជាន់​ឲ្យ​ហាង Starbucks ដែល​នៅ​ខាងក្នុង​អគារ Empire State ហើយ​គាត់​ត្រូវ​បាន​ផ្តល់កិត្តិយស​ជាមួយនឹង​ស្នាដៃ​ឆ្លាក់អក្សរ​ដោយ​ទឹកថ្នាំ​ពណ៌មាស​ជាង ៥០០ សម្រាប់​ព្រះគម្ពីរ​ប៊ីប ESV Illuminated Bible ដែល​ជា​រូបភាព​ទំនើប​នៃ​ព្រះគម្ពីរ​ប៊ីប​មជ្ឈិម​សម័យ ។ គាត់​បានធ្វើ​កិច្ចការ​ទាំងអស់​នេះ និង​ច្រើន​ទៀត​ពេល​កំពុង​ធ្វើការ​ឲ្យ​ម៉ាក និង​យីហោ​ធំៗ​មួយ​ចំនួន​នៅ​លើ​ភពផែនដី​នេះ !

ស្វែងយល់ពីសិល្បៈប្រភេទថ្មី

តើ​អ្នក​មាន​ហាង​ដែល​ចូលចិត្ត ដែល​មាន​កាបូប ឬ​ការវេចខ្ចប់​ផលិតផល​ដ៏​ស្រស់ស្អាត​បំផុត​ដែរ​ឬ​ទេ ? តើ​អ្នក​ធ្លាប់​ទៅ​ភោជនីយដ្ឋាន​ដែល​ការសរសេរ​នៅ​លើ​ក្ដារ​ខៀន​ធ្វើ​ឲ្យ​អ្នក​ចាប់អារម្មណ៍​ស្នាដៃ​សិល្បៈ​ច្រើន​ជាង​ចាប់អារម្មណ៍​ម៉ឺនុយ​ម្ហូប​ដែរ​ឬ​ទេ ? ប្រហែល​ជា​អ្នក​ថែម​ទាំង​ចង់​ថត​រូប​នៅ​ពី​មុខ​ក្ដារខៀន​នោះ​ផងដែរ ! ប្រសិនបើ​អ្នក​អាច​ឆ្លើយ​ថា​បាទ ឬ​ចាស​ចំពោះ​សំណួរ​ទាំងពីរ​នេះ នោះ​អ្នក​នឹង​ចូលចិត្ត​ការងារ​សិល្បៈ​របស់​វិចិត្រករ ដាណា តាណាម៉ាឈី ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រូកលីន ដែរ ។

នៅពេល​អ្នក​ដឹង​ថា ដាណា​មាន​ប្រជាប្រិយភាព និង​ជោគជ័យ​ប៉ុនណា អ្នក​ប្រហែលជា​ស្មាន​ថា គាត់​បាន​កំពុង​ធ្វើ​អ្វីៗ​ទាំងនេះ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ឬ​ថា​មាន​ក្រុម​តូច​មួយ​នៃ​នាយក​ច្នៃប្រឌិត និង​សហការី​ផ្នែក​ទីផ្សារ​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់​គាត់ ។ ជាក់ស្តែង ដំណើរ​របស់​ដាណា ក្នុងការ​ក្លាយជា​វិចិត្រករ​ដ៏​ល្បី​លើ​ពិភពលោក បានចាប់ផ្តើម​ស្ទើរតែ​ដោយ​ភាពចៃដន្យ ហើយ​ប្រសិនបើ​មិន​មាន​មិត្តភក្តិ​ដែល​បានលើក​ទឹកចិត្ត និង​ចែកចាយ​ការងារ​សិល្បៈ​របស់​គាត់​ទេ នោះ​ប្រហែលជា​វា​មិន​បានចាប់ផ្តើម​ឡើង​ឡើយ ។

ដំណើររឿង​នេះ​ចាប់ផ្ដើម​នៅ​ថ្ងៃ​មួយ​ក្នុង​ឆ្នាំ២០០៩ នៅពេល​ដែល​ដាណា នៅ​ផ្ទះ​មិត្តភក្ដិ​ម្នាក់​ជួយ​តុបតែង​លម្អ​សម្រាប់​ពិធី​ជប់លៀង ។ បាវចនា​សម្រាប់​ពិធីជប់លៀង​គឺ The Great Gatsby ។ នៅខាង​ក្នុង​ផ្ទះ មិត្តភក្តិ​របស់​ដាណា ទើបតែ​បាន​ដំឡើង​ជញ្ជាំង​ដោយ​មាន​ផ្ទាំងគំនូរ​ពី​ក្ដារខៀន​ ជា​លក្ខណៈពិសេស​ដែល​មិន​មាន​មនុស្ស​ជាច្រើន​បានឃើញ​ពី​មុន​មក​ទេ​នៅ​អំឡុងពេល​នោះ ។ នៅពេល​កំពុងតុបតែង មិត្តភក្តិ​នោះ​បាន​ហុច​ដីស​មួយ​ដុំ​ឲ្យ​ដាណា ហើយ​សុំ​ឲ្យ​គាត់​សរសេរ​អ្វី​មួយ​នៅលើ​ជញ្ជាំង ដើម្បី​ជួយ​បញ្ជាក់​ពី​បាវចនា​នា​ពេល​ល្ងាច​នោះ ។ ពី​មួយ​អក្សរ​ទៅ​មួយ​អក្សរ ដាណា​បាន​ខិតខំ​អស់​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​បង្កើត​ចំណាប់​អារម្មណ៍​បែប​យុគសម័យ​ភ្លេងហ្សាស​នា​ទសវត្សរ៍​ឆ្នាំ១៩២០ ។ នៅក្នុង​ពិធី​ជប់លៀង​យប់​នោះ មនុស្ស​ម្នា​ពិត​ជា​ចូលចិត្ត​អក្សរ​នៅលើ​ក្ដារខៀន​នោះ​ណាស់ ។

ចេញពីសិល្បៈដីស ទៅគូរលើម៉ាក Nike

រូបភាព​សិល្បៈ​ដីស​ដែល​សរសេរ​ថា « មាន​អ្វីល្អៗ​ក្នុង​ជីវិត ត្រូវតែ​ចែករំលែក » ។
ឧទាហរណ៍​នៃ​សិល្បៈ​របស់​ដាណា

ជា​ការពិត​ណាស់ រូបថត​ជាច្រើន​សន្លឹក​ពី​សិល្បៈ​របស់​ដាណា ដែល​មនុស្ស​ថត​នៅ​យប់​នោះ ត្រូវ​បានចុះផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។ នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​មក ដាណា​បានសរសេរ​នៅលើ​ក្ដារ​ខៀន​សម្រាប់​ពិធី​ជប់លៀង​របស់​មិត្តភក្តិ​ផ្សេង​ទៀត ហើយ​មិន​យូរ​ប៉ុន្មាន មនុស្ស​ដែល​គាត់​មិន​ធ្លាប់​ជួប​ពី​មុន​បាន​ទាក់ទង​មក និង​ស្នើសុំ​គាត់​ឲ្យ​បង្កើត​អ្វី​ដែល​ស្រដៀង​គ្នា​សម្រាប់​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​ពួកគេ ។

បន្ទាប់មក អាជីវកម្ម​នានា​បាន​ចាប់ផ្តើម​ទាក់ទងមក​ដាណា និង​ជួល​គាត់​ដើម្បី​ជួយ​គូរ​ផ្នែក​ខាងក្នុង​នៃ​ហាង​របស់​ពួកគេ ។ ដាណា​ក៏​ព្យាយាម​ក្ដាប់​យក​ឱកាស​ទាំងនោះ ។ « ដំបូង​ឡើយ ខ្ញុំ​មិន​បានចុះផ្សាយ​ការងារ​របស់​ខ្ញុំ​តាម​អនឡាញ​ទេ » គាត់​និយាយថា « ព្រោះ​គំនិត​រិះគន់​ផ្ទាល់ខ្លួន​ក្នុង​ចិត្ត​ខ្ញុំ​បានប្រាប់​ខ្ញុំ​ថា ប្រាកដណាស់​មាន​គេ​ផ្សេងទៀត​បាន​ធ្វើ​រឿង​នេះ​រួចហើយ ហើយ​ធ្វើ​វា​បាន​ល្អ​ជាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ទៅ​ទៀត ។ ប៉ុន្តែ​ជាក់ស្ដែង​គ្មាន​នរណា​ម្នាក់​បានធ្វើ​រឿង​នេះ​នោះ​ទេ ។ ហើយ​ប្រហែល​ប្រាំ​ឆ្នាំ​ក្រោយ គេ​ក៏​ហៅ​ខ្ញុំ​ថា មនុស្ស​ស្រី​ដីស ។ ហើយ​មកដល់​ចំណុច​មួយ​នោះ ខ្ញុំ​ក៏​ក្លាយ​ជា​រាជនី​ដីស ។ ប៉ុន្តែ​ខ្ញុំ​នៅតែ​គិតថា ខ្ញុំ​ចូលចិត្ត​គេហៅ​ថា ដាណា ច្រើន​ជាង » ( ដាណា តាណាម៉ាឈី Adobe Max ឆ្នាំ២០២៣ សម្រង់​ទាំងអស់​នៅក្នុង​អត្ថបទ​នេះ​គឺ​មកពី​ប្រភព​នេះ ) ។

នៅ​ពេល​នោះ ក្រុមហ៊ុន​ជាច្រើន​ចង់​បាន​ការរចនា​ម៉ូដ​របស់​ដាណា សម្រាប់​ទស្សនៈ​ផ្សេងៗ​នៃ​អាជីវកម្ម​របស់​ពួកគេ—សម្រាប់​ស្លាក ការវេចខ្ចប់ កាបូប ក្របសៀវភៅ ប័ណ្ណប្រកាស និង​ជា​ច្រើន​ទៀត ។ ដាណា​និយាយ​ថា « រាល់​កម្រៃជើងសា​ថ្មី​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​រាបទាប » ។ « ខ្ញុំ​មិន​និយាយ​លេង​ទេ ។ ខ្ញុំ​ពិតជា​មិន​ចង់​ជឿ​ទេ​ថា​គេ​បង់ប្រាក់​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ » ។

ទន្ទឹម​នឹង​នេះ បញ្ជី​អតិថិជន​របស់​ដាណា បានបន្ត​កើនឡើង ។ សព្វថ្ងៃនេះ បញ្ជី​នោះ​រួមមាន​យីហោ​ល្បីៗ​នៅក្នុង​ពិភព​អាជីវកម្ម ក្រុមហ៊ុន​ជាច្រើន​ដូចជា Nike, Google, Target និង Starbucks នេះ​គ្រាន់តែ​លើកឡើង​ពីរបី​ក្រុមហ៊ុន​ប៉ុណ្ណោះ ។ ប្រហែលជា​អ្នក​ធ្លាប់​មាន​ឱកាស​បានឃើញ​ការរចនា​របស់គាត់​ដោយ​មិន​ដឹងខ្លួន​នៅលើ​ដំណើរ​ទិញ​ទំនិញ​ផ្ទាល់ខ្លួន​របស់​អ្នក ឬ​យ៉ាងហោច​ណាស់​បានប្រាស្រ័យ​ទាក់ទង​នឹង​ក្រុមហ៊ុន​ដែល​បានព្យាយាម​ចម្លង​តាម​រចនាបថ​របស់​គាត់ ។

ឥទ្ធិពលនៃ gaman

នៅក្នុង​ជីវិត​របស់​គាត់ ដាណា​បាន​រកឃើញ​ការលួងលោម និង​កម្លាំង​ពី​គោលគំនិត​របស់​ប្រជាជន​ជប៉ុន​នៃ​ពាក្យ​ថា gaman—ពាក្យ​ទស្សនវិជ្ជា​ដែល​មាន​ន័យ​ថា « ការស៊ូទ្រាំ​ដោយ​ការអត់ធ្មត់ និង​សេចក្តី​ថ្លៃថ្នូរ​ចំពោះ​រឿងរ៉ាវ​ដែល​ហាក់​ដូចជា​មិន​អាច​ទ្រាំទ្រ​បាន »—និង​របៀប​ដែល​មនុស្ស​ក្នុង​មែកធាង​គ្រួសារ​របស់​គាត់​បាន​ប្រើប្រាស់​អំណាច​នៃ​ការច្នៃប្រឌិត និង​អាច​អនុវត្ត gaman អំឡុងពេល​គ្រា​លំបាក​ក្នុង​ជីវិត​របស់​ពួកគេ ។

លោកតា​លោកយាយ​ជនជាតិ​ជប៉ុន​អាមេរិកាំង​របស់​ដាណា បាន​ជួប​គ្នា​ពេល​រស់នៅ​ក្នុង​ជំរំ​ឃុំឃាំង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ ។ នៅពេល​ដែល​ពួកគាត់​ទាំងពីរ​នាក់​មាន​អាយុ ១៩​ឆ្នាំ គ្រួសារ​របស់​ពួកគាត់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​របស់​ពួកគាត់​នៅ​ជិត​ឆ្នេរសមុទ្រ​កាលីហ្វ័រញ៉ា ហើយ​ផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ដាច់​ស្រយាល ។ ទោះបីជា​លក្ខខណ្ឌ​រស់នៅ​មិន​ងាយស្រួល និង​លំបាក ហើយ​មិន​ដឹង​ថា ពួកគាត់​នឹង​នៅ​ទីនោះ​រយៈពេល​ប៉ុន្មាន​ក៏​ដោយ លោកតា​លោកយាយ​របស់​ដាណា និង​ក្រុម​គ្រួសារ​របស់​ពួកគាត់​បានរកឃើញ​សេចក្តីសុខសាន្ត និង​កម្លាំង​ដោយ​ការបង្កើត​សិល្បៈ​ចេញពី​សម្ភារ​តិចតួច​ដែលពួកគាត់​មាន—កាក​សំណល់​ក្រដាស កំណាត់​ដុំ​ឈើ បំណែក​សម្រាម​ប្លាស្ទិក ។ ពួកគាត់​បានធ្វើ​បែប​នេះ​ក្នុង​កិច្ចខិត​ខំប្រឹងប្រែង​ដើម្បី « ធ្វើ​ឲ្យ​ធម្មតា » នូវ​រាល់​ស្ថានភាព​ដែល​មិន​ធម្មតា មិន​ត្រឹមតែ​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​កុមារ​នៅក្នុង​ជំរំ​នោះ​ដែរ ។ តាម​ការសិក្សា​ដំណើររឿង​របស់​ពួកគាត់ ដាណា​មើលឃើញ gaman នៅក្នុង​ស្នាដៃ​ការបត់​ក្រដាស​ធ្វើ​ជា​រូប​ផ្សេងៗ​ដ៏​ស្មុគស្មាញ​ដែល​មាន​ឥឡូវនេះ ថាជា​មរតក​គ្រួសារ ។ ឧទាហរណ៍​មួយ​ក្នុង​ចំណោម​ឧទាហរណ៍​ដែល​គាត់​ចូលចិត្ត គឺ​កូន​ឆ័ត្រ​ទំហំ​ប៉ិន​បាតដៃ​ដែល​សមាជិក​គ្រួសារ​របស់គាត់​បានបង្កើត​ចេញពី​ឈើគូស និង​ក្រដាស​ពី​កញ្ចប់​បារី​ដែល​រើស​ចេញពី​ធុង​សម្រាម ។

សិល្បៈនៅគ្រាមានទុក្ខលំបាក

ដំណើររឿង​គ្រួសារ​របស់​ដាណា និង​មរតក​សិល្បៈ​ដ៏​មាន​អត្ថន័យ​ជាពិសេស​ចំពោះ​គាត់​កាលពី​ប៉ុន្មាន​ឆ្នាំមុន នៅពេល​គាត់​បាន​ទទួល​កម្រៃជើងសា​ដើម្បី​បង្កើត​ការឆ្លាក់​អក្សរ​រូបភាព​ដែល​ប្រើ​ទឹកថ្នាំ​ពណ៌​មាស​ជាង ៥០០ សម្រាប់ ESV Illuminated Bible ជា​គម្រោង​មួយ​ដែល​រំឭក​ដល់​អ្នក​អាន​ពី​ឯកសារ​ដ៏​ស្រស់ស្អាត ដែល​បានបង្កើត​អំឡុងពេល​មជ្ឈិម​សម័យ ។ ជា​លទ្ធផល គម្រោង​នេះ​ជួប​ប្រទះ​នឹង​រដូវកាល​លំបាក និង​ឈឺចាប់​បំផុត​មួយ​នៃ​ជីវិត​របស់​ដាណា ហើយ​គាត់​បានគិត​យ៉ាងហ្មត់ចត់​អំពី​ការបោះបង់ចោល ឬ​យ៉ាងហោច​ណាស់​ផ្អាក​គម្រោង​នេះ​សិន​ដែរ ។ គំរូ​របស់​បុព្វការីជន​របស់​គាត់​អំពី gaman បាន បំផុសគំនិត​ឲ្យ​គាត់​តស៊ូ ។

រូបថត​របស់ ដាណា តាណាម៉ាឈី នៅលើ​ជណ្តើរ​បិទ​កាសែត​លើ​ជញ្ជាំង ។
ថតដោយ វីនឌី ភូល/Laity Lodge

« ខ្ញុំ​ធ្លាប់​បានឮ​នរណា​ម្នាក់​និយាយ​ទាក់ទង​នឹង​រដូវកាល​ដ៏​លំបាក​ក្នុង​ជីវិត ទាំង​បច្ចុប្បន្ន​ដែល​អ្នក​កំពុង​ស្ថិតនៅ​ក្នុង​រដូវកាល​មួយ ឬ​អ្នក​កំពុង​ចេញពី​រដូវកាល​មួយ ឬ​អ្នក​ហៀប​នឹង​ឈាន​ជើង​ចូល​ទៅក្នុង​រដូវកាល​មួយ » គាត់​បាននិយាយ ។ « ហើយ​ពី​ដំបូង វា​អាច​ស្ដាប់​ទៅ​ដូចជា​អស់សង្ឃឹម​ខ្លាំង​ណាស់ ។ ប៉ុន្តែ​ទោះបីជា​យើង​មិន​អាច​គ្រប់គ្រង​អ្វី​ដែល​ជីវិត​នឹង​ទម្លាក់​មក​លើ​យើង​ក្ដី ក៏​យើង​អាច​គ្រប់គ្រង​ការឆ្លើយតប​របស់​យើង និង​ឥរិយាបថ​ដែល​យើង​ជ្រើសរើស​បង្ហាញ​នៅពេល​ប្រឈមមុខ​នឹង​ការលំបាក​នោះ​បាន​ដែរ ។ តើ​យើង​នឹង​ទទួល​យក​វា ឬ​រត់​ចេញពី​វា ? » ការធ្វើតាម​គំរូ​នៃ​ជន​ដែល​បាន​លាចាកលោក​ទៅ ដាណា​បានជ្រើសរើស​ទទួល​យក​អ្វី​ដែល​គាត់​កំពុង​ឆ្លងកាត់ ហើយ​ការធ្វើ​ដូច្នេះ បាន​ជំរុញ​ការងារ​របស់គាត់​ទៅកាន់​ចំណុច​ថ្មី​ដ៏​មាន​អត្ថន័យ និង​ការយល់ចិត្ត ។

វា​គឺជា​គម្រោង​មួយ​ដែល​មាន​ឥទ្ធិពល​យ៉ាងជ្រាលជ្រៅ​លើ​ជីវិត​របស់​ដាណា និង​បានផ្លាស់ប្តូរ​របៀប​ដែល​គាត់​តទល់​នឹង​បញ្ហាប្រឈម​នានា ។ « នៅក្នុង​សម័យ​ទំនើប​នេះ មិន​មាន​កង្វះ​ច្រកចេញ​ពី​ស្ថានភាព​ដែល​មាន​ឧបគ្គ​នោះ​ទេ » គាត់​និយាយ ។ « យើង​អាច​ជ្រើសរើស​វិធីសាស្រ្ត​ជាច្រើន​ដើម្បី​មិន​រវីរវល់ ចៀសវាង ទប់ទល់ ឬ​គ្រាន់តែ​បន្ត​ទៅ​មុខ​ទៀត ។ ប៉ុន្តែ​វា​ជា​ពេល​ដែល​យើង​ជ្រើសរើស​ធ្វើ មិន​បោះបង់ និង​តស៊ូ​ក្នុង​ការឈឺចាប់​របស់​យើង ដែល​វា​បង្កើត​នូវ​អ្វី​ដែល​មិន​ធម្មតា​នៅ​ខាងក្នុង​យើង ៖ ភាពធន់ និង​ភាពក្លាហាន​ដែល​យើង​មិន​ធ្លាប់​ដឹង​ថា​យើង​មាន » ។

សូមអបអរដល់គ្រួសារ ដំណើររឿង និង Gaman ជាមួយ ដាណា តាណាម៉ាឈី នៅ RootsTech !

ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​អារម្មណ៍​នៃ​ការបំផុសគំនិត​ហើយ​ឬ​នៅ ? រឿង​តែ​មួយ​គត់​ដែល​ល្អ​ជាង​ការអាន​អំពី​ដំណើរ​របស់ ដាណា តាណាម៉ាឈី ក្នុងការ​ក្លាយជា​វិចិត្រករ​ដ៏​ល្បី​លើ​ពិភពលោក គឺជា​ស្តាប់​គាត់​និយាយ​អំពី​ដំណើររឿង​របស់​គាត់​ផ្ទាល់ ! សូម​ចូលរួម​ជាមួយ​យើង​ផ្ទាល់​នៅ RootsTech—ដោយ​ផ្ទាល់ ឬ​តាម​អនឡាញ—ដើម្បី​ស្តាប់​អ្វី​ដែល​គាត់​និយាយ ។ គាត់​គឺជា​វាគ្មិន​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​ព្រឹត្តិការណ៍​សកល​ដែល​និយាយ​អំពី​ការប្រារព្ធ​ពង្សប្រវត្តិ​របស់​អ្នក ។ បន្ទាប់មក​កុំ​ទៅ​ណា និង​ពិនិត្យមើល​ថ្នាក់​មួយ​ចំនួន​ដែល​អ្នក​នឹង​បានស្តាប់​បទបង្ហាញ​ដ៏​អស្ចារ្យ​កាន់តែ​ច្រើន និង​រៀន​ជំនាញ​ដ៏​មាន​តម្លៃ​ដែល​អាច​ជួយ​អ្នក​ស្វែងរក​ពង្សប្រវត្តិ​របស់​អ្នក​ផ្ទាល់ ។


តើ RootsTech គឺជាអ្វី ?

RootsTech គឺជា​កន្លែង​មួយ​ដើម្បី​រៀន ទទួល​បាន​ការបំផុស​គំនិត និង​បង្កើត​ទំនាក់ទំនង​តាមរយៈ​ពង្សប្រវិត្ត ។ រៀបចំ​ដោយ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​ឧបត្ថម្ភ​ដោយ​អង្គភាព​ពង្សាវលី​ឈានមុខគេ​ផ្សេងទៀត យើង​មាន​ថ្នាក់​ជំនាញ​រាប់រយ វីដេអូ​អំពី​គន្លឹះ និង​ដំណោះស្រាយ និង​ដំណើររឿង​ដ៏​បំផុសគំនិត​ជាច្រើន ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួលបាន​បទពិសោធន៍​ពង្សប្រវត្ដិ​ដែល​អ្នក​មិនធ្លាប់​មាន​ពីមុន​មក ។ សូម​ចូលមើល​បណ្ណាល័យ​សិក្សា​របស់​យើង​នៅពេល​ណាក៏​បាន ឬ​ដាក់​ផែនការ​ដើម្បី​ចូលរួម​នឹង​យើង​សម្រាប់​ព្រឹត្ដិការណ៍​សន្និសីទ​តាមអនឡាញ ឬ​ដោយ​ផ្ទាល់ ។


អត្ថបទ​ដែល​ទាក់ទង

ដោយ  David Nielsen
December 23, 2024
នៅខែមីនាខាងមុខនេះ RootsTech ឆ្នាំ២០២៥ សូមស្វាគមន៍ម្ចាស់មេដាយមាសអូឡាំពិក ធារ៉ា ដាវីស-វូដហល និងម្ចាស់មេដាយមាសប៉ារ៉ាឡាំពិក ហិនធឺ វូដហល ដើម្បីផ្…
ដោយ  David Nielsen
December 23, 2024
RootsTech ជាព្រឹត្តិការណ៍ស្វែងរកគ្រួសារដ៏ធំបំផុតរបស់ពិភពលោក និងជាសន្និសីទពង្សាវលី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា អិនដាបា ម៉ាន់ឌែលឡា…

ស្លាក
Author Default Image
អំពី​អ្នកនិពន្ធ
David Nielsen