ដូច្នេះ តើអ្នកមានរូបថតរាប់ពាន់សន្លឹកដែលអ្នកមិនដឹងថាត្រូវធ្វើយ៉ាងដូចម្តេច មែនដែរឬទេ ? សូមកុំបារម្ភឡើយ ។ បញ្ជីកាមេរ៉ារបស់ខ្ញុំផ្ទាល់មានរូបថតចំនួន ៣៨០០០ សន្លឹក ហើយខ្ញុំខិតខំតម្រៀបតាមប្រអប់រូបថតដែលជីដូនរបស់ខ្ញុំបានបន្សល់ទុក ។
តើអ្នករៀបចំរូបថតរាប់ពាន់សន្លឹកដោយរបៀបណា ? វាងាយស្រួលជាងអ្វីដែលអ្នកគិត ! តើអ្នកធ្វើការងារដ៏ធំនេះបានដោយរបៀបណា ? ចូរធ្វើបន្តិចម្តងៗ ។ សូមក្រឡេកមើលពីរបៀបរៀបចំរូបថតតាមជំហានងាយស្រួល និងដែលអាចគ្រប់គ្រងបាន ។
អ្នកពេញចិត្តចំពោះអ្វីដែលអ្នកបានធ្វើ ! ខណៈដែលមើលទៅហាក់ដូចជាច្រើនលើសលប់ ដំណើរការនេះអាចធ្វើឲ្យពេញចិត្តខ្លាំង ។ នៅពេលដែលអ្នកចាកចេញទៅ អ្នកនឹងទុកនូវការចង់ចាំពីព្រឹត្តិការណ៍ មនុស្ស និងកម្រងអនុស្សាវរីយ៍តាមរយៈរូបថតដែលអ្នកបានរៀបចំ ដែលជាប្រភពដ៏មានអានុភាព និង អារម្មណ៍នៃភាពមានចំណែក ។ នៅចុងបញ្ចប់ការងារនេះ នោះអ្នកនឹងមានប្រព័ន្ធមួយដែលបានរៀបចំរួចរាល់ ដែលងាយស្រួលជាងក្នុងការស្វែងរក និងចូលទៅកាន់កម្រងអនុវស្សាវរីយ៍ទាំងនោះចាប់ពីពេលនោះទៅមុខ ។
រំលងទៅមុខ
របៀបរៀបចំរូបថតជាឌីជីថល
ដើម្បីចាប់ផ្ដើមរៀបចំរូបថតរបស់អ្នក សូមធ្វើតាមជំហានតូចៗដែលងាយគ្រប់គ្រងទាំងនេះ ។ ផ្តោតលើមួយជំហានម្តងៗ ហើយកុំមានអារម្មណ៍ថាអ្នកត្រូវធ្វើទាំងអស់ក្នុងពេលតែមួយឡើយ ។ សូមកុំដាក់សម្ពាធដល់ខ្លួនឯងឡើយ កិច្ចការសាមញ្ញៗធ្វើឲ្យមានភាពងាយស្រួលដែលនឹងបញ្ចប់កិច្ចការនោះ។ លើសពីនេះ មានឧបករណ៍ជាច្រើនដើម្បីជួយក្នុងជំហាននីមួយៗនៃដំណើរការនេះផងដែរ ។
ជំហានទី ១ ៖ ចងក្រងរូបថតរបស់អ្នក
ធ្វើកិច្ចការចំបាច់មុនគេ ៖ រៀបចំរូបថតរបស់អ្នកឲ្យនៅមួយកន្លែង ។ ការប្រមូលផ្ដុំរូបថតរបស់អ្នកទាំងអស់នៅកន្លែងតែមួយ ធ្វើឲ្យការរៀបចំរូបថតទាំងនោះកាន់តែងាយស្រួល ។ វាជួយការពារអ្នកកុំឲ្យធ្វើជំហាននេះឡើងវិញម្តងទៀតនៅពេលក្រោយ ហើយវាធ្វើឲ្យកាន់តែងាយស្រួលដើម្បីស្វែងរករូបថត នៅពេលអ្នកត្រូវការរូបថតទាំងនោះ ។ អ្នកដឹងពីកន្លែងដែលត្រូវទៅរកជានិច្ច ព្រោះរូបថតរបស់អ្នកទាំងអស់នៅកន្លែងតែមួយ ។
ប្រសិនបើអ្នកដូចខ្ញុំ បញ្ជីរូបភាពក្នុងកាមេរ៉ាររបស់អ្នកមានរូបថតរាប់ពាន់សន្លឹកដោយខ្លួនឯង ។ ប៉ុន្តែសូមកុំភ្លេចអំពីរូបថតផ្សេងទៀតដែលអ្នកប្រហែលជាមាននៅកន្លែងផ្សេងៗទៀត ។ ឧទាហរណ៍ បច្ចុប្បន្នខ្ញុំជាអ្នកប្រើប្រាស់ iPhone ប៉ុន្តែខ្ញុំមានរូបថតមកពីទូរសព្ទ Android ចាស់ៗដែលផ្ទុកនៅលើ Google Drive របស់ខ្ញុំ ។
តើអ្នករក្សាទុករូបថតរាប់ពាន់សន្លឹកដោយរបៀបណា ? អ្នកអាចរក្សាទុករូបថតរបស់អ្នកទាំងអស់នៅកន្លែងតែមួយដោយប្រើ iCloud ឬសេវាកម្មផ្ទុកក្នុងកម្មវិធី cloud ផ្សេងទៀត ឬអ្នកអាចយក hard drive ខាងក្រៅដើម្បីរក្សាទុករូបថតទាំងនោះ ។ សូមរុករកជម្រើសទាំងឡាយដើម្បីមើលថា តើជម្រើសមួយណាដែលដំណើរការល្អបំផុតសម្រាប់អ្នក ។
ជំហានទី ២ ៖ លុបរូបថតរបស់អ្នកចេញ
ជាមួយនឹងកាមេរ៉ានៅក្នុងហោប៉ៅរបស់អ្នកគ្រប់ពេល វាងាយស្រួលក្នុងការប្រមូលរូបថតរាប់រយសន្លឹកក្នុងមួយខែ ។ តាមពិតទៅ ។ យើងមិនត្រូវការរូបថតទាំងនោះប៉ុន្មានទេ ។ នៅលើបញ្ជីកាមេរ៉ាផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំតែងតែមានរូបថត ១០ ដូចៗគ្នា នៅពេលដែលខ្ញុំព្យាយាមថតយករូបភាពដ៏ល្អឥតខ្ចោះរបស់កូនៗ ឬសត្វចិញ្ចឹមរបស់ខ្ញុំ ។ ការលុបរូបថតរបស់អ្នក ធ្វើឲ្យការតម្រៀបរូបថត និងស្វែងរករូបថតដែលអ្នកចង់បានកាន់តែងាយស្រួល ។
រូបថតមិនច្បាស់ និងស្ទួនគ្នាអាចលុបចោលបាន ប៉ុន្តែសូមកុំឈប់នៅត្រឹមនេះឡើយ ។ ប្រសិនបើរូបថតមួយមិនធ្វើឲ្យមានការចងចាំទេ ប្រសិនបើអ្នកមិនស្គាល់មនុស្ស ឬទីកន្លែងភ្លាមៗទេ ឬមិនអាចចាំថាហេតុអ្វីបានជាអ្នកថតរូបនោះទេ សូមលុបរូបថតទាំងនោះចោលផងដែរ ។ ហើយចំពោះរូបថតអេក្រង់ដែលគ្មានទីបញ្ចប់ទាំងនោះវិញ ? វាដល់ពេលដែលត្រូវលុបរូបទាំងនោះចោល ។
នៅពេលអ្នកលុបចោល សូមគូសចំណាំរូបថតដែលអ្នកចូលចិត្ត ( សេវាកម្មទូរសព្ទ ឬកន្លែងស្តុកឌីជីថលភាគច្រើនមានរបៀបដើម្បីដាក់ស្លាករូបថតដែលអ្នកចូលចិត្ត ) ។ ស្លាកនេះកំណត់រូបថតទាំងនេះដាច់ដោយឡែក ហើយអាចតម្រៀបរូបថតទាំងនោះដោយស្វ័យប្រវត្តិចូលទៅក្នុងថតឯកសារដែលចូលចិត្តសម្រាប់ពេលក្រោយ ។
ប្រសិនបើអ្នកមានអារម្មណ៍ថាច្រើនលើសលុបពេកចំពោះចំនួនរូបថតនៅក្នុងបញ្ជីកាមេរ៉ារបស់អ្នក មានវិធីជាច្រើនដើម្បីធ្វើឲ្យដំណើរការនេះកាន់តែលឿន ។ ទូរសព្ទឆ្លាតវៃភាគច្រើនមានការកំណត់ដែលអនុញ្ញាតឲ្យអ្នកលុបរូបថតស្ទួនគ្នាបានយ៉ាងឆាប់រហ័ស ហើយកម្មវិធី និងគេហទំព័រក៏អាចជួយបានផងដែរ ។
ជំហានទី ៣ ៖ បង្កើតអាល់ប៊ុម
តើមានរបៀបល្អអ្វីដើម្បីរៀបចំរូបភាព ? ចម្លើយគឺអាស្រ័យទៅលើអ្នក ។ សូមគិតអំពីរបៀបដែល អ្នក នឹងស្វែងរករូបថតដែលអ្នកត្រូវការនៅពេលក្រោយ ។ តើអ្នកនឹងស្វែងរកព្រឹត្តិការណ៍ជាក់លាក់ មនុស្ស ឬឆ្នាំដែរឬទេ ? ចាប់ផ្តើមជាមួយនឹងប្រភេទដែលមានប្រយោជន៍បំផុតសម្រាប់អ្នក ។
បង្កើតថតឯកសារដែលអ្នកអាចតម្រៀបរូបថតចូលទៅក្នុងបាន ដោយចាប់ផ្តើមពីប្រភេទដែលធំទូលាយ ។ បន្ទាប់មក នៅពេលដែលអ្នកបានបំបែករូបថតរបស់អ្នកទៅជាប្រភេទដែលអាចគ្រប់គ្រងបានកាន់តែច្រើន សូមបន្ថែមប្រភេទរងដែលបំបែករូបថតទាំងនោះឲ្យកាន់តែតូចៗ និងជាក់លាក់ ។
Bulk Rename គឺជាឧបករណ៍ដ៏មានប្រយោជន៍មួយសម្រាប់អ្នកប្រើប្រាស់វិនដូ ដែលអនុញ្ញាតឲ្យអ្នកប្តូរឈ្មោះរូបថតរបស់អ្នកទាំងអស់ជាមួយនឹងកាលបរិច្ឆេទដែលបានថតរូបថតនោះ ។ បន្ទាប់មកអ្នកអាចតម្រៀបរូបថតតាមឈ្មោះ ដែលអាចតម្រៀបវាតាមកាលបរិច្ឆេទានផងដែរ ។ ទោះបីជាអ្នករៀបចំតាមមនុស្ស ឬព្រឹត្តិការណ៍ក្តី សូមតម្រៀបរូបថតតាមកាលបរិច្ឆេទ ជាមុន អាចធ្វើឲ្យការងារនេះកាន់តែមានភាពងាយស្រួលឡើង ។
ជំហានទី ៤ ៖ តម្រៀបរូបថតរបស់អ្នក
អ្នកបានរៀបចំរួចរាល់អស់ហើយ ដូច្នេះដល់ពេលចាប់ផ្តើមតម្រៀបហើយ ! សូមចាប់ផ្តើមជាមួយរូបថតដែលអ្នកបានដាក់ស្លាកថាជាចំណូលចិត្តរបស់អ្នក ។ រូបថតទាំងនេះគឺជារូបថតដែលធ្វើឲ្យមានប្រតិកម្ម ហើយវាអាចជារូបថតដែលអ្នកនឹងស្វែងរកនៅពេលក្រោយ ។
នៅពេលអ្នកធ្វើរួចរាល់ជាមួយថតនោះរូចរាល់ហើយ សូមសម្រាក ។ សូមកុំព្យាយាមធ្វើវាទាំងអស់ក្នុងពេលតែមួយឡើយ ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍ច្រើនលើសលប់ពេក ។ ការមើលរូបថតរបស់អ្នកទាំងអស់អាចជារឿងដ៏គួរឲ្យរីករាយ ហាក់ដូចជាអ្នកធ្វើដំណើរត្រឡប់ទៅការចងចាំវិញដូច្នោះដែរ ហើយមើលពេលវេលាជាច្រើនឆ្នាំដែលអ្នកគិតថាមានតម្លៃគួរឲ្យចងចាំឡើងវិញ ។ ប្រហែលជាអ្នកនឹងរកឃើញរូបថតមួយចំនួនដែលអ្នកបានភ្លេចផងដែរ ។
ការនឿយហត់នឹងធ្វើឲ្យវាមានអារម្មណ៍ដូចជាធុញទ្រាន់ដែលពិបាកនឹងធ្វើបាន ។ សូមដាក់គោលដៅជាក់ស្តែង ហើយសម្រាកនៅពេលអ្នកធ្វើ ។ សាកល្បងតម្រៀបរូបថតមួយខែម្តងក្នុងមួយថ្ងៃ រហូតដល់អ្នកបានពិនិត្យមើលរូបថតរបស់អ្នកទាំងអស់ ហើយមើលថាតើល្បឿននៃការតម្រៀបនោះមានអារម្មណ៍ថាត្រឹមត្រូវឬអត់ ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកអាចធ្វើបានច្រើនជាងនេះ សូមធ្វើបន្ថែមទៀត !
អ្នកក៏អាចទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីបង្កើនល្បឿនដំណើរការនេះដែរ ។ មិនថាអ្នកប្រើទូរសព្ទ ឬកុំព្យូទ័រយួរដៃរបស់អ្នកទេ ឧបករណ៍ភាគច្រើនមានមុខងារដែលអនុញ្ញាតឲ្យអ្នកស្វែងរករូបថតមនុស្សជាក់លាក់ ដោយប្រើកម្មវិធីការសម្គាល់មុខ ឬតាមព្រឹត្តិការណ៍ ខែ ឬទីកន្លែង ។
ជំហានទី ៥ ៖ ចែកចាយរូបថតរបស់អ្នក
សូមចែកចាយរូបថតដែលមានន័យបំផុតសម្រាប់អ្នកនៅលើបណ្តាញសង្គម ឬជាមួយមិត្តភក្តិ និងគ្រួសារ ។ កម្រងអនុស្សាវរីយ៍នៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ អនុញ្ញាតឲ្យអ្នកចែកចាយរូបថត និងដំណើររឿងដែលកើតឡើងជាមួយរូបថតទាំងនោះ ឬអ្នកអាចចែកចាយការចូលប្រើសេវាកម្ម cloud បានផងដែរ ។
របៀបមួយទៀតដើម្បីភ្លក់នូវកម្រងអនុស្សាវរីយ៍មួយចំនួនដែលអ្នកបានរកឃើញ គឺត្រូវបោះពុម្ពសៀវភៅកម្រងអនុស្សាវរីយ៍ ឬចម្លងរូបថតរបស់អ្នកជាសន្លឹក ។ ការមានរូបថតនៅនឹងដៃអាចទាក់ទាញអារម្មណ៍វិជ្ជមានបាន ។
ជំហានទី ៦ ៖ បង្កើតទម្លាប់ទៅថ្ងៃខាងមុខ
ពេលដែលអ្នកបានបំពេញការងារនេះរួចហើយ សូមគ្រប់គ្រងវាឲ្យបានល្អ ។ ដាក់ការរំឭកមួយខែម្តងនៅលើប្រតិទិនរបស់អ្នក ហើយពិនិត្យមើលរូបថតថ្មីៗរបស់អ្នក ។ វានឹងផ្តល់ឲ្យអ្នកនូវពេលវេលាដើម្បីគិតពិចារណាពីបទពិសោធន៍របស់អ្នកកាលពីមួយខែមុន និងជួយអ្នករក្សាបញ្ជីកាមេរ៉ាឲ្យនៅស្អាត និងមានរៀបរៀបរយ ដែលធ្វើឲ្យវាងាយស្រួលក្នុងការចូលប្រើរូបថតនៃកម្រងអនុស្សាវរីយ៍ដែលអ្នកចូលចិត្ត ។ នៅពេលអ្នកធ្វើរួចរាល់ហើយ សូមធ្វើការបម្រុងទុករូបថតរបស់អ្នកទៅក្នុង cloud ឬទៅក្នុង hard drive ខាងក្រៅដែលអ្នកប្រើ ។
របៀបរៀបចំរូបថតជាសន្លឹក
អ្នកប្រហែលជាសង្កេតឃើញថា ជំហានជាច្រើនក្នុងការរៀបចំរូបថតជាសន្លឹករបស់អ្នក ក៏ដូចគ្នានឹងការរៀបចំរូបថតជាឌីជីថលផងដែរ ។ ជាទូទៅដំណើរការគឺដូចគ្នា គ្រាន់តែនៅក្នុងឧបករណ៍ផ្ទុកផ្សេងគ្នាប៉ុណ្ណោះ ។ ភាពខុសគ្នាដ៏ធំបំផុតនោះគឺទំហំពិតប្រាកដែលអ្នកត្រូវការដើម្បីរៀបចំរូបថតជាសន្លឹក ។
ខណៈដែលអ្នកនឹងមិនអាចប្រើកម្មវិធី និងឧបករណ៍ដូចគ្នាមួយចំនួនបាន នោះការតម្រៀបរូបថតដោយដៃរបស់អ្នកផ្ទាល់អាចជារឿងគួរឲ្យរីករាយ ។
ជំហានទី ១ ៖ បញ្ចូលរូបថតរបស់អ្នក
ជាដំបូង ប្រមូលរូបថតដែលអ្នកទុកនៅកន្លែងផ្សេងៗ ហ្វីលម៍ ស្លាយ ហ្វីលម៍ដែលមិនទាន់បានផ្តិត និងអាល់ប៊ុមរបស់អ្នក ។ ខ្ញុំហៅដំណាក់កាលនេះថា ជាដំណាក់កាលស្វែងរក ហើយប្រមូលផ្ដុំ ។ កំណត់កន្លែងមួយនៅក្នុងផ្ទះរបស់អ្នក ជាកន្លែងធ្វើការបណ្តោះអាសន្នរបស់អ្នក ហើយរូបថតស្តុកAdobe ដាក់តុ ឬតុការិយាល័មួយ ។ ដាក់ប្រអប់ធំៗ ២ ឬ ៣ នៅក្រោមតុ ហើយចាប់ផ្តើមដាក់អ្វីគ្រប់យ៉ាងដែលអ្នករកឃើញទៅក្នុងប្រអប់ទាំងនោះ ។
សូមកុំចាប់ផ្តើមតម្រៀប ឬរំឭកពីបទពិសោធន៍ពីអតីតកាល នៅពេលអ្នកស្វែងរកឡើយ ! ប្រសិនបើអ្នកធ្វើដូច្នេះ អ្នកនឹងមានអារម្មណ៍ថាច្រើនលើសលប់ ។ ចូរបន្តផ្តោតលើកិច្ចការមួយ ដើម្បីរក្សាគោលដៅរបស់អ្នកឲ្យសាមញ្ញ និងអាចសម្រេចបាន ។
ជំហានទី ២ ៖ បង្កើតប្រព័ន្ធសាមញ្ញមួយ
តើអ្វីជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការរៀបចំរូបថតជាសន្លឹក ? ទីមួយ ចូរពិចារណាពីរបៀបដែល អ្នក នឹងចេញទៅរករូបថតដែលអ្នកត្រូវការនៅពេលក្រោយ ។ តើអ្នកនឹងស្វែងរកពីព្រឹត្តិការណ៍ មនុស្ស ឬកាលបរិច្ឆេទជាក់លាក់ឬទេ ? សូមជ្រើសរើសប្រព័ន្ធមួយដែលអ្នកយល់ជាងគេបំផុត ។
បន្ទាប់មករៀបចំកន្លែងមួយដើម្បីរៀបចំ ។ រៀបចំប្រអប់ ថតឯកសារ ឬសូម្បីតែកន្លែងទំនេរនៅលើឥដ្ឋ ហើយដាក់ស្លាកវាដោយមានកំណត់ចំណាំស្អិត ឬកាតលិបិក្រម ។ ប្រសិនបើអ្នកដូចជាខ្ញុំ សូមទុកកន្លែងទំនេរសម្រាប់ប្រភេទដែលអាចភ្លេចដែលចៀសមិនរួច ដែលអ្នកអាចជួបប្រទះនៅពេលអ្នកធ្វើកិច្ចការនេះ ។ អ្នកអាចមានប្រភេទដូចជា ពេលកើត ពេលអាយុពីរបីឆ្នាំ កុមារភាព អាពាហ៍ពិពាហ៍ ថ្ងៃចូលរៀនដំបូង ពេលវិស្សមកាល ថ្ងៃឈប់សម្រាក ទេសភាព ព្រិល ឬពេលទៅលេងសមុទ្រ ការជួបជុំគ្រួសារជាដើម ។
ប្រសិនបើអ្នកមានរូបថតច្រើនដែលត្រូវពិនិត្យមើល វាអាចមានប្រយោជន៍ក្នុងការចាប់ផ្តើមជាមួយនឹងប្រភេទដែលធំទូលាយដែលអ្នកបំបែកជាតូចៗនៅពេលក្រោយ ។ តាមរបៀបនោះ អ្នកអាចមានរូបថតជាច្រើនដែលទាក់ទងគ្នាដែលអាចគ្រប់គ្រងបាន ដើម្បីតម្រៀបនៅពេលអ្នករួចរាល់ ។ ឧទាហរណ៍ ផ្នែកមួយអាចដាក់ចំណងជើងថា « វិស្សមកាលគ្រួសារ » និងផ្នែកមួយទៀតដាក់ថា « ក្រុមគ្រួសារ ចូនស៍ » ដោយមានប្រភេទរងដើម្បីតម្រៀបចេញទៀតនៅពេលក្រោយ ដូចជា អាពាហ៍ពិពាហ៍ ថ្ងៃកំណើត ថ្ងៃចូលរៀនជាដើម ។
ជំហានទី ៣ ៖ រៀបចំក្រុមគំនររូបថតទុកបោះចោល
ចូរកុំភ្លេចពីប្រភេទដែលសំខាន់បំផុត - គំនរសម្រាប់បោះចោលអ្វីដែលមិនត្រូវការ ។ ខ្ញុំពិបាកនឹងបោះចោលរបស់របរណាស់ ជាពិសេស រូបថតដែលមានតម្លៃមនោសញ្ចេតនា ។ ប៉ុន្តែមិនមែនគ្រប់រូបថតទាំងអស់នឹង « ផ្តល់ភាពរីករាយ » ដូចជា ម៉ារី ខុនដូ និយាយនោះទេ ។
ស្វែងយល់ពីគោលការណ៍គ្រឹះនៃអ្នករៀបចំរូបថត ABCS ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលក្នុងការចែកជាមួយរូបថតមួយចំនួន ៖
- រូបថត « A » ជារូបថតសំខាន់ដែលអ្នកចង់ធ្វើជាឌីជីថល ឬដាក់ក្នុងអាល់ប៊ុម ។
- រូបថត « B » គឺជារូបថតដែលគាំទ្រដំណើររឿងគ្រួសារ ប៉ុន្តែមិនចាំបាច់នៅក្នុងក្រុមគំនរ « A » ទេ ។ ទាំងនេះគឺជារូបថតដែលអ្នកមិនអាចយកទៅបោះចោលបានទេ ហើយវាស្ថិតនៅក្នុងប្រអប់នេះ ។
- រូបថត « C » មានន័យថា « បាទ/ចាស អ្នកអាចបោះចោលរូបថតរបស់អ្នកបាន » ។ បោះចោលរូបថតដែលស្ទួនគ្នា រូបថតមិនច្បាស់ និងរូបថតទេសភាពច្រើនពេក ។ តើអ្នកពិតជាត្រូវការរូបថតថ្ងៃលិចប៉ុន្មានសន្លឹក ? ត្រូវប្រាកដថាអ្នកមានថង់សម្រាមធំសម្រាប់រូបថត « C » ទាំងអស់ដែលអ្នកកំពុងបោះចោល ។
- រូបថត « S » ជារូបថតដែលសំខាន់ជាងគេបំផុត—ជារូបថតដែលប្រាប់ពីរឿងរ៉ាវមួយ ។ ពេលខ្លះសូម្បីតែរូបថតជីដូនរបស់អ្នកដែលថតមកមិនសូវច្បាស់ ដែលមានស្នាមញញឹមកំប្លែងៗ ក៏ជារូបថត « S » ដែរ ពីព្រោះអ្នកដឹងថា រូបថតនោះតំណាងឲ្យបុគ្គលិកលក្ខណៈពិសេសរបស់គាត់ ។
ជំហានទី ៤ ៖ ចាប់ផ្ដើមរៀបចំ
អ្នកបានប្រមូលរូបថតរបស់អ្នកទាំងអស់ ហើយរៀបចំកន្លែងសម្រាប់ធ្វើការរួចរាល់ហើយ ឥឡូវនេះដល់ពេលចាប់ផ្ដើមរៀបចំ ! នេះគឺជាផ្នែកដែលពិសេសបំផុត ។ នៅពេលដែលអ្នកតម្រៀបរូបថតទាំងនោះ អ្នកនឹងនឹកចងចាំពីកម្រងអនុស្សាវរីយ៍ និងដំណើររឿងរបស់គ្រួសារនានា ។
ប្រសិនបើអ្នកនឹកឃើញអនុស្សាវរីយ៍ល្អៗនៅពេលអ្នកធ្វើ សូមសរសេរវានៅលើកូនក្រដាសកត់ចំណាំបកបិទបាន ឬនៅខាងក្រោយរូបថតនោះ ។ អនុស្សាវរីយ៍ និងទស្សនៈនានារបស់អ្នក នឹងបន្ថែមអត្ថន័យចំពោះរូបថតដែលអ្នកពិនិត្យមើល ។ នៅពេលដែលដំណើរការនេះត្រូវបានបញ្ចប់ អ្នកនឹងមានអារម្មណ៍រីករាយដ៏លើសលប់ ។
ប្រសិនបើអ្នកមានអារម្មណ៍ថាច្រើនលើសលប់ដោយសារមានរូបថតច្រើនពេក កុំព្យាយាមបញ្ចប់ការតម្រៀបទាំងអស់ក្នុងពេលតែមួយឡើយ ។ បំបែកវាជាបំណែកតូចៗ ។ ធ្វើប្រអប់មួយម្តងៗ ឬកំណត់ម៉ោងសម្រាប់ខ្លួនឯង ហើយបន្ទាប់មកសម្រាក ។ ប្រសិនបើអ្នកព្យាយាមធ្វើច្រើនពេកក្នុងពេលតែមួយ អ្នកនឹងនឿយហត់ ហើយអ្នកនឹងមិនអាចរកឃើញភាពរីករាយដូចគ្នានៅក្នុងដំណើរការនោះទេ ។
គន្លឹះដែលមានប្រយោជន៍ ៖ ពាក់ស្រោមដៃដែលធ្វើពីសាច់កូតុង ឬផ្លាស្ទិក នៅពេលអ្នកតម្រៀប ជាពិសេសប្រសិនបើអ្នកកំពុងតែរៀបចំរូបថតចាស់ៗ ។ ប្រេងនៅម្រាមដៃរបស់អ្នកអាចធ្វើឲ្យប្រឡាក់រូបថត ។ លើសពីនេះ ការប៉ះរូបថតដែលមានធូលីដី វាមិនមែនជារឿងដែលគួរឲ្យរីករាយឡើយ ។
ជំហានទី ៥ ៖ បង្កើត និងចែកចាយច្បាប់ចម្លងជាឌីជីថល
នៅពេលដែលអ្នកបានរៀបចំរូបថតរបស់អ្នក ហើយបោះចោលរូបថតដែលលើសហើយ ចូរធ្វើរូបថតដែលអ្នកបានរក្សាទុកឲ្យទៅជាឌីជីថល ដើម្បីរក្សាទុកកម្រងអនុស្សាវរីយ៍ទាំងនោះ ។ ជាញឹកញាប់រូបថតសន្លឹកតែងតែជាមានហានិភ័យជានិច្ច ។
រូបថតទាំងនោះអាចលែងសូវច្បាស់ ឬខូចនៅពេលវាចាស់ ។ វាអាចនឹងត្រូវភ្លេច ឬបាត់ដោយគ្រោះមហន្តរាយធម្មជាតិទាំងឡាយ ។ ច្បាប់ចម្លងជាឌីជីថលអាចរក្សារូបថតរបស់អ្នកឲ្យមានសុវត្ថិភាព និងអាចចែករូបថតទាំងនោះជាមួយអ្នកដទៃរូបថត ។
នៅពេលដែលអ្នកមានច្បាប់ចម្លងជាឌីជីថល សូមស្វែងរកវិធីចែកចាយវាជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិផ្សេងទៀតដែលនឹងរីករាយជាមួយនឹងរូបថតទាំងនោះ ។ គេហទំព័រ ឬកម្មវិធីនានាដូចជា កម្រងអនុស្សាវរីយ៍នៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ អនុញ្ញាតឲ្យអ្នករក្សាទុករូបថត និងដំណើររឿងដែលមានជាមួយរូបថតទាំងនោះ ហើយចែកចាយរូបថតទាំងនោះជាមួយអ្នកដទៃបានផងដែរ ។ អ្នកក៏អាចបង្កើត shared drives ឬកន្លែងផ្ទុកក្នុង cloud បានផងដែរ ។
ជំហានទី ៦ ៖ រក្សារូបថតរបស់អ្នក
នៅពេលដែលអ្នកបានឆ្លងផុតឧបសគ្គដំបូងនៃការរៀបចំរូបថតរបស់អ្នករួចរាល់ហើយ សូមបង្កើតទម្លាប់ដើម្បីរក្សាការរៀបចំរបស់អ្នក ។ នេះក៏ជាពេលវេលាដ៏ល្អមួយដើម្បីសម្រេចចិត្តថា តើត្រូវរក្សាទុករូបថតសន្លឹករបស់អ្នក របៀបស្ដាររូបថតដែលខូច ឬរបៀបដាក់ពណ៌រូបថតស-ខ្មៅ ។
អត្ថបទដែលទាក់ទង
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។