RootsTech ជាព្រឹត្តិការណ៍ស្វែងរកគ្រួសារដ៏ធំបំផុតរបស់ពិភពលោក និងជាសន្និសីទពង្សាវលី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា អិនដាបា ម៉ាន់ឌែលឡា ជាចៅប្រុសរបស់លោក ណិលសុន ម៉ាន់ឌែលឡា ដ៏ល្បីល្បាញនឹងចែកចាយសារសំខាន់តាមអ៊ីនធឺណិត ដែលមនុស្សគ្រប់គ្នាក្នុងពិភពលោកអាចមើលបានដោយឥតគិតថ្លៃ ។ បទពិសោធន៍ជីវិតរបស់ អិនដាបា បង្ហាញពីតួនាទីដ៏មានអានុភាពរបស់ពង្សប្រវត្តិក្នុងការផ្លាស់ប្ដូរការគិតរបស់បុគ្គលម្នាក់ចំពោះខ្លួនឯ និងសមត្ថភាពរបស់ពួកគេក្នុងការយកឈ្នះលើបញ្ហាប្រឈមនានា ។ សារដ៏សំខាន់របស់គាត់នឹងផ្តោតទៅលើដំណើររឿងជាច្រើនជំនាន់នៃគ្រួសារ ម៉ាន់ឌែលឡា ដែលបានរៀបចំឡើងដើម្បីបំផុសគំនិតពួកពង្សវិទូ ប្រវត្តិវិទូ និងនរណាម្នាក់ដែលចង់ដឹងបន្ថែមអំពីគ្រួសាររបស់ម៉ាន់ឌែលឡា ។
មកស្គាល់ អិនដាបា ម៉ាន់ឌែលឡា
អិនដាបា ម៉ាន់ឌែលឡា កើតនៅក្នុងគ្រួសារដ៏ល្បីបំផុតមួយនៃសតវត្សរ៍ទី ២០ ប៉ុន្តែដំណើរជីវិតរបស់គាត់គឺមិនងាយស្រួលឡើយ ។ ជីវិតក្នុងកុមារភាពរបស់គាត់ត្រូវបានកត់សម្គាល់ដោយភាពលំបាក និងសោកនាដកម្មផ្ទាល់ខ្លួន ។ ហេតុផលមួយដែលជិវិតរបស់គាត់លំបាកគឺ គាត់បានធំឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង នៅពេលមានការបំបែកពូជសាសន៍នៅតែសកម្ម ។ គាត់ក៏ត្រូវប្រឈមនឹងការបាត់បង់ទាំងម្តាយ និងឪពុករបស់គាត់ កាលគាត់នៅក្មេង និងក្នុងវ័យជំទង់ ។

ជីតារបស់អិនដាបា គឺលោក ណិលសុន ម៉ាន់ឌែលឡា ត្រូវបានដោះលែងពីពន្ធនាគារក្នុងឆ្នាំ១៩៩០ បន្ទាប់ពីបានជាប់ពន្ធនាគារអស់ ២៧ឆ្នាំសម្រាប់សកម្មភាពរបស់គាត់ប្រឆាំងនឹងការបំបែកពូជសាសន៍ ។ ពេលនោះ អិនដាបានៅជាកុមារនៅឡើយ ហើយដោយភាពភ្ញាក់ផ្អើល និងភាពរីករាយរបស់គាត់ ភ្លាមៗនោះជីតារបស់គាត់បានអញ្ជើញគាត់ឲ្យមករស់នៅជាមួយ ។ ទំនាក់ទំនងរបស់ពួកគាត់បានផ្លាស់ប្ដូរមាគ៌ាជីវិតរបស់អិនដាបា ។ អស់រយៈពេល ២ទសវត្សរ៍ក្រោយមក អិនដាបាមានឱកាសប្រាស្រ័យទាក់ទងនឹងអ្នកដឹកនាំម្នាក់ដ៏អស្ចារ្យបំផុតរបស់ពិភពលោកជារៀងរាល់ថ្ងៃ ដើម្បីស្តាប់ដំបូន្មានរបស់គាត់ និងសិក្សាគំរូរបស់គាត់ ។
អិនដាបាចាំថា ជីតារបស់គាត់មិនដែលខកខានឱកាសបង្រៀនគាត់នូវមេរៀនជីវិតមួយ ដើម្បីកែលម្អជីវិតរបស់គាត់ និងសុភមង្គលរបស់គាត់ឡើយ ។ ថ្ងៃខ្លះវាជារឿងសាមញ្ញ ដូចជាការលើកទឹកចិត្តអិនដាបា ឲ្យរៀបចំគ្រែរបស់គាត់នៅពេលព្រឹក ឬអ៊ុតអាវរបស់គាត់ ។ ពេលផ្សេងទៀត ការសន្ទនាកាន់តែស៊ីជម្រៅ ។ លោក ណិលសុន បានដឹងថាមនុស្សនឹងមានការរំពឹងទុកខ្ពស់—សូម្បីតែវាមិនប្រាកដនិយមក្ដី—ចំពោះចៅប្រុសរបស់គាត់ ហើយគាត់បានព្យាយាមរៀបចំអិនដាបា សម្រាប់សម្ពាធដែលគាត់នឹងត្រូវជួបប្រទះ ។ អិនដាបាចងចាំថា មានយប់មួយនៅអាហារពេលល្ងាច ពេលដែលលោក ណិលសុន បានពន្យល់គាត់ថា ការក្លាយជាសមាជិកម្នាក់ក្នុងគ្រួសារ ម៉ាន់ឌែលឡា មានមកជាមួយនឹងទំនួលខុសត្រូវមួយចំនួន ។ ដោយសារតែឈ្មោះនេះ មនុស្សនឹងសម្លឹងមើលទៅគាត់សម្រាប់ការដឹកនាំ ។ អិនដាបាបានជំទាស់គំនិតនេះពីដំបូង ប៉ុន្តែនៅពេលគាត់ធំឡើង ពាក្យរបស់ជីតាគាត់បានជះឥទ្ធិពលមកលើគាត់ ។
អិនដាបាជញ្ជឹងគិតអំពីបទពិសោធន៍ទាំងនេះជាច្រើននៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Going to the Mountain: Life Lessons from My Grandfather ។ សៀវភៅ នេះពន្យល់ពីទម្លាប់ និងការអនុវត្តដែលធ្វើឲ្យក្លាយជាអ្នកដឹកនាំដ៏ជោគជ័យ ប៉ុន្តែវាក៏ជាការពិពណ៌នាផ្ទាល់ខ្លួន និងគួរឲ្យរំភើបចិត្តដ៏អស្ចារ្យអំពី ណិលសុន ម៉ាន់ឌែលឡា ដែលជាជីតា និងអ្នកណែនាំដ៏គួរឲ្យស្រឡាញ់ម្នាក់លើសពីឥទ្ធិពលរបស់លោកក្នុងនាមជាមេដឹកនាំពិភពលោក និងអ្នកនយោបាយមួយរូបដែលយើងបានអានក្នុងប្រវត្តិសាស្ត្រទៅទៀត ។
វាគ្មិន អ្នកនិពន្ធ និងសកម្មជនសង្គមដ៏ល្បីល្បាញ
ដូចជាជីតារបស់គាត់ដែរ អិនដាបា ម៉ាន់ឌែលឡា ខិតខំធ្វើជាសំឡេងអំពាវនាវឲ្យមានការផ្លាស់ប្តូរ ។ គាត់គឺជាវាគ្មិន អ្នកនិពន្ធ និងជាសប្បុរសជនដែលលើកទឹកចិត្តមនុស្សគ្រប់ទិសទីឲ្យក្លាយជាពលរដ្ឋកាន់តែប្រសើរក្នុងពិភពលោក និងផ្តល់អាទិភាពដល់ការអប់រំថាជាមធ្យោបាយនៃការយកឈ្នះលើភាពក្រីក្រ ។ ក្នុងឆ្នាំ២០១០ អិនដាបាបានបង្កើតមូលនិធិយុវជនអាហ្វ្រិក ដែលជាអង្គការដែលបានប្ដេជ្ញាចិត្តដើម្បីផ្តល់ឱកាសដល់យុវជនអាហ្រ្វិកដើម្បីបន្តការអប់រំរបស់ពួកគេ និងរៀបចំសម្រាប់តួនាទីជាអ្នកដឹកនាំ ។ សាររបស់គាត់ច្រើនតែផ្ដោតលើប្រធានបទខាងក្រោម ៖
- ការបន្តកេរដំណែលរបស់ជីតាគាត់ ចំពោះអិនដាបា ភាពជាអ្នកដឹកនាំពិតប្រាកដគឺការដឹកនាំតាមរយៈគំរូ ហើយគាត់លើកទឹកចិត្តពួកអ្នកស្ដាប់របស់គាត់ឲ្យស្វែងរកឱកាសដែលពួកគេអាចគាំទ្រដល់យុត្តិធម៌សង្គម សិទ្ធិមនុស្ស ការផ្សះផ្សា និងតម្លៃពាក់ព័ន្ធផ្សេងទៀត ។

- ការពង្រឹងកម្លាំងយុវជន អិនដាបាបានប្តេជ្ញាចិត្តជួយយុវជនឲ្យដឹងពីសក្តានុពលរបស់ពួកគេ ។ គាត់ជឿជាក់ថា ការពង្រឹងកម្លាំងយុវជនគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតដើម្បីនាំមកនូវការផ្លាស់ប្តូរពិតប្រាកដ និងយូរអង្វែង— មិនត្រឹមតែនៅក្នុងទ្វីបអាហ្រ្វិកប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក ។
- ការអប់រំជាកាតាលីករ អិនដាបាបង្រៀនថា បើគ្មានការអប់រំទេ មនុស្ស និងសូម្បីតែសង្គមបានជាប់អន្ទាក់នៅក្នុងរបៀបរបបនៃការគិត និងការរស់នៅ ។ សូមធ្វើឲ្យមនុស្សគ្រប់គ្នាទទួលបានការអប់រំ ហើយអ្នកចាប់ផ្តើមបំបែកវដ្តនៃភាពក្រីក្រ និងសូម្បីតែការរើសអើងដែលបែងចែក និងរារាំងវឌ្ឍនភាព ។ ដូចដែលជីតារបស់អិនដាបា ធ្លាប់បាននិយាយថា « ការអប់រំគឺជាអាវុធដ៏មានឥទ្ធិពលបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្តូរពិភពលោក » ( Mandela, « Lighting your way to a better future » ឆ្នាំ២០០៣ ) ។
- ពលរដ្ឋសកល អិនដាបា គឺជាអ្នកជឿយ៉ាងមុតមាំលើគោលគំនិតនៃភាពជាពលរដ្ឋសកល ។ ជារឿយៗ គាត់និយាយអំពីសារៈសំខាន់នៃការទទួលស្គាល់មនុស្សជាតិរួមគ្នារបស់យើង និងធ្វើការរួមគ្នាជាក្រុមគ្រួសារទូទាំងពិភពលោក ដើម្បីដោះស្រាយបញ្ហាដ៏លំបាកបំផុតរបស់ពិភពលោក ។
- ភាពអត់ធ្មត់ និងការតស៊ូ ដោយដកស្រង់ចេញពីមេរៀនជីវិតរបស់ជីតាគាត់ អិនដាបាសង្កត់ធ្ងន់ថា បញ្ហាប្រឈមនានាមិនគួរត្រូវបានមើលឃើញថាជាឧបសគ្គនោះទេ ប៉ុន្តែជាឱកាសសម្រាប់ការរីកចម្រើន ។ គាត់បំផុសគំនិតមនុស្សឲ្យចាត់ទុកភាពបរាជ័យជាដុំថ្មចម្លងឆ្ពោះទៅរកការសម្រេចគោលដៅរបស់ពួកគេ ។
អិនដាបា ម៉ាន់ឌែលឡា នៅឯ RootsTech
ការប្តេជ្ញាចិត្តរបស់ អិនដាបា ម៉ាន់ឌែលឡា ចំពោះកេរដំណែលរបស់ជីតារបស់គាត់ និងតួនាទីដែលពង្សប្រវត្តិបានដើរតួក្នុងជីវិតរបស់គាត់ ធ្វើឲ្យគាត់ក្លាយជាវាគ្មិនសំខាន់សម្រាប់កម្មវិធី RootsTech ដែលជាព្រឹត្តិការណ៍រុករកដ៏ធំបំផុតរបស់ពិភពលោក ។ ដំណើរស្វែងរកផ្ទាល់ខ្លួនរបស់គាត់ គឺជាសក្ខីភាពដ៏រស់រវើកមួយចំពោះថាមពលដែលកើតចេញពីការដឹងពីពង្សប្រវត្តិគ្រួសាររបស់អ្នក និងសេចក្ដីពិតដ៏បំផុសគំនិតដែលមនុស្សម្នាក់អាចធ្វើឲ្យមានភាពខុសប្លែកមួយនៅក្នុងពិភពលោក ។ សុន្ទរកថារបស់ អិនដាបា គឺតាមអ៊ីនធឺណិត ដូច្នេះអ្វីដែលអ្នកត្រូវទាញយកប្រយោជន៍ពីឱកាសពិសេសនេះគឺការតភ្ជាប់អ៊ីនធឺណិត ។
សំណួរដែលគេសួរញឹកញាប់អំពីជីតារបស់អិនដាបា គឺលោក ណិលសុន ម៉ាន់ឌែលឡា
តើ RootsTech គឺជាអ្វី ?
RootsTech គឺជាកន្លែងមួយដើម្បីរៀន ទទួលបានការបំផុសគំនិត និងបង្កើតទំនាក់ទំនងតាមរយៈពង្សប្រវិត្ត ។ រៀបចំដោយ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ និងឧបត្ថម្ភដោយអង្គភាពពង្សាវលីឈានមុខគេផ្សេងទៀត យើងមានថ្នាក់ជំនាញរាប់រយ វីដេអូអំពីគន្លឹះ និងដំណោះស្រាយ និងដំណើររឿងដ៏បំផុសគំនិតជាច្រើន ដែលអាចជួយអ្នកឲ្យទទួលបានបទពិសោធន៍ពង្សប្រវត្ដិដែលអ្នកមិនធ្លាប់មានពីមុនមក ។ សូមចូលមើលបណ្ណាល័យសិក្សារបស់យើងនៅពេលណាក៏បាន ឬដាក់ផែនការដើម្បីចូលរួមនឹងយើងសម្រាប់ព្រឹត្ដិការណ៍សន្និសីទតាមអនឡាញ ឬដោយផ្ទាល់ ។