ការឈោង​ទៅ​រក​មនុស្ស​វ័យ​ចំណាស់ និង​ឯកោ—ដំណើរ​រឿង​ពី​អ្នក​ប្រឹក្សា​ផ្នែក​ពង្សប្រវត្តិ

ម៉ារីប៊ែល ម៉េឌីណា គឺ​ជា​អ្នក​ប្រឹក្សា​ផ្នែក​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ប្រចាំ​ប្រចាំ​វួដ

ម៉ារីប៊ែល ម៉េឌីណា បម្រើ​ជា​អ្នក​ប្រឹក្សា​ផ្នែក​ពង្សប្រវត្តិ​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ​នៅ​ក្នុង​វួដ​របស់​នាង ក្នុង​ទីក្រុង​សាន់ឌីអាហ្គូ រដ្ឋ​កាលីហ្វូញ៉ា ។ បន្ទាប់ពី​មាន​អារម្មណ៍​បាក់ទឹកចិត្ត​ក្នុង​ការហៅ​របស់​នាង ហើយ​ដោយ​ធ្វើ​តាម​ការបំផុស​គំនិត​ឲ្យ​ឈោង​ទៅ​រក​បងប្អូនស្រី​វ័យ​ចំណាស់​ទាំងឡាយ​នៅ​ក្នុង​វួដ​របស់​នាង នាង​បាន​ឃើញ​ផ្ទាល់​ពី​របៀប​ដែល​ការធ្វើការ​ជាមួយ​នឹង​មនុស្ស​ម្នាក់ៗ អាច​ជួយ​លើក​ស្ទួយ​ដល់​អ្នក​ឯកោ និង​បំផុស​គំនិត​ដល់​អ្នក​ដទៃ—សូម្បី​តែ​សមាជិក​នៅ​ក្នុង​វួដ​ទាំងមូល​ក្តី ។

ការបំផុសគំនិតដើម្បីផ្តោតលើមនុស្សវ័យចំណាស់

ស្រ្តី​វ័យចំណាស់​ម្នាក់​ប្រើ​ឈើច្រត ដោយ​មាន​ស្នាម​ញញឹម​ដ៏​ស្រស់ស្អាត នៅ​ពេល​គាត់​ចាកចេញ​ពី​អគារ​សាសនាចក្រ ។

វួដ​របស់ ម៉ារីប៊ែល ទើប​តែ​បាន​បញ្ចូល​គ្នា​ជាមួយ​វួដ​មួយ​ទៀត ហើយ​មនុស្ស​គ្រប់​រូប​ហាក់​ដូច​ជា​រវល់​យ៉ាង​ខ្លាំង​ក្នុង​ការចំណាយ​ពេល​ស្រាវជ្រាវ និង​រៀន​អំពី​បុព្វការីជន​របស់​ពួកគេ ។ បន្ទាប់​ពី​ការគិត​នូវ​អ្វី​ដែល​នាង​អាច​ធ្វើ​ដើម្បី​ជួយ​ដល់​សមាជិក​វួដ​របស់​នាង​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​ពង្សប្រវត្តិ​នោះ ម៉ារីប៊ែល​ទទួល​អារម្មណ៍​ឲ្យ​ជួយ​ដល់​សមាជិក​វ័យ​ចំណាស់​នៅ​ក្នុង​វួដ​យ៉ាងខ្លាំង ។ ដោយ​ការខ្វះខាត ពួកគាត់​ជា​ច្រើន​ពិបាក​ក្នុង​ការទៅ​ព្រះវិហារ​ជា​រៀងរាល់​សប្តាហ៍​ណាស់ ។ នាង​បាន​សម្រេច​ចិត្ត​ចាប់ផ្តើម​ទៅ​សួរសុខទុក្ខ បងប្អូនស្រី​វ័យ​ចំណាស់​ពីរបី​នាក់—ដោយ​មាន​ផែនការ ប្រសិន​បើ​នាង​អាច​សម្ភាស​ពួកគាត់ ជួយ​ពួកគាត់​បង្កើត​គណនី​កម្មវិធី​ស្រាវជ្រាវ​ក្រុម​គ្រួសារ និង​ជួយ​ពួកគាត់​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​របស់​ពួកគាត់ ។

ការសាកសួរ​បងប្អូនស្រី​ទាំង​នោះ​នូវ​សំណួរ​ដ៏​សាមញ្ញ បាន​ផ្តល់​នូវ​លទ្ធផល​នៃ​ការទទួល​បាន​រឿង និង​ព័ត៌មាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ។ ជា​ដំបូង​នោះ គឺ​គ្រាន់​តែ​សួរ​រក​ព័ត៌មាន​លម្អិត​ដូចជា ឈ្មោះ កាលបរិច្ឆេទ និង​ទីកន្លែង​នានា ម៉ារីប៊ែល​ក៏​បាន​ស្តាប់​យ៉ាង​អត់ធ្មត់ និង​បាន​ថត​នូវ​សាច់រឿង​ជា​ច្រើន​ដែល​ពួកគាត់​បាន​ចែកចាយ​ផងដែរ ។ បងប្អូនស្រី​វ័យ​ចំណាស់​ទាំង​នោះ​មាន​ការភ្ញាក់ផ្អើល​ក្នុង​ការ​ដែល​អាច​នឹក​ឡើង​វិញ​នូវ​ព័ត៌មាន​ទាំងនោះ​ដូចជា ថ្ងៃខែឆ្នាំ​កំណើត​បងប្អូន​បង្កើត ឪពុកម្តាយ ពូ មីង និង​ជីដូនជីតា ។ សូម្បី​តែ​អ្នក​ដែល​មិន​អាច​ចងចាំ​ព័ត៌មាន​លម្អិត​ដំបូង ក៏​បាន​ទទួល​អត្ថប្រយោជន៍​ពី​ការនិយាយ​អំពី​អនុស្សាវរីយ៍​ទាំងឡាយ​របស់​ពួកគាត់​ផងដែរ ។ ក្រោយ​មក ពួកគាត់​មួយ​ចំនួន​បាន​ទូរសព្ទ​មក​ដោយ​ផ្ដល់​នូវ​ព័ត៌មាន​បន្ថែម បន្ទាប់​ពី​បាន​ខំប្រឹង​ខ្នះខ្នែង​ស្វែងរក​អនុស្សាវរីយ៍​ទាំងឡាយ​កាល​ពី​ដំបូង បាន​ជួយ​ពួកគាត់​នឹក​ឃើញ​ឡើង​វិញ​បន្តិចម្តងៗ ។

ការយកឈ្នះលើបញ្ហាប្រឈមទាំងឡាយ

ម៉ារីប៊ែល​បាន​ចាប់ផ្តើម​ធ្វើ​ឲ្យ​មាន​ការរីកចម្រើន​ពិតប្រាកដ​ជាមួយ​សមាជិក​ទាំងនេះ និង​កត់ត្រា​ពង្សប្រវត្តិ​របស់​ពួកគាត់ នៅពេល​ដែល​ជំងឺ​រាតត្បាត កូវីដ-១៩ បាន​ចាប់ផ្តើម ។ ទោះបី​ជា​មាន​ភាពមិន​ប្រាកដប្រាជា​ជា​ច្រើន​នៅ​ពេល​នោះ​ក្តី ក៏​វា​មិន​បាន​បញ្ឈប់​នាង​ពី​ការជួយ​ពួកគាត់​បង្កើត​មែកធាង​គ្រួសារ​របស់​ពួកគាត់​ដែរ ។ ទោះបី​ជា​សមាជិក​វ័យ​ចំណាស់​មិន​ចេះ​ពី​របៀប​ធ្វើ​អ្វី​មួយ​ទាក់ទង​នឹង​បច្ចេកទេស ដូចជា​ការបើក​ទម្រង់ ភី.ឌី.អែហ្វ.​ក៏ដោយ ម៉ារីប៊ែលបាន​និយាយ​ថា យ៉ាង​ហោច​ណាស់​ពួកគាត់​អាច​ហៅ​ទូរសព្ទ​បានដែរ ។ ពួកគាត់​មួយ​ចំនួន​មិនមាន​អ៊ីនធឺណិត ឬ​កុំព្យូទ័រ​នៅ​ផ្ទះ​ឡើយ ឬ​មិន​ចេះ​អាន​បាន​ច្រើន​ទេ ។ ពួកគាត់​ខ្លះ​អាច​ចែកចាយ​អេក្រង់ ថតរូប ឬ​ចេះ​ច្រើន​ជាង​នេះ ។

មិន​ថា​ជា​វិធីសាស្រ្ត​ណា​ដែល​នាង​ប្រើ​ដើម្បី​ឈោង​ទៅ​រក​ពួកគាត់​ទេ ម៉ារីប៊ែល​បាន​បន្ត​ទំនាក់ទំនង​ជាមួយ​សមាជិក​វ័យ​ចំណាស់​ក្នុង​វួដ​របស់​នាង ។ នាង​នឹង​ប្រមូល​ព័ត៌មាន ហើយ​បន្ទាប់​មក​ធ្វើ​ការស្រាវជ្រាវ​សាមញ្ញ​សម្រាប់​ពួកគាត់ ដូចជា​ការស្វែងរក​សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ និង​អ្វី​ផ្សេងៗ​ទៀត ។ ប្រសិន​បើ​សមាជិក​មិនមាន​សមត្ថភាព​មើល​កំណត់ត្រា​តាម​អ៊ីនធឺណិត​ទេ នាង​នឹង​ទាញ​យក​កំណត់ត្រា​នោះ​ចេញ​មក ឬ​ចែកចាយ​តាមរយៈ​អ៊ីមែល ដើម្បី​ឲ្យ​ពួកគាត់​អាច​រកឃើញ​ព័ត៌មាន​នៅ​ក្នុង​កំណត់ត្រា​សម្រាប់​ខ្លួន​ពួកគាត់ ។

បងប្អូនស្រី​វ័យ​ចំណាស់​នៅ​ក្នុង​វួដ​កំពុង​សម្លឹង​មើល​ច្បាប់​ចម្លង​ឌីជីថល​នៃ​កំណត់ត្រា​ដែល​ពិពណ៌នា​អំពី​សមាជិក​គ្រួសារ​របស់​គាត់ ។

ប្អូនស្រី​នៅ​ក្នុង​វួដ​មើល​កំណត់ត្រា​ប្រវត្តិសាស្រ្ត​នៅ​លើ​កុំព្យូទ័រ​របស់​នាង ។

ឥទ្ធិពលយ៉ាងជ្រាលជ្រៅលើមនុស្សម្នាក់ៗ និងក្រុមគ្រួសាររបស់ពួកគេ

ម៉ារីប៊ែល​បាន​និយាយ​ថា « ខ្ញុំ​កំពុង​ធ្វើ​ការស្រាវជ្រាវ ប៉ុន្តែ​ពួកគាត់​កំពុង​ធ្វើការ​រុករក និង​ស្វែងរក ហើយ​ពួកគាត់​ចូលចិត្ត​កិច្ចការ​នេះ​ណាស់ » ។ សមាជិក​ទាំងនេះ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង អំពី​អ្វី​ដែល​ពួកគាត់​បាន​រៀន​តាម​រយៈ​កំណត់ត្រា ដែល​ពួកគាត់​បាន​ចែកចាយ​ជាមួយ​កូនៗ​របស់​ពួកគាត់ ។ ក្រោយ​មក​កូនៗ និង​ចៅៗ​របស់​ពួកគាត់​បាន​ចាប់ផ្តើម​ចូលរួម​ក្នុង​ការហៅ​ទូរសព្ទ​ដើម្បី​ស្វែងយល់​ដំណើររឿង​អំពី​ប្រវត្តិ​គ្រួសារ​របស់​ពួកគេ ។

បុរស​វ័យ​ចំណាស់​សម្លឹង​មើល​កំណត់ត្រា​នៅ​លើ​កុំព្យូទ័រ​នៅ​ផ្ទះ​របស់​គាត់ ។

អ្នក​ផ្សេង​ទៀត​ថែមទាំង​មាន​អារម្មណ៍​ថា មាន​ឥទ្ធិពល​ផ្ទាល់ខ្លួន​ជា​ច្រើន ។ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​មិន​ដែល​ស្រាវជ្រាវ​ពី​បុព្វការីជន​របស់​គាត់​ទេ ដោយសារ​តែ​ប្រវត្តិ​គ្រួសារ​របស់​គាត់ ។ គាត់​កើត​ក្រៅ​ខាន់ស្លា ហើយ​ឪពុក​របស់​គាត់​បាន​មាន​គ្រួសារ​មួយ​ទៀត​ដោយ​មាន​កូន​នៅ​ពេល​នោះ ។ បន្ទាប់​ពី​ធ្វើការ​ជាមួយ​ម៉ារីប៊ែលបាន​មួយ​រយៈ​មក ស្ត្រី​រូប​នេះ​បាន​សម្រេច​ចិត្ត​ចែកចាយ​បន្ថែម​អំពី​ឪពុក​ម្តាយ​របស់​គាត់ ។ ម៉ារីប៊ែល​អាច​ស្វែងរក​ប្រវត្តិ​របស់​ឪពុក និង​ម្តាយ​របស់​គាត់​បន្ថែម​ទៀត​សម្រាប់​គាត់ ។ ស្រ្តី​រូប​នេះ​ទទួល​បាន​ការយល់ដឹង​កាន់​តែ​ច្រើន​អំពី​ការសម្រេចចិត្ត​ដែល​ឪពុកម្តាយ​របស់​គាត់​បាន​ធ្វើ ហើយ​ការយល់ដឹង​បែប​នេះ​បាន​ជួយ​ព្យាបាល​ដល់​គាត់​ទៀត​ផង ។ គាត់​បាន​ប្រាប់​ម៉ារីប៊ែល​ថា គាត់​មាន​អារម្មណ៍​ដឹងគុណ នៅ​ពេល​ដែល​គាត់​បាន​ពាំនាំ​រឿង​ទាំងនោះ​ត្រឡប់​ចូល​មក​ក្នុង​ជីវិត​របស់​គាត់​វិញ ហើយ​ដោយ​ដឹង​ថា គាត់​មិន​អាច​បន្ទោស​ខ្លួន​ឯង​ចំពោះ​ការសម្រេចចិត្ត​ដែល​ឪពុកម្តាយ​របស់​គាត់​បាន​ធ្វើ​នោះ​ទេ ។ គាត់​បាន​ចាប់​ផ្តើម​ជឿ​ថា គាត់​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន ហើយ​បាន​បោះបង់​ចោល​នូវ​ភាពអាម៉ាស់​ដែល​គាត់​បាន​មាន​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ។

ប្អូនស្រី​ម្នាក់​មក​ពី​ប្រទេស​ហ្គូតេម៉ាឡា ដែល​រស់​នៅ​ក្នុង​វួដ​នេះ​ចង់​ចូលរួម​ក្នុង​ពង្សប្រវត្តិ​ផងដែរ ហើយ​នាង​បាន​ចាប់ផ្តើម​ធ្វើការ​ជាមួយ​ម៉ារីប៊ែល ។ នាង​បាន​ចាប់​ផ្តើម​បង្កើត​មែកធាង​គ្រួសារ​របស់​នាង ប៉ុន្តែ​នាង​អាច​ធ្វើ​បាន​តែ​ធ្វើ​ពិធី​បុណ្យជ្រមុជទឹក​ជំនួស​តែ​ប៉ុណ្ណោះ ដោយ​ឲ្យ​សមាជិក​វួដ​យក​ទៅ​ធ្វើ​ពិធី​បរិសុទ្ធ​ដទៃ​ទៀត​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។ នៅ​ក្នុង​ការស្ថាបនា​មែកធាង​របស់​នាង នាង​បាន​រក​ឃើញ​ព័ត៌មាន​របស់​ជីដូន​ទួត​របស់​នាង ហើយ​នាង​មាន​អារម្មណ៍​ចង់​ធ្វើ​ជា​មនុស្ស​ម្នាក់​ដែល​បំពេញ​គ្រប់​ពិធីបរិសុទ្ធ​ទាំងអស់​សម្រាប់​គាត់​ជា​ខ្លាំង ។ នាង​បាន​បាន​ខិតខំ​ដើម្បី​ទទួល​បាន​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ ដើម្បី​នាង​អាច​ធ្វើ​កិច្ចការ​នោះ​បាន ។ តាមរយៈ​ដំណើរការ​នេះ នាង​ក៏​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​ស្វាមី និង​កូនៗ​របស់​នាង​ផង​ដែរ ។ ម៉ារីប៊ែល​បាន​បង្ហាញ​នូវ​ភាព​អស្ចារ្យ​ក្នុង​ការឃើញ​នូវ​ដំណើរការ​នៃ​ការប្រែចិត្ត​ជឿ​ដែល​មក​ពី​ការធ្វើ​ពង្ស​ប្រវត្តិ ។

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​មក​ពី​វួដ​មួយ​ក្នុង​ទី​ក្រុង​សាន់ឌីអាហ្គូ រដ្ឋ​កាលីហ្វូញ៉ា ។

ការជួយមនុស្សម្នាក់ម្តងៗបានជះឥទ្ធិពលដល់អ្នកដទៃ

ម៉ារីប៊ែល​កំពុង​បម្រើ​ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា ខាតាលីណា ហ្គោមេស ដែល​កំពុង​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​មនុស្ស​ចាស់ ។ ក្នុង​អំឡុង​ពេល​ហៅ​ទូរសព្ទ​របស់​ពួកគាត់ មិត្តភក្តិ​របស់ ខាតាលីណា នៅ​មជ្ឈមណ្ឌល​បាន​ស្តាប់​ដោយ​ក្តីរំភើប ហើយ​សួរ​ថា តើ​ពួកគាត់​អាច​ចែកចាយ​រឿង​របស់​ពួកគាត់ និង​ទទួល​បាន​ជំនួយ​ពី​ផ្នែក​ពង្សប្រវត្តិ​បាន​ដែរ​ឬ​ទេ ។ ម៉ារីប៊ែល​បាន​និយាយ​ថា « វា​មិន​គ្រាន់តែ​បង្រួបបង្រួម​គ្រួសារ​របស់​សមាជិក​ទាំងនេះ​ប៉ុណ្ណោះ​ទេ គឺ​វា​ថែម​ទាំង​បង្រួបបង្រួម​មិត្តភក្តិ​ជិតស្និទ្ធ​ទៀត​ផង ។ ពួកគេ​បាន​មក​ជួបជុំ​គ្នា​ដើម្បី​ចែកចាយ និង​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ វា​ពិត​ជា​អស្ចារ្យ​ណាស់ ! »

បន្ទាប់​ពី​បាន​ធ្វើការ​ជាមួយ​ម៉ារីប៊ែល ស្ត្រី​ម្នាក់​បាន​ដឹង​ថា គាត់​អាច​ផ្សារភ្ជាប់​ជាមួយ​ឪពុកម្តាយ​របស់​គាត់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ​បាន សមាជិក​វួដ​មួយ​ចំនួន​មាន​សេចក្តី​រំភើប​ដែល​អាច​ចូលរួម​នៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គាត់—ហើយ​មនុស្ស​ជា​ច្រើន​បាន​ដឹង​ថា ពួកគេ​ក៏​អាច​ផ្សារភ្ជាប់​ជាមួយ​ឪពុកម្តាយ​របស់​ពួកគេ ឬ​សាច់ញាតិ​ផ្សេង​ទៀត​ផង​ដែរ ។

សមាជិក​វួដ​ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា កំពុង​ឈរ​នៅ​មុខ​ទ្វារ​ព្រះវិហារ​បរិសុទ្ធ ។

សមាជិក​វ័យ​ចំណាស់​ក្នុង​វួដ​ក៏​បាន​ចាប់ផ្តើម​ចែកចាយ​ទីបន្ទាល់​របស់​ពួកគាត់​នៅ​ព្រះវិហារ រួមទាំង​ចែកចាយ​ដំណើររឿង​សាមញ្ញៗ​អំពី​បុព្វការីជន​របស់​ពួកគាត់ និង​អារម្មណ៍​ដែល​ពួកគាត់​មាន​ក្នុង​ការធ្វើ​ពង្សប្រវត្តិ​របស់​ពួកគាត់ ។ ការធ្វើ​បែប​នេះ​បាន​បំផុស​គំនិត​ដល់​សមាជិក​វួដ​ដទៃ​ទៀត​ឲ្យ​ចង់​រៀន​បន្ថែម​ទៀត ហើយ​មិនត្រឹម​តែ​សមាជិក​វ័យ​ចំណាស់​នោះ​ទេ មាន​មនុស្ស​ជា​ច្រើន​បាន​ទាក់ទង​ទៅ​អ្នក​ប្រឹក្សា​ផ្នែក​ពង្សប្រវត្តិ​ដើម្បី​សុំ​ជំនួយ ។

តាមរយៈ​ការងារ​របស់​នាង​ជាមួយ​អ្នក​ដទៃ ម៉ារីប៊ែល​ថែមទាំង​អាច​ឆ្លងកាត់​ការរាំងស្ទះ​នៅ​ក្នុង​ការស្រាវជ្រាវ​គ្រួសារ​របស់​នាង​ទៀត​ផង ។ ខណៈ​ពេល​ជួយ​ស្ត្រី​ផ្សេងទៀត​ដែល​មាន​ឈ្មោះ សាន់ត្រា ខូរូណា ម៉ារីប៊ែល​បាន​រកឃើញ​ថា​នាង និង​បុព្វការីជន​របស់ សាន់ត្រា មក​ពី​ទីក្រុង​ដូចគ្នា​នៅ​ម៉ិកស៊ីកូ ។ ការរកឃើញ​នេះ​គឺ​រកឃើញ​នៅលើ​សំបុត្រ​អាពាហ៍ពិពាហ៍​សម្រាប់​ខ្សែ​ស្រឡាយ​គ្រួសារ​របស់​គាត់​ដោយ​មាន​បុព្វការីជន​របស់ សាន់ត្រា ធ្វើ​ជា​សាក្សី​ក្នុង​ព្រឹត្តិការណ៍​នោះ ។ ម៉ារីប៊ែល និង​សាន់ត្រា​មាន​អារម្មណ៍​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​រឿង​នេះ ។ ម៉ារីប៊ែល​បាន​និយាយ​ថា « ទំនាក់ទំនង​រវាង​ក្រុម​គ្រួសារ​របស់​យើង​បាន​មាន​ហួស​ពី​សម័យកាល ជំនាន់ ប្រទេស និង​សូម្បី​តែ​សាសនា ។ ខ្ញុំ​បាន​រក​ឃើញ [ សាន់ត្រា ] នៅ​ក្នុង​ប្រទេស​ផ្សេង​គ្នា និយាយ​ភាសា​ផ្សេង កាន់​សាសនា​ផ្សេង​ពី​សាសនា​របស់​បុព្វការីជន​យើង ប៉ុន្តែ​ទំនាក់ទំនង​របស់ [ ក្រុមគ្រួសារ​យើង ] ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​នៅ​បន្ត​មាន ។ ខ្ញុំ​ចូលចិត្ត​រឿង​នោះ » ។

ការស្វែងរក និងជួយ « មនុស្សម្នាក់ »

ម៉ារីប៊ែល​បាន​និយាយ​ថា « ខ្ញុំ​ទទួល​ស្គាល់​ថា មាន​សមាជិក​ជា​ច្រើន​ដែល​ដឹង​ថា​ពង្សាវលី​មាន​សារៈសំខាន់​ចំពោះ​សាសនា​របស់​យើង និង​សម្រាប់​ផែនការ​នៃ​សេចក្តីសង្គ្រោះ ប៉ុន្តែ​ពួកគេ​មិន​មាន​ឧបករណ៍ ឬ​ធនធាន​ដើម្បី​ធ្វើ​វា​ដោយ​ខ្លួន​ឯង​ទេ ។ នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​សម្រេចចិត្ត​ទាក់ទង​ទៅ​ពួកគាត់ ពីព្រោះ​ពួកគាត់​មាន​ពេល ពួកគាត់​ចូលចិត្ត​ចែកចាយរឿង ហើយ​ពួកគាត់​ដឹង​ថា​ការងារ​នេះ​សំខាន់ ។... ខ្ញុំ​កំពុង​ធ្វើ​ការងារ​នេះ ដើម្បី​ឲ្យ​ពួកគេ​អាច​ចូល​ប្រើ​បាន ដើម្បី​ឲ្យ​ពួកគាត់​អាច​រីករាយ​ជាមួយ​ពរជ័យ​នៃ​កិច្ចការ​នេះ » ។

បងប្អូនស្រី​ម្នាក់​កំពុង​បង្ហាញ​សៀវភៅដែល​មាន​រូបថត​របស់​បុព្វការីជន​របស់​គាត់​នៅ​ក្នុង​នោះ ។

កូន​សៀវភៅ​ដែល​មាន​រូប​ចាប់​ដៃ​គ្នា ដែល​ដាក់​ថា « mi genealogia » នៅ​លើ​នោះ ។

ម៉ារីប៊ែល​បាន​ចែកចាយ​បន្ថែម​ទៀត​ថា នាង​មាន​អារម្មណ៍​ថា នេះ​ជា​គឺ​ជា​អត្ថន័យ​នៃ​ដំណឹង​ល្អ ។ ដើម្បី​បម្រើ យើង​ត្រូវតែ « សម្លឹង​មើល​ជុំ​វិញ ហើយ​ឃើញ​ថា តើ​មាន​តម្រូវការ​អ្វីខ្លះ​ដែល​ត្រូវ​ធ្វើ និង​អ្វីខ្លះ​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​បំពេញ​តម្រូវការ​ទាំង​នោះ »។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ឱ នោះ​គឺជា​គំរូ​ដ៏​ល្អ​ណាស់​ហ្ន ដែល​ព្រះអង្គ​សង្គ្រោះ​បានបង្ហាញ​យើង—ថា តាមរយៈ​យើង​ម្នាក់ៗ​ឈោង​ទៅ​បម្រើ​ដល់​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ នោះ​យើង​អាច​ផ្សព្វផ្សាយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​ទូទាំង​ពិភពលោក​ហើយ » ។

ដូច​ដែល​ម៉ារីប៊ែល បាន​រកឃើញ​របៀប​ដើម្បី​ឈោង​ទៅ និង​ធ្វើ​ការងារ​បម្រើ​ដល់ « មនុស្ស​ម្នាក់ » នៅ​ក្នុង​វួដ​របស់​នាង យើង​ទាំងអស់​គ្នា​អាច​ឈោង​ទៅ និង​ស្វែងរក « មនុស្ស​ម្នាក់ » ដែល​មាន​អារម្មណ៍​ថា គ្មាន​គេ​ចង់​រាប់រក ឬ មិនមាន​តម្លៃ ។ ម្នាក់​ម្តងៗ ធ្វើកិច្ចការ​ជាមួយ​នឹង​មធ្យោបាយ​របស់​យើង យើង​អាច​ជួយ​ពួកគេ​បង្កើន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ​នឹង​គ្រួសារ​របស់​ពួកគេ ហើយ​ពួកគេ​ដឹង​ថា ពួកគេ កំពុង​ផ្សព្វផ្សាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។



នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

អំពី​អ្នកនិពន្ធ
Marissa Snyder loves spending time with family and friends, traveling, collecting and listening to music on vinyl records, and doing family history work. Growing up in a mixed-race household, she loves the richness of diverse family traditions, and enjoys learning about new cultures. She attended Brigham Young University where she received her degree in Communications: Public Relations. She has worked for FamilySearch as a PR Outreach Specialist.