នៅចុងបញ្ចប់នៃ សន្និសីទទូទៅ ខែមេសា ឆ្នាំ២០២៥ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសព្រះវិហារបរិសុទ្ធថ្មីចំនួន ១៥ ។ លោកបានប្រកាសថា នៅពេលយើងចុះ និងរក្សាសេចក្ដីសញ្ញាជាមួយព្រះ នោះយើងអាចមានទំនុកចិត្តដែលបានកើតមកពីព្រះវិញ្ញាណ ហើយលោកបានរំឭកយើងថា ការបង្កើនពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធនឹងជួយយើងរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
នៅទូទាំងសន្និសីទ ពួកសាវក អ្នកមានសិទ្ធិអំណាចទូទៅ និងពួកអ្នកកាន់តំណែងទូទៅនៃសាសនាចក្រក៏បានបង្រៀនអំពីការការពារ សេចក្ដីមេត្តាករុណា និងពរជ័យនៃការបង់ថ្លៃជំនួស ដែលបានមកតាមរយៈការកសាងទំនាក់ទំនងសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផងដែរ ។
ដូចទៅនឹង សន្និសីទមុនៗ ដែរ យើងបានប្រមូលផ្តុំសារលិខិតអំពីព្រះវិហារបរិសុទ្ធ ដែលយើងចង់ចែកចាយជាមួយបងប្អូន ។ យើងសង្ឃឹមថា សារលិខិតទាំងនេះនឹងបំផុសគំនិត និងលើកទឹកចិត្តបងប្អូន ហើយយើងសូមអញ្ជើញបងប្អូនឲ្យចម្លង ឬទាញយកសារលិខិតទាំងនេះ ហើយចែកចាយវាជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់បងប្អូន ។
បានសង្គ្រោះខាងវិញ្ញាណក្នុងទ្រង់—ប្រធាន ខាំមៀល អិន ចនសុន
ប្រធាន ខាំមៀល អិន ចនសុន ប្រធានសមាគមសង្គ្រោះទូទៅ បានបង្រៀនយើងពីរបៀបអនុវត្តសេចក្តីជំនឿ ខណៈពេលដែលយើងរង់ចាំការព្យាបាលពីព្រះអង្គសង្គ្រោះ ។ វិធីមួយដើម្បីបានសេចក្តីសង្គ្រោះ គឺត្រូវគោរពតាមទាំងស្រុង និងពេញលេញ ។ គាត់បានចែកចាយអំពីស្រ្តីព្រហ្មចារីមានគំនិតទាំងប្រាំនាក់ និងការរៀបចំរបស់ពួកគេសម្រាប់ព្រះអង្គសង្គ្រោះដោយមានចង្កៀងដែលមានប្រេងពេញ ។
« ព្រោះនៅពេលដែលយើងចុះ និងរក្សាសេចក្តីសញ្ញា ជាពិសេសចំពោះអ្នកទាំងឡាយដែលមកនៅក្នុងដំណាក់នៃព្រះអម្ចាស់ នោះយើងនឹងបំពេញចង្កៀងរបស់យើងជាមួយនឹងប្រេងនៃការប្រែចិត្តជឿ » ។ —ប្រធាន ខាំមៀល អិន ចនសុន
នៅចំពោះមុខយើង—អែលឌើរ រ៉ូណល អេ រ៉ាសបាន
ដោយរំឭកយើងថា យើងមានកៅអីជួរមុខចំពោះការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ នោះ អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានធ្វើទីបន្ទាល់អំពីការសាងសង់ព្រះវិហារបរិសុទ្ធដែលមិនធ្លាប់មានពីមុនមក ដែលយើងកំពុងឃើញជាសាក្សី ។
« ព្រះវិហារបរិសុទ្ធបើកផ្លូវទៅកាន់ពរជ័យដ៏ខ្ពស់បំផុត ដែលព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើងមានសម្រាប់យើងម្នាក់ៗ » ។ —អែលឌើរ រ៉ូណល អេ រ៉ាសបាន
« នៅក្នុងដំណាក់របស់ទ្រង់ យើងអាចទទួលអារម្មណ៍នៃវត្ដមានដ៏បរិសុទ្ធរបស់ព្រះអម្ចាស់ និងភាពសុខសាន្ដដ៏ធំធេង » ។ —អែលឌើរ រ៉ូណល អេ រ៉ាសបាន
« បងប្អូនប្រុសស្រី យើងកំពុងពន្លឿនបរិសុទ្ធភាពរបស់យើង នៅពេលយើងរស់នៅដោយស័ក្ដិសមសម្រាប់ព្រះវិហារបរិសុទ្ធ នៅពេលយើងថ្វាយបង្គំក្នុងដំណាក់នៃព្រះអម្ចាស់ និងនៅពេលយើងធ្វើសេចក្ដីសញ្ញាជាមួយព្រះសម្រាប់ខ្លួនយើង និងសម្រាប់បុព្វការីជនរបស់យើងដែលនៅម្ខាងទៀតនៃវាំងនន » ។ —អែលឌើរ រ៉ូណល អេ រ៉ាសបាន
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទផ្ដល់ការសង្គ្រោះដ៏ធំធេងបំផុត—អែលឌើរ ឃ្វីនថិន អិល ឃុក
ដូចជាពួកអ្នកត្រួសត្រាយផ្លូវក្រុមរទេះរុញដែលបានទទួលការសង្គ្រោះ នៅពេលដែលពួកគេប្រឈមមុខនឹងបញ្ហា អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានរំឭកយើងថា ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទផ្ដល់ការសង្គ្រោះដ៏ធំធេងបំផុត មិនថាការសាកល្បងរបស់យើងជាអ្វីទេ ។
« [ ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ខាស្ពើរ វ៉ាយអូមីង ] ជាបទពិសោធន៍ដ៏ស៊ីជម្រៅ រំជួលចិត្ត និងខាងវិញ្ញាណ ។ វាបាននាំមកនូវការផ្តោតយ៉ាងច្បាស់អំពីតួនាទីរបស់ព្រះវិហារបរិសុទ្ធ ក្នុងការសង្គ្រោះបុត្រាបុត្រីរបស់ព្រះតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ » ។ —អែលឌើរ ឃ្វីនថិន អិល ឃុក
« ព្រះវិហារបរិសុទ្ធផ្តល់នូវការចងចាំជាបន្តបន្ទាប់អំពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ និងអ្វីដែលដង្វាយធួនបានយកឈ្នះ ។ ហើយសំខាន់ជាងនេះទៅទៀត ការចូលរួមព្រះវិហារបរិសុទ្ធអនុញ្ញាតឲ្យយើងផ្តល់ការសង្គ្រោះខាងវិញ្ញាណដល់មនុស្សជាទីស្រឡាញ់ និងបុព្វការីជនសាច់ឆ្ងាយរបស់យើងដែលបានស្លាប់ទៅហើយ » ។ —អែលឌើរ ឃ្វីនថិន អិល ឃុក
សេចក្តីជំនឿ ៖ ចំណងនៃសេចក្តីទុកចិត្ត និងភាពស្មោះត្រង់—អែលឌើរ សាឌីណូ រ៉ូមែន
អែលឌើរ សាឌីណូ រ៉ូមែន ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានធ្វើទីបន្ទាល់ថា តាមរយៈការអនុវត្តសេចក្តីជំនឿ យើងកសាងទំនាក់ទំនងសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
« ប្រសិនបើក្មួយស្មោះត្រង់ និងបន្ទាបខ្លួន នោះក្មួយនឹងស្តាប់ឮចម្លើយរបស់ទ្រង់ ហើយចាប់ផ្តើមទំនាក់ទំនងផ្ទាល់ខ្លួន និងយូរអង្វែងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែទម្លាប់ខាងសាសនារបស់ក្មួយក៏នឹងកាន់តែមានអត្ថន័យដែរ ! ឧទាហរណ៍ ក្មួយនឹងទន្ទឹងចាំពេលអធិស្ឋាន ការសិក្សាផ្ទាល់ខ្លួន និងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធរបស់ក្មួយ ថាជាឱកាសដើម្បីស្គាល់ទ្រង់ទាំងទ្វេ ហើយនឹងដើម្បីនៅជាមួយទ្រង់ទាំងទ្វេ » ។ —អែលឌើរ សាឌីណូ រ៉ូមែន
ការរៀបចំផ្ទាល់ខ្លួនដើម្បីជួបព្រះអង្គសង្រ្គោះ—អែលឌើរ ឌែល ជី រិនឡាន់
ពួកយើងគឺដូចជាស្រ្តីព្រហ្មចារីមានគំនិតទាំងប្រាំដែរ នៅពេលដែលយើងទទួលយកដំណឹងល្អ និងជៀសវាងការបោកបញ្ឆោត អែលឌើរ ឌែល ជី រិនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានថ្លែងទីបន្ទាល់ ។ ការថ្វាយបង្គំជាទៀងទាត់នៅក្នុងព្រះវិហារបរិសុទ្ធជួយយើងឲ្យជៀសវាងពីការបោកបញ្ឆោត និងការរំខាន ។
« [ ការថ្វាយបង្គំជាទៀងទាត់នៅក្នុងព្រះវិហារបរិសុទ្ធ ] ជួយយើងឲ្យបន្ដមានទស្សនវិស័យដ៏អស់កល្បជានិច្ច និងការពារយើងពីឥទ្ធិពលនានា ដែលអាចរំខាន ឬបង្វែងដានយើងពីផ្លូវនៃសេចក្ដីសញ្ញា » ។ —អែលឌើរ ឌែល ជី រិនឡាន់
ស្មោះនឹងជំនឿដែលឪពុកម្តាយយើងស្រឡាញ់—អែលឌើរ ហាន់ ធី ប៊ូម
អែលឌើរ ហាន់ ធី ប៊ូម ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានលើកទឹកចិត្តយើងឲ្យស្វែងរកកម្លាំងពីទីបន្ទាល់ និងសេចក្តីជំនឿរបស់អ្នកដែលបានមកមុនយើង ។
« ចំពោះជំនាន់ដែលកំពុងពេញវ័យ មិនថាក្មួយៗនៅកន្លែងណានោះទេ ហើយថាខ្លួនក្មួយៗស្ថិតក្នុងស្ថានភាពណានោះដែរ សូមរៀន និងទទួលកម្លាំងមកពីសេចក្តីជំនឿ និងទីបន្ទាល់នៃអស់អ្នកដែលបានកើតពីមុនក្មួយៗ ។ វានឹងជួយក្មួយៗឲ្យយល់ថា ដើម្បីទទួលបាន ឬរីកចម្រើនទីបន្ទាល់ នោះការពលិកម្មនឹងត្រូវតែធ្វើឡើង ហើយថា ‹ ការពលិកម្មនឹងនាំយកពរជ័យមកពីស្ថានសួគ៌ › » ។ —ហាន់ ធី ប៊ូម
« យើងទាំងអស់គ្នា មិនថាយើងជាជំនាន់ទីមួយនៅក្នុងដំណឹងល្អ ឬទីប្រាំនោះទេ គួរតែសួរខ្លួនឯងថា តើដំណើររឿងនៃសេចក្តីជំនឿ កម្លាំង និងការតាំងចិត្តសេឡេស្ទាលអ្វី ដែលយើងនឹងបន្សល់ទៅឲ្យជំនាន់ក្រោយ ? » —ហាន់ ធី ប៊ូម
ផែនការនៃសេចក្តីមេត្តាករុណា—អែលឌើរ ជែម អ័រ រ៉ាសបាន
សេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់មានសម្រាប់យើងនៅក្នុងព្រះវិហារបរិសុទ្ធទាំងឡាយរបស់ទ្រង់ អែលឌើរ ជែម អ័រ រ៉ាសបាន ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានថ្លែងទីបន្ទាល់ ។ ពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធបន្ទន់ និងផ្តោតដួងចិត្តរបស់យើងលើព្រះអង្គសង្គ្រោះ ។
« ពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធពីមុនចូលទៅមជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនា ( អឹម.ធី.ស៊ី. ) អាចជាពរជ័យមួយដ៏អស្ចារ្យសម្រាប់អ្នកផ្សព្វផ្សាយសាសនាថ្មី នៅពេលពួកគេស្វែងយល់បន្ថែមអំពីសេចក្ដីសញ្ញានៅក្នុងព្រះវិហារបរិសុទ្ធ ពីមុនចែកចាយពរជ័យនៃសេចក្ដីសញ្ញាទាំងនោះជាមួយពិភពលោក » ។ —អែលឌើរ ជែម អ័រ រ៉ាសបាន
« ការអធិស្ឋានឧទិ្ទសឆ្លង [ ព្រះវិហារបរិសុទ្ធ ខឺតឡង់ ក្នុងឆ្នាំ១៨៣៦ ] មិនពន្យល់យ៉ាងច្បាស់ពីរបៀបដែលពេលវេលារបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធនឹងបន្ទន់ដួងចិត្តរបស់អ្នកដទៃនោះទេ ប៉ុន្តែខ្ញុំជឿថាវាចងភ្ជាប់នឹងរបៀបដែលពេលវេលានៅក្នុងដំណាក់របស់ព្រះអម្ចាស់បន្ទន់ដួងចិត្តរបស់យើង ដោយធ្វើឲ្យយើងផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ និងសេចក្តីមេត្តាករុណារបស់ទ្រង់ » ។ —អែលឌើរ ជែម អ័រ រ៉ាសបាន
« នៅក្នុងព្រះវិហារបរិសុទ្ធ យើងរកឃើញសេចក្តីមេត្តាករុណានៅក្នុងសេចក្តីសញ្ញាដែលយើងធ្វើ ។ សេចក្តីសញ្ញាទាំងនោះ គឺជាការបន្ថែមទៅលើសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ដែលចងភ្ជាប់យើងទៅនឹងព្រះវរបិតា និងព្រះរាជបុត្រា និងផ្ដល់សិទ្ធិឲ្យយើងបន្ថែមទៀតចូលប្រើនូវអ្វីដែលប្រធាន ណិលសុន បានបង្រៀនគឺ ‹ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណាដ៏ពិសេស … ហៅថា ហេសិដ › ជាភាសាហេព្រើរ » ។ —អែលឌើរ ជែម អ័រ រ៉ាសបាន
« នៅក្នុងព្រះវិហារបរិសុទ្ធ យើងក៏កាន់តែយល់ច្បាស់ថា ការបង្កបង្កើត ការធ្លាក់ ការពលិកម្មធួនរបស់ព្រះអង្គសង្រ្គោះ និងសមត្ថភាពរបស់យើងដើម្បីចូលទៅទីវត្តមានរបស់ព្រះវរបិតាសួគ៌ជាថ្មីម្តងទៀត—គ្រប់ផ្នែកនៃផែនការនៃសេចក្តីសង្រ្គោះគឺពិតជា—ការបើកសម្តែងនៃសេចក្តីមេត្តាករុណា » ។ —អែលឌើរ ជែម អ័រ រ៉ាសបាន
« ខ្ញុំដឹងថា ទ្រង់នឹងសម្តែងកាយទ្រង់នៅក្នុងសេចក្តីមេត្តាករុណា នៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋរបស់ទ្រង់ នឹងក្នុងគ្រប់ផ្នែកនៃជីវិតរបស់យើង ប្រសិនបើយើងនឹងស្វែងរកទ្រង់ » ។ —អែលឌើរ ជែម អ័រ រ៉ាសបាន
ប្រព័ន្ធដឹកនាំពីស្ថានសួគ៌របស់យើង—អែលឌើរ សឺជីអូ អរ វ៉ាហ្គាស
អែលឌើរ សឺជីអូ អរ វ៉ាហ្គាស ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានថ្លែងទីបន្ទាល់ថា ពន្លឺនៃព្រះគ្រីស្ទបម្រើជាការដឹកនាំម៉ាញេទិក ដើម្បីជួយយើងត្រឡប់ទៅផ្ទះវិញទៅកាន់ព្រះវរបិតាសួគ៌របស់យើង ។ យើងកាន់តែជិតស្និទ្ធជាមួយព្រះ ពេលយើងចុះ និងរក្សាសេចក្ដីសញ្ញាទាំងឡាយ ។
« ការអធិស្ឋាន បទគម្ពីរ ព្រះវិហារបរិសុទ្ធ និងការចូលរួមជាប្រចាំរបស់យើងនៅក្នុងការប្រជុំថ្ងៃអាទិត្យ មានសារៈសំខាន់ណាស់នៅក្នុងមុខម៉ឺនុយខាងវិញ្ញាណរបស់យើង » ។ —អែលឌើរ សឺជីអូ អរ វ៉ាហ្គាស
« ការចូលរួមក្នុងព្រះវិហារបរិសុទ្ធបានផ្តល់ឲ្យខ្ញុំនូវការលួងលោម និងក្តីសង្ឃឹមយ៉ាងខ្លាំងអំពីជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង ។ ខ្ញុំបានដកពិសោធន៍ទំនាក់ទំនងស្ថានសួគ៌ជាមួយមនុស្សទាំងសងខាងនៃវាំងនន » ។ —អែលឌើរ សឺជីអូ អរ វ៉ាហ្គាស
« សេចក្តីសញ្ញារបស់យើងនាំយើងទៅកាន់តែជិតនឹងព្រះរហូតដល់ធ្វើឲ្យអ្វីដែលមិនអាចទៅរួច ទៅរួចបាន បំពេញនូវគ្រប់កន្លែងដែលមានភាពងងឹត និងការសង្ស័យដោយពន្លឺ និងភាពសុខសាន្ត » ។ —អែលឌើរ សឺជីអូ អរ វ៉ាហ្គាស
ចូលរួមដើម្បីរៀបចំសម្រាប់ការយាងមកវិញរបស់ព្រះគ្រីស្ទ—អែលឌើរ ស្ទីវិន ឌី ហ្សាមវ៉េ
អែលឌើរ ស្ទីវិន ឌី ហ្សាមវ៉េ ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានបង្រៀនថា ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធរៀបចំយើងដើម្បីជួបព្រះអង្គសង្គ្រោះ ។
« ពិធីបរិសុទ្ធមិនសង្រ្គោះយើងដោយសារតែពិធីបរិសុទ្ធទាំងនោះបំពេញតម្រូវការរបស់ស្ថានសួគ៌នោះទេ ។ ផ្ទុយទៅវិញ នៅពេលយើងរស់នៅតាមសេចក្តីសញ្ញាដែលភ្ជាប់នឹងពិធីបរិសុទ្ធទាំងនេះ នោះយើងប្រែក្លាយជាមនុស្សម្នាក់ដែលចង់ស្ថិតនៅក្នុងទីវត្តមានរបស់ព្រះ » ។ —អែលឌើរ ស្ទីវិន ឌី ហ្សាមវ៉េ
ពរជ័យនៃការបង់ថ្លៃជំនួស—ប៊ីស្សព ជែរលដ៍ ឃូសេ
ប៊ីស្សព ជែរលដ៍ ឃូសេ នៃគណៈប៊ីស្សពបានថ្លែងថា ការធ្វើពិធីបរិសុទ្ធទាំងឡាយសម្រាប់បុព្វបុការីជនរបស់យើង គឺជាវិធីដ៏មានឥទ្ធិពលបំផុតមួយដែលយើងរួមចំណែកដល់ពរជ័យនៃការបង់ថ្លៃជំនួសរបស់ព្រះ ។
« ការបម្រើប្រកបដោយក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យនៅក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ រំឭកយើងថាព្រះគុណរបស់ព្រះអង្គសង្គ្រោះបានលាតហួសពីជីវិតនេះទៅទៀត » ។ —ប៊ីស្សព ជែរលដ៍ ឃូសេ
« របៀបដ៏មានអានុភាពបំផុតមួយដែលយើងអាចបរិច្ចាគចំពោះពរជ័យនៃការបង់ថ្លៃជំនួសរបស់ព្រះ គឺតាមរយៈកិច្ចការផ្សេងៗដែលយើងធ្វើសម្រាប់បុព្វការីជនរបស់យើងនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ នៅពេលយើងធ្វើពិធីបរិសុទ្ធនានាជំនួសពួកគាត់ នោះយើងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះដ៏មហិមារបស់ព្រះអម្ចាស់ ដោយការប្រើទេពកោសល្យ និងសមត្ថភាពរបស់យើងដើម្បីផ្ដល់ពរជ័យចំពោះអ្នកទាំងឡាយដែលពុំមានឱកាសដើម្បីទទួលបានអំឡុងជីវិតរមែងស្លាប់របស់ពួកគេ » ។ —ប៊ីស្សព ជែរលដ៍ ឃូសេ
អំណោយទានដ៏មហិមារបស់ព្រះ ៖ ដង្វាយធួន ការរស់ឡើងវិញ និងការស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ—អែលឌើរ ហ្គើរីត ដបុលយូ ហ្គង
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់អំពីរបៀបដែលការស្តារឡើងវិញនៃដំណឹងល្អបានបំពេញការព្យាករដោយការកើតឡើងនៃបុណ្យអ៊ីស្ទើរ និងបុណ្យរំលង ។
« នៅឯការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ហ្វេប្លា ម៉ិកស៊ិក នោះទឹកភ្នែកនៃសុភមង្គលបានហូរជោកថ្ពាល់បងស្រីជាទីស្រឡាញ់ម្នាក់នោះ ។ ទឹកមុខរបស់គាត់បង្ហាញពីសេចក្ដីជំនឿ និងពលិកម្មដ៏អស្ចារ្យ ។ គាត់និយាយថា ‹ Todos mis hijos están aquí en el templo hoy › កូនៗរបស់ខ្ញុំទាំងអស់នៅទីនេះក្នុងព្រះវិហារបរិសុទ្ធថ្ងៃនេះ ។ សមាជិកគ្រួសារច្រើនជំនាន់ដែលជួបជុំគ្នានៅក្នុងដំណាក់នៃព្រះអម្ចាស់ នាំឲ្យមានទឹកភ្នែកនៃសេចក្ដីអំណរ និងការដឹងគុណ » ។ —អែលឌើរ ហ្គើរីត ដបុលយូ ហ្គង
« បុណ្យអ៊ីស្ទើរនៅក្នុងព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យជួសជុល ផ្សះផ្សា [ និង ] កែប្រែទំនាក់ទំនងរបស់យើងឲ្យល្អឡើងវិញ នៅទាំងសងខាងនៃវាំងនន ។ ព្រះយេស៊ូវអាចព្យាបាលទុក្ខសោក ទ្រង់អាចប្រទានការអភ័យទោស ។ ទ្រង់អាចរំដោះយើង និងអ្នកដទៃចេញពីអ្វីដែលយើង ឬពួកគេបាននិយាយ ឬបានធ្វើ ដែលចងយើងជាទាសករ បើគ្មានទ្រង់ទេនោះ » ។ —អែលឌើរ ហ្គើរីត ដបុលយូ ហ្គង
អំណរតាមរយៈសេចក្តីសញ្ញានៃភាពជាសិស្ស—អែលឌើរ ចន អេ ម៉ាកខូន
អែលឌើរ ចន អេ ម៉ាកខូន ពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ បានបង្រៀនថា ការរក្សាសេចក្តីសញ្ញា និងការរក្សាទំនាក់ទំនងនៃសេចក្តីសញ្ញាផ្តល់ពរជ័យដល់យើងនូវនឹងអំណាចខាងវិញ្ញាណ ។
« នៅពេលយើងធ្វើ និងរក្សាសេចក្តីសញ្ញាទាំងឡាយ យើងនឹងឈប់ខ្វល់តែពីខ្លួនឯងដោយឯកឯង ហើយមានចិត្តចង់ជួយអ្នកដទៃទទួលបាននូវអំណរដ៏ធំ និងសេចក្តីស្រឡាញ់ដែលយើងទទួលបាននៅក្នុងទំនាក់ទំនងនៃសេចក្តីសញ្ញារបស់យើង ។ យើងអាចក្លាយជាផ្នែកមួយនៃបុព្វហេតុដ៏ធំនៅលើផែនដីសព្វថ្ងៃនេះ—គឺការប្រមូលសាសន៍អ៊ីស្រាអែល » ។ —អែលឌើរ ចន អេ ម៉ាកខូន
« នៅពេលយើងចងភ្ជាប់ខ្លួនយើងទៅនឹងទង្វើក្នុងនាមជាសិស្សនៃសេចក្តីសញ្ញា មិនថាកម្រិតសមត្ថភាពរបស់យើងប៉ុនណានោះទេ ទំនាក់ទំនងជាមួយព្រះវរបិតា និងព្រះរាជបុត្រាគឺកើនឡើង អំណររបស់យើងកើនឡើង និងទស្សនវិស័យដ៏នៅអស់កល្បជានិច្ចរបស់យើងក៏ត្រូវបានពង្រីកដែរ ។ បន្ទាប់មក យើងត្រូវបានផ្ដល់ឲ្យនូវអំណាច ហើយអាចទទួលអារម្មណ៍នូវអំណរដែលបានរក្សាទុកសម្រាប់សិស្សនៃសេចក្តីសញ្ញាពិតប្រាកដរបស់ព្រះ » ។ —អែលឌើរ ចន អេ ម៉ាកខូន
គារវភាពចំពោះកិច្ចការពិសិដ្ឋ—អែលឌើរ អូលីសេស សូរ៉េស
អែលឌើរ អូលីសេស សូរ៉េស ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានថ្លែងទីបន្ទាល់ថា ការបង្ហាញគារវភាពចំពោះអ្វីដែលពិសិដ្ឋអញ្ជើញវិវរណៈ ។
« នៅក្នុងដំណាក់នៃព្រះអម្ចាស់ យើងត្រូវបានបង្រៀនអំពីការចូលនៅក្នុងទីវត្តមានបរិសុទ្ធនៃព្រះជាព្រះវរបិតា និងព្រះរាជបុត្រា ។ ខ្ញុំតែងតែរកឃើញថាវាជាការណែនាំ និងថែមទាំងបំផុសគំនិតថា រឿងដំបូងមួយដែលយើងធ្វើនៅពេលចូលទៅក្នុងព្រះវិហារបរិសុទ្ធ និងការរៀបចំខ្លួនយើងដើម្បីចូលរួមក្នុងពិធីបរិសុទ្ធដ៏ពិសិដ្ឋនៅទីនោះ គឺត្រូវដោះស្បែកជើងរបស់យើង ហើយប្តូរទៅជាសម្លៀកបំពាក់ពណ៌សរបស់យើង » ។ —អែលឌើរ អូលីសេស សូរ៉េស
« នៅទីបំផុត យើងអាចដកពិសោធន៍នឹងការផ្លាស់ប្តូរខាងវិញ្ញាណនេះនៅក្នុងភាពជាសិស្សរបស់យើង នៅពេលយើងថ្វាយបង្គំជាប្រចាំនៅភ្នំជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា—ព្រះវិហារបរិរសុទ្ធរបស់យើង—ហើយខិតខំរស់នៅដោយទំនុកចិត្តក្នុងសេចក្ដីសញ្ញា ជាពិសេសនៅពេលយើងប្រឈមមុខនឹងការសាកល្បងនៃជីវិតរមែងស្លាប់ » ។ —អែលឌើរ អូលីសេស សូរ៉េស
« ខ្ញុំសូមធ្វើជាសាក្សីថា នៅពេលយើងឱបក្រសោបអំណោយទាននៃគារវភាពនេះចំពោះរឿងពិសិដ្ឋៗ—មិនថានៅក្នុងដំណាក់របស់ព្រះអម្ចាស់ នៅក្នុងសាលាប្រជុំ ឬនៅក្នុងផ្ទះរបស់យើងផ្ទាល់នោះទេ—យើងនឹងពោរពេញដោយការភ្ញាក់ផ្អើល និងការស្ញប់ស្ញែង នៅពេលយើងភ្ជាប់ទៅនឹងសេចក្តីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ » ។ —អែលឌើរ អូលីសេស សូរ៉េស
ទំនុកចិត្តនៅក្នុងទីវត្តមានរបស់ព្រះ—ប្រធាន រ័សុល អិម ណិលសុន
ប្រធាន រ័សុល អិម ណិលសុន បានថ្លែងទីបន្ទាល់ថា ដោយស្វែងរកសេចក្ដីសប្បុរសធម៌ និងគុណធម៌ដោយឧស្សាហ៍ព្យាយាម នោះយើងនឹងរីកចម្រើនក្នុងទំនុកចិត្តរបស់យើងចំពោះព្រះអម្ចាស់ ។ លោកបានរំឭកយើងថា ការបង្កើនពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធនឹងជួយយើងរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
« យុវវ័យរបស់យើង បានបំផុសគំនិតដល់ខ្ញុំជាពិសេស ។ ពួកគេបានផ្ដល់ការបម្រើយ៉ាងច្រើនសន្ធឹក ។ ពួកគេកំពុងស្វែងរកបុព្វការីជនរបស់ពួកគេ ហើយកំពុងធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ » ។ —ប្រធាន រ័សុល អិម ណិលសុន
« ការថ្វាយបង្គំជាទៀងទាត់នៅក្នុងដំណាក់នៃព្រះអម្ចាស់ជួយចម្រើនសមត្ថភាពរបស់យើងទាំងគុណធម៌ និងសេចក្ដីសប្បុរស ។ ដូច្នេះ ពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធជួយបង្កើនទំនុកចិត្តរបស់យើងនៅចំពោះព្រះអម្ចាស់ ។ ការបង្កើនពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធនឹងជួយយើងរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ » ។ —ប្រធាន រ័សុល អិម ណិលសុន
ព្រះវិហារបរិសុទ្ធថ្មីចំនួន ១៥
តាំងពីក្លាយជាប្រធានសាសនាចក្រនៅឆ្នាំ២០១៨ ប្រធាន ណិលសុន បានប្រកាសព្រះវិហារបរិសុទ្ធថ្មីចំនួន ២០០ ។ នៅខែមេសានេះ លោកបានប្រកាសផែនការសាងសង់ព្រះវិហារបរិសុទ្ធថ្មីចំនួន ១៥ នៅក្នុងទីតាំងដូចខាងក្រោមនេះ ៖
រេណូសា ម៉ិកស៊ិក
ឆរីឡូស ពេរ៉ូ
រីវើរ៉ា អ៊ុយរូហ្គាយ
កាំប៉ូហ្គ្រេន ប្រេស៊ីល
ព័រតូ ព័រទុយហ្គាល់
អ៊ុយយូ នីហ្សេរីយ៉ា
សាន ហូសេ ដូម៉ងតេ ភីលីពីន
នូមែរ៍ ញូវ ខាលេដូនី
លីវើភូល អូស្ត្រាលី
ខ័លវែល អៃដាហូ
ហ្វ្លាកស្តាហ្វ អារីហ្សូណា
រ៉ាពីដ ស៊ីធី ដាកូតា ខាងត្បូង
ហ្គ្រីនវីល ខារ៉ូឡៃណា ខាងត្បូង
ន័រហ្វូលក៍ វើជីញ៉ា
ស្ពែននីស ហ្វក យូថាហ៍
ដើម្បីអានបន្ថែមអំពីទីតាំងព្រះវិហារបរិសុទ្ធនីមួយៗទាំងនេះ សូមមើល « President Nelson Announces 15 New Temples at April 2025 General Conference » នៅក្នុង Church Newsroom ។
ការថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះអម្ចាស់
អ្នកអាចរៀបចំដើម្បីថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះអម្ចាស់ ដោយ ស្វែងរកព្រះវិហារបរិសុទ្ធមួយដែលនៅក្បែរអ្នក នៅលើគេហទំព័រសាសនាចក្រ ។ អ្នកក៏អាចកំណត់ពេលណាត់ជួបនៅព្រះវិហារបរិសទ្ធមួយ ដោយប្រើ Temple Appointment Scheduling Tool បានផងដែរ ។
ការរៀបចំខ្លួនសម្រាប់ព្រះវិហារបរិសុទ្ធ
ថ្នាក់ដឹកនាំមូលដ្ឋាន ដូចជាប៊ីស្សពរបស់អ្នក អាចជួយអ្នកទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធដើម្បីថ្វាយបង្គំនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ សម្រាប់ជំនួយផ្សេងទៀតក្នុងការរៀបចំដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ ឬការរៀបចំ និងស្វែងរកឈ្មោះគ្រួសារ សូមសាកល្បងចុចលើតំណខាងក្រោមនេះ ៖
- រៀបចំខ្លួនសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ ៖ បង្កើតបទពិសោធន៍របស់អ្នកឲ្យកាន់តែមានលក្ខណៈផ្ទាល់ខ្លួន និងមានអត្ថន័យ
- ប្រើពិធីបរិសុទ្ធត្រៀមរួច
- យកឈ្មោះបុព្វការីជនទៅព្រះវិហារបរិសុទ្ធជាលើកដំបូង
ការទាញយក និងចែកចាយការដកស្រង់នៅក្នុងអត្ថបទនេះ
ការដកស្រង់នៅក្នុងអត្ថបទនេះអាចត្រូវបានចម្លង និងចែកចាយដោយសេរី ។
ដើម្បីទាញយក និងចែកចាយរូបភាពការដកស្រង់នៅលើកុំព្យូទ័រលើតុ សូមចុចលើរូបភាពមួយដើម្បីជ្រើសរើសវា ហើយបន្ទាប់មកចុច mouse ខាងស្ដាំ ( សម្រាប់ Windows ) ឬចុច Control ខណៈពេលដែលអ្នកចុច ( សម្រាប់ Mac ) ដើម្បីមើលជម្រើស Save និង Download ។ បន្ទាប់ពីអ្នកបានរក្សាទុករូបភាពមួយ អ្នកអាចបង្ហោះវាទៅគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអ្នកចូលចិត្ត ឬផ្ញើវាទៅមិត្តភក្តិ ។
ដើម្បីចែកចាយ ឬរក្សាទុករូបភាពនៅលើឧបករណ៍ចល័ត សូមចុចលើរូបភាពដើម្បីបើកវា ហើយបន្ទាប់មកសង្កត់ម្រាមដៃរបស់អ្នករហូតដល់ម៉ឺនុយជម្រើសលេចឡើង ដូច្នេះអ្នកអាចទាញយក ឬចែកចាយរូបភាព ។
លើសពីនេះទៀត អ្នកអាចទាញយកការដកស្រង់ទាំងអស់ក្នុងពេលតែមួយនៅក្នុង zipped folder ដោយប្រើប៊ូតុងនេះ ៖
ដើម្បីស្វែងរកវីដេអូ សំឡេង និងអត្ថបទនៃសន្និសីទទូទៅពេញលេញ ខែតុលា ឆ្នាំ២០២៤ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមចូលទៅកាន់ ChurchofJesusChrist.org ។
ការដកស្រង់ និងដំណើររឿងជាច្រើនទៀតពីសន្និសីទនេះអាចរកបាននៅក្នុងអត្ថបទចេញពី Church Newsroom និង Church News ។
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។