៧ ចំណុច​ដែល​ត្រូវ​ដឹង​អំពី RootsTech ឆ្នាំ​២០២៥ តាម​អនឡាញ

គ្រួសារ​មួយ​កំពុង​សម្លឹង​មើល​កុំព្យូទ័រ​យួរដៃ ដែល​បង្ហាញ​គេហទំព័រ​ដើម​នៃ​គេហទំព័រ RootsTech

តើ​ចង់​ចូលរួម​សន្និសីទ RootsTech តាម​អនឡាញ​ដោយ​ឥត​គិត​ថ្លៃ​ដែរ​ឬ​ទេ ? សូម​ស្វាគមន៍​មកកាន់​គេហទំព័រ RootsTech ឆ្នាំ​២០២៥ ! មិន​ថា​អ្នក​មក​ទីនេះ​ជា​លើក​ដំបូង ឬ​អ្នក​ជា​ជើងចាស់ RootsTech នោះ​ទេ សូម​មក​ចូលរួម កាល​យើង​ស្វែងយល់​ពី​មុខងារ​ពិសេស​សំខាន់ៗ​ចំនួន ៧ នៃ​បទពិសោធន៍ RootsTech ឆ្នាំ​២០២៥ តាម​អនឡាញ​ជា​សកល ។

១. គេហទំព័រដើម

សន្និសីទ RootsTech ចាប់ផ្តើម​ជា​ផ្លូវការ​នៅ ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែ​មីនា ឆ្នាំ​២០២៥ ។ មាតិកា​វេទិកា​ចម្បង​សម្រាប់​សន្និសីទ​នេះ​នឹង​មាន​នៅលើ គេហទំព័រ​ដើម​របស់ RootsTech.org តែ​ម្ដង ។ នៅ​ទីនេះ អ្នក​នឹង​រកឃើញ​សម័យ​ប្រជុំ​សំខាន់​ប្រចាំ​ថ្ងៃ​ពី​វាគ្មិន​ល្បីៗ និង​សម័យ​ប្រជុំ​ថ្នាក់រៀន​ផ្សាយ​បន្ដ​ផ្ទាល់ ។


២. ស្រាវជ្រាវ

ប្រសិនបើ​អ្នក​ចេះ​និយាយ​ច្រើន​ជាង​មួយ​ភាសា អ្នក​អាច​ប្រើ​មុខងារ ស្រាវជ្រាវ ដើម្បី​ស្វែងរក​សម័យ​ប្រជុំ​របស់​យើង​ណាមួយ​ក្នុង​ចំណោម​សម័យ​ប្រជុំ​ចំនួន ១៥០០ ដែល​មាន ៤០ ភាសា ។

បណ្ណាល័យ​វីដេអូ​តាម​តម្រូវការ​នៅលើ​គេហទំព័រ RootsTech.org

៣. កាលវិភាគ RootsTech ឆ្នាំ២០២៥

សូម​មើល​កាលវិភាគ​ឆ្នាំ​២០២៥ ដើម្បី​ប្រាកដ​ថា អ្នក​មិន​ខកខាន​សម័យ​ប្រជុំ​ផ្សាយ​បន្ដ​ផ្ទាល់​ណាមួយ​ដែល​អ្នក​ចាប់​អារម្មណ៍​ឡើយ ។ អ្វី​ថ្មី​សម្រាប់ RootsTech នៅ​ឆ្នាំ​នេះ គឺ​សមត្ថភាព​ក្នុង​ការបង្កើត​កាលវិភាគ​ផ្ទាល់ខ្លួន​របស់​អ្នក​ផ្ទាល់ អំពី​ថ្នាក់រៀន​ទាំងឡាយ​ដែល​អ្នក​ចង់​ចូលរួម​នៅក្នុង​សន្និសីទ​នេះ ។ នៅពេល​អ្នក​បាន​ចូល​ហើយ អ្នក​អាច​រកមើល​ទំព័រ​កាលវិភាគ​នៃ​មាតិកា​ផ្សាយ​បន្ដ​ផ្ទាល់ និង​មាតិកា​តាម​តម្រូវការ ហើយ​ចុច​លើ ប៊ូតុង​កាលវិភាគ (+) នៃ​សម័យ​ប្រជុំ​មួយ ដើម្បី​បន្ថែម​សម័យ​ប្រជុំ​នោះ​ទៅក្នុង​កាលវិភាគ​ផ្ទាល់ខ្លួន​របស់​អ្នក ។

កាលវិភាគ​របស់​អ្នក​នឹង​អាច​ចូល​ប្រើ​បាន​ក្នុង​អំឡុង​សន្និសីទ​នេះ ដោយ​ការចុច​លើ​ម៉ឺនុយ ព្រឹត្តិការណ៍ RootsTech ។ អ្នក​ក៏​អាច​មើល​កាលវិភាគ​របស់​អ្នក​បាន​ផងដែរ ដោយ​ការចូល ហើយ​ចុច​លើ avatar របស់​អ្នក​នៅជ្រុង​ខាងស្តាំ​ផ្នែក​ខាងលើ​នៃ​អេក្រង់ ហើយ​ជ្រើសរើស កាលវិភាគ​របស់​ខ្ញុំ ។

ទំព័រ​កាលវិភាគ RootsTech ឆ្នាំ​២០២៥ ។

៤. បញ្ជីចាក់របស់ខ្ញុំ

មុខងារ​ពិសេស​មួយ​ទៀត​សម្រាប់​បទពិសោធន៍ RootsTech តាម​អនឡាញ​ឆ្នាំ​២០២៥ គឺ​បញ្ជី​ចាក់​របស់​ខ្ញុំ ។ អ្នក​អាច​បង្កើត​បញ្ជី​ចាក់​ជាច្រើន ដើម្បី​រៀបចំ​មាតិកា RootsTech ណាមួយ និង​មាតិកា​ទាំងអស់ ។ សូម​បង្កើត​បញ្ជី​ចាក់​ផ្ទាល់ខ្លួន ដូចជា​បញ្ជី​មួយ​អំពី ឌី.អិន.អេ. ឬ​បញ្ជី​មួយ​អំពី​ការចាប់ផ្តើម​ពង្ស​ប្រវត្តិ ហើយ​បន្ទាប់មក សូម​រកមើល​វីដេអូ​នៅលើ​គេហទំព័រ​នេះ រួច​បន្ថែម​សម័យ​ប្រជុំ​នានា​ទៅក្នុង​បញ្ជី​របស់​អ្នក ។

បញ្ជី​ចាក់​របស់​អ្នក​នឹង​អាច​ប្រើ​បាន​រហូត ! អ្នក​អាច​ចូល​ប្រើ​វា​បាន ដោយ​ការចុច​លើ​ម៉ឺនុយ មើល​វីដេអូ នៅ​ផ្នែក​ខាងលើ​នៃ​កម្មវិធី​រុករក​របស់​អ្នក ហើយ​បន្ទាប់មក​ជ្រើសរើស បញ្ជី​ចាក់​របស់​ខ្ញុំ ។

រូបថត​អេក្រង់​នៃ​មុខងារ​ពិសេស បញ្ជី​ចាក់​របស់​ខ្ញុំ នៅលើ​គេហទំព័រ RootsTech សម្រាប់ RootsTech ឆ្នាំ​២០២៤

៥. សាលពិព័រណ៍

សាល​ពិព័រណ៍ RootsTech ឆ្នាំ​២០២៥ នឹង​មាន​តាម​អនឡាញ ក៏​ដូចជា​មាន​ដោយ​ផ្ទាល់​ផងដែរ ។ ដើម្បី​ចូល​ទៅកាន់ សាល​ពិព័រណ៍ តាម​អ៊ីនធឺណិត សូម​ចុច​លើ​ម៉ឺនុយ ព្រឹត្តិការណ៍ RootsTech នៅ​ផ្នែក​ខាងលើ​នៃ​ទំព័រ​នេះ ។ នៅក្រោម​ផ្នែក RootsTech ឆ្នាំ​២០២៥ នៃ​បញ្ជី​ទម្លាក់​ចុះ សូម​ជ្រើសរើស សាល​ពិព័រណ៍ ។

នៅក្នុង​សាល​ពិព័រណ៍ អ្នក​អាច​រកឃើញ​ក្រុមហ៊ុន និង​អង្គការ​នវានុវត្តន៍​នានា​នៅ​ទូទាំង​ឧស្សាហកម្ម​ពង្ស​ប្រវត្តិ និង​មើល​ការបង្ហាញ​ផលិតផល និង​ថ្នាក់រៀន​ផ្សេងៗ​របស់​អ្នកលក់ ។ សូម​ប្រាកដ​ថា​បាន​ពិនិត្យមើល​ស្តង់​របស់​អ្នកលក់​នីមួយៗ ដើម្បី​ស្វែងយល់​អំពី​ភាពពិសេស​នៃ​សន្និសីទ ! អ្នកលក់​នឹង​ផ្តល់​ជំនួយ​ផ្ទាល់ខ្លួន ដោយ​ប្រើ​មុខងារ​ឈែត​សន្និសីទ ។

សូម​ប្រាកដ​ថា​ទៅ​ទស្សនា​សាល​ពិព័រណ៍​ឲ្យ​បាន​ឆាប់ ដើម្បី​កុំឲ្យ​អ្នក​ខកខាន​នូវ​មាតិកា និង​ការផ្ដល់​ជូន​ដែល​មាន​សម្រាប់​តែ​សន្និសីទ​ណាមួយ​ប៉ុណ្ណោះ​ឡើយ ! ដោយ​មាន​ក្រុមហ៊ុន​ជាង ១៣០ មក​ចូលរួម វា​នឹង​មាន​អ្វីមួយ​សម្រាប់​អ្នករាល់គ្នា​ដើម្បី​រីករាយ និង​ស្វែងយល់ ។


៦. មុខងារឈែត

មុខងារ​ឈែត​នៅលើ​គេហទំព័រ RootsTech នឹង​មាន​ពេញ​មួយ​ឆ្នាំ ។ វា​អាច​រកឃើញ​បាន ដោយ​ការចុច​លើ រូបតំណាង​សារ នៅ​ផ្នែក​ខាងលើ​នៃ​គេហទំព័រ​នេះ ។ អ្នក​អាច​ចូល​ប្រើ​ឈែត​បាន​ចេញពី​ទំព័រ RootsTech ណាមួយ ។

មុខងារ​ឈែត​អាច​ត្រូវបាន​ប្រើ​សម្រាប់​ទាំង​ការសន្ទនា​ជា​ឯកជន និង​ជា​សាធារណៈ ។ ការសន្ទនា​ជា​ឯកជន​គឺ​រវាង​អ្នក និង​បុគ្គល​ម្នាក់​ទៀត អ្នកលក់​នៅ​សាល​ពិព័រណ៍ ឬ​អ្នកតំណាង RootsTech ( សូម​មើល​មុខងារ​ជំនួយ សួរ​យើង​អ្វី​ក៏បាន នៅក្នុង​ផ្នែក​បន្ទាប់​នេះ ) ។ ការសន្ទនា​ជា​សាធារណៈ រួមមាន​ក្រុម​ណាមួយ​ដែល​បាន​បង្កើត​ដោយ​អ្នកចូលរួម ក្រុម​សម័យ​ប្រជុំ ឬ​ក្រុម RootsTech ។ ក្រុម​តូច​មួយ​ដែល​បាន​បង្កើត​ក្នុង​ចំណោម​មិត្តភក្តិ ក៏​ជា​ក្រុម​សាធារណៈ​ផងដែរ ហើយ​អ្នក​ទាំងឡាយ​ដែល​ចូលរួម​ក្នុង​សន្និសីទ​នេះ​អាច​មើល និង​ចូលរួម​វា​បាន ។

សូម​កុំ​ភ្លេច​អំពី​ឈែត​សម័យ​ប្រជុំ​បង្កប់ ដែល​មាន​នៅក្នុង​សម័យ​ប្រជុំ​នីមួយៗ ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ឈែត​ជាមួយ​អ្នកចូលរួម​ផ្សេងទៀត ដែល​កំពុង​មើល​ថ្នាក់រៀន​ដូចគ្នា !

មុខងារឈែត​របស់ RootsTech នៅ​ជាប់​នឹង​វីដេអូ RootsTech ។

មុខងារ​ឈែត​នៃ​គេហទំព័រ RootsTech.org ។


៧. មុខងារជំនួយ

មុខងារ​ជំនួយ​អាច​រក​បាន ដោយ​ការចុច​លើ សញ្ញា​សួរ​ក្នុង​រង្វង់ នៅ​ខាងស្តាំ​ផ្នែក​ខាងលើ​នៃ​គេហទំព័រ RootsTech ។ អ្នក​ក៏​អាច​បើក​ប្រើ « សួរ​យើង​អ្វី​ក៏បាន » ក្នុង​អំឡុង​សន្និសីទ​បាន​ផងដែរ ដោយ​ការចុច​លើ ប៊ូតុង ឈែត ដែល​អណ្តែត​នៅ​ជ្រុង​ខាងក្រោម​ផ្នែក​ខាងស្តាំ ឬ​នៅលើ​អេក្រង់​របស់​អ្នក ។

មុខងារ​ជំនួយ​សន្និសីទ RootsTech ត្រូវបាន​បែងចែក​ជា ៣ ផ្នែក ៖ ជំនួយ​មួយ​ទល់​មួយ ជំនួយ​សហគមន៍ និង​ជួយ​ខ្លួនឯង ។

ម៉ឺនុយ​ទម្លាក់​ចុះ​ជំនួយ​នៅលើ​គេហទំព័រ RootsTech.org ។

តើ RootsTech គឺជាអ្វី ?

RootsTech គឺជា​កន្លែង​មួយ​ដើម្បី​រៀន ទទួល​បាន​ការបំផុស​គំនិត និង​បង្កើត​ទំនាក់ទំនង​តាមរយៈ​ពង្សប្រវិត្ត ។ រៀបចំ​ដោយ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ និង​ឧបត្ថម្ភ​ដោយ​អង្គភាព​ពង្សាវលី​ឈានមុខគេ​ផ្សេងទៀត យើង​មាន​ថ្នាក់​ជំនាញ​រាប់រយ វីដេអូ​អំពី​គន្លឹះ និង​ដំណោះស្រាយ និង​ដំណើររឿង​ដ៏​បំផុសគំនិត​ជាច្រើន ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួលបាន​បទពិសោធន៍​ពង្សប្រវត្ដិ​ដែល​អ្នក​មិនធ្លាប់​មាន​ពីមុន​មក ។ សូម​ចូលមើល​បណ្ណាល័យ​សិក្សា​របស់​យើង​នៅពេល​ណាក៏​បាន ឬ​ដាក់​ផែនការ​ដើម្បី​ចូលរួម​នឹង​យើង​សម្រាប់​ព្រឹត្ដិការណ៍​សន្និសីទ​តាម​អ៊ីនធឺណិត ឬ​ដោយ​ផ្ទាល់ ។


ស្លាក
Author Default Image
អំពី​អ្នកនិពន្ធ
Annie Lincoln