កូនស្រី អាយុ ១១ ឆ្នាំ របស់ខ្ញុំបានរង់ចាំដោយអត់ធ្មត់ដើម្បីឲ្យអេក្រង់កុំព្យូទ័របង្ហាញពីទំនាក់ទំនងរវាងនាង និងសាច់ញាតិដែលនាងមានគម្រោងនឹងធ្វើពិធីបុណ្យជ្រមុជទឹកឲ្យនៅក្នុងព្រះវិហារបរិសុទ្ធនៅថ្ងៃបន្ទាប់ គឺថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣ ។ វាជាលើកដំបូងរបស់នាងក្នុងការធ្វើពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។ កូនស្រីរបស់ខ្ញុំមានចិត្តរំភើបដែលបានទៅដំណាក់របស់ព្រះអម្ចាស់ ហើយកាន់តែរំភើបចំពោះគំនិតដែលថានាងនឹងយកឈ្មោះរបស់នរណាម្នាក់ដែលនាងជាប់សាច់ឈាមទៅជាមួយ ។
នៅពេលអេក្រង់បង្ហាញឡើង នាងបានយកម្រាមដៃរបស់នាងចង្អុលតាមជួរបន្ទាត់ ។ « អូ៎ វាជាជួររបស់លោកតា ! » នាងស្រែកដោយរីករាយយ៉ាងខ្លាំង ។ « ហើយមើល វាក៏ជាជួររបស់លោកយាយទួត ជេកសាន់ផងដែរ ! »

ចង្អុលដៃរបស់នាងបានបន្តអូសទៅដល់ជួររបស់បុព្វការីជនរហូតដល់វាបានចុះដល់ឈ្មោះមនុស្សដែលនាងអាចទទួលពិធីបុណ្យជ្រមុជទឹកឲ្យបាន គឺបងប្អូនជីដូនមួយជំនាន់ទី ៨ ។ បងប្អូនសាច់ឆ្ងាយមែនទែន តែវាមិនសំខាន់ទេ ។ នាងបានជាប់សាច់ញាតិ ហើយនៅថ្ងៃបន្ទាប់ សាច់ញាតិនោះនឹងមានឱកាសធ្វើសេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹកដោយកូនស្រីរបស់ខ្ញុំជាអ្នកធ្វើជំនួសឲ្យ ។ នៅពេលយើងធ្វើតាមដំណើរការដូចគ្នានេះជាមួយសាច់ញាតិបីនាក់ផ្សេងទៀត នាងបានមើលដោយរំពឹងទុកយ៉ាងខ្លាំងដើម្បីដឹងថានាងជាប់ទាក់ទងនឹងពួកគេម្នាក់ៗដោយរបៀបណា ។
នាងបាននិយាយដោយមានស្នាមញញឹមដ៏ធំ និងដោយរំជួលចិត្តថា « ខ្ញុំភ្នាល់ថា លោកតានឹងសប្បាយរីករាយណាស់នៅថ្ងៃស្អែក » ។ លោកតារបស់នាងបានទទួលមរណភាពកាលពី ខែ ធ្នូ ឆ្នាំ ២០២០ ប៉ុន្តែកូនស្រីរបស់ខ្ញុំមានអារម្មណ៍ថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគាត់ ហើយការធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់សមាជិកគ្រួសាររបស់គាត់នៅក្នុងព្រះវិហារបរិសុទ្ធនឹងពង្រឹងចំណងនោះ ។
សម្រាប់នាងគឺជាគ្រាដ៏អស្ចារ្យមួយ—ការទៅព្រះវិហារបរិសុទ្ធជាលើកដំបូង ហើយមានអារម្មណ៍ថាគ្រួសារនៅជិតគ្នាជាមួយអ្នកនៅម្ខាងទៀតនៃវាំងនន ។ នាងបានអញ្ជើញបងប្អូនរបស់នាងដែលរស់នៅជិតៗឲ្យចូលរួមក្នុងព្រះវិហារបរិសុទ្ធជាមួយនាង ។ វាគឺជាថ្ងៃមួយដែលត្រូវចងចាំ និងដ៏មានតម្លៃសម្រាប់ពេលដ៏យូរអង្វែង ។
សេចក្តីសញ្ញាចងភ្ជាប់យើងទាំងសងខាងនៃវាំងនន
នៅក្នុងការរៀបចំសម្រាប់ថ្ងៃនោះនៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងបានជញ្ជឹងគិតអំពីពិធីបុណ្យជ្រមុជទឹករបស់នាងផ្ទាល់ ដោយចងចាំអំពីរបៀបដែលនាងបានធ្វើសេចក្ដីសញ្ញាដ៏មានតម្លៃ ហើយត្រូវបានអញ្ជើញឲ្យចងចាំព្រះអង្គសង្រ្គោះជាព្រះយេស៊ូវគ្រីស្ទជានិច្ច ។ យើងបាននិយាយអំពីរបៀបដែលបុព្វការីជនរបស់នាងនឹងមានឱកាសធ្វើសេចក្តីសញ្ញាដូចគ្នាទាំងនោះ ហើយទទួលបានការអញ្ជើញនេះដូចគ្នា ។
នៅក្នុង សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០២៣ អែលឌើរបេនយ៉ាមីន ដេ ហូយូស នៃពួកចិតសិបនាក់ បានមានប្រសាសន៍ថា « ប៉ុន្តែសូមយើងចងចាំថា ពង្សប្រវត្តិគឺមិនគ្រាន់តែរកមើលឈ្មោះ កាលបរិច្ឆេទ និងកន្លែងនានាប៉ុណ្ណោះទេ ។ ពង្សប្រវត្តិ គឺជាការបង្រួបបង្រួមក្រុមគ្រួសារ និងការមានអារម្មណ៍អំណរដែលបានមកពីការផ្តល់ជូនឲ្យពួកគេនូវពិធីបរិសុទ្ធនៃដំណឹងល្អ » ។
ការធ្វើការតភ្ជាប់ផ្ទាល់ខ្លួនរបស់ខ្ញុំតាមរយៈសេចក្ដីសញ្ញា
ខ្ញុំមានអារម្មណ៍ថាប្រសាសន៍របស់អែលឌើរ ដេ ហូយូស បានក្លាយជាការពិតជាច្រើនដងនៅក្នុងជីវិតរបស់ខ្ញុំ ។ ឪពុកខ្ញុំជាអ្នកប្រែចិត្តនៅក្នុងសាសនាចក្រ ដូច្នេះខ្ញុំបានដឹងថាពេលវេលាមកដល់ ខ្ញុំនឹងមានឈ្មោះជាច្រើនដើម្បីស្រាវជ្រាវ ហើយយកទៅព្រះវិហារបរិសុទ្ធ ។
ពេលនៅក្មេង ខ្ញុំបានទៅទីបញ្ចុះសពគ្រួសារចាស់មួយនៅលើជម្រាលភ្នំនៃរដ្ឋតិចសាសខាងកើត ហើយកាលនោះខ្ញុំមិនបានគិតច្រើនពីការទៅសួរសុខទុក្ខទាំងនោះប៉ុន្មានទេ ។ ក្នុងនាមជាម្តាយវ័យក្មេងម្នាក់ គ្រួសាររបស់ខ្ញុំនៅតែទៅលេងទីបញ្ចុះសពចាស់ដដែលនោះរាល់ពេលដែលយើងបានទៅលេងគ្រួសារតិចសាសរបស់ខ្ញុំ ។ បទពិសោធន៍នេះកាន់តែរំជួលចិត្ត និងប៉ះពាល់ដល់ដួងចិត្តកាន់តែខ្លាំងនៅពេលលោកយាយខ្ញុំត្រូវបានបញ្ចុះនៅទីនោះរួមជាមួយនឹងសាច់ញាតិមួយចំនួនផ្សេងទៀតដែលខ្ញុំបានធំឡើងស្គាល់ និងស្រឡាញ់ ។

រាល់ពេលដែលខ្ញុំទៅរដ្ឋតិចសាសហើយទៅលេងទីបញ្ចុះសព ពេលដែលខ្ញុំចូលចិត្តបំផុតគឺនៅពេលដែលខ្ញុំរកឃើញផ្នូររបស់បុព្វការីដែលខ្ញុំបានបញ្ចប់ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញានៅក្នុងដំណាក់របស់ព្រះអម្ចាស់ ។ លើកដំបូងដែលខ្ញុំបានទៅលេងទីបញ្ចុះសពបន្ទាប់ពីបានបញ្ចប់ពិធីបរិសុទ្ធឲ្យគ្រួសារមួយចំនួន ខ្ញុំមានអារម្មណ៍ថាស្លាកព្រលឹងហាក់ដូចជាលេចធ្លោដើម្បីបង្ហាញខ្ញុំថាបុព្វការីជនទាំងនោះជានរណា ហើយមនុស្សដែលបានបញ្ចុះនៅទីនោះបានក្លាយជាមនុស្សពិតចំពោះខ្ញុំ ។ បន្ទាប់មកខ្ញុំបានចាប់ផ្ដើមស្វែងរកឈ្មោះនៅទីបញ្ចុះសពដែលខ្ញុំមិនទាន់បានធ្វើកិច្ចការឲ្យ ហើយបានចាប់ផ្ដើមស្រាវជ្រាវឈ្មោះទាំងនោះដើម្បីដឹងថាតើកិច្ចការរបស់ពួកគាត់បានធ្វើហើយឬនៅ ។
ក្នុងការធ្វើកិច្ចការនេះ ខ្ញុំមានអារម្មណ៍ជាប់ទាក់ទងដែលខ្ញុំមិនធ្លាប់មានពីមុនមក ។ ខ្ញុំមានអារម្មណ៍ថាវត្តមានរបស់បុព្វការីជនរបស់ខ្ញុំនៅជិតនោះ ហើយព្រះវិញ្ញាណបរិសុទ្ធបាននៅជាប់នឹងខ្ញុំយ៉ាងខ្លាំងនៅពេលខ្ញុំបានបញ្ចប់ពិធីបរិសុទ្ធទាំងនោះ ហើយបាននិយាយសេចក្ដីសញ្ញាទាំងនោះជំនួសឲ្យពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ។
ខ្ញុំឃើញថាពេលខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធធ្វើកិច្ចការសម្រាប់សមាជិកគ្រួសាររបស់ខ្ញុំ នោះខ្ញុំរកឃើញអំណាច និងកម្លាំងកាន់តែច្រើនដើម្បីរស់នៅក្នុងសេចក្ដីសញ្ញារបស់ខ្ញុំដោយមានភាពស្មោះត្រង់កាន់តែខ្លាំង ។ ខ្ញុំស្រឡាញ់អ្វីដែលអែលឌើរ ឌេល ជី រិនឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាន៍អំពីរឿងនេះនៅក្នុង សន្និសីទទូទៅ ខែ មេសា ឆ្នាំ ២០២៣ថា ៖ « សេចក្ដីសញ្ញារបស់យើងផ្ដល់អំណាចដល់យើងដើម្បីបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ពីព្រោះទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ និងព្រះវរបិតាសួគ៌របស់យើងត្រូវបានផ្លាស់ប្ដូរ ។ យើងបានភ្ជាប់ទៅនឹងទ្រង់ទាំងទ្វេដោយសារចំណងនៃសេចក្តីសញ្ញា » ។ ក្រុមគ្រួសាររបស់យើងត្រូវបានចងភ្ជាប់ដោយសេចក្ដីសញ្ញា ហើយដូច្នេះគឺជាទំនាក់ទំនងរបស់យើងជាមួយនឹងព្រះអង្គសង្រ្គោះ និងព្រះវរបិតារបស់យើងនៅស្ថានសួគ៌ ។
អំណាចនៃសេចក្ដីសញ្ញាអាចពង្រឹងទំនាក់ទំនងគ្រួសារ
មិនត្រឹមតែជាសេចក្តីសញ្ញាដែលមានអារម្មណ៍ទាំងសងខាងនៃវាំងននប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចពង្រឹងទំនាក់ទំនងនៅក្នុងក្រុមគ្រួសាររបស់យើងនៅលើផែនដីបានផងដែរ ។ ពេលយើងធ្វើសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ច នោះទំនាក់ទំនងទាំងនោះអាចទទួលបានអត្ថន័យ និងអំណាចដែលយើងអាចពឹងផ្អែកលើរៀងរាល់ថ្ងៃ ។
នៅក្នុង ការណែនាំអំពីភាពជាអ្នកដឹកនាំក្នុងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ឆ្នាំ ២០២៣ អែលឌើរ ខេវីន អេស ហាមីលថុន នៃពួកចិតសិបនាក់បានមានប្រសាន៍អំពីរបៀបដែលយើងមិននៅតែម្នាក់ឯងទេ នៅពេលយើងស្ថិតនៅលើផ្លូវនៃសេចក្ដីសញ្ញា ។

« ពេលខ្ញុំគិតអំពីរូបភាពនៃផ្លូវនៃសេចក្ដីសញ្ញា នោះខ្ញុំស្រមៃឃើញព្រះអង្គសង្គ្រោះនៅក្បែរយើង បាននឹមជាប់នឹងយើង នៅក្បែរនឹងយើង ដើរជាមួយយើងតាមផ្លូវនោះទោះក្នុងស្ថានភាពល្អ ឬអាក្រក់ និងឧបសគ្គទាំងអស់នៃជីវិត។ ទ្រង់គឺនៅទីនោះ » ។ ការមានជំនួយនោះមកពីព្រះអង្គសង្គ្រោះក៏ជួយដល់ទំនាក់ទំនងគ្រួសាររបស់យើង ហើយពង្រឹងចំណងទាំងនោះផងដែរ ។
នៅក្នុង សន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០២២ អែលឌើរ ហ្គើរីត ដាប់បលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានលើកឡើងថា « រីករាយជារៀងរហូត » មិនមែនជារឿងស្រមើស្រមៃដែលមានតែនៅក្នុងរឿងនិទាននោះទេ ។ លោកបានបន្ថែមទៀតថា « សេចក្តីពិត អំណរយូរអង្វែង និងភាពអស់កល្បជានិច្ចជាមួយនឹងអស់អ្នកដែលយើងស្រឡាញ់ គឺជាចំណុចដ៏សំខាន់នៃផែនការនៃសុភមង្គលរបស់ព្រះ ។ មាគ៌ាដែលបានរៀបចំដោយក្ដីស្រឡាញ់របស់ទ្រង់ អាចធ្វើឲ្យដំណើរដ៏អស់កល្បជានិច្ចរបស់យើង រីករាយជារៀងរហូតបាន » ។
ខ្ញុំមានអារម្មណ៍នៃសេចក្ដីអំណរនោះនៅពេលខ្ញុំបានចូលរួមក្នុងកិច្ចការពង្សប្រវត្តិដោយខ្លួនឯង និងកាន់តែច្រើនជាមួយគ្រួសាររបស់ខ្ញុំ ។ បច្ចុប្បន្ននេះកូនស្រីរបស់ខ្ញុំមាន អាយុ ១២ ឆ្នាំ ហើយខ្ញុំនៅតែឲ្យតម្លៃដល់គ្រាដែលយើងរកឃើញឈ្មោះសមាជិកគ្រួសារដែលយើងអាចយកទៅព្រះវិហារបរិសុទ្ធ ហើយយើងមានអារម្មណ៍ដ៏ផ្អែមល្ហែមនៃការទន្ទឹងរង់ចាំការរកឃើញពីរបៀបដែលយើងជាប់ទាក់ទងគ្នា ។ ខ្ញុំមានអារម្មណ៍ថាវាមិនត្រឹមតែលោកតារបស់នាងដែលកំពុងញញឹមពីស្ថានសួគ៌ប៉ុណ្ណោះទេ តែសមាជិកគ្រួសារទាំងមូលក៏កំពុងតែញញឹម ជាពួកអ្នកដែលយើងនឹងបានជួបជុំគ្នាម្តងទៀត ។
នៅ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ យើងយកចិត្តទុកដាក់លើការភ្ជាប់អ្នកទៅនឹងគ្រួសាររបស់អ្នក ហើយយើងផ្ដល់ជូននូវបទពិសោធន៍រុករកដ៏រីករាយ ព្រមទាំងសេវាកម្មពង្សប្រវត្តិដោយឥតគិតថ្លៃ ។ ហេតុអ្វី ? ព្រោះយើងឲ្យតម្លៃដល់ក្រុមគ្រួសារ ហើយជឿថា ការភ្ជាប់មនុស្សជាច្រើនជំនាន់អាចធ្វើឲ្យជីវិតរបស់យើងបានកាន់តែប្រសើរឡើងនាពេលឥឡូវនេះ និងជារៀងរហូតតទៅ ។ យើងគឺជាអង្គការដែលមិនស្វែងរកប្រាក់កម្រៃ ដោយទទួលបានការឧបត្ថម្ភពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដើម្បីរៀនបន្ថែមទៀតអំពីជំនឿរបស់យើង សូមចុចត្រង់នេះ ។