
ការស្គាល់បុគ្គលដែលត្រូវគ្នា មិនមែនងាយស្រួលជានិច្ចនោះទេ ។ នេះគឺជាការណែនាំមួយចំនួនមកពីអ្នកជំនាញ ដើម្បីជួយអ្នកឲ្យកំណត់បានថា តើកំណត់ត្រាមួយត្រូវគ្នានឹងបុព្វការីជនម្នាក់ដែរឬអត់ ៖
- សូមសួរខ្លួនឯងថា « តើប្រភពដើមនេះត្រូវគ្នាខ្លាំងប៉ុណ្ណា ទៅនឹងកាលបរិច្ឆេទ ទីកន្លែង និងទំនាក់ទំនងសំខាន់ៗ ដែលមាននៅក្នុងមែកធាងគ្រួសាររួចហើយ ? »
- សូមសួរខ្លួនឯងថា « តើមានព័ត៌មាន គ្រប់គ្រាន់ ដើម្បីសន្និដ្ឋានថា កំណត់ត្រានេះ និងមែកធាងគ្រួសារកំពុងពិពណ៌នាអំពីបុគ្គលតែមួយដែរឬទេ ? » ឧទាហរណ៍ កំណត់ត្រាចូលជាគ្រីស្ទានមួយចំនួនរាយឈ្មោះម្តាយ ឬឪពុក ប៉ុន្តែគ្មានព័ត៌មានសំខាន់ផ្សេងទៀតដូចជា អាយុ ឬថ្ងៃខែឆ្នាំកំណើតឡើយ ។ ទោះជាឈ្មោះសំខាន់ក្តី ក៏វាមិនមែនជាគំនិតល្អដើម្បីសន្និដ្ឋានថា ប្រភពដើមមួយសំដៅទៅលើបុគ្គលជាក់លាក់ណាម្នាក់នៅក្នុងមែកធាងគ្រួសារ ដោយគ្រាន់តែមើលទៅលើឈ្មោះតែមួយមុខនោះទេ ។
- សូមសួរខ្លួនឯងថា « តើមានកន្លែងណាដែលត្រូវប្រយ័ត្នប្រយែងខ្លាំងដែរឬទេ ? » ឧទាហរណ៍ សូមពិចារណាពីស្ថានភាពមួយដែលព័ត៌មានលម្អិតភាគច្រើននៅលើកំណត់ត្រានេះហាក់ដូចជាត្រូវគ្នានឹងមែកធាងគ្រួសារ—លើកលែងតែឆ្នាំកំណើត ដែលមានរយៈពេល ១៥ ឆ្នាំខុសគ្នា ។ នៅក្នុងករណីនោះ កំណត់ត្រានេះប្រហែលជាសម្រាប់បងប្អូនជីដូនមួយ ។
- សូមសួរខ្លួនឯងថា « តើកំណត់ត្រានេះគួរឲ្យទុកចិត្តបានប៉ុណ្ណាដែរ ? » ជាទូទៅ កំណត់ត្រាប្រវត្តិសាស្ត្រមួយដែលមានព័ត៌មានជិតបំផុតទៅនឹងព្រឹត្តិការណ៍នេះ គឺគួរឲ្យទុកចិត្តបំផុត ។ ឧទាហរណ៍ កំណត់ត្រាកំណើតមានព័ត៌មានកំណើតគួរឲ្យទុកចិត្តជាងកំណត់ត្រាមរណភាព ដែលអាចមានព័ត៌មានកំណើតផងដែរ ។
ជាចុងក្រោយ សូមចាំថា កំហុសអាចជារឿងធម្មតានៅក្នុងកំណត់ត្រាប្រភេទជាក់លាក់មួយ ជាងក្នុងកំណត់ត្រាផ្សេងទៀត ។ ឧទាហរណ៍ អ្នកធ្វើជំរឿនអាចបានសរសេរឈ្មោះ ដោយមិនសួរពីរបៀបប្រកបអក្ខរាវិរុទ្ធឈ្មោះនោះឲ្យបានត្រឹមត្រូវ ។ ឬអាយុរបស់បុគ្គលម្នាក់អាចជាការប៉ាន់ស្មានមួយ ។
ផ្ទុយទៅវិញ នៅលើសំបុត្រកំណើត អ្នកអាចរំពឹងថា ព័ត៌មានលម្អិតបែបនេះនឹងគួរឲ្យទុកចិត្តបានខ្លាំងជាង ។