ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ការរំពឹងទុកដែលខ្ញុំបានដាក់សម្រាប់ខ្លួនឯងពេលខ្លះមានអារម្មណ៍ថាធំធេងណាស់ ។ កិច្ចការដែលខ្ញុំត្រូវធ្វើ មានកាន់តែច្រើនឡើងៗ ហើយពេលខ្លះខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាមិនសម្រេចបានលទ្ធផលអ្វីសោះ ។
ជាញឹកញាប់នៅក្នុងជីវិតរបស់ខ្ញុំ ព្រះវិហារបរិសុទ្ធបានស្ថិតនៅអាទិភាពទាបជាងគេក្នុងចំណោមកិច្ចការដែលខ្ញុំត្រូវធ្វើ ។ ខ្ញុំភ្លេចរៀបចំផែនការទុកមុន ភ្លេចញែកពេលវេលា ភ្លេចរកអ្នកមើលកូនតូចជាដើម ។ វាហាក់ដូចជាកចិ្ចការដែលធ្វើឲ្យខ្ញុំរុញរា ។
ប៉ុន្ដែការពិតគឺថា ការចូលរួមព្រះវិហារបរិសុទ្ធ ពិតជាអាចសម្រាលបន្ទុករបស់យើង មិនមែនបន្ថែមបន្ទុកនោះទេ ។ នៅក្នុងដំណាក់នៃព្រះអម្ចាស់ យើងមានឱកាសដើម្បីខិតកាន់តែជិតព្រះគ្រីស្ទ ហើយតាមរយៈទ្រង់យើង ខិតកាន់តែជិតសមាជិកគ្រួសារដែលបានស្លាប់ទៅ ។ នៅក្នុងទំនាក់ទំនងនោះ មាននូវភាពសុខសាន្ដ និងភាពធូរស្បើយ ។
« នៅក្នុងព្រះវិហារបរិសុទ្ធ យើងទទួលបានការការពារ ។… យើងដកពិសោធន៍នូវសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌របស់យើងជាបរិបូរ ! យើងទទួលអារម្មណ៍សុខសាន្ត និងការធានាខាងវិញ្ញាណ ដែលផ្ទុយស្រឡះពីភាពចលាចលនៃលោកិយ » ។
រ័សុល អិម ណិលសុន « ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនឹងយាងមកម្ដងទៀត » Ensign ឬ លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ១២១
អំណោយទានដ៏អស់កល្បជានិច្ច
« ទំនាក់ទំនងនៃសេចក្តីសញ្ញារបស់ប្អូនជាមួយនឹងព្រះ និងព្រះយេស៊ូវគ្រីស្ទ គឺជាទំនាក់ទំនងនៃសេចក្តីស្រឡាញ់ និងការជឿទុកចិត្ត ដែលប្អូនៗមានលទ្ធភាពទទួលបានព្រះគុណដ៏ធំធេងរបស់ទ្រង់ទាំងទ្វេ—ជំនួយដ៏ទេវភាព អំណោយទាននៃកម្លាំង និងអំណាចរបស់ទ្រង់ទាំងទ្វេ » ។
ប្រ៊ាតលី អ័រ វិលខ័ក « ឱ ! យុវវ័យថ្លៃថ្នូរអើយ » Ensign ឬ លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ទំព័រ ៩៥
នីកគី ខេលី
ស្វាមីរបស់ខ្ញុំបានចូលរួមក្នុងសាសនាចក្រនៅពេលគាត់មានអាយុ ១៩ ឆ្នាំ នៅជានិស្សិតឆ្នាំទីមួយនៅសាកលវិទ្យាល័យ ។ ការសម្រេចចិត្តរបស់គាត់ក្នុងការឱបក្រសោបនូវសេចក្ដីជំនឿគឺបានទទួលឥទ្ធិពលមកពីមនុស្សជាច្រើន ប៉ុន្ដែឥទ្ធិពលដ៏ជ្រាលជ្រៅបំផុត គឺទទួលបានពីលោកយាយ ស្ទីវី របស់គាត់ ។ លោកយាយរបស់គាត់មិននៅក្នុងសាសនាចក្រយើងទេ ប៉ុន្ដែគាត់បង្ហាញគំរូនៃលក្ខណសម្បត្តិដ៏សំខាន់ក្នុងនាមជាស្ដ្រីដែលស្មោះត្រង់ និងកោតខ្លាចដល់ព្រះ ។ តាមរយៈពាក្យសម្ដី និងទង្វើរបស់គាត់ លោកយាយ ស្ទីវី បានបណ្ដុះនៅក្នុងខ្លួនរបស់ស្វាមីខ្ញុំ នូវគុណតម្លៃនៃសេចក្ដីស្រឡាញ់ ភាពអត់ធន់ និងការទុកចិត្តលើព្រះ ។
ប៉ុន្មានឆ្នាំមុន ខ្ញុំមានកិត្តិយសក្នុងការធ្វើកិច្ចការព្រះវិហារបរិសុទ្ធសម្រាប់គាត់ ។ ខណៈពេលកំពុងធ្វើពិធីលាងជម្រះសម្រាប់គាត់ ខ្ញុំបានដកពិសោធន៍នូវអ្វីមួយដែលមិនធម្មតា ។ ខ្ញុំទទួលអារម្មណ៍ថាមានវត្ដមានគាត់យ៉ាងខ្លាំង—ជាអារម្មណ៍នៃការយល់ស្រប និងអំណរដ៏លើសលប់ ។ នៅពេលនោះ ខ្ញុំកំពុងពុះពារយ៉ាងខ្លាំងជាមួយនឹងអារម្មណ៍ក្រោយពេលសម្រាលកូន ដែលមាននូវការតស៊ូនឹងភាពឯកា និងការអស់សង្ឃឹម ។ ប៉ុន្តែក្នុងអំឡុងពិធីបរិសុទ្ធដ៏ពិសិដ្ឋនោះ វាហាក់ដូចជាគាត់នៅទីនោះជិតខ្ញុំ ។
វត្តមានរបស់គាត់បានផ្តល់ដល់ខ្ញុំនូវអារម្មណ៍នៃភាពសុខសាន្ដ និងការធានាយ៉ាងខ្លាំង ។ គាត់ហាក់ដូចជាបានប្រាប់ខ្ញុំថា ខ្ញុំអាចស្វែងរកកម្លាំងនៅក្នុងព្រះវិហារបរិសុទ្ធ នៅក្នុងសេចក្ដីជំនឿរបស់ខ្ញុំ និងនៅក្នុងខ្លួនខ្ញុំ ។ បទពិសោធន៍នោះបានបំផុសគំនិតខ្ញុំឲ្យបន្ដត្រឡប់ទៅព្រះវិហារបរិសុទ្ធវិញ ទោះបីជាមានថ្ងៃដ៏លំបាកបំផុតក្ដី ។ សេចក្តីស្រឡាញ់ និងគំរូរបស់គាត់គឺជាអំណោយទានដ៏អស់កល្បជានិច្ច ដែលតភ្ជាប់ជំនាន់ក្រោយៗ និងពង្រឹងការធ្វើដំណើរខាងវិញ្ញាណរបស់យើង ។


អ្នកមិនឯកាឡើយ
« អស់អ្នកដែលថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ នឹងប្រដាប់ដោយព្រះចេស្ដានៃព្រះ ហើយពួកទេវតាតាម ‹ ថែរក្សាពួកគេ › ។ តើវាបង្កើនទំនុកចិត្តរបស់បងប្អូនប៉ុនណា ក្នុងការដឹងថា … បងប្អូនមិនចាំបាច់ប្រឈមមុខនឹងជីវិតនេះតែម្នាក់ឯងនោះ ? តើវាផ្ដល់ភាពក្លាហានអ្វីខ្លះដល់បងប្អូន ក្នុងការដឹងថាទេវតាពិតជានឹងជួយបងប្អូនមែននោះ » ?
រ័សុល អិម ណិលសុន « រីករាយនៅក្នុងអំណោយនៃកូនសោបព្វជិតភាព » Ensign ឬ លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ទំព័រ ១២១
ម៉ាកូ ហ្គូសវីនឃល

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលខ្ញុំបានប្រើ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដើម្បីស្វែងរកបុព្វការីជនរបស់ខ្ញុំ ។ ខ្ញុំបានដឹងថាកម្មវិធីនេះទាក់ទងនឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ទោះជាយ៉ាងនេះក្ដី ខ្ញុំមិនដែលចាប់អារម្មណ៍ទៅលើសាសនាចក្រ ឬការបង្រៀនរបស់សាសនាចក្រនេះឡើយ ។
យូរៗទៅ ខ្ញុំបានចាប់ផ្ដើមឆ្ងល់ថា ហេតុអ្វីសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទស្វែងរកបុព្វការីជនរបស់ពួកគេ ។ ខ្ញុំឆ្ងល់ថាតើមានអ្វីអំពីពង្សាវលីនៅក្នុងព្រះគម្ពីរមរមនដែរឬយ៉ាងណា ដូច្នេះ ខ្ញុំក៏សម្រេចចិត្ដបញ្ជាទិញព្រះគម្ពីរមរមនមួយក្បាលតាមអនឡាញ ។ មួយថ្ងៃក្រោយមក ពួកអ្នកផ្សព្វផ្សាយសាសនាបានទាក់ទងមកខ្ញុំ ហើយយើងចាប់ផ្ដើមជួបគ្នាជាប្រចាំ ។ ខ្ញុំមិនបានរកឃើញនូវជំនួយសម្រាប់ពង្សាវលីរបស់ខ្ញុំនៅក្នុងព្រះគម្ពីរមរមនទេ ប៉ុន្ដែខ្ញុំពិតជាបានរកឃើញសេចក្ដីពិត និងចម្លើយជាច្រើន ។
មុនពេលពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ខ្ញុំបានជួបជាមួយប្រធានបេសកកម្ម ។ គាត់បានសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំធ្វើពង្សាវលី ។ ខ្ញុំមិនមានចម្លើយចំពោះសំណួរនោះទេ ប៉ុន្តែគាត់មាន ៖ « ដោយសារបុព្វការីជនរបស់ប្អូនចង់ឲ្យប្អូនរកឃើញពួកគេ » ។
បួនខែក្រោយមក ខ្ញុំមានឱកាសទៅព្រះវិហារបរិសុទ្ធ ហ្វ្រែងហ្វើត ជាលើកដំបូង ហើយបានទទួលបុណ្យជ្រមុជទឹកជំនួសឲ្យជីតាទួតទាំង ៤ នាក់របស់ខ្ញុំ ។ ខ្ញុំបានភិតភ័យដោយសារខ្ញុំមិនបានដឹងឲ្យប្រាកដថាមានកិច្ចការអ្វីខ្លះឡើយ ។
ខ្ញុំនៅតែចងចាំ កាលខ្ញុំអង្គុយនៅបន្ទប់ធ្វើពិធីជ្រមុជទឹក ហើយពោលពាក្យអធិស្ឋាន ។ ភ្លាមៗនោះ ខ្ញុំបានមានអារម្មណ៍កក់ក្ដៅនៅក្នុងដួងចិត្ដខ្ញុំ ហើយខ្ញុំអាចទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធយ៉ាងខ្លាំង ។ ខ្ញុំអាចមានអារម្មណ៍ថាបុព្វការីជនរបស់ខ្ញុំមានវត្ដមានជាមួយខ្ញុំនៅពេលនោះ ។ ខ្ញុំនឹងមិនភ្លេចបទពិសោធន៍នោះឡើយ ។
ស្ទេហ្វានី ដបុលយូ
ខ្ញុំបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធកាលពី ២០ ឆ្នាំមុន ។ ក្នុងនាមជាសមាជិកតែម្នាក់នៅក្នុងគ្រួសាររបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ឯកោបន្តិចនៅពេលខ្ញុំដើរចូលទៅក្នុងបន្ទប់ផ្សារភ្ជាប់ ។ គ្មាននរណាម្នាក់មកពីគ្រួសាររបស់ខ្ញុំនៅទីនោះជាមួយខ្ញុំឡើយ ។
ខ្ញុំបានចំណាយពេលជាច្រើនខែក្នុងការស្វែងរក និងរៀបចំឈ្មោះគ្រួសារជាច្រើន ដើម្បីខ្ញុំអាចធ្វើជាអ្នកជំនួសដើម្បីឲ្យពិធីបរិសុទ្ធទាំងឡាយរបស់ពួកគាត់បានធ្វើឡើង ។ នៅថ្ងៃធ្វើពិធីផ្សារភ្ជាប់របស់ខ្ញុំ ខ្ញុំអាចទទួលអារម្មណ៍ថាពួកគាត់នៅទីនោះជាមួយខ្ញុំ កាលខ្ញុំមើលជុំវិញបន្ទប់ ។ ខ្ញុំមិនអាចមើលឃើញពួកគាត់ទេ ប៉ុន្ដែខ្ញុំបានដឹងថាពួកគាត់នៅទីនោះ ។ ខ្ញុំអាចទទួលអារម្មណ៍នៃសុភមង្គល និងសេចក្តីស្រឡាញ់របស់ពួកគាត់ចំពោះខ្ញុំ ។
បន្ទាប់ពីការផ្សារភ្ជាប់របស់យើង គ្រប់គ្នាបានឱប និងអបអរសាទរដល់ពួកយើង ។ បងប្អូនស្រីថ្លៃរបស់ខ្ញុំបានឱបខ្ញុំយ៉ាងណែន ហើយនិយាយថា « ខ្ញុំក៏មានអារម្មណ៍ថាពួកគាត់នៅទីនេះដែរ ! ពួកគាត់ស្រឡាញ់អ្នកខ្លាំងណាស់ » ។ នាងគឺជាសាក្សីទីពីររបស់ខ្ញុំ ។ អំណាចនៃទីបន្ទាល់នោះតែងនៅជាប់នឹងខ្ញុំជានិច្ច ពេលខ្ញុំបន្ដស្វែងរកសមាជិកគ្រួសារដែលបានស្លាប់ហើយរបស់ខ្ញុំ ។
ការកាន់តែមានភាពជិតស្និទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ
« ការបម្រើនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជាទៀងទាត់ និងការព្យាយាមរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋដែលយើងបានធ្វើនៅទីនោះ នឹងបង្កើនបំណងប្រាថ្នា និងសមត្ថភាពរបស់យើង ដើម្បីទទួលបទពិសោធន៍នៃការផ្លាស់ប្តូរនៃដួងចិត្ត ពលំ គំនិត និងព្រលឹងដែលចាំបាច់ ដើម្បីយើងប្រែក្លាយដូចជាព្រះអង្គសង្គ្រោះរបស់យើង » ។
ហ៊ោរហេ អិម អាល់វ៉ារ៉ាដូរ « Embrace the Lord's Gift of Repentance » Ensign ឬ Liahona ខែតុលា ឆ្នាំ២០២៤ ទំព័រ ៦៩
អ័រ ភីតធើរសុន
រាល់ថ្ងៃឈប់សម្រាកមកដល់ ខ្ញុំគិតដល់ព្រះវិហារបរិសុទ្ធ ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលគ្រួសាររបស់ខ្ញុំមានគោលដៅដើម្បីទៅព្រះវិហារបរិសុទ្ធជាមួយគ្នា នៅពេលយើងឈប់សម្រាកពីទំនួលខុសត្រូវផ្សេងៗរបស់យើង ។
មុនពេលយើងចាប់ផ្ដើមប្រពៃណីនេះ ព្រះវិហារបរិសុទ្ធដែលនៅជិតយើងបំផុតតម្រូវឲ្យយើងធ្វើការកក់ទុកការណាត់មុនជាច្រើនខែ ។ នៅពេលយើងមានឱកាសដើម្បីទៅព្រះវិហារបរិសុទ្ធ ទើបយើងបានដឹងថាយើងនឹងត្រូវចាកចេញពីក្រុង ហើយត្រូវខកខានឱកាសទៅព្រះវិហារបរិសុទ្ធម្ដងទៀត ។

ទីក្រុងដែលយើងទៅលេងមានព្រះវិហារបរិសុទ្ធមួយ ។ កន្លែងធ្វើបុណ្យជ្រមុជទឹកនៅទីនោះ ពុំតម្រូវឲ្យមានការកក់ទុកជាច្រើនខែមុននោះទេ ដូចនេះឪពុកម្ដាយរបស់ខ្ញុំបាននាំខ្ញុំទៅធ្វើពិធីបុណ្យជ្រមុជទឹកនៅទីនោះជំនួសវិញ ។ នៅឆ្នាំបន្ទាប់ ប្អូនប្រុសរបស់ខ្ញុំបានទៅធ្វើនៅទីនោះដែរ ហើយនៅឆ្នាំបន្ទាប់ទៀតនោះ វាបានក្លាយជាប្រពៃណីមួយ ។
ខណៈដែលការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធនេះបានកើតឡើង ដោយសារវាមានភាពងាយស្រួល វាបានអភិវឌ្ឍទៅជាសេចក្តីស្រឡាញ់ដ៏ពិតប្រាកដយ៉ាងឆាប់រហ័យចំពោះព្រះវិហារបរិសុទ្ធ និងបុព្វការីជនរបស់យើង ។ នៅគ្រប់ពេលដែលយើងទៅទីកន្លែងណាមួយជាលក្ខណៈគ្រួសារ សូម្បីតែនៅពេលឈប់សម្រាកនៅចុងសប្ដាហ៍រយៈពេលវែងក្ដី ក៏យើងរកមើលព្រះវិហារបរិសុទ្ធដែលនៅជិតបំផុត ហើយឆ្លៀតពេលទៅដែរ ។
ខណៈពេលដែលយើងចាត់ទុកថាការចូលរួមព្រះវិហារបរិសុទ្ធគឺជា « ទំនួលខុសត្រូវ » មួយក្នុងចំណោមទំនួលខុសត្រូវផ្សេងទៀតដែលយើងគួរតែឈប់សម្រាកសម្រាប់វិស្សមកាលរបស់យើង ការធ្វើឲ្យព្រះវិហារបរិសុទ្ធជាអាទិភាពបានផ្លាស់ប្ដូរគ្រួសាររបស់យើង ។ បន្ទាប់ពីការត្រឡប់មកពីព្រះវិហារបរិសុទ្ធវិញម្តងៗ មាននូវភាពខុសប្លែកគ្នាគួរឲ្យកត់សម្គាល់នៅក្នុងរបៀបដែលយើងនិយាយ និងធ្វើសកម្មភាព ។ យើងកាន់តែមានចិត្ដល្អចំពោះគ្នាទៅវិញទៅមក កាន់តែមានភាពអត់ធ្មត់ និងកាន់តែមានការយោគយល់គ្នា ។
ការចំណាយពេលវិស្សមកាលជាមួយសមាជិកគ្រួសារមិនធ្វើឲ្យអ្នកកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាដោយស្វ័យប្រវត្តិនោះទេ ។ ការចំណាយពេលនៅក្នុងព្រះវិហារបរិសុទ្ធជាមួយគ្រួសារដ៏អស់កល្បជានិច្ចរបស់យើង—ទាំងអ្នកនៅរស់ និងអ្នកដែលស្លាប់ហើយ—តែងធ្វើឲ្យមានភាពជិតស្និទ្ធិគ្នាជានិច្ច ។
ការស្វែងរកឈ្មោះ
ប្រសិនបើអ្នកចង់យកឈ្មោះគ្រួសារទៅព្រះវិហារបរិសុទ្ធ ប៉ុន្ដែមិនដឹងពីរបៀបដើម្បីធ្វើវាទេ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារមាននូវធនធានជាច្រើនដើម្បីជួយឲ្យការស្វែងរកឈ្មោះមានភាពងាយស្រួល ។ តំណភ្ជាប់ទាំងនេះអាចជួយបាន ៖
- ពិធីបរិសុទ្ធត្រៀមរួច
- ការរៀបចំឈ្មោះ
- ការរៀបចំខ្លួនអ្នក
- ដាក់កាលវិភាគនៃការណាត់ជួបទៅព្រះវិហារបរិសុទ្ធ
- ការស្វែងរកបុព្វការីជនដែលត្រូវការកិច្ចការព្រះវិហារបរិសុទ្ធនៅក្នុងមែកធាងគ្រួសារ
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។