របៀប​សម្អាត​ស្លាក​ព្រលឹង ៖ គន្លឹះ និង​តិចនិច​ខ្លះៗ

កុមារ​ម្នាក់ និង​ម្តាយ​របស់​គាត់​សម្អាត​ស្លាក​ព្រលឹង​មួយ​ដែល​មាន​សំណេរ​ជាភាសា​ជប៉ុន​នៅលើ​នោះ ។

ស្លាក​ព្រលឹង​ដែល​គេ​ក៏​ហៅថា​ថ្ម​ក្បាល​ផ្នូរ ឬ​ថ្ម​ដាក់​នៅ​ក្បាល​ផ្នូរ ដែល​ជា​ធម្មតា​ត្រូវ​បាន​ដាក់​ដើម្បី​សម្គាល់​កន្លែង​បញ្ចុះសព​របស់​សមាជិក​គ្រួសារ​ជាទីស្រឡាញ់ ។ ថ្ម​រំឭក​ការ​ចងចាំ​ទាំងនេះ​ក៏​ត្រូវបាន​ដាក់​នៅ​ទីបញ្ចុះសព​ដើម្បី​ទុកជា​ការចងចាំ​ដល់​មនុស្ស​ជាទី​ស្រឡាញ់​ផងដែរ ដែល​អាច​ត្រូវបាន​គេ​យកទៅ​បញ្ចុះ​នៅ​កន្លែង​ផ្សេង ឬ​ដែល​មិនអាច​យកទៅ​បញ្ចុះ​បាន​ដោយសារ​ហេតុផល​មួយចំនួន​ណាមួយ ។

ប្រពៃណី​នៃ​ការសម្គាល់​កន្លែង​បញ្ចុះសព​​មាន​អាយុកាល​រាប់ពាន់ឆ្នាំ​មកហើយ ។ វប្បធម៌​នីមួយៗ​មាន​របៀប​ផ្សេងៗគ្នា ​ដើម្បី​គោរព​ដល់​មរណជន​របស់​ពួកគេ ។ ចេញពី​ដំបូកដី​​ធម្មតា គំនរ​ដុំថ្ម ឬ​ដើមឈើ​ដែល​ទើប​ដាំថ្មី រហូតដល់​ថ្ម​ស្លាកសញ្ញា​ដែលបាន​ឆ្លាក់​យ៉ាងស្រស់ស្អាត ស្លាក​សម្គាល់​ផ្នូរ​គឺ​ត្រូវបាន​ធ្វើពី​សម្ភារ​ផ្សេងៗគ្នា ។

ទីបញ្ចុះសព​មួយ​នៅ​ប្រទេស​ម៉ិកស៊ិក ដែលមាន​ផ្កា​ចម្រុះ​ពណ៌​នៅលើ​ស្លាក​ព្រលឹង និង​ផ្នូរ​ជាច្រើន

ស្លាក​ព្រលឹង​ក៏អាច​ជាប្រភព​នៃ​ព័ត៌មាន​ពង្សាវលី​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ផងដែរ ។ ស្លាក​ព្រលឹង​ទាំងនោះ​រួមមាន​ទាំង​ឈ្មោះ និង​កាលបរិច្ឆេទ ។ ជាញឹកញាប់ សមាជិក​នៃ​ក្រុម​គ្រួសារ​មួយ​ ត្រូវបាន​យកទៅ​បញ្ចុះ​នៅ​ក្បែរៗគ្នា ការធ្វើ​បែបនេះ​វា​ជួយ​ឲ្យ​មាន​ភាពងាយស្រួល​ដល់អ្នកស្រាវជ្រាវ​ពង្សាវលី​ក្នុងការ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​កាលបរិច្ឆេទ​ជាមួយនឹង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ផ្សេងៗទៀត ។ ដោយសារ​អាកាសធាតុ ធម្មជាតិ ការឆ្លង​កាត់​នៃ​ពេលវេលា និង​កត្តា​ផ្សេងៗទៀត ស្លាក​ព្រលឹង​អាច​​សឹក កខ្វក់ កាន់ស្លែ ឬ​មាន​រុក្ខជាតិ​ផ្សេងៗ​ដុះ​លើ ខូច​បែកបាក់ និង​មិន​អាច​អាន​បាន ។ ជាអកុសល ប្រសិនបើ​ស្លាក​ព្រលឹង​ត្រូវបាន​សម្អាត​ដោយ​សម្ភារ​មិន​ត្រឹមត្រូវ ការសម្អាត​នោះ​អាច​បណ្តាល​ឲ្យ​វា​ខូចខាត​ជាអចិន្ត្រៃយ៍​កាន់តែ​ខ្លាំង ។

ការរៀន​ពីរបៀប​សម្អាត​ស្លាក​ព្រលឹង​ឲ្យ​បាន​ត្រឹមត្រូវ ពិត​ជា​មាន​សារៈសំខាន់​ណាស់​ចំពោះ​អាយុ​កាល​នៃ​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​ជំនួស​បាន​ទាំង​នេះ ។ អ្នក​អាច​ធ្វើ​ឲ្យ​ទីសម្រាក​របស់​បុព្វការីជន​របស់អ្នក ​មាន​ភាព​ស្រស់ស្អាត​បាន​ដោយ​មិន​មាន​ការបំផ្លាញ​បន្ថែម​ទៀត​ដល់​ស្លាក​ព្រលឹង​ដែល​ចាស់ និង​ខូចខាត ។ នេះ​ជាអ្វី​ដែល​អ្នក​គួរដឹង ។

សីលធម៌ និងការអនុញ្ញាតតាមផ្លូវច្បាប់

ទីបញ្ចុះសព​ជុំវិញ​ពិភពលោក​ មាន​ច្បាប់​ទម្លាប់​ផ្សេងៗគ្នា​អំពី​សីលធម៌ និង​ច្បាប់ ។ ប្រសិនបើ​ស្លាក​ព្រលឹង​មាន​ទីតាំង​នៅក្នុង​ទីបញ្ចុះសព​សាធារណៈ ឬ​ព្រះវិហារ អ្នកត្រូវ​ប្រាកដថា អ្នក​បាន​សុំ​ការអនុញ្ញាត​ជាមុន​សិន​ដើម្បី​សម្អាត​វា ។ នៅក្នុង​ក្រុង​មួយ​ចំនួន ស្លាក​ព្រលឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មនុស្ស​ដែល​បាន​ទិញ​វា ហើយ​សាលា​ក្រុង​មិនមាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​អ្នកដទៃ​ចូលមក​សម្អាត​ទីធ្លា​ផ្នូរ​នោះទេ ។ សូម​ទាក់ទងទៅ​កន្លែង​ទីបញ្ចុះសព ឬ​ព្រះវិហារ​ដែល​ផ្នូរ​នោះ​ស្ថិតនៅ ដើម្បី​ដឹង​ថា​អ្នក​ត្រូវ​សុំ​ការអនុញ្ញាត​ពី​នរណា ។ សូម​កុំ​សម្អាត​ស្លាក​ព្រលឹង​ណាមួយ​ ​ដោយ​ពុំ​បាន​ទទួល​ការអនុញ្ញាត​​ឲ្យ​ធ្វើ​ការសម្អាត​នោះ​ឡើយ ។

ទីបញ្ចុះសព​ភាគច្រើន​គឺជា​កន្លែង​នៃ​គាវរភាព និង​ភាពស្ងប់ស្ងាត់ ។ សូម​ពិចារណា​រក​ពេលវេលា​ដ៏ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​ការសម្អាត​បាន ចៀសវាង​កុំឲ្យ​រំខាន​ដល់​អ្នកដទៃ​ដែល​ទៅ​លេង​សាច់ញាតិ​របស់​គេ​នៅ​ទី​បញ្ចុះសព​នោះ ។

ការពិនិត្យមើលស្ថានភាពនៃស្លាកព្រលឹង

សូម​ពិនិត្យ​មើល​ស្ថានភាព​នៃ​ស្លាក​ព្រលឹង មុនពេល​អ្នក​ចាប់ផ្តើម​ធ្វើ​ការសម្អាត ។ តើ​វា​មាន​ការខូចខាត​ដែរ​ឬ​ទេ ? តើ​វា​មាន​បែក ប្រេះ ឬ​ខូចខាត​អ្វី​ផ្សេង​ទៀត​ដែរ​ទេ ? មាន​វិធី​ងាយស្រួល​មួយ​ដើម្បី​ពិនិត្យ​មើល​ការបែកបាក់​ដែល​ពី​ដំបូង​ឡើយ​វា​អាច​ពិបាក​ក្នុង​ការមើល​ឃើញ ។ បន្សើម​ថ្ម​ជាមួយ​ទឹក​ស្អាត ហើយ​សង្កេត​មើល​វា​ខណៈពេល​ដែល​វា​ចាប់ផ្ដើម​ស្ងួត ។ នៅពេល​ដែល​វា​ឡើង​ស្ងួតនោះ ​ស្នាមប្រេះ​នឹង​បង្ហាញ​ឡើង​ជាស្នាម​ឆ្កូត​សើមៗ ។ ប្រសិនបើ​ដំណើរការ​នេះ​នាំ​ឲ្យ​រកឃើញ​ការប្រេះ​នៅលើ​ស្លាក​ព្រលឹង ឬ​ប្រសិនបើ​មាន​ការខូចខាត​​ធំ នោះ​វា​ជា​ការប្រសើរ​ជាង​ដែល​អ្នក​គួរតែ​កុំ​ប៉ះពាល់​វា​ឡើយ ដើម្បី​ជៀសវាង​ធ្វើឲ្យ​មាន​ការខូចខាត​បន្ថែមទៀត ។

គោលការណ៍​ណែនាំ​ដ៏ល្អ​មួយ​គឺថា បើ​អ្នក​មាន​​ការសង្ស័យ​ទោះបី​វា​ការសង្ស័យ​តូច​មួយ​ក្ដី​​ថា​ស្លាក​ព្រលឹង​នោះ​ឈរ​នៅនឹង​ឬ​អត់ទេ ចូរ​ទុក​វា​ឲ្យ​នៅ​បែបនោះ​ទៅ​កុំ​ប៉ះពាល់​វា​ឲ្យសោះ ។

ស្លាក​ព្រលឹង​ធ្វើពី​ថ្មម៉ាប​នៅលើ​ទីទួល​ដែល​បែរមុខ​ទៅ​រក​សមុទ្រ
ស្លាក​ព្រលឹង​​ត្រូវបាន​ធ្វើ​ពី​ធាតុផ្សំ​​ផ្សេងៗ​ពី​គ្នា​ជាច្រើន រួមទាំង​​ថ្មម៉ាប​រំឭក​ការចងចាំ​ទាំងនេះ​ ​នៅទីក្រុង​ស៊ែរីហ្វូ ប្រទេស​ក្រិក ។

តើស្លាកព្រលឹងចាស់ៗធ្វើអំពីអ្វី

ប្រសិនបើ​អ្នក​ចង់​ដឹង​ពីរបៀប​ដ៏ល្អ​បំផុត​ដើម្បី​សម្អាត​ស្លាក​ព្រលឹងនោះ​ អ្នក​នឹង​ចង់​កំណត់​ថា​វា​ត្រូវ​បាន​ធ្វើ​ឡើង​ពី​អ្វី ។ ស្លាក​ព្រលឹង​ពីមុនៗ​មក​ជាច្រើន​ ត្រូវបាន​ធ្វើឡើង​ជាមួយ ថ្ម​បន្ទះ ឬ​ថ្ម​ភក់ ។ ធាតុផ្សំ​​ទូទៅ​ផ្សេងៗ​ទៀត​អាច​មាន​ឈើ បេតុង ថ្មកំបោរ ថ្មម៉ាប ដែក សំរិទ្ធ និង​ថ្ម​ក្រានីត ។

រឿង​មួយ​ចំនួន​ដែល​ត្រូវ​ពិចារណា ៖

  • ថ្មភក់​គឺមាន​ភាពផុយ​ស្រួយ​ណាស់ ហើយ​ងាយ​នឹង​ពុកផុយ និង​រលាយ​ទៅតាម​ពេលវេលា ។ 
  • ថ្មម៉ាប​មាន​ភាពទន់ និង​មាន​ភាពផុយ​ស្រួយ និង​ងាយ​កាត់​នឹង​ជាតិ​អាស៊ីត និង​សារធាតុគីមី​ខ្លាំង ។ 
  • ថ្ម​បន្ទះ​មាន​ភាពធន់​ជាង ប៉ុន្តែ​វាក៏​អាច​ផុយបែក​ផងដែរ ដែល​បណ្តាល​ឲ្យ​បែក​តាម​ស្នាមឆូត​ធម្មជាតិ​របស់វា ។ 
  • ថ្ម​ក្រានីត​គឺជា​ថ្ម​រឹង​ខ្លាំង និង​ប្រើប្រាស់​ធន់​បាន​យូរ ។ វា​គឺជា​ថ្ម​ដែល​ពេញនិយម​នាពេល​បច្ចុប្បន្ន​នេះ សម្រាប់​យក​ទៅ​ធ្វើ​ស្លាក​ព្រលឹង​ពីព្រោះ​វា​ទប់ទល់​នឹង​អាកាសធាតុ​បាន​ល្អ ។ វា​អាច​ទប់ទល់​ជាមួយនឹង​ផលិតផល​សម្អាត​បាន​ល្អ​ប្រសើរ​ជាងគេ ។ 

កញ្ចប់ធាតុផ្សំសម្រាប់សម្អាតស្លាកព្រលឹង

នៅពេល​អ្នក​បាន​កំណត់​ធាតុផ្សំ​ប្រើ​សម្រាប់​ធ្វើ​ស្លាក​ព្រលឹង​នេះ​ហើយ ​បាន​ពិនិត្យ​មើល​ស្ថានភាព​របស់​ស្លាក​ព្រលឹង​នោះ​រួច វា​ដល់ពេល​ដែល​ត្រូវ​យក​ធាតុផ្សំ​ទាំងនោះទៅ​សម្អាត​ស្លាក​ព្រលឹង​ដែល​អ្នក​មាន​ហើយ ។

សូម​បង្កើត​កញ្ចប់​សម្រាប់​សម្អាត​ស្លាក​ព្រលឹង​ដោយខ្លួនឯង​ជាមួយនឹង​វត្ថុ​ដូចខាងក្រោមនេះ ៖

  • ជក់​ដែល​មាន​រោមទន់ 
  • ឈើ ឬ​ជ័រប្លាស្ទិក​សម្រាប់​ឈូសកៀរ 
  • ទឹកចម្រោះ​ដោយ​ចំហុយ 
  • Orvus paste ( សាប៊ូ​សម្រាប់​លាងសម្អាត )
  • ទឹក​លាងសម្អាត​ស្នាមប្រលាក់ D/2 Biological Solution ( ប្រើ​សម្រាប់​ការដុះលូតលាស់​នៃ​ជីវសាស្រ្ត )
  • ធុង 
  • ដប​សម្រាប់​បាញ់ 
  • ក្រណាត់​ទន់​ធ្វើ​ពី​វត្ថុ​ធាតុ​ធម្មជាតិ ( បើ​បាន​ក្រណាត់​កប្បាស​រឹតតែ​ល្អ ) 
  • ទុយោទឹក ( ប្រសិនបើ​ត្រូវបាន​អនុញ្ញាត និង​អាច​ប្រើបាន ) 
  • ស្រោមដៃ 
  • សម្ភារ​ការពារ​ភ្នែក 
  • ថ្នាំបាញ់​សម្លាប់​សត្វល្អិត 

អ្វីដែលត្រូវចៀសវាង

ទាំងនេះ​គឺជា​ឧបករណ៍ និង​សារធាតុផ្សំ​មួយ​ចំនួន​ដែល​អាច​បណ្តាល​ឱ្យ​មាន​ការខូចខាត​ដល់​ស្លាក​ព្រលឹង​ដោយ​អចេតនា​ណាមួយ ៖

  • ឧបករណ៍​ប្រើ​ថាមពល​ដូចជា​ម៉ាស៊ីន​សម្រាប់​លាងសម្អាត ឬ​សម្រាប់​ដុសខាត់  
  • ឧបករណ៍​ដែក​រឹង 
  • ជក់​ធ្វើពី​លួស និង​ប្រដាប់ខាត់  
  • ទឹកថ្នាំ​ដាក់​ឲ្យ​ស​ ឬ​ឧបករណ៍​សម្អាត​ដែល​មាន​ជាតិ​អាស៊ីត 
  • ក្រែម​លាប​កោរពុកមាត់ 
  • ឧបករណ៍​សម្អាត​ផ្ទះ​ទូទៅ ( ករណី​លើកលែង​តែមួយគត់​គឺ​សាប៊ូ​លាងចាន ម៉ាក​Dawn និង​ទឹក​សម្អាត​កញ្ចក់​ដែល​គ្មាន​ជាតិ​អាម៉ូញាក់ ដែល​គេ​អាច​យកមក​ប្រើ​ដើម្បី​សម្អាត​ស្លាក​ព្រលឹង​ថ្មក្រានីត​បាន ) ។

ព្យាយាម​ចៀសវាង​ធ្វើ​ការសម្អាត​ក្នុង​ពេល​មាន​អាកាសធាតុ​ក្តៅ ឬ​ត្រជាក់​ខ្លាំង ។ ការដាក់​ទឹក​ត្រជាក់​នៅលើ​ថ្ម​ដែល​ក្តៅ​អាច​បណ្តាល​ឲ្យ​ប្រេះ​បាក់​​ថ្ម​បាន ។ លើសពី​នេះទៀត ប្រសិនបើ​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​ដល់​ថ្នាក់កក សូម​រង់ចាំ​រហូតដល់​សីតុណ្ហភាព​ក្តៅ​បន្តិច ។ ទឹក​ដែល​កក​ក៏អាច​បណ្តាល​ឲ្យ​ថ្ម​ប្រេះ និង​បាក់​បាន​ផងដែរ ។

ការណែនាំជាជំហានៗ ដើម្បីសម្អាតស្លាកព្រលឹងចាស់ៗ

ស្ត្រី​ម្នាក់​សម្អាត​ស្លាក​ព្រលឹង​គ្រួសារ​របស់នាង​ដែល​បាន​តុបតែង​ដោយ​ផ្កាដ៏​ស្រស់ស្អាត ។

ដោយ​ចាំថា​ស្លាក​ព្រលឹង​ត្រូវបាន​ធ្វើឡើង​ពី​អ្វី​រួមទាំង​ច្បាប់ និង​សីលធម៌​នៅក្នុង​តំបន់​របស់​អ្នក វា​ដល់ពេល​ហើយ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​ដុស​ខាត់​លាងសម្អាត​ ។ អ្នក​អាច​ពិចារណា​នូវ​វិធីសាស្រ្ត​ផ្សេងៗគ្នា​នៅពេល​សម្អាត​ស្លាក​ព្រលឹង​ចាស់ៗ ។

នៅពេល​ជ្រើសរើស​សម្ភារ​សម្អាត ត្រូវ​ប្រាកដថា​សារធាតុ​គីមី​នឹង​មិន​បំផ្លាញ​ប្រភេទ​ថ្ម​ដែល​ស្លាក​ព្រលឹង​បាន​ធ្វើឡើង​ឡើយ ។ អ្នក​ប្រហែលជា​ត្រូវ​ធ្វើ​ការស្រាវជ្រាវ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង ដើម្បី​កំណត់ថា​តើ​ឧបករណ៍​សម្អាត​មួយណា​ដែល​ល្អបំផុត​សម្រាប់​សម្អាត​ស្លាក​ព្រលឹង​ជាក់លាក់​ណា​មួយ​ដែល​អ្នក​ចង់​សម្អាត​នោះ ។

ចូរ​កុំ​ដាក់​សារធាតុ​គីមី​ណាមួយ​នៅលើ​ស្លាក​ព្រលឹង ប្រសិនបើ​អ្នក​មិន​ដឹងថា​សារធាតុ​គីមី​នោះ​នឹង​មាន​ប្រតិកម្ម​យ៉ាងណា​ជាមួយ​នឹង​ថ្ម​នោះ​ទេ ។ ភាគ​ច្រើន គ្រាន់តែ​ទឹកស្អាត​គឺ​វា​គ្រប់គ្រាន់ហើយ ។

ជំហាន ទី១ ៖ បន្សើមថ្ម

ត្រូវ​ប្រាកដថា​អ្នក​បាន​យក​ទឹកស្អាត​មក​ជាមួយ​អ្នក​គ្រប់គ្រាន់ ។ បន្សើម​ស្លាក​ព្រលឹង​ឲ្យ​ជោគ​សព្វ​ជាមួយ​ទឹក​ស្អាត ។ ការធ្វើ​ឲ្យ​ថ្ម​សើម​នឹង​ជួយ​ការពារ ឬ​កាត់​បន្ថយ​សារធាតុ​គីមី​ដែល​អាច​ស្រូប​ចូល​ទៅក្នុង​ផ្ទៃថ្ម​ដែលមាន​ភាព​ផុយស្រួយ ។ ទឹកស្អាត​គឺជា​ជំហាន​ដំបូង​ក្នុង​ការដក​យក​ភាពកខ្វក់ និង​កាកសំណល់​លើ​ផ្ធៃថ្ម​នោះ ។

ជំហាន ទី២ ៖ យកកាកសំណល់ចេញ

ប្រើ​ជក់​រោម​ទន់ៗ​បោស​យក​ស្លែ ធូលី ស្លឹកឈើ និង​ស្លែ​ចេញ​ដោយ​ថ្នមៗ ។ ស្លែ​គឺជា​ប្រភេទ​រុក្ខជាតិម៉្យាង​នៃ​សរីរាង្គ​ពីរ ( ផ្សិត និង​សារាយ ) ដែល​ត្រូវបាន​រកឃើញ​ជាញឹកញាប់​នៅលើ​ស្លាក​ព្រលឹង​ចាស់ៗ ។ អ្នក​អាច​ប្រើ​ឈើ ឬ​ជ័រប្លាស្ទិក​ឈូសកៀរ​ ប្រសិនបើ​មាន​ច្រើន ប៉ុន្តែ​បន្ត​ធ្វើ​ដោយ​ថ្នមៗ ។

ជំហាន ទី៣ ៖ លាបទឹកសម្រាប់លាងសម្អាត ហើយជូតយ៉ាងថ្នមៗ

ធ្វើ​ការសាកល្បង​ឧបករណ៍​សម្អាត​ដែល​អ្នក​នឹង​ប្រើ​នៅលើ​ថ្ម​នោះ​ពីមុនពេល​បន្ត​ដំណើរការ​លាងសម្អាត​ទាំងមូល ។ អ្នក​អាច​ពិចារណា​សាកល្បង​ផ្ទៃ​តូច​ណាមួយ ហើយ​បន្ទាប់​មក​ទុកឲ្យ​វា​ស្ងួត​ទាំងស្រុង ដើម្បី​មើលថា​តើ​វា​មាន​សភាព​បែបណា ។

ដោយ​ប្រើ​ជក់​រោម​ទន់ៗ ក្រណាត់ ឬ​អេប៉ុង​ទន់​ ជូត​ថ្មមៗ​នៅលើ​ស្លាក​ព្រលឹង​ក្នុង​ចលនា​រាង​ជារង្វង់ ។ ចូរ​កុំ​សង្កត់​ខ្លាំងពេក ។ អ្នក​តែងតែ​អាច​លាងសម្អាត​លើ​វា​ម្តងទៀត​បាន​ប្រសិនបើ​អ្នក​ចង់ ។ ចូរ​រក្សា​ផ្ទៃ​ថ្ម​ខាងលើ​សើម​ខណៈពេល​ដែល​អ្នក​សម្អាត ។

ចូរ​កុំ​ប្រើ​ឧបករណ៍​ដែក​សម្រាប់​ជូត ព្រោះ​វា​អាច​កោស កូត និង​ខូចខាត​ស្លាក​ព្រលឹង​បាន ។

នៅពេល​អ្នកជូតថ្ម ចូរ​សម្អាត​វា​ពី​ក្រោម ហើយ​ផ្លាស់ទី​ឡើង​ទៅលើ ។ របៀបធ្វើ​នេះ​ស្ដាប់ទៅ​ហាក់​ដូចជា​ឆ្គង ពីព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​មាន​ទឹក​កខ្វក់​ធ្លាក់​ចុះ​ចំ​កន្លែង​ដែល​អ្នក​បាន​សម្អាត​រួចហើយ ។ ការធ្វើ​របៀប​គឺ ធានាថា​ថ្ម​នេះ​ត្រូវបាន​សើម​ទឹក​គ្រប់គ្រាន់​មុនពេល​ទឹក​កខ្វក់​ហូរ​ប៉ះ​លើ​ផ្ទៃ​នោះ ដូច្នេះ​ហើយ​វា​ជួយ​ការពារ​ស្នាម​ប្រតាក​មកពី​របៀប​លាង​សម្អាត​នេះ ។

តើខ្ញុំអាចប្រើឧបករណ៍សម្អាតមួយណា ?

ស្ត្រី​ម្នាក់​ពាក់​ស្រោមដៃ កាន់​ច្រាស់​រៀបចំ​ដើម្បី​ដុសជូត​ស្លាក​ព្រលឹង​ដែល​សើម ។

អ្នកជំនាញ​ណែនាំ​ឲ្យ​ប្រើ​ជម្រើស​ដែល​ស្រាល​បំផុត នៅពេល​និយាយ​អំពី​ការប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​សម្អាត​ថ្ម ។ ក្នុង​ករណី​ជាច្រើន ទឹកស្អាត​ដោយ​គ្មាន​សាប៊ូ​សោះគឺ​​គ្រប់គ្រាន់​ហើយ ។ អ្នក​អាច​ប្រើ​ឧបករណ៍​សម្អាត​ដែល​មិន​មាន​សារធាតុ​អីយ៉ូត ដូចជា Orvus paste ជា​ភ្នាក់ងារ​សម្រាប់​សម្អាត ។ មាន​វិធីសាស្រ្ត​ផ្សេងៗ​ក្នុង​ការលាប​ថ្នាំ​សម្អាត​នោះ ។ អនុវត្ត​តាម​ការណែនាំ​នៅលើ​ធុង​ថ្នាំ​នោះ សម្រាប់​ការអនុវត្ត​ល្អបំផុត ។ ត្រូវ​ប្រាកដថា​លាង​ថ្នាំ​ទាំងអស់​ចេញ​ជាមួយ​ទឹក ។

បន្ទាប់ពី​ការសម្អាត​ដំបូង ថ្ម​អាច​នៅតែ​មាន​ស្លែ ឬ​ក្អែល នៅជាប់​នឹង​ស្លាក​ព្រលឹង​នោះ ។ នៅក្នុង​ករណី​នេះ អ្នក​អាច​ប្រើ​ឧបករណ៍​សម្អាត​ជីវគីមី ( ដូចជា D/2 Biological Solution ) ដើម្បី​ដកយក​វត្ថុ​ដែល​មាន​ជីវសាស្រ្ត​ដែល​នៅ​សេសសល់​ចេញ ។ អនុវត្ត​តាម​ការណែនាំ​នៅលើ​ធុង​ថ្នាំ​សម្រាប់​សម្អាត​ដោយ​ប្រុងប្រយ័ត្ន ។ ប្រសិនបើ​អ្នក​ប្រើ​សារធាតុ​មាន​ជីវគីមី វា​អាច​ត្រូវ​ចំណាយពេល​ជាច្រើន​ថ្ងៃ ឬ​ច្រើន​សប្តាហ៍​ផង​ក៏​ថាបាន ​ដើម្បី​មើលឃើញ​ពី​ឥទិ្ធពល​ទាំងស្រុង​នៃ​ការសម្អាត​នោះ ។ ចូរ​កុំ​បារម្ភ​ឡើយ ប្រសិនបើ​អ្នក​ឃើញ​មាន​ពណ៌​ទឹកក្រូច​លេចឡើង​នៅលើ​ថ្ម​បន្ទាប់ពី​អ្នក​លាប​សារធាតុ​ជីវគីមី​រួច ។ ពណ៌​នេះ​កើតឡើង​មកពី​សារធាតុ​ជីវសាស្រ្ត​នៅលើ​ថ្ម​ងាប់ ហើយ​ជាធម្មតា​វា​នឹង​បាត់​ទៅវិញ​តាម​ពេលវេលា ។

ជំហាន ទី៤ ៖ លាងសម្អាតឲ្យបានគ្រប់ជ្រុងជ្រោយ

លាង​ថ្ម​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ជាមួយ​នឹង​ទឹកស្អាត ។ ជំហាន​នេះ​គឺជា​ជំហាន​សំខាន់​បំផុត​ក្នុង​ចំណោម​ជំហាន​ទាំងអស់ ។ ការទុក​សារធាតុ​គីមី​នៅលើ​ថ្ម​ប្រាកដ​ណាស់​ជា​វិធីមួយ​ដែល​បំផ្លាញ​ស្លាក​ព្រលឹង​នោះ ។ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព សូម​លាង​ថ្ម​នោះ​ជាមួយ​ទឹក​ឲ្យបាន​ច្រើនដង ។ អ្នក​ក៏អាច​ប្រើ​ក្រណាត់​ស្អាត​ផងដែរ ដើម្បី​ប្រាកដថា​អ្នក​អាច​ដកយក​ថ្នាំ​សម្រាប់​សម្អាត​ទាំងអស់​ចេញ​បាន​ស្អាតល្អ ។

ជំហាន ទី៥ ៖ សម្ងួត

វា​ជា​ការល្អ​បំផុត​ដើម្បី​អនុញ្ញាត​ឲ្យ​ថ្ម​ចាស់​ទាំងនោះ​​ស្ងួត​តាម​ធម្មជាតិ ។ ការអនុញ្ញាត​ឲ្យ​ថ្ម​ស្ងួត​តាម​ធម្មជាតិ​អាច​ចំណាយពេល​ជាច្រើន​ថ្ងៃ អាស្រ័យ​ទៅលើ​ជម្រៅ​នៃ​រន្ធ​ថ្ម និង​ស្ថានភាព​អាកាសធាតុ​ផងដែរ ។

ជំហាន ទី៦ ៖ ពិនិត្យមើលឡើងវិញ

បុរស និង​ស្ត្រី​ម្នាក់​សម្អាត​ស្លាក​ព្រលឹង មួយ​ដែល​មាន​សំណេរ​ជាភាសា​ជប៉ុន​នៅលើ​នោះ ។

ចូរ​កុំ​ប្រញាប់ប្រញាល់​ដើម្បី​ធ្វើ​ឲ្យ​ថ្ម​ស្អាត​យ៉ាងល្អ​ឥតខ្ចោះ​ដោយ​គ្រាន់តែ​ធ្វើ​លើក​ទី១​នោះ ។ អ្នក​ប្រហែល​ជា​ចង់​បន្សើម​ថ្ម​ម្តងទៀត ហើយ​ជូត​ចេញ ប៉ុន្តែ​សារធាតុ​គីមី​ដែល​បាន​ប្រើ​អាច​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ជាច្រើនសប្តាហ៍​ខាងមុខ ។ ត្រឡប់​មកវិញ​ក្នុង​រយៈពេល​ពីបីថ្ងៃ​ក្រោយ ឬ​សូម្បីតែ​ពីរបី​សប្តាហ៍​ក្រោយ ដើម្បី​មើលថា​តើ​ថ្ម​ត្រូវការ​លាង​សម្អាត​ម្តងទៀត​ដែរឬទេ ។

ការសម្អាតថ្មក្រានីត

ថ្ម​ក្រានីត​ថ្មីៗ​ដែល​ប្រើ​ជាញឹកញាប់​សព្វថ្ងៃនេះ​ត្រូវបាន​ធ្វើ​ឡើងពី​ថ្ម​ដ៏រឹងមាំ​បំផុត​មួយ​ចំនួន​ដែល​អាច​រកបាន ។ ថ្ម​ក្រានីត​អាច​សើម​ជាមួយ​នឹង​ទឹកស្អាត ហើយ​ជូត​យ៉ាង​ថ្មមៗ​ជាមួយ​សាប៊ូ​លាងចាន Dawn ។ សម្ងួត​វា​ជាមួយ​នឹង​ក្រណាត់​មីក្រូហ្វាយប៊ើរ​ស្អាត ឬ​ទុកឲ្យ​វា​ស្ងួត​ដោយ​ខ្លួនឯង ។ នៅពេល​វា​ស្ងួត​ទាំងស្រុង​ហើយ អ្នក​អាច​ប្រើ​ឧបករណ៍​សម្អាត​កញ្ចក់​ដែល​គ្មាន​សារធាតុ​អាម៉ូញាក់ ដើម្បី​ធ្វើ​ឲ្យ​វា​មាន​ភាពភ្លឺ​រលោង​ដោយ​គ្មាន​ស្នាម ។ ចូរ​កុំ​ប្រើ​វិធីសាស្រ្ត​នេះ​នៅលើ​ថ្ម​ដែល​មិន​ធ្វើ​ពី​ថ្ម​ក្រានីត​ឡើយ ។

តើគួរសម្អាតស្លាកព្រលឹងញឹកញាប់ប៉ុនណាដែរ ?

កត្តា​មួយ​ចំនួន​ដែល​គួរពិចារណា​ដើម្បី​កំណត់​ថា តើ​ត្រូវ​សម្អាត​ស្លាក​ព្រលឹង​ដ៏មាន​តម្លៃ​នេះ​ញឹកញាប់​ប៉ុនណា ៖

  • តើ​ថ្ម​នេះ​ធ្វើ​ពីអ្វី ? 
  • តើ​ថ្ម​នេះ​មាន​អាយុ​កាល​ប៉ុន្មានហើយ ? 
  • តើ​ថ្ម​នេះ​ខូចខាត​ប៉ុនណា​ហើយ ? 
  • តើ​អ្វីខ្លះ​ជា​លក្ខខណ្ឌ​នៃបរិស្ថាន ? 

អ្នកជំនាញ​ជាច្រើន​យល់ស្រប​ថា ការសម្អាត​ស្លាក​ព្រលឹង​ជាមួយ​អ្វី​ដែល​លើសពី​ការ​ប្រើ​ជក់​ទន់ៗ គួរតែ​ធ្វើ​រៀងរាល់ ៧ទៅ ១០ឆ្នាំ​ម្តង ។
ចូរ​ពិចារណា​ពី​ស្ថានភាព​បរិស្ថាន​ដែល​អាច​ប៉ះពាល់​ដល់​ការសម្អាត​ស្លាក​ព្រលឹង ។ ប្រសិនបើ​ស្លាក​ព្រលឹង​ស្ថិត​នៅក្នុង​តំបន់​ដែលមាន​ពន្លឺ​ព្រះអាទិត្យ វា​ប្រហែលជា​មិន​ចាំបាច់​ត្រូវបាន​សម្អាត​ញឹកញាប់​ពេក​ដូច​ស្លាក​ព្រលឹង​ដែល​នៅក្រោម​ដើមឈើ ដែល​មាន​ជ័រឈើ និង​លាមក​បក្សី​ដែល​អាច​បណ្តាល​ឲ្យ​មាន​ស្នាម​ប្រឡាក់​បន្ថែម​ទៀត​នោះទេ ។

ការសម្អាត​ស្លាក​ព្រលឹង​គ្រួសារ​គឺជា​វិធី​ដ៏ល្អ​មួយ ដើម្បី​បង្ហាញ​ការគោរព និង​ក្តីស្រឡាញ់​ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់ ។ វា​មិន​ត្រឹមតែ​ជាការ​ផ្តល់​កិត្តិយស​ដល់​នរណា​ម្នាក់​ដែល​អ្នក​ស្រឡាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងជា​វិធី​មួយ​ដើម្បី​លម្អ និង​ថែរក្សា​អ្វីមួយ​សម្រាប់​សហគមន៍​ទាំងមូល​ផងដែរ ។ ការយល់​ដឹង​ពីរបៀប​សម្អាត​ស្លាក​ព្រលឹង​ចាស់ និង​ថ្មីៗ​នឹង​ជួយ​ធានាថា​បូជនីយដ្ឋាន​ពិសេស​ទាំងនេះ​នៅ​យូរអង្វែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

ឪពុក​ចង្អុល​ទៅលើ​ស្លាក​ព្រលឹង​មួយ​ដែល​កូនស្រី​របស់គាត់​កំពុង​សម្លឹងមើល ។

ទៅលេងស្លាកព្រលឹងរបស់បុព្វការីជនរបស់អ្នក ។

ការទៅលេង​កន្លែង​បញ្ចុះសព​របស់​បុព្វការីជន​របស់​អ្នក អាច​ជាវិធី​ដ៏មាន​ន័យ​មួយ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​​ជាមួយ​ពួកគាត់ ។ តើ​អ្នក​ឆ្ងល់​ថា​សាច់ញាតិ​របស់​អ្នក​ត្រូវបាន​បញ្ចុះ​នៅទីណា​ទេ ? អ្នក​អាច​ប្រើ​ឧបករណ៍​ស្វែងរក​ទីបញ្ចុះសព​ដើម្បី​ស្វែងរក​ពួកគាត់​បាន ។ អ្នក​អាច​ស្វែងរក​តាមទីបញ្ចុះសព​ដែល​មាន​ឈ្មោះ​ជាក់លាក់ ក៏ដូចជា​តាមឈ្មោះ​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក​ដែល​មាន​នៅ​លើ​ស្លាក​ព្រលឹង​បាន​ផងដែរ ។ អ្នក​មិន​អាច​ដឹង​បាន​ថា​អ្នក​នឹង​អាច​រកឃើញ​អ្វីខ្លះទេ !




នៅ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ យើង​យកចិត្ត​ទុកដាក់​លើ​ការភ្ជាប់​អ្នក​ទៅនឹង​គ្រួសារ​របស់​អ្នក ហើយ​យើង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​រុករក​ដ៏រីករាយ ព្រមទាំង​សេវាកម្ម​ពង្សប្រវត្តិ​ដោយ​ឥត​គិត​ថ្លៃ ។ ហេតុអ្វី ? ព្រោះ​យើង​ឲ្យតម្លៃ​ដល់​ក្រុមគ្រួសារ ហើយ​ជឿ​ថា ការភ្ជាប់​មនុស្ស​ជាច្រើន​ជំនាន់​អាច​ធ្វើឲ្យ​ជីវិត​របស់​យើង​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​ឥឡូវ​នេះ និង​ជា​រៀង​រហូត​តទៅ ។ យើង​គឺជា​អង្គការ​ដែល​មិន​ស្វែងរក​ប្រាក់​កម្រៃ ដោយ​ទទួល​បាន​ការឧបត្ថម្ភ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ជំនឿ​របស់​យើង សូម​ចុច​ត្រង់​នេះ ។

Author Default Image
អំពី​អ្នកនិពន្ធ
Amie Tennant